Logo

Friends Added

admin

ច្បាប់ល្បើកថ្មី(៩)

អ្នកក្តីជាភ្លើង        កុំកាត់កាន់ជើង        អ្នកម្ខាងមើលងាយ
ចៅក្រមជាទឹក       រំឭករំលាយ           កុំជេរកុំវាយ
                  បង្ខំនាំខុស។
ចោរខូចលួចប្លន់	  រឺចោរស្ម័គ្រស្មន់        តណ្ហាស្រីប្រុស
កុំស្អប់ខាងណេះ     បញ្ចេះខាងណោះ       លួងលោមបញ្ចុះ
                 បញ្ចូលចិត្តក្កី។
កុំដុតឲ្យក្តៅ        បើឃើញគ្នាខ្លៅ         ប្រាជ្ញាគ្នាខ្លី
កុំឃ្លានប្រាក់ប្រុស   បណ្តុះខាងស្រី          បើកាន់ច្បាប់ថ្មី
                កុំចោលច្បាប់ចាស់។

ច្បាប់ល្បើកថ្មី(៨)

កុំកាន់សីហលោ       កុំកាន់លោភោ          ទោសោមោហោ
កុំកាន់អាភៀន        កុំឃ្លានផឹកស្រា          កុំស្អប់ខាងណា
                   សច្ចាយកត្រង់។
លួងលោមពីសោធ     កុំឆាបញ្ឆោត            បញ្ចូលឲ្យបង់
បែកឲ្យបាក់          ពាក្យសត្យពាក្យសង្ឃ	កូនអើយផ្ចឹតផ្ចង់
                   តម្រង់ស្មារតី។
កុំភ្លើនឃើញប្រាក់      កុំភ្លើភ្លាត់សក្តិ            ធ្លាក់ទៅអវីចី
កាន់ធម៌ទសពិធ       រឹតឡើងរាសី            គាប់ពីលោកិយ
                   ដល់បរលោកនាយ។

ច្បាប់ល្បើកថ្មី(៧)

ស្រីខ្ញុំកំដរ         បើឃើញរូបល្អ        កុំលលូកលាន់
កុំលួចលបលេង    ក្រែងម្ចាស់គេទាន់     កុំភប់កុំភាន់
                អាប់អន់អាត្មា។
បើអ្នកមានយស    មានសក្តិខ្ពង់ខ្ពស់      គាប់នឹងរាជការ
ធ្វើធំធ្វើថី         មន្រ្តីមានត្រា          ព្រះហ្លួងឧកញ៉ា
                សាលាកុង្សីយ៍។
ចេះច្បាប់បារាំង    កុំភ្លេចសច្ចំ           កតញ្ញូខន្តី
កុំឆ្មើងហួសមាឌ   ភ្លេចញាតិប្រុសស្រី      ជំនុំកាត់ក្តី
               យកឧបេក្ខា។