Logo

Friends Added

ប៊ុនលី

ភាពក្រីក្រ គ្មាន​ការងារធ្វើ ជា​កត្តា​ជម្រុញ ឲ្យស្រ្តី ​និង​កុមារ ចាក​ចេញពី​គ្រួសារ និង​អ្នកខ្លះ​ត្រូវ​បាន គេជួញ​ដូរ

ថ្លែងក្នុង​ឱកាស​ប្រារព្ធទិវា​ជាតិ ប្រឆាំងការ ជួញ​ដូរ​មនុស្ស នៅ​ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នា​ឯស្នាក់​ការ​កាកបាទ​ក្រហមកម្ពុជា សាខា​ខេត្ត​សៀមរាប​នោះ តំណាង​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តី​មាន​វិបត្តិ (CWCC) បាន​លើក​ឡើង​ថា ក្នុងរយះ​ពេល​ប៉ុន្មាន​ឆ្នាំកន្លង​មក​នេះ កុមារ និង​ស្ត្រី​កម្ពុជា មួយ​ចំនួន បានក្លាយ​ជាកម្មវត្ថុ នៃការ​ជួញដូរ កេង​ប្រវ័ញ្ច និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ។

ច្រក​ចេញ​-ចូល​តែមួយ​ក្រុង​ច្បារមន សម្រួល​ការ​ងារ​បាន​ល្អ ដល់អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ

គម្រោង​ការិយា​ល័យ​ច្រក​ចេញ ចូល​តែមួយ គឺជា​សមាស​ភាគ​មួយ​នៃ​គម្រោង​អភិបាល​កិច្ច​ល្អ​មាន​គោល​បំណង​សំខាន់ៗ ក្នុង​ការ​លើក​កម្ពស់​គោល​ការណ៍ តាម​រយៈ​ការ​ពង្រីក​វិសាល​ភាព សេវា​កម្ម ដែល​ផ្តល់​ដោយ​រដ្ឋបាល​ក្រុង​-ស្រុក​ឲ្យបាន​ទូលំ​ទូលាយ ដោយ​ត្រូវ​ផ្តល់​ជូន​អតិថិ​ជន នូវ​សេវា​រដ្ឋបាល​នៅ​កន្លែង​តែ​មួយ និង​បង្កើត​រដ្ឋបាល​ឲ្យនៅ​កៀក​ជិត​នឹង​ប្រជា​ពលរដ្ឋ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​សេវាឲ្យ​បាន​ឆាប់​រហ័ស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព គុណភាព តម្លាភាព សាមញ្ញ តម្លៃ​ថោក ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅនឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ។

លោក ហ៊ុយ ស៊ីធឿន អភិបាល​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ បាន​ឲ្យដឹង​ថា សម្រាប់​ការិយា​ល័យ​ច្រក​ចេញ​-ចូល​តែមួយ​ក្រុង​ច្បារ​មន​បាន​នឹង​កំពុង​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​នៃ​ក្រុង​ច្បារមន លើ​វិស័យ​ប្រតិភូ​កម្ម​ចំនួន​៨ វិស័យ​ធំ ហើយ​នៅក្នុង​ពេល​ថ្មីៗ នេះការិយា​ល័យ​ច្រក​ចេញ​-ចូល​តែមួយ​បាន​ទទួល​ប្រតិកម្ម​លើ​វិស័យ​ចំនួន​២ផ្សេង​ទៀត គឺវិស័យ​អប់រំ​យុវជន និង​កីឡា និង​វិស័យ​សុខាភិបាល ដែល​យើងកំពុង​ធ្វើការ​ជ្រើស​រើស​មន្រ្តី​រាជការ​ស៊ីវិល​នៅ​មន្ទីរ សាមី​ចូល​បម្រើ​ការ​ងារ​នៅការិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ក្រុង ច្បារមន បន្ថែម​ទៀត​ថា រាល់​តម្លៃ នៃការ​ស្នើសុំ​សេវា​ផ្សេងៗ នៅ​ការិយា​ល័យ​ច្រក​ចេញ​-ចូល​តែ​មួយ​របស់​ក្រុង​ច្បារមន ត្រូវដាក់​បង្ហាញ​ជា​សាធារណៈ ដែល​យើង​បាន​បំពាក់​ជាផ្ទាំង​តារាង​តម្លៃ​សេវាកម្ម​នីមួយៗ នៅ​បន្ទប់​ខាង​មុខ​នៃ​ការិយា​ល័យ​អាច​មើល​ឃើញ និង​បង់​តម្លៃ​សេវា​តាម​តម្លៃ​ដែល​បាន​កំណត់​ក្នុង​តារាង ដោយ​មិន​មាន​ការ​ទាម​ទារ​លើស​ពីចំនួន​កំណត់​ឡើយ ហើយ​បើមាន​ករណី​មន្រ្តី​ក្នុង​ការិយា​ល័យ​ច្រក​-ចេញ-ចូល​តែ​មួយ​ណា​ម្នាក់​បាន​ទាម​ទារ​សេវា​ក្រៅ​ពីតារាង​តម្លៃ​បាន​កំណត់ ប្រជា​ពលរដ្ឋ​អាច​ធ្វើ​ការ​ប្តឹង​ទៅ​ការិយា​ល័យ​ប្រជា​ពលរដ្ឋ ដែល​ជាអង្គភាព​ឯក​រាជ្យ​-អព្យា​ក្រឹត​ដែល​មាន​ទីតាំង​នៅជាប់​ការិយា​ល័យ​ច្រក​ចេញ​-ចូល​តែមួយ​រង់ចាំ​មន្រ្តី​ដោះស្រាយ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ដោយ​មិន​មាន​គិត​តម្រៃ​សេវា​អ្វីទាំង​អស់ គឺដោយ​គ្រាន់​តែត្រូវ​ការ​សហ​ការ​ផ្តល់​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ។

គួរបញ្ជាក់​ថា គម្រោងការិយា​ល័យ​ច្រក​ចេញ ចូល​តែមួយ​ជាសមាស​ភាគ​មួយ​នៃ​គម្រោង ភិបាល​កិច្ច​ល្អ មូលដ្ឋាន​គាំទ្រ​ដោយ​មូល​និធិធនា​គារ​ពិភព​លោក និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​រយៈ​ពេល ៤ឆ្នាំ គិត​ចាប់​ពីឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣៕ AKP

បទល្មើស​ព្រៃឈើ កំពុង​កើត​មាន​សាជាថ្មី​ហើយ បន្ទាប់ពី​មាន​ភាពស្ងប់​ស្ងាត់ មួយ​រយៈខ្លី

ខេត្តក្រចេះ បទល្មើស​ព្រៃឈើ បាននិង​កំពុង​តែកើត​មាន​សារ​ជាថ្មី​ហើយ បន្ទាប់ពី​មាន​ភាព​ស្ងប់​ស្ងៀម​មួយ​រយៈពេល​ខ្លីមក​ក្បួន​រថយន្ត​ដឹក​ឈើ​គ្រញូង តាម​ដង​ផ្លូវ​ជាតិ​លេខ៧A ដូច​ដង្ហែរ​អង្គ​កឋិន ដែល​ធ្វើដំណើរ​ចេញមក​ពីខេត្ត​ស្ទឹងត្រែង ឆ្ពោះ​ទៅព្រំ​ដែន​ដោយ​ឆ្លង​កាត់ សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ជា​ច្រើន​កន្លែង ក្នុង​ខេត្តក្រចេះ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ត្រឹម​តែឈរ​មើល។

ក្បួន​រថយន្ត​ដឹក​ឈើ​ខាង​លើនេះ ត្រូវបាន​គេស្គាល់​មេឈ្មួញ មាន​ឈ្មោះ ជុំវុទ្ធី ហៅ (ធីការប៉ូ)  ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​បាន​យូរ​ជាង​គេ ប្រចាំ​ខេត្ត​ក្រចេះ ហើយ​ស្ទើ​រាល់​យប់​គេ​សង្កេត​ឃើញ រថយន្ត​កាមរី ជាច្រើន​គ្រឿង​ដឹក ឈើ​ប្រណីត​ខុស​ច្បាប់​របស់​ឈ្មួញ​ខាង​លើ​នេះ បាន​ធ្វើ​ចរាចរ ប្រដេញ​គ្នា​យ៉ាង​គក្រើក។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​ឈ្មួញ​មួយ​ក្រុម​ផ្សេង​ទៀត គឺជា​អ្នកនាំ​ចេញពី​ខេត្ត​ស្ទឹងត្រែង យក​ប្រគល់​ឲ្យ ​លោកជុំ វទ្ឋី ត្រឹម​ព្រំ​ប្រទល់ ក្រចេះ​ស្ទឹង​ត្រែង ទើប​បាន​គេ​ដឹក​ឆ្លង​កាត់​តាម​ខេត្ត​ក្រចេះ និង​បន្តយក​ទៅលក់​នៅ​ប្រទេស​វៀតណាម។

ចំណែក​ឯមន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ ដែល​នៅតាម​ដង​ផ្លូវ​ហាក់​ដូចជា​ពុំមាន​វិធាន​ការ​អ្វី​ឡើយ  ជា​ពិសេស​សង្កាត់​រដ្ឋបាល​ព្រៃឈើ ឃ្សឹម ដែល​ស្ថិតនៅ​ក្នុង​ការ​គ្រប់​គ្រង​របស់ លោក ​ប្រាក់ សំបូរ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ឆ្លូង  គេ​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង នៅ​មុខ​សង្កាត់​រដ្ឋបាល ព្រៃឈើ​ឃ្សឹម គឺ​បាន​ត្រឹម​តែដាក់​ក្បាល​រថយន្ត​ចេញ​ក្រៅ​ប៉ុណ្ណោះ មិនដែល​ឃើញ​មាន​សកម្មភាព ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​បាន​ឡើយ​តែ​ហាក់​បី ដូចជា​ជួយ​សម្រួល​ដល់​ឈ្មួញ បើក​ឆ្លង​កាត់ បាន​ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​ភាព​រលូន​ទៅវិញ។

គួរបញ្ចាក់​ផងដែរ​ថា មេ​ឈ្មួញ ឈ្មោះ​ជុំវុទ្ធីហៅ ​(ធីការប៉ូ)​ ម្នាក់​នេះ បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ចូន​ឈើ​ប្រណីត​ស្ទើ​តែរាល់​ថ្ងៃ ដោយ​ពុំមាន​សមត្ថកិច្ច ណា​ហ៊ាន​លូក​ដៃ​បង្ក្រាប​បាន​ឡើយ សូម្បី​តែ​លោក ប្រាក់ សំបូរ នាយ​ផ្នែក​រដ្ឋបាល ព្រៃ​ឈើឆ្លូង ដែលធ្លាប់​ជាជើង​ខ្លាំង ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ក៏មិន​មាន​វិធាន​ក្នុង​ការ​បង្ក្រាប​ឈ្មួញ​ម្នាក់​នេះ​បានទេ៕ ផ្តល់​សិទ្ធិ​ដោយ​ដើម​អម្ពិល

សភាសម្ព័ន្ធ សហជីព​ជាតិ​កម្ពុជា ស្នើឲ្យ​ដំឡើង ប្រាក់​ឈ្នួល សម​រម្យ ដល់​កម្មករ

ភ្នំពេញ៖ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​ស្នើសុំ​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល របស់​កម្មករ​-និយោជិត មុន​បំណាច់​ឆ្នាំ២០១២។

ឆ្លៀត​ឱកាស​ឆ្លើយនឹង​សំណួរ​របស់អ្នក​សារ​ព័ត៌មាន ក្នុង​សន្និសីទកាសែត​នៅថ្ងៃទី១១ ធ្នូ ២០១២ ស្តីពី ផលប៉ះ​ពាល់​ថ្នាក់​ជាតិ​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ អនុ​សញ្ញា​រួម​នៅ​កម្ពុជា នា​សណ្ឋាគារ Imperial រាជធានី​ភ្នំពេញ អនុប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) លោក សួង ហ៊ួត បាន​ស្នើ ក្រសួង​ការងារ​ឲ្យដំឡើង​ប្រាក់​ឈ្នួល​ពី​៦១ដុល្លារ រហូតដល់​១៥០​ដុល្លារ​ក្នុង​មួយខែ ជូន​ដល់​កម្មករ-កម្មការិនី។ លោកបាន​លើក​ឡើងថា បច្ចុប្បន្ន​មាន​តែ​កម្ពុជា​ប៉ុណ្ណោះ ដែលមាន​ប្រាក់​ឈ្នួល​កម្មករ ទាប​ជាង​គេ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍ (ASEAN)។

មិនខុស​ពីការ​ស្នើសុំ​លើក​មុនៗ​ឡើយ​ថ្នាក់ដឹក​នាំ​សម្ព័ន្ធ​សហជីព​រូប​នេះ បាន​រៀប​រាប់​អំពី​ជីវភាព​កម្មករ​-កម្មការិនី​ដែលមាន​គម្លាត​ឆ្ងាយ​ពីតម្លៃ​ទំនិញ លើទីផ្សារ​បច្ចុប្បន្ន ហើយ​ពួកគេ​ត្រូវ​ប្រឈម​យ៉ាង​ខ្លាំង​លើការ​ចំណាយ​ថ្លៃទឹក ភ្លើង រថយន្ត​ឈ្នួល ផ្ទះ ម្ហូប​អាហារ និង​តម្រូវ​ការ​ផ្សេងៗ​ប្រចាំ​ថ្ងៃ ហើយ​លើសពី​នោះទៅ​ទៀត ចំពោះ​ស្ត្រីមាន​ផ្ទៃពោះ​វិញ គឺត្រូវ​ចំណាយ​ទៅលើ​ថ្លៃទឹក​ដោះគោ ឲ្យកូន​ទៀត​ផងដែរ។

លោក សួង ហ៊ួត បាន​កត់​សម្គាល់​បន្ថែម​ថា «ករណី​ប្រាក់​ឈ្នួល​កម្រិត​ទាប ធ្វើឲ្យ​កម្មករ និយោជិត​ខ្វះ​អាហា​រូបត្ថម្ភ បណ្តាល​ឲ្យដួល​សន្លប់​ជា​បន្ត​បន្ទាប់។ ម្យ៉ាង​ទៀត បញ្ហា​ប្រាក់ឈ្នួល​ទាប​នេះ ជា​កត្តា​ដែល​ជំរុញឲ្យ​ពលករ​ខ្មែរ ធ្វើ​ចំណាក​ស្រុក​ទៅរក​ការ​ងារ ធ្វើនៅ​ក្រៅ​ប្រទេស ជាពិសេស​នោះ គឺ​ប្រទេស​ម៉ាឡេស៊ី»។

យើង​មិនអាច​ទាក់ទង​រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឡើយ ដើម្បី​សុំការ​បំភ្លឺ​ពាក់​ព័ន្ធនឹង​ការ​សុំ​ដំឡើងប្រាក់​ខែ​កម្មករ​នេះ។ នៅតាម​រោង​ចក្រក្នុង​ប្រទេស​កម្ពុជា មាន​ប្រហែល​២៥០​សហជីព ជា​តួលេខ​ថ្មី កម្មករ​មាន​ប្រហែល​៥០ម៉ឺន​នាក់ ក្នុង​ចំណោម​នោះ​ដែរ​មាន ៨០​ភាគ​រយ គឺជា​ស្ត្រី ហើយ​មាន២០ ភាគរយ គឺជា​បុរស នេះបើយោង​តាម​ក្រសួង​ការងារ៕ ផ្តល់​សិទ្ធិ​ដោយ​ដើម​អម្ពិល

កម្ពុជា ​គ្មាន​ធន​ធាន​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា

កម្ពុជា​នៅ​ខ្វះ​ធន​ធាន​ជា​ច្រើន​ក្នុង​ការ​អនុវត្ត​ច្បាប់​កម្ម​សិទ្ធិ​បញ្ញា​ហើយ​មន្ត្រី​អនុវត្ត​ច្បាប់​ក៏​ខ្វះ​ជំនាញ​ពិនិត្យ​ទំនិញ​ក្លែង​ក្លាយ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ផង​ដែរ។

លោក វ៉ា​រ័ត្ន​សាន់ ប្រធាន​លេខា​ធិ​ការ​ដ្ឋាន​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​កម្ម​សិទ្ធិ​បញ្ញា និង ​ជា​ប្រធា​នាយក​ដ្ឋាន​កម្ម​សិទិ្ធ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ច្រើន​សម្រាប់​ត្រួត​ពិនិត្យ​និង​អនុវត្ត​កិច្ច​ការ​ងារ​ទាក់​ទង​កម្ម​សិទ្ធិ​បញ្ញា​។

លោក​បាន​បន្ត​ថា ប្រទេស​កម្ពុជា មាន​ការ​ខ្វះ​ខាត​ច្រើន​ផ្នែក​ហិរញ្ញ​វត្ថុ ធន​ធាន​មនុស្ស សម្ភារ​និង​បច្ចេក​ទេស​ផ្សេង​ៗ​ជា​ច្រើន ក្នុង​ការ​ត្រួត​ពិនិត្យ​ឲ្យ​ដឹង​ថា​ ទំនិញ​ពិត​ ឬ​ក្លែង​ក្លាយ​។ បញ្ហា​នេះ​ប្រឈម​ខ្លាំង​នៅ​ប្រទេស​អភិឌ្ឍន៍​តិច​តួច​តែ​សូម្បី​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​នៅ​លើ​ពិភព​លោក​ក៏​នៅ​ជួប​ប្រទះ​បញ្ហា​គ្រប់​គ្រង​ទំនិញ​ពិត​និង​ទំនិញ​ក្លែង​ក្លាយ​នេះ​ដែរ។ លោក​បាន​បន្ត​បន្ថែមថា​ ការ​ផលិត​ទំនិញ​ក្លែង​ក្លាយ​មាន​តិច​តួច​នៅ​កម្ពុជា តែ​ទំនិញ​ក្លែង​ក្លាយ​ភាគ​ច្រើន​ហូរ​ចូល​ពី​ប្រទេស​ជិត​ខាង។

ភ្នំពេញ​ប៉ុស្តិ៍ លើក​ឡើង​ទៀត​ថា ទោះ​បីជា​ទំនិញ​ក្លែង​ក្លាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ចរាចរ​នៅ​លើ​ទីផ្សារ​យ៉ាង​ច្រើន​ក្ដី តែ​មន្ត្រី​កម្ពុជា​មិន​បាន​ដឹង​ពី​ទំ​ហំ​ជាក់​លាក់​នៃ​ទំនិញ និង​តម្លៃ​ពិត​ប្រាកដ​ទេ ព្រោះ​គ្មាន​សមត្ថ​ភាព​វាស់​ស្ទង់ និង​ការ​សិក្សា។

លោក វ៉ា​រ័ត្ន​សាន់ បាន​ពន្យល់​​ថា​ យើង​មិន​ដឹង​ច្បាស់​ទេ ព្រោះ​មិន​ទាន់​មាន​អង្គ​ភាព​ណា​មួយ​និយាយ​ច្បាស់​អំពី​រឿង​នេះ។ គ្មាន​ការ​សិក្សា​ស្រាវ​ជ្រាវ។ យើង​គ្រាន់​តែ​ដឹង​ថា​ទំនិញ​ក្លែង​ក្លាយ​ក៏​មាន​ច្រើន​ដែរ​នៅ​កម្ពុជា។ សូម្បីតែ​លោក​កាន់​ការ​ងារ​នេះ​ក៏​ដោយ ក៏​លោក​មិន​ដឹង​ថា​ តើ​អាវ​ដែល​លោក​ពាក់​គឺ​ជា​របស់​ក្លែង​ក្លាយ​ឬ​ជា​របស់​ពិត​ទេ។ ទំនិញ​ក្លែង​ក្លាយ​ច្រើន​ជាង​គេ​នៅ​កម្ពុជា គឺ​របស់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា​សម្លៀក​បំពាក់​ខ្សែ​ក្រវាត់​នាឡិកា​ និង​គ្រឿង​សម្អាង។

លោក​បាន​បញ្ជាក់​ថា ទំនិញ​ក្លែង​ក្លាយ​ជះ​ឥទ្ធិ​ពល​ដល់​សេដ្ឋ​កិច្ច​ជាតិ​ធ្ងន់​ធ្ងរ​ព្រោះ​កាល​ណា​មាន​ទំនិញ​ក្លែង​ក្លាយ​កាន់​តែ​ច្រើន​ អ្នក​ផលិត​ពិត​ប្រាកដ​ក៏​បាត់​បង់​ទឹក​ចិត្ត​ក្នុង​ការ​ផលិត​គុណ​ភាព​ដែរ៕

បង្កើត​គណៈ​ក​មមា​ធិ​ការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត

ព្រះ​មហា​ក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ ត្រាស់​បង្គាប់ បង្កើត​គណៈ​ក​មមា​ធិ​ការ​ជាតិ​រៀប​ចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្រះ​ករុណា ព្រះ​បាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះវរ​រាជ​បិតា​ឯក​រាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ។

តាម​ខ្លឹម​សារ​នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ បាន​លើក​ឡើង​ថា គណៈ​កម្មាធិការ​នេះ ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​មន្រ្តី និង​សមាស​ភាព​ជា​សមាជិក​មាន​ឧបនាយក​រដ្ឋមន្ត្រី ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី អគ្គ​ស្នងការ​នគរបាល​ជាតិ មេ​ប៉េអឹម និង​អភិបាល​រាជធានី ខេត្ត​ទាំង២៤ ចំនួន ៤៦ រូប ផ្សេង​ទៀត ដែល​សរុប​មាន​ចំនួន ៤៩ រូប។

ព្រះ​រាជ​ក្រឹត្យ​កំណត់​ពី​​ភារកិច្ច របស់​គណៈ​កម្មា​ធិការ​នោះ រួម​មាន​ដូច​ជា ៖

-រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព ឲ្យមាន​ដំណើរ​ការ​ល្អ ឧត្តុង្គ​ឧត្តម សក្តិសម​នឹង​ព្រះ​គោរ​មងារ​របស់​ព្រះ​អង្គ ជា​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹកដី និង​ឯក​ភាព​ជាតិ​ខ្មែរ​

-សម្រប​សម្រួល​ការ​ងារ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​

-រៀបចំ​ព្រះរាជ​ពិធី​ទទួល និង​ដង្ហែ​ព្រះ​បរមសព​

-រៀប​ចំ​តម្កល់​ព្រះ​បរមសព គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​កិច្ច​ការ​ពាក់​ព័ន្ធ​ផ្សេងៗ

-រៀប​ចំ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរម​សព ឲ្យមាន​ដំណើរ​ការ​ល្អ និង​ឧត្តុង្គ​ឧត្តម​

គណៈ​កម្មាធិការ​នេះ អាច​បង្កើត​អនុគណៈ​កម្មការ ដើម្បី​បំពេញ​ការ​ងារ តាម​ការ​ចាំបាច់។

សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​ព្រះ​រាជ​ក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្ថ​លេខា​តទៅ៕

ប្រជា​ពលរដ្ឋ ជាង១លាននាក់ មក​ចូល​រួម ការដង្ហែ ព្រះ​បរមសព សម្តេចឪ

ភ្នំពេញ៖ នាយកទី​ចាត់ការ​រដ្ឋបាល និងជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែង​ប្រាប់​ថា ប្រជា​ពលរដ្ឋ ដែលមក​ចូល​រួម​ការដង្ហែ ព្រះបរម​សព​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​នៃ​យើង​ទាំង​អស់​គ្នា​ នៅ​រសៀល​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ២០១២នេះ មាន​ចន្លោះ​ពី​១លាន ទៅ ១,២លាន​នាក់ ដែល​រាប់បញ្ចូល ទាំងអ្នក​មក​ពីតាម​បណ្តា​ខេត្ត និង​ប្រជា​ពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ។

លោក ឡុង ឌីម៉ង់ បានបន្តថា សាលា​រាជធានី​ភ្នំពេញ បាន​ផ្ញើ​លិខិត ជូន​ទៅ​តាម​ខណ្ឌ​ទាំង៩ ដោយ​អនុញ្ញាត​ឲ្យប្រជា​ពលរដ្ឋ ក្នុង​មួយ​ខណ្ឌ ចំនួន​១ម៉ឺននាក់ បាន​ចូល​រួម​មក ដង្ហែ​ព្រះបរមសព បូក​រួម​ទាំង លោកគ្រូ អ្នកគ្រូ និង​សិស្សានុ​សិស្ស ចំនួន៥ម៉ឺន​នាក់ ផ្សេង​ទៀត៕ ផ្តល់​សិទ្ធិ​ដោយ​ដើម​អម្ពិល













ព្រះទីនាំង​ ដង្ហែ​ព្រះបរម​សព សម្ដេច​ឪ បាន​យាង​មក​ដល់ ព្រលាន​យន្ដ​ហោះ​ហើយ នៅ​វេលា​ម៉ោង ២និង​៤៥​នាទី

ភ្នំពេញ ៖ នៅវេលា​ម៉ោង ២​និង៤៥នាទី រសៀល​ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០១២​នេះ ព្រះទី​នាំង​ដង្ហែ​ព្រះបរម​សព សម្ដេចឪ សម្ដេចតា សម្ដេចតាទួត នៃយើង​ទាំង​អស់គ្នា បាន​យាង​មក​ដល់​ព្រលាន​យន្ដ​ហោះ​អន្ដរ​ជាតិ​ភ្នំពេញ​ហើយ ដោយ​មានការ​រង់ចាំ​ទទួល​ទាំង​អារម្មណ៍​ក្ដុក​ក្ដួល និង​រន្ធត់​ចិត្ដ​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជា​រាស្ដ្រ គ្រប់​ស្រទាប់​វណ្ណៈ ព្រះសង្ឃ ដូនជី តាជី របស់​ទ្រង់ ដែល​នៅចាំ​ទទួល​យ៉ាង​ច្រើន​កុះករ តាំងពី​ព្រលាន​យន្ដ​ហោះ រហូត​មក​ដល់ព្រះ​បរមរាជវាំង។

នៅព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​កម្ពុជា​ទាំង​មូល ទាំង​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា គ្រប់​ក្រសួង ស្ថាប័ន​រដ្ឋ​ទាំងអស់ រង់ចាំ​ទទួល​ព្រះ​បរមសព​នៅ​ទីនោះ ដើម្បី​ដង្ហែ​ពីព្រលាន​យន្ដ​ហោះអន្ដរជាតិ​ភ្នំពេញ ឆ្ពោះមក​ព្រះបរមរាជ​វាំង។

នៅពេល​ព្រះ​បរមសព របស់​អតីត​ព្រះមហាក្សត្រ​នៃយើង​ទាំង​អស់​គ្នា បាន​យាង​មក​ដល់​ព្រលាន​យន្ដហោះ​អន្ដរ​ជាតិ​ភ្នំពេញ​ហើយនោះ ព្រះទីនាំង ដែលមាន​រូប​ហង្ស រូបសិង្ហ និង​រូបនាគ​ក្បាល​៣ បាន​មក​ដង្ហែ​ព្រះបរមសព​របស់​ព្រះ​អង្គ​ឆ្ពោះទៅ​កាន់​ព្រះបរម​រាជវាំង ដោយ​ក្នុង​នោះ​ព្រះ​បរមសព ត្រូវ​បាន​ដង្ហែ​តាម​ព្រះទីនាំង​រូបហង្ស អម​ដោយ​ព្រះទី​នាំងរូប​សិង្ហ​សម្រាប់​សម្តេច​សង្ឃ និង​នាគ​ក្បាល​៣ ព្រះសង្ឃ។

មន្ដ្រីនៃ​រាជ​រដ្ឋាភិបាល​បាន​ឱ្យដឹង​ថា ចំពោះ​ការ​ដង្ហែ​ព្រះបរម​សព របស់​សម្ដេចឪ មក​កាន់ ប្រទេស​កម្ពុជា គឺធ្វើ​ឡើង​ពីសំណាក់​ឧបនាយករដ្ឋ​មន្ដ្រី​ចិន​ម្នាក់ និង​មន្ដ្រី​រដ្ឋាភិបាល​ចិន ចំនួន ៦០​នាក់​ផ្សេង​ទៀត។

អតីត​ព្រះមហា​ក្សត្រ សម្ដេចឪ សម្ដេចតាទួត​នៃយើង​ទាំង​អស់​គ្នា បាន​យាង​សោយ​ទីវង្គត កាលពី​វេលា​ម៉ោង ១និង​២០នាទី យប់​រំលង​អធ្រាត្រ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១២ នៅ​មន្ទីរពេទ្យ ក្នុងទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគជរាពាធ៕ ផ្តល់​សិទ្ធិ​ដោយ​ដើម​អម្ពិល



ប្រជា​ពលរដ្ឋ ត្រៀម​ទទួល ព្រះបរមសព សម្ដេចឪ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង ទាំង​ចាស់ ទាំងប្រុស ទាំងស្រី គ្រប់ស្រទាប់​វណ្ណៈ គ្រប់​ជាន់​ថ្នាក់ រួម​ទាំង​ព្រះសង្ឃ តាជី យាយជី និង​លោកគ្រូ អ្នកគ្រូ សិស្សានុ​សិស្ស រាប់​ពាន់​នាក់ នៅ​រសៀល​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​សម្លៀក​បំពាក់​អាវពណ៌ស ដោយពាក់​សញ្ញា​កាន់​ទុក្ខ និង​ខោ-សំពត់ ពណ៌​ខ្មៅ បាននាំគ្នា​ត្រៀម​ទទួល​ព្រះបរមសព សម្ដេចឪ សម្ដេចតា សម្ដេច​តាទួត នៃ​យើង ដែល​នឹង​យាង​មក​ដល់ នៅចន្លោះ​វេលា​ម៉ោង ២និង​៤០​នាទី ដល់​ម៉ោង ៣ ពីទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

ប្រជាពលរដ្ឋខ្មែរ​ទាំងអស់ ក្នុងទឹក​មុខ​យ៉ាង​ក្រៀមក្រំ រកទី​បំផុត​គ្មាន ដើម្បី​រង់ចាំ​ដង្ហែ និង​ទទួល​ព្រះបរមសព សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ដែលនឹង​ត្រូវដង្ហែពី ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវសហព័ន្ធ​រុស្ស៊ី ឆ្ពោះ​មក​ព្រះបរមរាជ​វាំង៕ ផ្តល់​សិទ្ធិ​ដោយ​ដើម​អម្ពិល



រាជរដ្ឋាភិបាល ប្រកាស​ផ្អាក​ប្រារព្វ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក​ឆ្នាំ​២០១២ រាជធា​នីភ្នំពេញ

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ បាន​ចុះហត្ថលេខា​លើ​សារាចរ ដោយ​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញដោយ​សារ​សម្តេច​ឪ សម្តេចតា សម្តេច​តាទួត សម្តេច​ព្រះ​ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទិវង្គត កាលពី​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២។

​សារាចរ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការ​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា នៅ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​នា​ឆ្នាំនេះ រាជ​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស កំពុង​មាន​មហា​ទុក្ខសោក​ដ៏​សែន​​ក្រៀម​ក្រំ​រក​ទី​បំផុត​គ្មាន ដោយ​ព្រះ​ករុណា ព្រះ​បាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯក​រាជ្យ បូរណ​ភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត នា​ថ្ងៃ​១៥ រោច ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១ និង ២០ នាទី រំលង​អធ្រាត្រ ( ម៉ោង​នៅ​​រាជធានី​ភ្នំពេញ ) ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះ​វស្សា ដោយ​ព្រះ​ជរា​ពាធ ហើយ​ព្រះ​បរម​សព នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​ព្រះ​បរមរាជ​វាំង ក្នុង​រយៈ​ពេល​មិន​តិច​ជាង ៣ ខែ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ឲ្យ​បាន​ឧត្តុង្គ​ឧត្តម តាម​ប្រពៃណី​ជាតិ។

សារាចរ​បាន​បញ្ជាក់​ថា ដើម្បី​ចូល​រួម​កាន់​ទុក្ខ និង​គោរព​ព្រះ​វិញ្ញាណ​ក្ខ័ន្ធ ព្រះ​អតីត​អង្គ ព្រះ​មហា​ក្សត្រ​ខ្មែរ រាជ​រដ្ឋាភិបាល សូម​ធ្វើ​ការ​ណែនាំ ដូចតទៅ​៖

១-​ផ្អាក​ការ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​​តាម​ដង​ទន្លេ​សាប មុខ​ព្រះ​បរមរាជ​វាំង រាជ​ធានី​ភ្នំពេញ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២៧ ថ្ងៃទី​២៨ និង​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

២-​ការ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​តាម​​ទីកន្លែង​ដទៃ​ទៀត អាច​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា តាម​ទំនៀម​ទម្លាប់​ប្រពៃណី និង​តាម​លទ្ធភាព​របស់​ប្រជា​ពលរដ្ឋ។

៣-​ការ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ និយោជិត កម្មករ ចំនួន ៣ ថ្ងៃ ក្នុង​ព្រះរាជ​ពិធី​នេះ នៅ​រក្សា​ដដែល ដូច​ខ្លឹម​សារ ដែល​មាន​ចែង ក្នុង​អនុ​ក្រឹត្យ​លេខ ២៣១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១១ ស្តីពី ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១២៕