Logo

Friends Added

រតនា

ស្រវឹង​​ជិះ​ម៉ូតូ​ទៅបុក​​​ប្រព័ន្ធ​​លូ​​កាត់​​ទទឹង​ផ្លូវ​ ធ្លាក់​ទឹក​​ប្រឡាយ​​លង់​​​ស្លាប់​

​ខេត្ដ​បន្ទាយមានជ័យ ៖ បុរស​​ម្នាក់​​ជិះ​​ម៉ូ​តូ​​ម៉ាក​​សង់ ក្នុង​​ល្បឿន​​លឿន​​ជ្រុល​​ទៅ​បុក ប្រ​ព័ន្ធ​​លូ​​ដែល​​ស្ថា​ប​នា​​កាត់​​ផ្លូវ ប​ណ្ដា​ល​ឱ្យ​​ស្លាប់ នៅ​​នឹង​ក​ន្លែង​កើត​ហេតុ កាល​ពី​វេ​លា​​ម៉ោង ២​​យប់​​ថ្ងៃ​ទី​​១០ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ នៅ​តាម​​ប​ណ្ដោយ ផ្លូវ​លំ​​លេខ​​៥៦ស្ថិតនៅ​ក្នុងភូមិ​ម្កាក់ ឃុំ​ម្កាក់ ក្រុង សិរីសោភ័ណ ខេត្ដ​បន្ទាយមានជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ ផុស ចាន់​ធឿន អាយុ ២៤​ឆ្នាំ ជា​អ្នកបើក​អេ​ស្កា​កាយ​ដី មាន​ទីលំនៅ​ក្នុង ភូមិ​អង្គ​ស្វាយ ស្រុក​ព្រៃកប្បាស ខេត្ដ​តាកែវ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់ ពណ៌​ក្រហម​អត់​ស្លាក​លេខ ស៊េរី​ឆ្នាំ​២០០២ ក្នុង​ល្បឿន​លឿន ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​កន្លែង កើតហេតុ ជនរងគ្រោះ​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ប្រព័ន្ធ​លូ ដែល​ស្ថាបនា​កាត់​ផ្លូវ ហើយ​បាន​ផ្លោង ធ្លាក់​ក្នុង​ប្រព័ន្ធ​ប្រឡាយ ឈ្លក់ទឹក​ស្លាប់​នៅ នឹង​កន្លែងកើតហេតុ ដោយ​មិនមាន​អ្នកណា ជួយសង្គ្រោះ​ទាន់​នោះទេ​។​

​បើ​ពិ​និត្យនៅ​ក​ន្លែ​កើតហេតុ ទៅលើ​សព​និង​ម៉ូតូ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ មិនដឹងថា​ស្រវឹង ឬ​មកពីណា​ឡើយ ដោយ​គ្រាន់តែ​ដឹងថា ធ្វើដំណើរ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ ជើង ហើយ​ធ្លាក់ចូល​ត្រាំ​ទឹក​មួយ​យប់ ពេលព្រឹក​ទើប ទទួលបាន​ព័ត៌មាន ពី​កម្មករ​ធ្វើ​លូ រីឯ​សព​រងគ្រោះ ក្រោយពេល​ពិនិត្យ សមត្ថកិច្ច​បានប្រគល់​ឱ្យ សាច់ញាតិ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Wat 110221

Wat 110223

 

រថយន្ត​ស៊េរី ទំនើប​៣​គ្រឿង បុក​បន្ត​កន្ទុយ​គ្នា​ផ្អើល​ពេញ​​រាជ​ធានី​ភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយ ដែលបង្កឲ្យមាន​ការភ្ញាក់ផ្អើល​ស្ទើរ​ពេញ​រាជ​ធានី​ភ្នំពេញ ដោយសារតែ​រថយន្តស៊េរីទំនើប ៣គ្រឿង បើកបុកបន្ត​កន្ទុយគ្នា​រង​ការ​ខូច​ខាត​​ហើយ​ក្រោយ​កើត​ហេតុ​មាន​​រថយន្ត​ស៊េរីទំនើបៗ​​ជាច្រើនគ្រឿងទៀត​មកជួយ​អន្តរាគមន៍នៅ​កន្លែង​កើត​ហេតុ។

ហេតុការណ៍នេះ​បានកើតឡើង​កាលពីវេលាម៉ោង ២១ និង ៣០នាទីយប់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅចំណុច​ជិតទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវសហព័ន្ធរុស្ស៊ី​ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧មករា​។

យោងតាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថា​មុនពេលកើតហេតុ​គេសង្កេត​ឃើញ​បុរស​ម្នាក់​​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក រេនរ៉ូវែ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2V 0709 ធ្វើ​ដំណើរ​ចេញ​ពីផ្សារ ស៊ិនី ឡើងមកឆ្លងកាត់ ផ្លូវសហព័ន្ធរុស្ស៊ី​ក៏ត្រូវយុវជនម្នាក់ដែលកំពុង​បើក​បរ​រថយន្ត​រេនរ៉ូវែ ពណ៌ខ្មៅ គ្មានស្លាកលេខ​ដឹកស្រីស្នេហ៍ម្នាក់​ធ្វើដំណើរយ៉ាងលឿន តាមផ្លូវសហព័ន្ធរុស្ស៊ី​ទិស​ដៅ​ពី​លិច​ទៅកើតបានជ្រុលបុករថយន្ត រេនរ៉ូវែ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V 0709 ចំ​ពី​មុខ​យ៉ាង​ពេញ​ទំ​ហឹង​​បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ​ទាំងស្រុង។ ហើយ​រថយន្ត​រេន​រ៉ូ​វែ​គ្មាន​ស្លាក​លេខ​នៅ​មិន​ទាន់អស់ល្បឿនបានបន្តជ្រុលបុក រថយន្តមែកសឺដេស កូនកាត់ពណ៌ខ្មៅ មួយ​គ្រឿង​ដែល​បែក​កង់ចតនៅខាងមុខទាំងកម្រោល​បណ្តាល​ឲ្យ​គៀប​ជាប់​គ្នា​រង​ការ​ខូច​ខាត​ស្ទើទាំងស្រុង​។

ក្រោយកើតហេតុម្ចាស់ រថយន្តទាំង ៣គ្រឿង បានទូរស័ព្ធអន្តរាគមន៍ ហៅបងប្អូនសុទ្ធតែមាន​ជិះ​រថយន្ត​ស៊េរីទំនើបៗជាច្រើនគ្រឿងមកឈប់ ពេញផ្លូវសហព័ន្ធរុស្ស៊ី​ត្រង់ចំណុចកើតហេតុ​បង្ក​ការ​កក់​ស្ទះ​​ភ្ញាក់​ផ្អើលដល់​អ្នកដំណើរ​នឹងសមត្ថកិច្ចមូលដ្ឋាន​ចុះមកអន្តរាគមន៍ភ្លាមៗផងដែរ​។ សមត្ថ​កិច្ច​បញ្ជាក់​ថា​ទាក់ទិននឹងគ្រោះថ្នាក់មួយ​នេះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយ​នគរ​បាល​ជំនាញ​វាស់វែង ស្ទូចយករថយន្តទាំង ៣គ្រឿងទៅរក្សាទុក​នៅអធិការដ្ឋាន​​នគរ​បាល​ខណ្ឌ៧មករា​រង់ចាំការ​ដោះស្រាយនាពេលក្រោយ​៕ ផ្តល់​សិទ្ធិ​ដោយ ដើមអម្ពិល

modern-cars-collision (1)
modern-cars-collision (2)
modern-cars-collision (3)
modern-cars-collision (4)
modern-cars-collision (5)

លោកសម រង្ស៊ី បាន​ត្រឡប់​មកកម្ពុជា​វិញហើយ

ភ្នំពេញៈ ប្រធានគណបក្ស​សង្គ្រោះជាតិ​លោកសម​រង្ស៊ី​នៅ​វេលា​ម៉ោង១០​និង២០នាទី​ យប់ថ្ងៃទី១០​ខែកុម្ភៈ​ឆ្នាំ២០១៤​នេះ​​បាន​ធ្វើ​ដំណើរ​​​​មក​​ដល់​​ប្រទេស​​កម្ពុជា​​វិញ​​ហើយ​​បន្ទាប់​​ពី​រូបលោកបាន​ធ្វើដំណើរទៅកាន់ ប្រទេសមួយចំនួន នៅតំបន់អឺរ៉ុប និងអាស៊ី  ដើម្បីស្វែងរកការ​គាំទ្រ និងមិន​​ឲ្យ​​ទទួល​​ស្គាល់ រាជដ្ឋាភិបាល​កម្ពុជាបច្ចុប្បន្ន​ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេសង្កេតឃើញសកម្មជន គណបក្សសង្គ្រោះជាតិ និងថ្នាក់​ដឹក​នាំ​របស់​ខ្លួនជាង២០០នាក់ នៅចាំទទួលស្វាគមន៍ ការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី៕ ប្រភព ពន្លី​ខ្មែរ

return of sam ransy (4)
return of sam ransy (3)
return of sam ransy (2)
return of sam ransy (1)

រថយន្ត​ស៊ី​អរ​វី និង​ម៉ូតូ​ស្មាស បុក​គ្នា​រង​របួស​ធ្ងន់​ ​នគរ​បាល​​បាញ់​ផ្អើល

ភ្នំពេញ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនាពេលរាត្រី រថយន្តស៊ីអរវី និងម៉ូតូស្មាស់បុកគ្នាពេញទំហឹង បណ្តាលឲ្យ​បុរសម្នាក់​រងរបួសធ្ងន់ធ្ងរ តាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន កាលពីម៉ោង ១២ និង៣០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៤។ គ្រោះថ្នាក់ចរាចរនេះ​ក៏បណ្តាលឲ្យ​មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់​ផ្ទុះការខឹងសម្បារ​ព្រោះដោយ​សារ​តែ​រថយន្តសង្រ្គោះយឺតយ៉ាវនោះ បានដកកាំភ្លើងបាញ់​ឡើងលើ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​កន្លែង​កើត​ហេតុ​ទាំង​យប់​ផង​ដែរ។

ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង រវាងរថយន្តម៉ាកស៊ីអរវី ពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខភ្នំពេញ 2S-9816 បុកគ្នាជាមួយម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ 1M-0285 នៅចំណុចផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ កុម្ភះ ឆ្នាំ២០១៤ បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កហេតុ​ម៉ាកស៊ីអរវី ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2S-9816 បានធ្វើដំណើរតាមបណ្តោយវិថីព្រះនរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ រីឯ​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ ពាក់ ស្លាកលេខ 1M-0285 ធ្វើ​ដំណើរ​បញ្រ្ចាស​ទិស​គ្នា​ជា​មួយ​រថយន្ត។ លុះ​ដល់​កន្លែង​កើតហេតុ​ក៏បុក​គ្នា​ពេញ​ទំហឹង​ចំពាក់​​កណ្តាល​​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ម៉ូតូ​រង​ការ​ខូច​ខាត​ទាំង​ស្រុង ​រីឯ​រថយន្ត​រង​ការ​ខូច​ខាត​ផ្នែកខាងមុខយ៉ាងដំណំដែរ។

សាក្សីដដែលបានឲ្យដឹងថា​បុរសអ្នកបើកបរម៉ូតូរងគ្រោះខាងលើនេះ​មិនមាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នោះទេ ហើយ​ជន​រង​គ្រោះ​រូបនេះ បាន​សន្លប់ស្តូកស្តឹង​ត្រូវ​បាន​រថយន្ត​សង្រ្គោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យខឹម រ៉ានី ។ រីឯអ្នកបើកបររថយន្ត​ក៏​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ដែរ ដោយ​សារ​ក្រោយ​ពេលកើតហេតុ អ្នកបើកបររថយន្ត​បានចុះគេចខ្លួនបាត់ភ្លាមៗតែម្តង។ ប៉ុន្តែ​អ្នក​ដែល​​បាន​​ឃើញ​ហេតុ​ការណ៍​បាន​និយាយ​ថា អ្នក​បើក​បរ​រថយន្ត​នោះ​ជាជនជាតិបរទេសជិះគ្នាបីនាក់។

ចំពោះករណីនេះនគរបាលខណ្ឌចំការមន​បាន​ទាក់​ទង​ទៅ​នគរ​បាល​ការិយាល័យ​ជំនាញ​ចុះ​មក​វាស់វែងដកហូត​យករថយន្តនិង ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានីភ្នំពេញ​ដើម្បី​ដោះស្រាយតាមផ្លូវច្បាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានធ្វើឲ្យមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ដែល​ឃើញ​ហេតុ​ការណ៍នោះ បានឈប់ម៉ូតូរួចដកអាវុធខ្លីបាញ់ឡើងលើមួយគ្រាប់​ក្នុង​គោល​​បំណង​ជួយ​អន្តរាគមន៍ដល់ជនរង​គ្រោះជាអ្នកជិះម៉ូតូ ព្រោះ​ខឹង​ឡាន​ពេទ្យ​ក្រ​មក​លើក​អ្នក​រង​គ្រោះ​ទៅ​សង្គ្រោះ​ពេក។ តែសកម្មភាពនេះ​ត្រូវ​បាន​នគរ​បាល​ប៉ុស្តិ៍​ទន្លេ​បាសាក់​ចុះ​មក​នាំ​ខ្លួន​មន្ត្រី​នគរ​បាល ដែល​បង្ក​ការ​ផ្ទុះ​អាវុធ​នោះ​ទៅ​ស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការអប់រំ​អំពីបញ្ហា​បាញ់​បោះ​ដោយ​សេរី​តាម​ផ្លូវ​សាធារណៈ​ផងដែរ៕ ផ្តល់​សិទ្ធិ​ដោយ​ ដើមអម្ពិល

accident-police-shot (4)
accident-police-shot (3)
accident-police-shot (2)
accident-police-shot (1)

ចេញ​ពី​ហូប​ការ​បង​ប្អូន​​ជិះ​ម៉ូតូ​ជ្រុល​បុក​គូទ​​រថយន្ត​​លុច្ស​​ស៊ីស​​ ៤៧០

ភ្នំពេញ៖ យុវជនម្នាក់បាន​ស្លាប់បាត់បង់ជីវិតយ៉ាងអាណោច​អាធ័មនៅនឹងកន្លែងកើតហេតុ ហើយនារី​២នាក់ទៀត ត្រូវរងរបួសធ្ងន់ធ្ងរ ដោយ​សារ​ពួក​គេជិះ​ម៉ូតូមួយ​គ្រឿងឌុបគ្នាចេញពី​ហូបការ​បងប្អូន​នៅ​ខេត្ត​កណ្តាល​ឆ្ពោះទៅផ្ទះ​នៅខេត្តកំពង់ស្ពឺ​ជ្រុលចង្កូត​ទៅបុកនឹង​គូទ​រថយន្ត​លុច្ស​ស៊ីស​៤៧០ កំពុង​បើក​បរ​ឆ្លងកាត់ផ្លូវជាតិ ៣ យ៉ាងពេញទំហឹងកាល ពីម៉ោង ១០ និង៣០​ នាទី​យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ ៣ កែងផ្លូវលេខ ៣០​ម៉ែត្រ​ក្នុង​ភូមិ​ប៉ប្រក​ខាង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះថ្នាក់រហូតបាត់បង់ជីវិតខាងលើមានឈ្មោះ ហ៊ុយ សំអូន អាយុ ២៨ ឆ្នាំ។ រីឯនារី ២ នាក់ ដែលរង​របួសមាន​ឈ្មោះ សោម ស្រីកា អាយុ ២៥ឆ្នាំ និងម្នាក់ទៀត​ត្រូវជាបងស្រីឈ្មោះ សោម ស្រីនី អាយុ ៣០ឆ្នាំ អ្នកទាំង ៣ នាក់មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​មុនពេលកើតហេតុជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូមួយគ្រឿង​ម៉ាកសេ ១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-7714 ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៣​ ក្នុង​​ទិសដៅពីត្បូងទៅជើង​ចេញពីហូបការបងប្អូននៅខេត្តកណ្តាល បំណង​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​នៅខេត្តកំពង់ស្ពឺ។ ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ​ក៏​បាន​ជ្រុល​ទៅ​បុក​ចំ​គូទ​រថយន្ត​លុច្សស៊ីស៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0728 បើក​បរ​ដោយ​បុរស​ម្នាក់​ឆ្លង​កាត់ផ្លូវជាតិលេខ ៣ ចូលផ្លូវលេខ៣០ម៉ែត្រ ទាំងកម្រោលតែម្តង។

គ្រោះថ្នាក់នេះ​បណ្តាលឲ្យយុវជនជាអ្នកឌុបដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ក្នុង​ថ្លុកឈាមនៅ​នឹងកន្លែងកើតហេតុ។ រីឯនារី ២នាក់ ដែលជិះពីក្រោយត្រូវរងរបួសធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្រ្គោះមកដឹកយក​ទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។ ចំណែកឯម៉ូតូ​របស់​​ជន​​រង​​គ្រោះ​​ត្រូវ​រងការខូចខាតទាំងស្រុងខ្ទាតជាង ២០ម៉ែត្រពីរថយន្ត ហើយរថយន្ត​លុច្ស​ស៊ីស​ខូច​ខាត​ផ្នែក​ខាងក្រោយផងដែរ។

ក្រោយកើតហេតុសពត្រូវប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ រថយន្ត​លុច្ស​ស៊ីស​​៤៧០​ និង​ម៉ូតូ​សេ​១១០ ត្រូវ​​បាន​​សមត្ថ​កិច្ច​​មូល​ដ្ឋាន​​សហការ​ជា​មួយ​នគរ​បាល​ជំនាញ​ចុះ​វាស់​វែង​​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជ​ធានីភ្នំពេញ រង់​​ចាំ​ដោះ​ស្រាយ​នា​ពេល​ក្រោយ។

គ្រោះថ្នាក់នេះសមត្ថកិច្ចសន្និដ្ឋានបង្កឡើងដោយសារជនរងគ្រោះស្រវឹងស្រា ហើយ​ជិះ​ម៉ូតូ​ឌុប​គ្នា​លឿន​ពេក​ចាប់​​ហ្វ្រាំង​​មិន​​ទាន់​​ពេល​រថយន្ត​បត់​ទើប​ជ្រុលទៅ​​បុក​ទាំងកម្រោលបែប​នេះ​តែម្តងទៅ៕ ផ្តល់​សិទ្ធិ​ដោយ​ ដើមអម្ពិល

hit-car-4
hit-car-3
hit-car-2
hit-car-1

អនុ​ប្រធាន​សន្តិ​សុខ​រោង​ចក្រ​ប្រេង​កាត​ចាក់​ដី​រំ​លោភ​យក​ឆ្នេរ​សមុទ្រ​

ព្រះសីហនុ៖ ទីតាំងឆ្នេរខ្សាច់​អូរត្រេះមួយកន្លែង ក្បែរតំបន់រោងចក្រ ប្រេងកាត ស្ថិតនៅក្នុង​ភូមិអូរ​ត្រេះ ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានអ្នកមានប្រាក់ម្នាក់ឈ្មោះ «សុង» អនុ​ប្រធាន​សន្តិសុខរោងចក្រ ប្រេងកាត់ចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

ប្រភពពីប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ បានរាយការណ៍ថាសកម្មភាពរំលោភ​យក​ឆ្នេរ​ខ្សាច់​របស់​រដ្ឋ​ខាង​លើ​នេះ គេឃើញ​ធ្វើ​សកម្មភាព​បាន​ប៉ុន្មាន​ថ្ងៃ​មកហើយ ដោយ​ប្រើ​​ប្រាស់​​កម្មករ​ប្រមាណ​ជាង​១០​នាក់។ ប្រភព​ពី​ប្រជាពលរដ្ឋ​ទាំងនោះ​បានប្រាប់ថាប៉ុន្មានថ្ងៃដំបូង គេឃើញក្រុមកម្មករសំណង់ទាំង​នោះ បានយកបំពង់លូមកបោះក្នុងសមុទ្រ និងលាយស៊ីម៉ងត៍​បោះ​បង្គោល​រៀប​ខឿន​ថ្ម​ជា​របង​កម្ពស់​ប្រមាណ​ជា ៤ ម៉ែត្រ បន្ទាប់មកនាថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ២០១៤ គេឃើញមានរថយន្ត ចាក់ដីធំៗ​ជា​ច្រើន​គ្រឿង​សម្រុក​ចាក់​ដី​ចូល​សមុទ្រ​លើឆ្នេរខ្សាច់នោះដែល មានក្បាលប្រវែង ៣៧ម៉ែត្រ និងជម្រៅ​ប្រហែល៥០ម៉ែត្រ។

ពាក់ព័ន្ធបញ្ហានេះលោក ឆាយ សុគន្ធដា អភិបាលរងស្រុកស្ទឹងហាវ ក្នុងនាមជាអាជ្ញាធរដែនដី​បាន​ប្រាប់​អ្នក​សារ​​ព័ត៌​មាន ដោយ​របៀបគេច​ពីការ​ទទួល​ខុស​ត្រូវរបស់ខ្លួនថា លោកក៏​បាន​ដឹង​រឿង​នោះ​ដែរ​ ហើយ​​លោក​ក៏បាន​ស្នើ​ឲ្យជួបជំនាញជលផលវិញ ព្រោះ​លោក​បាន​រាយ​ការ​ណ៍ទៅ​ជល​ផល​ឲ្យ​ទៅ​មើល​ហើយ ។ ដោយឡែកក្រុម​អ្នក​សារព័ត៌មាន​មិន​អាច​ទាក់​ទងសុំការបំភ្លឺបានទេ ​ទៅ​កាន់​មន្រ្តី​ជលផលបាន​ឡើយ​កាលពី​រសៀលថ្ងៃទី០៩ ខែកុម្ភៈ គឺ​ទូរស័ព្ទ​គ្មានអ្នកលើក ។

លោកអភិបាលរងស្រុកស្ទឹងហាវ ក៏បានបញ្ជាក់ជាចុងក្រោយថា​បញ្ហានេះ ត្រូវ​បាន​អ្នកសារព័ត៌មាន​ដ៏​ធំ​ម្នាក់​ប្រចាំ​ខេត្តព្រះសីហនុទទួលខុសត្រូវ​ដោះស្រាយ​ហេតុអ្វីក៏មកសួរនាំទៀត។

ដោយឡែកលោក សុង ដែលអះអាង​ថា​​ជា​អនុ​ប្រធាន​សន្តិ​សុខ​ប្រចាំ​រោង​ចក្រ​ប្រេង​កាត​របស់ក្រុម​ហ៊ុន​​សូគី​ម៉ិច​​​​នៅ​ក្បែរ​នោះ និង​ជា​ម្ចាស់​ដី​ខុស​​ច្បាប់​ខាង​លើ​នេះ​​បាន​បញ្ជាក់​ប្រាប់​ថា ការ​​ចាក់​ដី​ខុស​ច្បាប់របស់គាត់នេះ មិន​មែនគាត់ចេះតែហ៊ានចាក់នោះទេ ដោយគាត់សំអាង​ថា​​មាន​ក្មួយ​សម្តេច​ម្នាក់ នៅ​រង់​ចាំ​ដោះ​ស្រាយ​​រាល់​បាតុ​ភាព​​ដែល​កើត​មាន​ឡើង។

តែទោះបីជាសួរដេញដោលថា​ក្មួយសម្តេចរូបណា លោក សុង មិនព្រមបញ្ចេញអត្តសញ្ញាណ​នោះទេ​ដោយ​លោកប្រាប់ថា​មិនហ៊ាននិយាយទេ។ ចំពោះ​បញ្ហា​នេះ​គេមិនដឹងថា លោក សុង រូប​នេះ​​គ្រាន់​តែ​និយាយ​គម្រាម​​អ្នកសារព័ត៌មាន​ដើម្បីបិទបាំងអំពើខុសច្បាប់របស់ខ្លួន ឬយ៉ាងណានោះទេ? ហើយ​គេ​​ក៏​មិន​​ជឿ​ថា​​មាន​ក្មួយ​សម្តេច​មកគាំទ្រសកម្មភាពខុសច្បាប់នេះឡើយ។

ពាក់ព័ន្ធទៅនឹងការរំលោភយកឆ្នេរសមុទ្រ និងព្រៃលិចទឹក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ដោយ​ខុស​ច្បាប់​ នា​ឱកាសពិធី​តែង តាំង លោក គុយ ហាក់ ជា​អនុប្រធាន​ជលផលឈូងសមុទ្រ កាលពីខែមុន លោក ណៅ ធួក អគ្គ​នាយ​ករដ្ឋបាល​ជលផលបានមានប្រសាសន៍ថា លោករដ្ឋមន្រ្តីដែលទើបតែងតាំងថ្មី គាត់បាន​ដឹងពីរឿងល្មើសច្បាប់អស់ទាំងហ្នឹង​រួចហើយ ហើយលោករដ្ឋមន្រ្តី​ក៏​កំពុង​រៀប​ចំ​ស្នើរ​មក​គ្រប់​អភិបាល​ខេត្ត​ក្រុង ដើម្បីធ្វើ​ការដក​ហូតយក​ឆ្នេរសមុទ្រ និង​ព្រៃ​លិច​ទឹក​ទាំង​នោះ​មក​វិញ​ ហើយ​នឹង​រៀប​ចំ​ប្តឹង​ទៅ​តុលា​កា​រ​ចំពោះ​ជន​ល្មើស​ទាំងនោះ​ទៀត​ផង។ ប៉ុន្តែ​ក្រោយ​ពី​ការ​ប្រកាស​ឲ្យ​ដឹង​ពី​បញ្ហា​នេះ​រួច​មក គេ​សង្កេត​ឃើញ​សកម្មភាព​រំលោភ​យក​ឆ្នេរ​សមុទ្រ​ និង​ព្រៃ​លិច​ទឹក​​នៅ​តែ​មាន​ជា​ដដែល ដូច​ជា​បញ្ហា​នេះ​ជា​ដើម​​ហើយជាពិសេសក្នុងស្រុកស្ទឹងហាវ និង​ស្រុកព្រៃនប់។

ប្រជាពលរដ្ឋទាំងនោះបាននិយាយប្រាប់ថា នៅពេលដែលនិយាយពីការរំលោភយកឆ្នេរសមុទ្រ និង​ព្រៃ​លិច​ទឹក អាជ្ញាធរមូលដ្ឋាន​ក៏ដូចជាជំនាញ​ជល​ផល​​តែងតែឆ្លើយដោះសារថា​មិនដឹង​ខណៈ​ពេល​​ដែល​សកម្មភាពចាក់ដីរំលោភ​យកឆ្នេរទាំងនោះ​ធ្វើ​ឡើង​ដោយ​ចាក់​ដី​ហុយ​ទ្រលោម​ស្ទើរ​ងងឹត​មេឃ តែ​បែរ​ជា​ថា​​មើល​មិន​ឃើញ​​ហើយ​ចំពោះ​​គ្រឿង​ញៀន​វិញ តែ ២ ទៅ ៣ គ្រាប់​តូចៗ​សោះ​​ហេតុអ្វី​សមត្ថ​កិច្ចឆែក​ឆេរ​រក​ឃើញ? ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ក៏​បាន​ធ្វើការ​ចោទប្រកាន់ទៅអាជ្ញាធរ និង​ជំនាញ​ថា​​បើមិនបើកដៃឲ្យ​ក៏គ្មាននរណាហ៊ានបំពាននោះដែរ ? ប្រជាពល​រដ្ឋសូមសំណូមពរ​ឲ្យ​រាជ​រដ្ឋា​​ភិបាល​បង្កើត​គណៈ​កម្មការឯករាជ្យមួយ​ដើម្បីចុះមកត្រួតពិនិត្យឆ្នេរសមុទ្រខ្មែរឡើង​វិញ ដោយ​មិន​ត្រូវ​ជឿ​តាម​របាយ​ការណ៍​របស់មន្រ្តីថ្នាក់ក្រោម​ដែល​រាយ​ការណ៍​ថា​ល្អរហូតនោះទេ។ ជាពិសេស​អង្គភាពប្រឆាំងអំពើរពុករលួយ​ក៏គួរចុះមកធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ​ដើម្បី​ស្វែង​រក​ជន​ល្មើស​យក​ទៅ​ផ្តន្ទា ទោសទៅតាមច្បាប់ផងដែរ៕ ផ្តល់​សិទ្ធិ​ដោយ​ ដើមអម្ពិល

S-025
S-026
S-027
S-028
S-029
S-030
S-031
S-032
S-033
S-034

ខឹង​មិនបាន​ទៅលេង​បាងកក​លេបថ្នាំសម្លាប់​ខ្លួន​

ខេត្តបន្ទាយមានជ័យ ៖ កាល​ពី​​វេ​លា​​ម៉ោង ៤ ​​ទៀប​ភ្លឺ​​ ថ្ងៃ​ទី​​ ១០ ខែ​​កុ​ម្ភះ ឆ្នាំ​​២០​១៤ នៅ​​ភូមិ ​ខ្លា​កូន​ចាស់ សង្កាត់​ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ​ដោយ​សារ​​តែស្រ្តី​ម្នាក់​​ខឹងនឹង​​​បង​ប្អូនមិន​​ប​បួល​​ទៅ​លេង​​ក្រុង​​បាង​កក ប្រ​ទេស​​ថៃ​ ​បាន​គិត​​ខ្លី​​ស​ម្រេច​ចិត្ត លេប​ថ្នាំ​​ប​ញ្ចប់​ជីវិ​តខ្លួន​ឯង​ ស្លាប់​ចោល​​ប្តី​​ និង​កូន​តូច​ៗ​ឲ្យ​​នៅ​​កំ​ព្រា​​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថាស្ត្រី​ដែល​គិត​ខ្លី​លេបថ្នាំ សម្លាប់ខ្លួន​មានឈ្មោះ វែង លី​សៀន អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ មាន​ប្តី​ឈ្មោះ សួរ ប៊ុន​លេង អាយុ ២៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី មានកូន ២ ​នាក់ ស្រី​ម្នាក់​។ បុរស​ជា​ប្តី​បានឲ្យ​ដឹងថា កាលពី ២ ​ទៅ ​៣ ថ្ងៃមុន បងប្អូន​ខាង​ប្រពន្ធបានមក​​បបួល​ទៅលេង​បាងកក ប្រទេស​ថៃ តែ​នៅពេលដែល​បងប្អូន​ទៅមិនបាន​ប្រាប់ នាំ​ឲ្យ​ស្ត្រី​រងគ្រោះ​ខឹងមិន​និយាយស្តី ។

មុនពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ទៅ បើកបរ​រថយន្ត​ដឹក​ដី លុះ​មកដល់​ផ្ទះ​វិញ នៅ​ម៉ោង ៩​យប់​ថ្ងៃទី​០៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ បានឃើញ​ប្រពន្ធ​ប្រកាច់ បែកពពុះមាត់ ក៏​សួរ​ទៅ​ប្រពន្ធ ហើយ​ស្ត្រី​រងគ្រោះ បាន​ប្រាប់​ទាំង​ខ្សាវៗ​ថាគាត់​បាន​លេបថ្នាំ​។ បុរស​ជា​ប្តី​បាន​នាំ​ប្រពន្ធ ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ហើយ​គ្រូពេទ្យ​បាន​លាង​ក្រពះតាម​ជំនាញ ប៉ុន្តែ​ដោយ​សារ​តែ​​ថ្នាំ​បាន​ជ្រាបពេញ​ខ្លួន ទើប​បណ្តាល​ឲ្យ​ស្រ្តី​រង​គ្រោះ​ដេក​ស្តូកស្តឹង រហូតដល់​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ស្រ្តី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​អាយុជីវិត ចោល​ប្តី​និង​កូនៗ​ឲ្យ​នៅ​កំព្រា​៕ ផ្តល់​សិទ្ធិ​ដោយ​ វត្ត​ភ្នំ

commit-suicide

ស្រី​​ស្រស់​​វ័យ​ក្មេង​​មាន​​សតិ​​មិន​ល្អ អត់​​ស្លៀក​ខោ​អាវបង្ក​ការ​រំខាន​ដល់​ដំណើរ​

រាជធានី​ភ្នំពេញ ៖ ​ស្រី​​ស្រស់​​វ័យ​ក្មេង​​មុខ​មាត់​​ស្អាត​បាត តែ​មាន​​ស​តិ​​មិន​​ប្រ​ក្រ​តី ពាក់​​តែ​​អាវ​​អត់​​ស្លៀក​ខោ បាន​ឈរ​​តាម​ផ្លូវ​​បញ្ជា​​យាន​យន្ត និង​​បាន​​យក​​ដំ​បង ចាំ​​វាយ​កញ្ចក់​​រថ​យន្ត បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កា​ល​ពី​​វេ​លា​​ម៉ោង ៩​​ ព្រឹក ​​ថ្ងៃ​ទី​​៩​ ខែកុម្ភៈ ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ខាង​លិច​​ព្រលាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ​។​

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថារយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​មកហើយដែល​នារី​រូប​ស្រស់​ម្នាក់ ឈរ​ធ្វើ​ចរាចរណ៍ នៅតាម​ផ្លូវ​លេខ​២០០៤ ផ្លូវ​លេខ​២០០២ និង​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺក្បាល​ដេញ​តាម​ចាប់​ជា​រៀងរាល់ថ្ងៃ ដោយសារតែ​នាង កាន់​ដំបង​​ចាំ​វាយ​បំបែកកញ្ចក់​រថយន្ត ដែល​​ធ្វើ​ដំណើរ​តាមផ្លូវ ហើយ​ជួនកាល​ឈរចាំ​ទាញ​កន្ទុយ​ម៉ូតូ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរមាន​ការ​ភ័យខ្លាច​​គ្រប់គ្នា​។​

រហូតដល់​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ នាង​បាន​ពាក់អាវ​វែង​ត្រឹម​ភ្លៅឈរ​ចាំ​ទាញ​ម៉ូតូ ឃើញបែបនេះ​សមត្ថ​កិច្ច​បាន​​ឡោម​​ព័ទ្ធ​ចាប់​ចងដៃ​ចងជើង ទើប​ដឹងថានាង​អត់​មាន​ស្លៀកខោ​ទេ គឺ​ពាក់​តែ​អាវ​។ ឃើញ​បែប​នេះអ្នកជិតខាង​បាន​យក​ខោមក​ស្លៀក​ឲ្យ​រួចរាល់​ហើយ ទើប​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​ដាក់​​នៅ សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​ការឃាត់ខ្លួនមិនឃើញសាច់ញាតិទៅ​ទទួលយក​នាង​នោះទេ ផ្តល់​សិទ្ធិ​ដោយ​ វត្ត​ភ្នំ

girl-without-clothes

ស្រវឹង​ប្រើ​ហិង្សា​ដុត​ផ្ទះ​ខ្លួន​ឯង​ផ្អើល​ឣស់​ឣ្នក​ភូមិ

កំពត ៖ បុរសម្នាក់​ស្រវឹងទឹកត្នោតជូរជោកខ្លួន​ប្រើហិង្សាក្នុងគ្រួសារ បាន​ឈាន​ទៅ​ដល់​ការ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ្ឋ​ក្លាយ​ទៅ​​ជា​ផេះ​​ខូច​ខាត និង​​បាត់​​បង់​​ទ្រព្យ​សម្បត្តិ​​ជា​​ច្រើន​​ធ្វើ​ឲ្យ​​ប្រជា​ពល​រដ្ឋ​ជិត​​​ខាង​មាន​ការ​ឆោ​ឡោ​​។

ហេតុការណ៍ដុតបំផ្លាញផ្ទះខ្លួនឯងនេះ​បាន​កើតឡើង កាល​ពីវេលាម៉ោង ១៨ និង៣០នាទីយប់ ថ្ងៃ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិ តាឣង្គ សង្កាត់ ត្រើយកោះ ខេត្តកំពត ។

នគរបាលមូលដ្ឋាន​បានឲ្យ​ដឹងថា​ជន​សង្ស័យ​ដែល​ប្រព្រឹត្តអំពើ​ដុតផ្ទះខ្លួនឯង​នោះ​មានឈ្មោះ កែវ រ័ត្ន ភេទ​ប្រុស ឣាយុ ២៩ ឆ្នាំ មុខរបរ ជា​កម្មករ​ទូក​នេសាទ​មាន​ប្រពន្ធ ឈ្មោះ ណុប សុខរីណា ឣាយុ ២៥ឆ្នាំ  មុខរបរ​បម្រើ​ភោជ​នីយ​ដ្ឋាន “ណាយ ស្តា” មាន​កូន​ចំនួន ២នាក់ រស់​ក្នុងបន្ទុក​។ បច្ចុប្បន្ន​រស់​នៅ​ភូមិ​កើតហេតុខាងលើ​។

នគរ​បាល​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​មូលហេតុដែលឈាន ទៅធ្វើការដុតបំផ្លាញផ្ទះខ្លួនឯង​របស់​ជន​សង្ស័យ​​ខាងលើ គឺ​កើត​ចេញ​ពី​ការ​មាន​ជម្លោះ​ពាក្យសំដី រវាង​ជន​សង្ស័យដែរ​ជា​ប្តី និង​ប្រពន្ធ​​ឣំពី​រឿង​ប្រច័ណ្ទ​​ដោយ​​មុនពេល​កើត​ហេតុ​​ប្តី​រូប​នេះ​បាន​ទៅ​ទិញ​ទឹក​ត្នោត​ជូរ​ជា​​ច្រើន​យក​មក​ផឹក​ស្រវឹង​នៅ​ខាង​ក្រោម​ផ្ទះ​ហើយ​​ប្រើ​សម្តី​​ហាម​ប្រពន្ធ​​មិន​ឲ្យ​ទៅ​ធ្វើ​ការ​ជា​ស្រី​បម្រើ​ “ខារ៉ាឣូខេ” នៅ​ឯ​ហាង​ខាង​លើ​ ​ចាប់​ពី​ពេល​នេះ​ទៅ​​ប៉ុន្តែ​​ត្រូវ​ប្រពន្ធ​ប្រកែក​បន្ទាប់​​មក​​ក៏​​កើត​ជា​រឿង​​ជម្លោះ​ទាស់​ទែងពាក្យ​សម្តី​គ្នា​ទើប​ធ្វើ​ឲ្យ​បុរស​ជា​ប្តីរូបនេះក៏ទាញយកបានកាំបិតដេញ​កាប់ប្រពន្ធ ផ្ឣើល​ឣស់​ឣ្នក​ដែល​រស់​នៅ​ជិត​ខាង​នោះ ​​ប៉ុន្តែ​​ត្រូវ​បាន​​ឣ្នក​​ជិត​​ខាង​ជួយសម្រួល និងឣន្តរាគមន៍​ទាន់ពេល​វេលាផងដែរ​។ ខណៈប្តីវិលចូលផ្ទះ​វិញនោះ​ប្រពន្ធមិនទាន់មកដល់ផ្ទះវិញទេ​ដោយនៅខ្លាចប្តី នៅ​​ឡើយ​​​គឺ​​សម្ងំលាក់​ខ្លួន​នៅ​​ផ្ទះ​ឣ្នកជិតខាង  ឆ្លៀតឱកាសពេលនោះ​ជនសង្ស័យជាប្តី​ក៏ទាញបាន​ដប​​ប្រេង​ម៉ាស៊ូត​ចំណុះ​កន្លះ​លីត្រ​​យក​ទៅ​ធ្វើ​ការ​ចាក់​ដុត​ផ្ទះ​​ឆេះ​ក្លាយ​ជា​ផេះ​គ្រាន់​តែ​រយៈ​ពេល​ប៉ុន្មាន​ជិត​​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ដោយ​​គ្មាន​នរណា​ម្នាក់​មក​ជួយ​ពន្លត់​បាន​ឡើយ​សូម្បី​​តែ​​រថយន្ត​​ពន្លត់​​ឣគ្គិភ័យ​​របស់ នគរ​បាល​​ក៏​មក​ជួយ​ឣន្តរាគមន៍​ពន្លត់​មិន​ទាន់​ដែ​រ​ពី​​ព្រោះ​ផ្ទះ​ដែល​ឆេះ​នេះ​​ជា​ប្រភេទ​​ផ្ទះ​ឈើ​​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំងបាំងស្លឹកចាក មាន​ទំហំតែ ៤×៥ ម៉ែត្រប៉ុណ្ណោះ ។

នគរបាលបន្តឲ្យដឹងទៀតថា ក្រោយហេតុការណ៍ឆេះម៉ដ្ឋភ្លាម គឺ​ជន​សង្ស័យ​មិន​បាន​ចេញ​ទៅ​ណា​ឆ្ងាយ​ទេហើយ​ត្រូវ​ប្រជា​ពល​រដ្ឋ​រាយ​ការណ៍​​ទៅ​សមត្ថ​កិច្ច​​នគរ​​បាល​​ បន្ទាប់​មកនគរបាល​​បាន​ឈានចុះទៅដល់កន្លែង​កើតហេតុដើម្បី​ធ្វើការចាប់ខ្លួនជនសង្ស័យបានភ្លាមតែម្តង​។ ក្រោយ​ពី​ធ្វើ​ការ​ចាប់​ខ្លួន​មក​ ក៏​បញ្ជូន​ខ្លួន​ជន​​បង្ក​​ហេតុ​​ទៅ​ឃុំ​​បណ្តោះ​​ឣាសន្ន​នៅ​ឯ​ឣធិការ​ដ្ឋាន​នគរ​បាល​ក្រុង​កំពត ហើយ​រសៀល​ថ្ងៃ​ឣាទិត្រ​ម្សិល​​មិញ​​នេះ​ក៏​​បាន​​បញ្ជូន​បន្ត​ទៅ​​ស្នង​ការ​ដ្ឋាន​ខេត្ត​ដើម្បី​ចាត់​​ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​។

បើតាមរបាយការណ៍របស់នគរបាលបាន​ឲ្យ​ដឹង​ថា អគ្គីភ័យ​នេះ​បណ្តាល​ឲ្យ​ខូចខាត ម៉ូតូម៉ាក​ឌ្រីមសង់ ១២៥ ស៊េរី ២០១៣ ផលិតនៅប្រទេសចិន ចំនួន ១គ្រឿង, កង់ធាក់ ២គ្រឿង និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេងៗ​ក្នុង​ផ្ទះ​ឆេះ​ឣស់​រលីង​​លើក​លែង​តែ​ខោ​ឣាវ​ជាប់​នឹងខ្លួន​។

គួរបញ្ជាក់ផងដែរថា​ផ្ទះដែលឆេះ និងសម្ភារៈដែលខូចខាតនោះ គឺ​ជា​របស់​ម្តាយ​ក្មេក​ជន​សង្ស័យ​ទេ គឺជន​សង្ស័យ​​បានមក​​រស់​​នៅ​​ជា​​មួយ​​ម្តាយ​​ក្មេក​​ទាំង​ឣស់​​គ្នា​៕ ដើម​អម្ពិល

T-0131
T-0132

បុរស​ម្នាក់​បើក​រថយន្ត​បុក​ក្បាល​របាំង​​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូច​ខាត

ភ្នំពេញ ៖ របាំងថ្ម​ចែកទ្រូងផ្លូវមួយកន្លែង​ស្ថិតនៅចំណុច​មុខមជ្ឈមណ្ឌលរ៉ក់​តាមបណ្តោយ ផ្លូវ​ព្រះ​មុន្នីវង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កូរ៉ូឡា បើក​បរ​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាពស្រវឹង​បានរេចង្កូត​បុកពេញទំហឹង បណ្តាលឲ្យរថយន្ត​រង​ការ​ខូច​ខាត​យ៉ាងដំណំ​។ ហេតុ​​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ខាង​លើ​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង ២៣ និង២០នាទីយប់ ថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ២០១៤​។

យោងតាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​បានឲ្យដឹងថា​នៅមុនពេលកើតហេតុ​គេឃើញ​​មាន​​បុរស​​ម្នាក់បើក​រថយន្ត​មួយគ្រឿង​ម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់​​ស្លាក​លេខ​ភ្នំពេញ​ 2L-9927 បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោក​ជាំ​តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុង​ទិសដៅពីជើងទៅត្បូង​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​រថយន្ត​ក៏​ស្រាប់​តែ​រេចង្កូត​ទៅបុកក្បាលរបាំង​​ចែកទ្រូងផ្លូវពេញទំហឹង​បណ្តាល​ឲ្យរថយន្តរងការខូចខាត​យ៉ាង​ដំណំ និង​បណ្តាល​​ឲ្យ​​ក្បាលរបាំង​​ចែក​​ទ្រូង​ផ្លូវ​រង​​ការ​ខូច​ខាត​ អស់​​ចំនួន​​មួយ​​កង់​។ ហើយក្រោយពីរថយន្តបានបុក​ក្បាលនាគហើយ​ម្ចាស់​រថយន្ត​បាន​ចេញ​ពី​រថយន្ត​ហើយ​គេច​ខ្លួន​បាត់ស្រមោលឈឹង​ទុកតែ​រថយន្ត​នៅកន្លែងកើត​ហេតុតែ​ប៉ុណ្ណោះ​។

ក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយ​សមត្ថកិច្ចជំនាញចុះធ្វើការអន្តរាគមន៍ ស្ទូចយករថយន្ត​បង្ក​ហេតុ​ខាងលើ​ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍​ជើង​គោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ​៕ ដើមអម្ពិល