Logo

Friends Added

ខ្មៅ រ៉ុង

ហាណូយ នាំចូលផលិតផល ច្រើនជាងភ្នំពេញ

មាន

ក្រុមហ៊ុន​ជាង១០០ ​បាន​ចូលរួម​គ្នា​នាំ​យក​ផលិតផល​ចម្រុះ​វៀតណាម មក​ដាក់ពិព័រ​លក់​មាន​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១១​នៅ​ឯ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

បើតាមរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ៅ ថូរ៉ា បញ្ជាក់ថា វៀតណាម​ បាន​នាំ​ចេញ​មក​កម្ពុជា មាន​ទឹក​ប្រាក់​សរុប​រហូត​ដល់​ទៅ ១៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក រីឯ​កម្ពុជា​វិញ​នាំ​ចូលទៅ​ប្រទេស​វៀតណាមវិញ បាន​ត្រឹម​តែ ២៧៧​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ក្នុងរយៈ​ពេល ៥​ខែដំបូង ដើម​ឆ្នាំ​២០១១នេះ តួលេខ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​កម្ពុជាវៀតណាម មាន​ទឹកប្រាក់​សរុប​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ដែលក្នុង​នោះ​វៀតណាម បាន​ធ្វើ​ការ​នាំ​ចូល​មក​កម្ពុជា ចំនេញទឹកប្រាក់​ច្រើន​ជាង៤ដង ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាមឯណោះ៕

ស្លាប់ កើនឡើងដល់២៥នាក់ នៅហ្វីលីពីន

ចំនួនមនុស្សស្លាប់ បានកើនឡើងដល់២៥នាក់ហើយ និង១៥នាក់ផ្សេងទៀត បានកំពុងបាត់ខ្លួន ដោយសារ​ទឹកភ្លៀងដែលបង្កឡើងជាទឹកជំនន់ នៅប្រទេស ហ្វីលីពីន នេះបើតាមព័ត៌មាន​ ពីហ្វីលីពីន ឲ្យដឹងនៅថ្ងៃទី៣០ មិថុនា ២០១១នេះ។

បើតាមរបាយការណ៍របស់ ក្រុមប្រឹក្សាគ្រប់គ្រង គ្រោះមហន្តរាយ ហ្វីលីពីន បន្តថា ទឹកជំនន់មានដែលកំពុងជន់លិចនោះ មានកំពស់ ប្រមាណ៣ម៉ែត្រ ហើយមាន​ក្រុមគ្រួសារពលរដ្ឋប្រមាណ ១៥០០០គ្រួសារ ត្រូវបានកងកម្លាំងយោធា​ ហ្វីលីពីន​ជន្លៀសចេញពីតំបន់ គ្រោះមហន្តរាយ នៅប៉ែកខាងត្បូង ប្រទេសហ្វីលីពីន។

កាលពីសប្តាហ៍មុននេះខ្យល់ព្យុះត្រូពិច មឺរី បង្កជាទឹកជំនន់ម ហើយបានបណ្តាលឲ្យ​ពលរដ្ឋ​ហី្វលីពីនប្រមាណ៩០០០០នាក់់ ត្រូវបង្ខំ ចិត្តជន្លៀសខ្លួនពីផ្ទះសំបែង នៅរាជធានី​​ម៉ានីល​ និងខេត្ត នៅជិតជាប់នឹងរាជធានីនេះផងដែរ៕

រញ្ជួយដី នៅជប៉ុន រងរបួស៧នាក់

នៅថ្ងៃព្រហស្បតិ៍ទី៣០ មិថុនានេះ មានគ្រោះ​ធម្មជាតិរញ្ជួយដីមួយ​កម្រិត៥.៤រិចទ័រ មានផ្ទុះឡើង នៅខេត្តណាហ្គានុ ចម្ងាយប្រមាណ១២០គីឡូម៉ែត្រ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយ​បានបណ្តាល​ឲ្យមនុស្សយ៉ាងតិចណាស់៧នាក់ បានរងរបួស តែការខូចខាតផ្សេងទៀត មិនទាន់​ដឹងនៅឡើយទេ។

បើតាមអាជ្ញាធរជប៉ុនបន្តថា មនុស្សដែលរងរបួសទាំង៧នាក់នោះ ត្រូវបានដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ ប្រទេសជប៉ុនជាប្រទេសមួយ​មានការរញ្ជួយដីកម្រិត៦០ឬ​ខ្ពស់ជាងរហូតដល់២០ភាគរយ បើធៀបនឹងប្រទេសដែលមានការរញ្ជួយដី នៅលើ​ពិភពលោក។

កាលពីថ្ងៃទី១១​ មីនា ២០១១កន្លងទៅនេះ រញ្ជួយដី៩.០រិចទ័រ និងរលកយក្សស៊ិណាមិ នៅជប៉ុន បានបណ្តាលឲ្យមនុស្សស្លាប់​និងបាត់ខ្លួនរហូតដល់២៣០០០នាក់ ព្រមទាំង​រង​​នូវវិនាសកម្មនុយក្លេអ៊ែរ​យ៉ាងសាហាវផងដែរ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ៕

ហ្វីលីពីន និងអាមេរិក បើកសមយុទ្ធ ខណៈដែលតានតឹងជាមួយចិន

សមយុទ្ធរយៈយោធាពេល១១ថ្ងៃរវាងហ្វីលីពីន និងអាមេរិក បានផ្តើមធ្វើហើយ នៅសមុទ្រសូលូដែលនៅជិតតំបន់​​ដែនកោះ​​ដែលមានភាពចម្រូងចម្រាសជាមួយចិនក្នុងសមុទ្រចិន​​ភាគខាងត្បូង ខណៈដែលប្រទេសហ្វីលីពីន មានភាពតានតឹងមើលមុខមិនចំ ជាមហាយក្សអាស៊ីចិន នេះបើតាមព័ត៌មាន​អន្តរជាតិ ពីហ្វីលីពីន​ឲ្យដឹង នៅថ្ងៃទី៣០ មិថុនា ២០១១នេះ។ ​

សមយុទ្ធរយៈពេល១១ថ្ងៃនេះ មានការចូលរួមពីនាវាពិឃាតអាមេរិក ផ្ទុកដោយគ្រាប់មីស៊ីល ព្រមទាំងមានទាហាន​អាមេរិកប្រមាណ​៨០០នាក់ ហើយសមយុទ្ធនេះ ត្រូវប្រទេសទាំងពីរ ឲ្យឈ្មោះថា កិច្ចសហការចាក់ទឹកមិនលិច និងការហ្វឹក​ហ្វឺន ​​ឯឬហៅកាត់ថាការ៉ាត៕

ខៀវ សំផន ​ស្នើ​បន្ថែម​សាក្សី ការពារ​រូបលោក

សវនាការ​បឋម​លើ​សំណុំរឿង​០០២ រយៈពេល ៤ ថ្ងៃ បានបិ​ទបញ្ចប់ជាស្ថាពរ​ហើយ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ។ មុន​ពេល​បិទ​បញ្ចប់​សវនាការលើអតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម លោក ខៀវ សំផន បាន​ប្រកាស​ជា​លើក​ដំបូង​ថា លោក​នឹង​ចូលរួម សហការ​ជាមួយ​តុលាការ​ឲ្យអស់​ពី​ចិត្ត​ពី​ថ្លើម ដើម្បី​ស្វែងរក​ការពិត ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​​ហើយ លោក ខៀវ សំផន ក៏​បាន​ស្នើ​បន្ថែម​សាក្សី ការពារ​រូបលោក​ផង​ដែរ។

បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ៤ ថ្ងៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សវនាការ​បឋម​លើ​សំណុំរឿង​០០២ ដែល​មាន​ជន​ជាប់​ចោទ នួន​ជា -ខៀវ​សំផន -អៀង​សារី និង​អៀង​ធីរិទ្ធ បានចូលថ្ងៃ​ចុងក្រោយ​ តែ​បើក​ធ្វើ​ជា​អសាធារណៈ​មួយ​រយៈ។ លើសនេះទៀត អង្គ​សវនាការចុងក្រោយ ផ្តោតសំខាន់​​លើ​ឈ្មោះ​សាក្សី អ្នក​ជំនាញ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល​ត្រូវ​ទុក​ជា​អាថ៌កំបាំង ​នូវ​អត្តសញ្ញាណ​អ្នក​ទាំងនោះ។

ក្រោយ​ពី​ បិទ​បញ្ចប់​សវនាការភ្លាម ភាគី​សហ​ព្រះរាជអាជ្ញា និង​ភាគី​សហ​មេធាវី​ ការពារ​ជន​ត្រូវ​ចោទ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដោយ​ចាត់ទុកថា ​ដំណើរការ​សវនាការ​បឋម រយៈពេល ៤ ថ្ងៃ​នេះ ប្រកបដោយ ភាពជោគជ័យ និង​គ្មាន​ការ​រាំង​ស្ទះ​អ្វី​ឡើយ។

ខៀវ សំផន សុំឲ្យដាក់បញ្ចូល សាក្សីដោះបន្ទុក​ ក្នុងថ្ងៃទីបួន

សវនាការបឋម សំណុំរឿង០០២ បានឈានចូលថ្ងៃទីបួន ដែលបានចាប់ផ្តើម នៅវេលាម៉ោង ៩ និង៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែ មិថុនា ឆ្នាំ២០១១។​សវនាការថ្ងៃទីបួននេះ នឹងធ្វើការពិភាក្សានិងដេញ​ដោលព្រមទាំងលើកឡើង នូវទឡ្ហីករណ៍ផ្ទាល់មាត់ នឹងការជំទាស់នានា ទាក់ទិននឹងបញ្ជីឈ្មោះ​សាក្សីដែល​បានស្នើឡើង។

លោក​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​​ចំពោះ​បញ្ជី​ឈ្មោះ​បណ្តោះអាសន្ន​នៃ​សាក្សី ​សម្រាប់​សវនាការ​សំណុំរឿង​០០២​។ លោក​កត់​សម្គាល់ថា សាក្សី​ភាគច្រើន​លើសលប់​គឺជា​សាក្សី​របស់​សហ​ព្រះរាជអាជ្ញា​សម្រាប់តែ​ដាក់​បន្ទុក​លើ​រូប​លោក​តែប៉ុណ្ណោះ ប៉ុន្តែគ្មាន​សាក្សី​សម្រាប់​ដោះ​បន្ទុក​ទេ ដូច្នេះ លោក​នឹង​ដាក់​បញ្ជី​ឈ្មោះ​សាក្សី​របស់​លោក​ឲ្យទៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ​ នេះ​។

ហើយសវនាការបឋមសំណុំរឿង០០២ នៅថ្ងៃទីពីរ ​អង្គជំនុំ​ជម្រះ​បានជជែក​អំពី​បំណង​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ដែលចង់​ ទាមទារ​សំណង​រួម​ពីក្រុម​ជន​ជាប់ចោទ។​ ថ្ងៃរំលឹក​ការចងចាំ​ ស្តូប​ដើម្បី​រំលឹក​ដល់​វិញ្ញាណខណ្ឌ​អ្នកស្លាប់​ សារមន្ទីរ​ ឬ​បណ្ណសារ​ ទាំងនេះ​គឺជា​ការទាមទារ​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី។ក្រៅពី ​ប្រធានបទ​នេះ ​តាំងពី​ព្រឹកមក​ រហូតដល់បពា្ចប់ សវនាការ​បានផ្តោត​ទៅ​អាជ្ញាយុកាល​នៃ​បទល្មើស​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ឆ្នាំ១៩៥៦​ ដែល​ត្រូវបាន​ប្រើ​ចំពោះ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ទាំង​៤។

លោកស្រី ឡាហ្គាដ ទទូចឲ្យក្រិករួបរួម

មិនទាន់បានមួយថ្ងៃផង បន្ទាប់ពីជាប់ឈ្មោះជាអគ្គនាយក​មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF លោកស្រី គ្រីស្ទីន ឡាហ្គាដ បានទទូចទៅកាន់បក្ស​ប្រឆាំង​​ក្រិកឲ្យធ្វើការ​រួបរួមជាមួយ បក្សកាន់អំណាច ក្នុងការគាំទ្រកម្មវិធីត្បិតត្បៀត​ថវិកា ដើម្បីដោះស្រាយវិបត្ត​បំណុលសាធារណៈវណ្ឌ័កររបស់ខ្លួន នេះបើតាមសារព័ត៌​មានអន្តរជាតិ ឲ្យដឹងនៅថ្ងៃទី២៩ មិថុនា​ ឆ្នាំ២០១១។

លោកស្រីឡាហ្គាដ នឹងត្រូវចូលធ្វើការក្នុងតំណែងជាអគ្គនាយក IMF នៅថ្ងៃទី០៥ កក្តដា ២០១១ខាងមុខនេះ បន្ទាប់ពីលោកអតីត អគ្គនាយក​ IMF លោកស្រ្តូកាន់ ត្រូវបានប៉ូលិស​ចាប់ខ្លួន ពីបទចោទប្រកាន់រឿង​ផ្លូវភេទ​ជាមួយស្រ្តីបម្រើសណ្ឋាគារម្នាក់ នៅទីកុ្រងញូវយ៉ក។

ដើម្បីស្រោចស្រង់ប្រទេសក្រិច មូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់ថវិកាកម្ចីប្រមាណ៣០ពាន់​លានយូរ៉ូហើយ ប៉ុន្តែប្រទេសក្រិក នៅតែមិនអាចងើបចេញពីបំណុលសាធារណៈ និងវិបត្តិហិរញ្ញវត្ថុ ហើយធ្វើប្រទេសមួយនេះ កាន់តែធ្លាក់ចុះដុនដាម អាចឈានទៅរកការក្ស័យធុន៕