Logo

Friends Added

សាន សែល

ពិធីដង្ហែព្រះបរមសព, មហាជនសោកសង្រេង

ភ្នំពេញ៖ ប្រមាណ​ជា​ម៉ោង​​៤ទៀប​​ភ្លឺ​ទៅ​ហើយ​ តាម​ធម្មតា​​ ប្រជាជន​ភាគ​ច្រើន​កំពុង​ស្កប់​ស្កល់​នឹង​ដំណេក​របស់​ខ្លួន​។ តែ​សម្រាប់​ពេល​នេះ​ ប្រជាជន​មក​ពី​គ្រប់​ទិស​ទី​ ខ្លះ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជា​ក្រុម​ ខ្លះ​បរ​ម៉ូតូ​មក​ ហើយ​ខ្លះ​ទៀត​នោះ​នាំ​គ្នា​ដើរ​មក​ជា​ខ្សែ​ ហាក់​ដូច​ជា​ដឹង​ពី​ទិស​ដៅ​របស់​ខ្លួនថា​ទៅណា​ជា​ស្រេច​ហើយ​។ ពួក​គេ​ទាំងនេះ​ កំពុង​ធ្វើ​ដំណើរ​យ៉ាង​រួស​រាន់​ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​សំខាន់​ៗ ក្នុង​សម្លៀក​បំពាក់​ស​ ខ្មៅ​ ហើយ​ខ្លះ​មានពា​ក់​បូរ​ពណ៌​ខ្មៅ​ផង​។ គេ​យល់​បាន​ភ្លាម​ថា ពួកគេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​កាន់​ទុក្ខ​ចំពោះ​បុគ្គល​ដែល​បាន​ស្លាប់​ទៅ​។

ក៏​ប៉ុន្តែ​សម្រាប់​ពេល​នេះ​ បុគ្គល​ដ៏​សំខាន់​មួយ​រូប​របស់​ជាតិ​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ​ វា​ពិត​ជា​ពុំ​អាច​ទទួល​យក​ភ្លាមៗ​ឡើយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​មាន​អនុស្សាវរីយ៍​ជាមួយ​នឹង​ទ្រង់​​។ ពេល​​ទ្រ​ង់​​សុគត​​ វា​​ហាក់​បីដូ​ច​ផ្លែ​រណារ​ មក​អារ​ចំ​ក្រ​អៅ​បេះដូង​របស់​ពួកគេ​រួច​ម្តង​ទៅ​​ហើយ​​ តែ​​ម្តង​​នេះវា​​ប្រៀប​​ដូច​​ជា​ ​ជន្លូញ​​មក​​ចាក់​​ឆ្កៀល​​ចំ​​កែវ​​ភ្នែក​​របស់​​ពួកគេ​​អ៊ី​​ចឹង​​។​​

ម៉ោង​ប្រមាណ​៦​ព្រលឹមស្រាងៗ ប្រជាជន​មួយ​ចំនួន​ធំ ​ប្រមាណ២​០​ម៉ឺន​នាក់​ បាន​មក​ដល់​គោល​ដៅ​រ​បស់​ខ្លួន​ ហើយ​បាន​ឈរ​តម្រៀប​គ្នា​តាម​សង​ខាង​ផ្លូវ​។ អ្នក​ខ្លះ​មក​ពី​ឆ្ងាយ​ បាន​វេច​បាយ​ទឹក​មក​តាម​ខ្លួន​ ព្រោះ​ត្រូវ​ក្រោក​ធ្វើ​ដំណើរ​ ពី​ព្រលឹម​។ នៅ​ម្តុំ​បរិវេណ​ខាង​លិច​រមណីដ្ឋាន​វត្ត​ភ្នំ​ ដូន​ចាស់​ពី បី​ក្រុម​កំពុង​អង្គុយ​ដុំ​កង់​ ពិសារ​អាហារ​ពេល​ព្រឹក​ ហើយ​ងាក​ទៅ​ខាង​មុខ​បន្តិច​ គេស​ង្កេត​ឃើញ​ថា​ មនុស្ស​ម្នា​ ខ្លះ​ឈរ​ ខ្លះ​អង្គុយ​ ដោយ​មាន​កាន់​ធូប​ផ្កា​នៅ​នឹង​ដៃ​ផង​ កំពុង​សមាធិ​។

នៅ​តាមដង​មហា​វិថី​ ព្រះ​នរោត្តម​ ក្រុម​សន្តិ​សុខ​ ក្រុម​មន្ត្រី​សន្តិ​សុខ​ឈរ​រាយ​គ្រប់​ទៅ​កន្លែង​ ពី​ត្រង់​ផ្លូវ​បំបែក​តូច​ៗ កំពុង​ត្រួត​ពិនិត្យ​សុវត្តិ​ភាព​តាម​ថ្នល់​ បន្តិច​ក្រោយ​ ក្រុម​សុនក​ហិត​​មីន​ បាន​ដើរ​ហិត​រក​ជាតិ​ផ្ទុះ​។

ក្រឡេក​មក​មើល​ មនុស្ស​មួយ​ក្រុម​នេះ​ ពួកគេ​កំពុង​មមាញឹក​យ៉ាង​សស្រាក់​សស្រាំ​ ចែក​ទឺក​ និង​អាហារ​ដល់​មហាជន​ដែល​បាន​ចូលរួ​ម​រង​ចាំ​ទ​​ទួល​ព្រះ​រា​ជ​ក្បួន​ដង្ហែ​ព្រះ​បរម​សព​។

ព្រះ​រាជ​បរម​សព​ ព្រះ​ករុណា​ ព្រះ​នរោត្ត​ម​ សី​ហនុ ព្រះ​បរម​រតន​កោដ្ឋ​ ត្រូវ​បាន​ដង្ហែ​ចេញ​ពី​ព្រះបរមរាជ​វាំង​ នៅ​ព្រឹក​ថ្ងៃ​ទី ១ មករា​នេះ ឆ្ពោះមក​វាល​ព្រះ​មេរុ​ ដើម្បី​ថ្វាយ​ព្រះ​អគ្គី​ តាម​បវេណី​ក្សត្រ​ បន្ទាប់​ពី ព្រះ​សព​ទ្រង់​ត្រូវ​បាន​តម្កល់​ក្នុង​ប្រាសាទ​ទេវា​វិនិច្ឆ័យ​ នៃ​ព្រះ​បរម​រាជ​វាំង​ជាង​១០០​ថ្ងៃ​ហើយ​នោះ។​

ក្បួន​ដង្ហែ​ព្រះបរម​សព​ បាន​ចេញ​ពី​មុខ​ព្រះអង្គ​ដង​កើ នៅ​មុខ​ព្រះ​បរមរាជ​វាំង​ សសៀរ​តាម​តិរៈ​វិថី​ ព្រះ​ស៊ី​សុវត្តិ​ បន្ត​ទៅ​វិថី​បក្សី​ចាំ​ក្រុង​ ​ហើយ​បត់​ទៅ​ទិស​ខាង​លិច​ដល់​មុខ​រមណីយដ្ឋាន​វត្ត​ភ្នំ​ និង​ដង្ហែ​មួយជុំ​រមណីយដ្ឋាន​ ហើយ​ដង្ហែ​ឆ្ពោះ​ទៅ​តាម​មហាវិថី​ព្រះនរោត្តម​ សម្តៅ​ទៅ​វិមាន​ឯករាជ្យ​ បន្ទាប់​បាន​បត់​ឆ្វេង​តាម​មហាវិថី​ព្រះ​សីហនុ​ រួច​តម្រង់​ទៅមហាវិថី​ព្រះសុធា​រស​ លុះ​ដល់​ត្រង់​នេះ​ ក្បួន​បាន​បន្ត​ដង្ហែ​កាត់​តាម​តុលា​ការ​កំពូល​ ទីធ្លា​មុខ​ព្រះ​បរម​រាជ​វាំង​ ចុង​ក្រោយ​ក្បួន​ក៏ដើ​រ​សម្តៅ​ទៅ​ទី​វាល​ព្រះមេរុ​។​

ក្បូនដង្ហែចែកចេញ​ ជា១១​ផែន​ ដោយ​មាន​ផែន​ព្រះ​រាជ​វង្សា​នុវង្ស​ ថ្នាក់​ដឹក​នាំ មន្ត្រី​រាជ​ការ​ នគ​របាល​ ក្រុម​ជនជាតិ​ភាគតិច​ វៀតណាម​ ចិន ឥស្លាម និង​កង​មហាជន​ ដោយ​សរុប​មាន​ចំនួន​ជាង​៥០០០នាក់​។

កាំ​ភ្លើង​ធំ​បាន​បាញ់​ឡើង​ ខ្ទ​រ​នឹង​ផ្ទៃ​ទឹក​ស្ទើរ​តែ​បែក​កណ្តាស់​ត្រចៀក​ នៅ​ពេល​ក្បួន​ដង្ហែ​បាន​ចាប់​ផ្តើម​។ ក្បួន​ដែលមាន​ប្រវែង​ប្រមាណ​២គីឡូម៉ែត​ ត្រូវ​ចំណាយ​ជាង​៣​ម៉ោង​ទំរាំ​ដល់​វាល​ព្រះមេរុ​។

ក្បួន​ព្រះសព​ដង្ហែ​ដល់​ណា ទឹកភ្នែក​រាស្ត្រ​ស្រក់​នៅ​កន្លែង​នោះ។ ស្រក់​ទឹក​ភ្នែក​ ព្រោះ​ប្រជាជន​យ​ល់​ថា ពួកគេ​អស់មាន​ឱកាស​នឹង​ឃើញ​ព្រះភ័ក្រ្ត​ព្រះ​បិតា​ទៀត​ហើយ​។

អ្នក​ស្រី​ សំ រ៉ាន់ អាយុ៦៧ឆ្នាំ ដែល​ធ្លាប់​ចូលរួម​ចលនា​ខ្មែរ​ឥស្សរៈ​នោះ ដោយ​បាន​ធ្វើ​ដំណើរ​មក​ពី​ច្បារ​អំពៅ​តាំង​ពី៤ទៀបភ្លឺ បាននិយាយ​អន្ថើត​អន្ថក​ ដោយ​ដៃជូន​ទឹកភ្នែក​បណ្តើរ​ ទាំងមុខស្រពប​ស្រពោន​ ថា៖ «នៅពេលឃើញ ព្រះសពហែ​ចេ​ញ​មក​ មាន​អារម្មណ៍​ថា​ក្នុង​ដួង​ចិត្​តអស់​មាន​អ្នក​ដែល​ខ្ញុំ​ស្រលាញ់​ទៀតទេ​ ខ្ញុំ​ស្រលាញ់​ទ្រង់​ជាង​ឳពុកម្តាយ​ខ្ញុំ​ទៅ​ទៀត​។ ខ្ញុំ​មក​នេះ​ដោយ​ស័្មគ្រ​ចិត្ត​នឹង​មក​ដោយ​គ្មាន​នរណា​បង្ខំ​ បើ​មិន​បាន​អី ក៏​ចុង​បញ្ចប់​នឹង​ឱ្យ​ឃើញ​ថា​ បាន​ថ្វាយប​ង្ខំព្រះសព​ចុងក្រោយ​»។ គាត់​បានរំឭក​ពី​គុណសម្បត្តិ​របស់​សម្តេច​ នរោត្តម​ សីហនុ​ ថា៖ «ព្រះអង្គ​តស៊ូ​ទាមទារ​ឯករាជ្យ​ជូន​ខ្មែរ​ ឱ្យ​ប្រទេស​កម្ពុជា​បាន​សុខសាន្ត​។ ពេលដឹងថា សម្តេចតា សុគត ខ្ញុំនេះ​ល្វឹង​ល្វើយ ​គ្មានអ្វី​នៅ​ក្នុង​ខ្លួន​សោះ​ ដូច​បាត់​ដៃ​ម្ខាង​ ឬ​ក៏​កែវ​ភ្នែក​ទាំង​គូ​»។

មិន​មែន​មាន​តែមនុស្ស​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ដឹក​នាំ​របស់​ព្រះអង្គ​នោះ​ទេ តែ​សម្រាប់​យុវជន​ជំនាន់​ថ្មី​ក្រោយ​នេះ ព្រះអង្គ​នៅ​តែជា​និមិត្ត​នៃ​ភាព​ជាអ្នក​ដឹកនាំ​ល្អ​សម្រាប់​គេ​ផង​ដែរ​។
យុវជន លី ធូ អាយុ១៨ឆ្នាំ និស្សិតផ្នែក​ធនាគារ​ បាន​រៀបរាប់​ទាំង​ទឹក​មុខ​ស្រងោត​​ស្រងាត់​ ថា៖​ «ខ្ញុំមានការ​សោកស្តាយ​យ៉ាងខ្លាំង​ ដែល​អ្នក​ដឹកនាំ​របស់​ជាតិដ៏​ឆ្នើម​ម្នាក់​បាន​បាត់បង់​ជីវិត​។​​ ព្រះ​អង្គ​​ មានស្នា​ព្រះហស្ត​ច្រើន​សម្រាប់​ជាតិ ពិសេសគឺ ឯករាជ​ជាតិ​។ ខ្ញុំ​មាន​ការ​រន្ធត់​ជា​ខ្លាំង​ ទុក្ខ​សោក នៅពេល​ឃើញ​គេ​ហែព្រះ​សព​ទ្រង់​ចេញមក​ ព្រោះ​​ធ្លាប់​​តែ​​ឃើញ​​ព្រះ​​ភ័ក្រ្ត​​ទ្រង់​​រស់​​រវើក​​»​។​

សូម​ជម្រាបថា ព្រះសព​របស់​ទ្រង់​ នឹង​ត្រូវ​តម្កល់​នៅវា​​លព្រះមេរុ​ រហូត​ដល់​ថ្ងៃ​ទី៤​ កុម្ភៈ​ ដើម្បី​រងចាំ​ពិធី​ថ្វាយ​ព្រះអគ្គី​ បន្ទាប់​មក​ ព្រះអដ្ឋិធាតុ​របស់​ទ្រង់​នឹង​ត្រូវ​ដង្ហែ​ទៅទ​ន្លេ​ចតុមុខ​ មុន​នឹង​ដង្ហែ​ចូល​ព្រះ​បរម​រាជវាំ​ងវិញ ​ដើម្បី​ធ្វើ​ការ​តម្កល់​ព្រះ​អដិ្ឋ​ធាតុ​ក្នុង​ព្រះ​ចេតិយ​៕​RFI

មើលមេរៀនឆាប់ចាំ ដោយ វិធីសាស្ត្រ PQRST

Study

ដូច​យើង​ដឹង​ហើយ​ថា អាន​ច្រើន​ ចេះ​ច្រើន​ ហើយ​នេះ​ក៏​មិន​មាន​ន័យ​ថា​ ​ឱ្យ​តែ​អ្នក​​អាន​សុទ្ធ​តែ​ចេះ​នោះ​ទេ ព្រោះថាមាន​សិស្ស​មួយ​ចំនួន​ ខំអាន​អើយ​ខំអាន នៅ​តែ​មិន​ពូកែ​ដូច​គេ​សោះ។ ចំណុច​នេះ​ មក​ពី​អ្នក​ទាំង​នោះ​​​ មិន​​បាន​យល់ច្បាស់​ពី​គន្លឹះ​ក្នុង​ការ​អាន​ជោគ​ជ័យ។ ពេល​នេះ​ Khmer79 សូម​ជូន​វិធីសាស្ត្រ ប្រាំ ដោយ​ហៅ​កាត់​ខ្លី​ជា​អក្សរ​អង់គ្លេស​ថា PQRST  ដូច​ខាង​ក្រោម​ ដើម្បី​បំប៉ន​ដល់​ជំនាញ​សិក្សា​របស់​អ្នក​៖

១. Preview  មើល​មេរៀន​មុន លើ​មុខ​វិជ្ជា​ណា​ដែល​នឹង​រៀន មុន​ថ្នាក់​ចាប់​ផ្តើមដោយ​មើល​ត្រួត​ៗ​លើ​ចំណុច​សំខាន់​ៗ​នៃ​មេរៀន​នោះ​។ ឧ. រៀន​អំពី​ប្រទេស​ចិនពេល​រសៀល គូរ​មើល​មេរៀន​នេះ​ មុន​គ្រូ​នៅ​ពេល​ព្រឹក​។

២​. Question ឆ្ងល់​ នូវ​សំណួរ​ ឬ​បញ្ហា​ លើ​មេរៀន​ដែល​យើង​នឹង​ត្រូវ​រៀន ដើម្បី​ឱ្យ​យើង​ផ្ចង់​ចិត្ត​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្វែង​រក​ចម្លើយ​។ ឧ. អាន​ទាក់​នឹង​  GANGNAM STYLE នោះ​អ្នក​ទាំង​អស់​គ្នា​ គួរ​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​  PSY បាន​បញ្ចប់​ការ​សិក្សា​នៅ​ទី​ណាខ្លះ? បើ​លោក​អ្នក​សំណួរ​ដូច្នេះ​ ប្រាកដ​លោក​អ្នក​ពិតជា​ខំ​អាន​វា​ដោយ​ម៉ត់​ចត់​ ដើម្បី​ស្វែង​រក​ចម្លើយ​ជាក់​ជា​ពុំ​ខាន។

៣. ​ Read អាន កសារ​ ឬ​សៀវ​ភៅ​ ដោយ​យក​ចិត្ត​ទុក​ដាក់ ត្រូវ​ចេះ​ដាក់​អារម្មណ៏​នឹង​មេរៀន។ ឧ​បមាថា លោក​កំពុង​អាន​ អត្ថបទ​ទាក់​ទង​ទៅ​នឹងភូមិ​សាស្ត្រ​ប្រទេស​​រុស្សី លោក អ្នក​ត្រូវ​ដាក់​អារម្មណ័​ថា លោក​អ្នក​កំពុង​ឈរ​នៅ​ក្នុង​ទឹកដី​រុស្សី​អ៊ី​ចឹង​ដែរ​។

៤. Summary សង្ខេប នូវ​អ្វី​ដែល​បាន​អាន​ចប់ ហើយ​សាក​បិទ​ភ្នែកគិត​លទៅ​មើល តើ​អ្នក​ចាំ​ និង​ចេះ​បាន​អ្វី​ខ្លះ​ពី​ការ​អាន​នេះ​។ វា​ជួយឱ្យ​អ្នក​អាន អាច​ចេះ​មេរៀន​ច្បាស់ និង​ចងចាំ​បាន​ល្អ។

៥. Test តេស្ត​ ខ្លួនឯង​មើល តើ​ខ្លួន​មាន​ការ​យល់​ដឹង​ដល់​កម្រិត​ណា បន្ទាប់​ពី​បាន​អាន។ អ្នក​ អាច​ដាក់​សំណួរ​សូរ​ខ្លួន​ឯង​ បួ​ន​ប្រាំ​សំណូរ​ ហើយ​ព្យាយាម​ឆ្លើយ​ ដោយ​មិន​ត្រូវ​មើល​ឯកសារ​ជាដាច់​ខាត ចង់​ដឹង​ថាតើ​ អ្នក​ មាន​សមត្ថភាព​ប៉ុណ្ណា។  លោក អ្នក ក៏អាច​ពឹង​ឱ្យ​មិត្តភក្តិចោទ​ជាសំណួរ​ ហើយ​អ្នក​ជា​អ្នក​ឆើ្លយ​។

សរុប​មក វិធី​សាស្រ្ត​ PQRST  មាន Preview Question Read Summary Test។

យើង​សង្ឃឹម​ថា​ លោក​អ្នក​ នឹង​យក​វា​ទៅ​អនុវត្ត​ ដោយ​ផ្តើម​អនុវត្ត​វិធី​ទាំង​ប្រាំ​នេះ​ មក​លើ​អត្ថ​បទ​ដែល​បាន​បញ្ចប់ខាងលើ​​​នេះ ដើម្បីងាយ​​ចងចាំ​មេរៀន​នេះ។

ដំណើររបស់យុវជនកម្ពុជា ឆ្ពោះទៅកាន់នាវាយុវជនអាស៊ាន-ជប៉ុន

ឯកឧត្តម ជ័យ ចាប រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
យុវជនកម្ពុជា ចំនួន២៩ នឹងទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ាន(SSEAP) លើកទី៣៩ នៅចុងខែតុលាខាងមុខនេះ បន្ទាប់ពីពួកគេបានចំណាយពេលបីខែ ក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាព និងបង្កើនទំនាក់ទំនងរវាងគ្នា។
ឯកឧត្តម ជ័យ ចាប រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលយុវជនទាំង២៩រូប កាលពីថ្ងៃទី៩ តុលានេះថា យុវជនទាំង២៩រូបនេះ គឺតំណាងឱ្យប្រជាជនកម្ពុជាជាង១៤លាននាក់ និងយុវជនកម្ពុជាជាងបីលាននាក់ ព្រមទាំងតំណាងឱ្យវប្បធម៌ អរិយធម៌ខ្មែរ នៅលើឆាកអាស៊ាន។
យុវជនដែលត្រៀមខ្លួនឡើងលើនាវា SSEAP នេះ សម្តែងក្តីត្រេកអរការដែលខ្លួនអាចឈានដល់ដំណាក់កាលចុងក្រោយនៃវគ្គបណ្តុះបណ្តាលកម្មវិធីនេះ។
កញ្ញា សុផល ចិន្តា ដែលនឹងចូលរួមក្នុងកម្មវិធី SSEAP នៅឆ្នាំនេះ និយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមោទនភាព ដែលបានចូលរួមក្នុងកម្មវិធីនេះ»។ នាង បន្តថា បើទោះជា ជួបការលំបាកច្រើនក្នុងពេលហាត់វឹកវឺនក៏ដោយ ក៏នាងសង្កេតឃើញថា «យុវជនខ្មែរមានការសាមគ្គីគ្នាល្អ ខ្មែរស្រលាញ់ខ្មែរ»។
ប៊ុន ម៉េងហ៊ុយ និស្សិតនៃវិទ្យាស្ថានភាសាបរទេស (IFL) បានលើកឡើងថា៖ «កម្មវិធីនេះល្អដោយវាបានលើកស្ទួយកិត្តិយសជាតិ បង្ហាញថាយុវជន និងប្រជាជនខ្មែរខ្លាំងលើឆាកអន្តរជាតិ»។ ដោយ ម៉េងហ៊ុយ បន្តថា SSEAP នេះ ជាកន្លែងបង្ហាញសមត្ថភាពយុវជន និងបង្ហាញពីទំនាក់ទំនងល្អ។ និស្សិតរូបនេះ បានតាំងចិត្តថា ខ្លួននឹងដាក់ពាក្យចូលរួមកម្មវិធី SSEAP នេះឆ្នាំក្រោយ។
ទាក់ទងនឹងការត្រៀមលក្ខណៈក្នុងការចូលរួមប្រឡងកម្មវិធីSSEAP នេះ កញ្ញា សុចិន្តា បានរៀបរាប់ពីបទពិសោធរបស់នាងថា យុវជនគួរពង្រឹងសមត្ថភាពចំណេះដឹងទាក់ទងនឹងអាស៊ាន និងចំណេះដឹងផ្នែកវប្បធម៌ខ្មែរឱ្យខ្លាំង ពិសេសនោះគឺត្រូវបង្កើនកម្រិតចំណេះដឹងភាសាអង់គ្លេសផងដែរ។
កម្មវិធី នេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន។
លោក ព្រហ្ម មរកត មន្ត្រីកិច្ចការសាធារណៈនៃ SSEAP Cambodia ថ្លែងថា កម្មវិធីSSEAPនេះ មានគោលដៅ ក្នុងការស្វែងយល់ពីគ្នា និងផ្លាស់ប្តូរវប្បធម៌ រវាងអាស៊ាន និងជប៉ុន។ មិនតែប៉ុណ្ណោះ វាផ្តល់ឱ្យយុវជននូវភាពជាអ្នកដឹកនាំផងដែរ។ លោក បន្តថា ចំពោះប្រទេសកម្ពុជាវិញ អ្វីដែលធ្វើឱ្យកម្ពុជាមានមោទនៈនោះ គឺក្នុងកំឡុងពេលកម្មវិធីនេះ យុវជនកម្ពុជាចេះជួយគ្នា បង្កើតទំនាក់ទំនងជាមួយប្រទេសដទៃទៀតបានល្អ។
កម្មវិធីនាវាយុវជនអាស៊ាន ត្រូវបានបង្កើននៅឆ្នាំ១៩៧៣ ដោយកាលណោះមានប្រទេសតែប្រាំប៉ុណ្ណោះចូលរួមដូចជា ប្រទេស ជប៉ុន ម៉ាឡេស៊ី ភីលីភីន សិង្ហបុរី និងថៃ។ ដោយឡែក កម្ពុជាបានចូលរួមកម្មវិធីនេះ នៅឆ្នាំ២០០០ ពោល គឺមួយឆ្នាំក្រោយពីកម្ពុជាបានចូលជាសមាជិកអាស៊ាន៕
ឯកឧត្តម ជ័យ ចាប និង​អ្នក​ចូល​រួម​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាវាយុវជនអាស៊ាន(SSEAP) លើកទី៣៩។

គន្លឹះទាំង៦ នាំអ្នកឱ្យចូលចិត្តអានសៀវភៅ

អានសៀវភៅ សម្រាប់អ្នកខ្លះ វាពិបាកជាងអូសឫស្សីបញ្ជ្រាសចុងទៅទៀត។ អ្នកខ្លះចង់អានដែរ តែមិនដឹងយ៉ាងម៉េច ពេលចាប់ផ្តើមអានម្តងៗ កន្ទេលតែងមកហៅរហូត។ អាស្រ័យហេតុនេះ ដើម្បីឱ្យអ្នកទាំងអស់គ្នា ជក់ចិត្តនឹងការអាន khmer79 សូមនាំគន្លឹះមួយចំនួនមកបង្ហាញដូចតទៅ៖

អានតាមចំណង់ចំណូលចិត្ត៖ ត្រូវចាប់ផ្តើមអាន ទៅតាមផ្នែកអ្វីដែលអ្នកស្រលាញ់ចូលចិត្ត។ អ្នកខ្លះចូលចិត្តផ្នែក បច្ចេកវិទ្យា ប្រវត្តិសាស្ត្រ ទស្សនៈវិទ្យា នយោបាយ ឬ កម្សាន្ត។ ជាការល្អ ប្រសិនបើអ្នក មិនទម្លាប់អានពីមុនមក គួរចាប់ផ្តើមជាមួយនឹង សៀវភៅប្រលោមលោក វានឹងធ្វើឱ្យអ្នកជក់នឹងការអានជាក់ជាពុំខាន។

ដឹងពីប្រភេទសៀវភៅត្រូវអាន៖ ត្រូវដឹងថា តើខ្លួនចង់អានប្រភេទសៀវភៅមួយ ជាប្រភេទ សៀវភៅ ស្រាវជ្រាវ ឬ ប្រលោមលោក។ កុំនិយាយថា ខ្ញុំមិនចូលចិត្តអានដោយសារតែ មិនចូលចិត្តសៀវភៅបែបនយោបាយឱ្យសោះ ព្រោះថាបើអ្នកមិនចូលចិត្តនយោបាយ អ្នកអាចអាន សៀវភៅបែបប្រលោមបានតើ។

ចង់ដឹង៖ អ្នកជាមនុស្សចូលចិត្តផ្នែក វិទ្យាសាស្ត្រ ឬក៏ចូលចិត្តផ្នែក សេដ្ឋកិច្ចមែនទេ ឬមិនថាផ្នែកអ្វីនោះទេ អ្នកគួរស្វែងរកចម្លើយតាមផ្នែកដែលចូលចិត្ត។ ឧទាហរណ៍ អ្នកចូលចិត្តផ្នែក សេដ្ឋកិច្ច អ្នកប្រាកដជា ឆ្ងល់ថា ហេតុអ្វី បានជាគេមិនផលិតលុយឱ្យច្រើន ចែកគ្រប់ទៅ? ពេលអ្នកមានសំណួរបែបនេះ អ្នកប្រាកដជាចង់អាន ភ្លាម បើកាលណា ឃើញសៀវភៅនិយាយពីលុយ។

រកកំហុស៖ ពេលអានត្រូវតាមរកកំហុសរបស់សៀវភៅ។ វានឹងធ្វើឱ្យអ្នក ខំអានជាមិនខាន។ ឧបមាថា អ្នកចង់រកកំហុសផ្នែកអក្ខរាវិរុទ្ធ នោះអ្នកប្រាកដជា ព្យាយាមអានដើម្បីរកកំហុសនេះមិនខាន។

រកកន្លែងអាន៖ ត្រូវដឹងថា អ្នកជាអ្នកចូលចិត្តបរិយាកាសបែបណា ស្ងាត់ទើបអានបាន ឬមួយក៏ អានកន្លែងណាក៏បានដែរ។ ពេលអានមិនគួរដេកអានឡើយ ព្រោះវានឹងនាំឱ្យអ្នកខ្ជិល ឬដេកបានយ៉ាងងាយ។

ស្តាប់តន្ត្រី៖ បើអ្នកនិយមតន្រ្តី ពេលអានអ្នកគួរស្តាប់ បទណាដែលពេញចិត្ត ហើយជាប្រភេទ បទបែបរ៉ូមែនទិច ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៏សប្បាយរីករាយ ពេលអ្នកអាន និងកាន់បន្ថយភាពតានតឹង ឬស្រ្តេស។

ប្រភព៖ wikihow.com

ពិព័រណ៍​ស្នាដៃ​សិល្បៈ​ គំនូរ​ស្តី​ពី​បុរស​ល្អ​

គំនូរ​ជាង​៣០​ផ្ទាំង​ស្ដី​ពី​ផ្នត់​គំនិត​យេនឌ័រ ​ត្រូវ​បាន​យក​មក​ពិព័រណ៍​រយៈ​ពេល​មួយ​សប្ដាហ៍​ ចាប់​ពី​ថ្ងៃ​ទី២៧ ​កញ្ញា ​ដល់​ថ្ងៃទី១​ តុលា​ នៅ​សាល​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោក​ ប្រាក់​ កុសល ​ជា​អ្នក​តំណាង​នៃ​អ្នក​រៀប​ចំ​ពិព័រណ៍​នេះ​ មាន​ប្រសាសន៍​​ ការ​តាំង​ពិព័រណ៍​នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​យេនឌ័រ ​និង​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​។​ ដោយ​លោក ​បញ្ជាក់​បន្ថែម​ថា ​ពិព័រណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បុរស​ល្អ​។​

ឈរ​នៅ​ពី​មុខ​ផ្ទាំង​គំនូរ ​កញ្ញា ​មាស​ សុខណ្ណា ​និស្សិត​ឆ្នាំ​ទី​២ ​ផ្នែក​ទេសចរណ៍​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​ក្រោយ​ពី​កញ្ញា​បាន​ទស្សនា​ពិព័រណ៍​ នេះ​ហើយ ​ធ្វើ​ឲ្យ​កញ្ញា​យល់​ដឹង​ពី​បញ្ហា​សង្គម​ ពិសេស​យល់​ដឹង​ពី​យេនឌ័រ ​ ដោយ​និយាយ​ថា​៖​ «ខ្ញុំ​ទទួល​បាន​ចំណេះ​ដឹង ​និង​មេរៀន​ជីវិត​ជា​ច្រើន​»។ សុខណ្ណា​ និយាយ​ថា ​បុរស​ល្អ​ គឺ​បុរស​ឱ្យ​តម្លៃ​លើ​ស្ត្រី​ ហើយ​ជួយ​ការ​ងារ​ស្ត្រី ​ដោយ​មិន​ប្រកាន់​ថា​ជា​ការ​ងារ​នោះ​របស់​ស្រី​ ឬ​របស់​ប្រុស​។​

សឺន ​សំណាង ​និស្សិត​ម្នាក់​ទៀត ​ដែល​កំពុង​សិក្សា​ផ្នែក​គណិតវិទ្យា​ ឆ្នាំ​ទី២​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​របស់​ខ្លួន​ស្តី​ពី​បញ្ហា​យេនឌ័រ​ថា ​«បុរស​ល្អ​គឺ​ ចេះ​ជួយ​ស្ត្រី​»។ ​សំណាង ​និយាយ​ថា ​ក្រោយ​ពី​បាន​ទស្សនា​ពិព័រណ៍​នេះ ​ធ្វើ​ឱ្យ​គាត់ ​អាច​យល់​ និង​មាន​ចំណេះ​ដឹង​ពាក់​ព័ន្ធ​បញ្ហា​យេនឌ័រ​ ដោយ​លើក​ឡើង​ថា​៖ ​«ខ្ញុំ​[បុរស]​ក៏​ជា​មនុស្ស ​ស្រ្តី​ក៏​ជា​មនុស្ស​ ហេតុ​នេះ​ បុរស​និង​ស្ត្រី​ត្រូវ​ចេះ​ជួយ​គ្នា​»។

កញ្ញា ​សុខណ្ណា ​ប្រាប់​ថា ​ក្រោយ​ពី​ទស្សនា​ពិព័រណ៍​នេះ​ កញ្ញា​នឹង​យក​ចំណេះ​ដឹង​ទាំង​នេះ​ ទៅ​ប្រាប់​មិត្ត​ភក្តិ​បន្ត​។​

​គួរ​បញ្ជាក់​ថា​ការ​តាំង​ពិព័រណ៍​នេះ​ បើក​ជូន​សាធារណៈ​ជន​ទូទៅ ​ទស្សនា​ដោយ​សេរី​។​









យុវជន​ម្នាក់​កំពុង​ទស្សនា​ពិពរណ៍។ (រូប​ថត khmer79, ទេព ច័ន្ទសោភា)

១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ក្លាយ​ជា​វិញ្ញាសា​ដ៏​សំខាន់​មួយ​ សម្រាប់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​គ្រប់គ្នា​ ដោយ​សារ​តែ​មាន​មនុស្ស​របួស​ និង​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​។

​យោង​​តាម​របាយ​ការណ៍​ឆ្នាំ​២០១០​​ បាន​ឲ្យ​ដឹង​ថា​ មាន​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន​ ប្រមាណ​ជា​​ពី​រម៉ឹន​នា​ក់​ ក្នុង​នោះ​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ជាង​១​ពាន់​ប្រាំ​រយ​នាក់​ ដែល​មាន​យ៉ាង​ហោច​ណា​ស់មា​ន​មនុស្ស​ស្លាប់​ ចំនួន​ប្រាំ​នា​ក់​ ក្នុង​មួយ​ថ្ងៃ​ៗ​​។


គ្រោះថ្នាក់​ចរាចរណ៍​ បាន​កំពុង​តែ​បន្ត​កើន​ឡើង​ឥត​ឈប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​បណ្តាល​ឲ្យ​កម្ពុជា​បាត់បង់​នូវ​ធនធាន​មនុស្ស​​ ទ្រព្យ​សម្បត្តិ​ឯកជន​ និង​សាធារណៈ​យ៉ាង​ច្រើន​។​ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​គ្រោះ​ថា្នក់​ចរាចរណ៍​ និង​ការ​រង​របួស​ធ្ងន់​ភាគ​ច្រើន​ បណ្តាល​មក​ពី​កំហុស​របស់​មនុស្ស​ ចំណុច​ដប់​ចំណុច​។​


ហេតុនេះ​ហើយ​ ដើម្បី​ចៀស​វាង​នូវ​កំហុស​ទាំងនេះ​ យើង​សូម​លើក​ ចំណុច​ចំនួន​ដប់​ សម្រាប់​ជា​ដំណោះ​ស្រាយ​។​ ការ​ធ្វេស​ប្រហែស​របស់​អ្នក​ ក្នុង​ពេល​បើក​បរ​តែ​បន្តិច​បន្តួច​ អាច​បំផ្លាញ​ជីវិត​អ្នក​ និ​ង​អ្នក​ដទៃ​បា​ន​។​ អាស្រ័យ​ហេតុ​នេះ​ ចូរ​ចង​ចាំ​ចំណុច​សំខាន់​ទាំង​១០​ នេះ​រាល់​ពេល​ការ​ធ្វើ​ដំណើរ​របស់​អ្នក​។​


១. ត្រូវ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​ត្រូវ​ពាក់​ខ្សែ​ទ្រ​ចង្កា​រ រាល់​ពេល​ធ្វើ​ដំណើ​រ ​ទោះ​ទៅទីជិត​យ៉ាង​ណា​ក៏​ដោយ​។​

២. កុំ​បើកបរ​ក្រោយ​ពេល​ពិសា​ជាតិ​ស្រវឹង​៖​ នៅ​ពេល​ដែល​ជាតិ​ស្រវឹង​ចូល​ក្នុង​ខ្លួន​អ្នក​ ទោះ​មិន​ទាន់​ស្រវឹង​ក្តី​ វា​ធ្វើ​អ្នក​បាត់​ស្មារតី​ មិន​អាច​ដឹង​ពី​ល្បឿន​ពិត​ប្រាកដ​បាន​ទេ​។ តែ​ប្រសិន​បើ​អ្នក​បាន​ពិសា​ជាតិ​ស្រវឹង​ហើយ​ អ្នក​អាច​ប្រើ​ប្រាស់​ម៉ូតូ​ឌុប​/​កង់​បី​, ពឹង​សាច់​ញាតិ​មក​ទទួល​ឲ្យ​អ្នក​មិន​ពិសា​រ​គ្រឿង​ស្រវឹង​មក​បើកបរ​ជំនួស​ ឬ​ហូប​ស្រា​នៅ​ផ្ទះ​ដោយ​មិន​បាច់​បើក​បរ​។

៣. កុំ​បើកបរ​ហួស​ល្បឿន​កំណត់​​៖​ នៅ​ក្នុង​ទី​ប្រជុំ​ជន​ កង់​បី​/​ ម៉ូតូ​ ត្រូវ​បើកបរ​ក្នុង​ល្បឿន​៣០​ Km/១h​ ហើយ​ចំពោះ​រថយន្ត​ធុន​តូច​៤០​ Km/១h ចំណែក​នៅ​ក្រៅ​ទី​ប្រជុំ​ជន​វិញ​ កង់​បី​/​ម៉ូតូ​ រថយន្ត​ធុន​តូច​ ត្រូវ​បើក​ក្នុង​ល្បឿន​ ៩០​ Km/១h​។​

​​​

៤. កុំ​វ៉ា​/​ប្រជែង​គ្នា​​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​៖ ​កុំ​ជែង​ នៅ​កន្លែង​មាន​សញ្ញា​ហាម​ជែង​,​ នៅ​ត្រង់​ផ្លូវ​កោង​ ផ្លូវ​ឡើង​ទូល​ ផ្លូវបត់​ ផ្លូវ​ខ្វែង​ ផ្លូវ​រអិល​​, នៅ​លើ​ស្ពាន​/​ពេល​ចុះ​ចំណោត​,​ កុំ​ជែង​គ្នា​ជា​បី​ជួ​រ (ជែង​លើ​រថយន្ត​ដែល​កំពុង​តែ​ជែង​គ្នា​)​។​ បើ​ចាំ​បាច់​ក្នុង​ការ​ជែង ​ត្រូវ​ប្រាកដ​ថា ​អ្នក​បើក​យាន​ខាង​មុខ ​និង​ខាង​ក្រោយ​ដឹង​ពី​ការ​សុំ​ជែង​របស់​ខ្លួន​,​ ត្រូវ​បង្កើន​ល្បឿន​ និង​ទុក​ចន្លោះ​ឃ្លាត​ពី​គ្នា​យ៉ាង​តិច​មួ​យ​ម៉ែត​។​

៥. កុំ​បើក​បរ​ លើស​ល្បឿន​ចំណុះ​។

​៦. ​គោរព​សិទ្ធិ​អាទិ​ភាព​៖​ បន្ថយ​ល្បឿន​ នៅ​ពេល​អ្នក​មក​ជិត​ដល់​ផ្លូវ​ប្រសព្វ​ជាមួយ​ផ្លូវ​ធំ​ៗ​ ហើយ​ផ្តល់​សិទ្ធិ​ដល់​ការ​ធ្វើ​ចរាចរណ៍​ដល់​អ្នក​ដែល​នៅ​លើ​ដង​វិថី​។​

៧. កុំ​ប្រើ​ទូរស័ព្ទ​ដៃ​ពេល​បើកបរ​៖​ ជៀស​វាង​ប្រើ​ទូរស័ព្ទ​ បើ​មិន​ចាំ​បាច់​ តែ​បើ​បន្ទាន់​ខ្លាំង​ ត្រូវ​ឈប់​កៀក​ចិញ្ចើម​ថ្នល់​ខាង​ស្តាំ​ ​ដែល​គ្មាន​ចរាចរណ៍​​មមាញឹក​,​ ប្រើ​ខ្សែ​ភ្ជាប់​សំឡេង​​មក​ក្រៅ​ (កាស់)​។​

៨. ត្រូវ​ត្រួត​ពិនិត្យ​យាន​យន្ត​​ មុន​ពេល​ចេញ​ដំណើរ ​ដូចជា​ ហ្វ្រាំង​,​ សំបក​កង់​,​ កុង​ទ័រ​ល្បឿន​​,​ ចង្កូត​,​ ភ្លើង​ស៊ី​ញ៉ូ​,​ ភ្លឺ​មុខ​ ក្រោយ​,​ ស៊ី​ផ្លេ​​,​ កញ្ចក់​មើល​ក្រោយ​…​។​

​៩.​ បំពាក់​សម្ភារៈ​​ចំណាំង​៖​ ស្លៀក​សំលៀក​បំពាក់​ព​ណ៌​ស្រស់​ៗ,​ ដល់​វត្ថុ​មាន​ចំណាំង​,​ ភ្លើង​បំភ្លឺ​។

១០. ត្រូវ​មាន​ប័ណ្ណ​បើក​បរ​ត្រឹម​ត្រូវ​តាម​ប្រភេទ​យានយន្ត​៕​

ប្រភព៖ Handicap International

ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​ត្រូវ​ពាក់​ខ្សែ​ទ្រ​ចង្កា​រ។

នេះ​ជា​រូប​ភាព​ផ្ទុក​លើស​ចំណុះ។

ផ្លែមៀន ជួយ​​សុខភាព​បាន​ច្រើន​យ៉ាង​

ផ្លែ​មៀន ​ជា​ផ្លែ​ឈើ​មួយ​ដែល​មាន​ឱជារស​ឆ្ងាញ់​ពិសា​ ដោយ​សារ​វា​មាន​រស​ជាតិ​ផ្អែម​ក្រអូប​ និង​ ទឹក​ដម​របស់​វា​។​ មិន​តែ​ប៉ុណ្ណោះ​ទេ ​មៀន​ក៏​ជា​ផ្លែ​ឈើ​មួយ​ ដែល​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​យើង​ផ​ង​ដែរ​ ដោយ​​តែ​វា​​មាន​​ផ្ទុក​​ទៅ​​ដោយ​​ ជាតិ​ដែក​​ កាល់​ស្យូម​ ផូស្វ័​រ ​កាបូន​អ៊ីដ្រាត​ ប្រូតេអ៊ីន​ ខា្លញ់​ និង​ពពួក​វីតាមីន​ A,​ C​, B2,​ B2​ និង​នីយ៉ាស៊ីន​។

​ផ្លែ​មៀន ​ត្រូវ​បាន​គេប្រើប្រាស់​សម្រាប់​ជា​ថ្នាំ​កែ​រោគ ​ឈឺ​ក្រពះ ​សម្រាន្ត​​​​មិន​លក់​ ខូច​សតិ ​និង​មាន​ទឹក​ដក់​​ក្នុង​ភ្នែក​។​ ផ្លែ​មៀន​ ក៏​អាច​ជួយ​ពង្រីក​បេះដូង​ និង​ចិញ្ចឹម​ឈាម​បាន​ផង​ដែរ​។

​មួយវិញទៀត ​បើ​គេ​យក​សាច់​​មៀន​​​​ និង​ស្ករ​​ក្នុង​​​បរិមាណ​​ស្មើគ្នា​ យក​​ទៅ​​រម្ងាស់​​ក្នុង​ទឹ​ក​រ​ហូត​​ក្លាយ​​ទៅ​​ជា​​​ទឹកស្ក​រ​​ អាច​​ជា​​ថ្នាំ​​ជំនួយ​​កម្លាំង​បាន​ ដោយ​លោក​ អ្នក​ ពិសា​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។​

ទឹក​រម្ងាស់​សាច់​មៀន​ស្ងួត ​អាច​ធ្វើ​ជា​ថ្នាំ​ពៅ​​កម្លាំង សម្រាប់​រោគ​សម្រាន្ត​​មិន​លក់​ ​និង​រោគស្ពឹក​សរសៃ​ប្រសា​ទ​ ឬ​ភ្លេច​ភ្លាំង​។

ចំណែក ​នៅ​ប្រទេស​វៀតណាម​វិញ​​ គេ​យក​ភ្នែក​គ្រាប់​មៀន​ យក​ទៅ​កិន​សម្រាប់​ព្យាបាល​ពស់​ចឹក​ ដោយសារ​គេ​ជឿ​ថា​ វា​អាច​ជួយ​ស្រូប​យក​ជាតិ​ពិស​បាន​។​

ផ្លែ​មៀន​ ​មាន​សារ​ប្រយោជន៍​ទាំងនេះ​បាន​ លុះ​ត្រា​លោក​អ្នក​ ចេះ​ជ្រើស​រើស ​ផ្លែ​មៀន​ណា​ដែល​មិន​មាន​ជាតិ​គីមី​លើស​បរិមាណ​។​

ប្រភព៖ wikipedia

ឯ.ពេជ​ សោភ័ន៖ មុន​នឹង​ជ្រើស​រើស​ជំនាញ​សិក្សា​នៅ​ឧត្តម​សិក្សា ​យុវជ​ន​ត្រូវ​ពិចារណា​លើ​ប្រាំ​ចំណុច​

«ការ​រៀប​ចំ​ជីវិត​ដើម្បី​​ជោគជ័យ​ ក្រោយ​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ​ » ​នេះ​គឺ​ជា​ប្រធាន​បទ​នៃ​សិក្ខា​សាលា​មួយ​ ដែល​រៀប​ចំ​ដោយ ​សមាគម​ជួយ​ស្រុក​កំណើត​យើង​ (HOH) ​នា​ថ្ងៃ​ទី​១០ កញ្ញា​នេះ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ដើម្បី​ជួយ​តម្រង់​ទិស​ដល់​សិស្សានុសិស្ស ​ក្នុង​ការ​ត្រៀម​ខ្លួន​ចូល​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​។


តាម​អ្នក​រៀប​ចំ​កម្ម​វិធី​ឲ្យ​ដឹង​ថា ​មាន​អ្នក​ចូល​រួម​ប្រមាណ​ ៣០០០​នាក់ ​ដែល​ភាគ​ច្រើន​ជា​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​ថ្នាក់​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​


ឯកឧត្តម ​ពេជ ​សោភ័ន​ រដ្ឋលេខាធិការ ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ មាន​ប្រសាសន៍​ នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​នេះ​ថា​ បច្ចុប្បន្ន​នេះ​ កំណើន​នៃ​សិស្ស​បញ្ចប់​ថា្នក់​ទុតិយ​ភូមិ​ (បាក់ឌុប)​ មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ហើយ​ភាគ​ច្រើន​នៃ​សិស្ស​ទាំង​អស់​នោះ​ ពុំ​សូវ​បាន​យល់​ច្បាស់​ថា​តើ​គួរ​សិក្សា​ជំនាញ​អ្វី​ នៅ​​ថ្នាក់​​មហា​វិទ្យាល័យ​នោះ​ទេ​។​ ភាគ​ច្រើន​ នៃ​សិស្ស​ទាំង​នោះ​ ពុំ​ទាន់​ជ្រើស​រើស​ជំនាញ​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ​ ច្រើន​តែ​រើស​ តាម​គ្នា​។​ ឯកឧត្ដម មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ការ​ជ្រើស​ជំនាញ​បាន​ត្រឹម​ត្រូវ​ ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ការ​ងារ​ខ្ពស់​ ដែល​វា​អាច​ផ្តល់​ជា​ការ​ងារ​មួយ​មាន​ប្រាក់​ចំណូល​សមរម្យ​ ភាព​ថ្លៃថ្នូរ ​និង​កិត្តិយស​ ក្នុង​សង្គម។


ទាក់​ទង​ទៅ​នឹង​ការ​ជ្រើស​រើស​ជំនាញ​ សម្រាប់​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យល័យ ​ឯកឧត្តម​ផ្តល់​បទ​ពិសោធ ​ដល់​អង្គ​សិក្ខាសាលា​ថា​ មុន​នឹង​សម្រេច​ចិត្ត​រៀន​ជំនាញ​ណាមួយ​នោះ ​យុវជន​ គប្បី​ពិចារណា​លើ​ប្រាំ​ចំណុច​។​


ឧបនិស្ស័យ ឬដុង (ភាសាបារាំង)​ ជា​ចំណុច​ដំបូង​សម្រាប់​សិស្ស​ត្រូវ​ពិចារណា​មុន​ចាប់​ជំនាញ​អ្វីមួយ ​ដោយ​យុវជន​ខ្លួន​ឯង​ ត្រូវ​ស្គាល់​ពី​ខ្លួន​ឯង​ថា​តើ ​យើង​មាន​ទេព​កោសល្យ​អ្វី​។ ​ឯកឧត្តម​ សង្កត់​ធ្ងន់​ថា​ «ប្រសិន​បើ​យើង​រៀន​មុខ​វិជ្ជា​ណា​ដែល​ស្រប​តាម​ឧបនិស្ស័យ​យើង​ ធ្វើឲ្យ​យើង​ងាយ​អភិវឌ្ឍវា»។​


ឯកឧត្តម​បាន​គូស​បញ្ជាក់​បន្ថែម​ថា ​សិស្ស ​គួរ​រៀន​អ្វី​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ខ្លួន​ផ្ទាល់​។​ កាលណា ​យើង​ដឹង​ថា​យើង​ចូល​ចិត្ត​អ្វី​ហើយ​នោះ​ ធ្វើ​ឲ្យ​មាន​ការ​ខិត​ខំ​តាម​ដាន​ និង​យក​ចិត្ត​ទុក​ដាក់​។​


ចំណុច​មួយ​ទៀត ​ដែល​ចំ​បាច់​ដែរ​នោះ​គឺ ​អត្តចរិត ​ឬ​បុគ្គលិក​លក្ខណៈ​។ ​ឯកឧត្តម​ បង្ហាញ​ថា​ «បើ​សិន​យើង​ដឹង​ថា​ខ្លួន​យើង​ជា​មនុស្ស​បែប​ណា​ហើយ​ យើង​អាច​ងាយ​ស្រួល​ក្នុង​ការ​សម្លឹង​មើល​ការ​ងារ​ណា​ដែល​យើង​គួរ​ធ្វើ។​ ដូច​ជា​ អ្នក​ខ្លះ​ជា​​មនុស្ស​មិន​សូវ​ចូល​ចិត្ត​និយាយ​ស្តី​ច្រើន ​ដូច្នេះ​គេ​អាច​សិក្សា​មុខ​វិជ្ជា​ណា​ដែល​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​និយាយ​ស្តី​ច្រើន​ ដូច​ជា​វិស្វករ​ជា​ដើម​។


ត្រូវ​ដឹង​ពី​គោល​ដៅ​ខ្លួន​ ថា​តើ​ពេល​អនាគត​ចង់​ធ្វើ​អ្វី​។​ នេះ​ជា​ការ​ណែនាំ​របស់​ឯកឧត្តម​ សម្រាប់​ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​នៅ​មហា​វិទ្យាល័យ​។​


ជា​ចុង​ក្រោយ​ ឯកឧត្តម ​បាន​ផ្តល់​ដំបូន្មាន ​ដល់​សិស្ស​ទាំង​អស់​ថា ​យុវជន​គប្បី​ ជ្រើស​រើស​មុខ​ជំនាញ​ ដោយ​ផ្អែក​​ទៅ​​លើ​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​ផង​ដែរ​។​


តាម​របាយ​ការណ៍​ របស់​អគ្គនាយក​ដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ ​យុវជន​និង​កីឡា ​បាន​ឲ្យ​ដឹង​ មាន​សិស្ស​ប្រមាណ​៨៦​ភាគរយ ​ក្នុង​ចំណោម​សិស្ស​១១​ម៉ឺន​នាក់ ​បាន​ប្រឡង​ជាប់ ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ (បាក់​ឌុប) ​នៅ​ឆ្នាំ​២០១២​នេះ​៕​



ឯកឧត្តម​ ពេជ សោភ័ន​ កំពុង​សំណេះ​សំណាល​ទៅ​កាន់​អង្គ​សិក្ខា​សាលា​ នា​ថ្ងៃ​ទី ១០​ កញ្ញា​ នៅ​មជ្ឈ​មណ្ឌល​ កោះ​ពេជ្រ​។ ឯក​ឧត្តម​បាន​បញ្ជាក់​ថា​៖ មុន​នឹង​សម្រេច​ចិត្ត​រៀន​ជំនាញ​ណា​មួយ​នោះ ​យុវជន​ គប្បី​ពិចារណា​លើ​ប្រាំ​ចំណុច​។ ​(រូបភាព​៖ Khmer79, ទេព​ ច័ន្ទសោភា)​​



អ្នក​ចូល​រួម​កំពុង​ស្តាប់​ វាគ្មិន​ធ្វើ​បទ​បង្ហាញ​​ នៅ​ក្នុង​សិក្ខា​សាលា​។ ​បើយោង​ទៅ​តាម​អ្នក​រៀប​ចំ​កម្ម​វិធី មាន​អ្នក​ចូល​រួមប្រហែល​ ៣០០០ នាក់​។​​ (រូបភាព​៖ Khmer79, ទេព​ ច័ន្ទសោភា)




តើ​​អ្វី​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ (Social ​Media)​?​

បច្ចុប្បន្ន​នេះ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​បាន​ដើរ​តួនាទី​ យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ទំនាក់​ទំនង​ពិភព​លោក។​ លោក​អ្នក ​ប្រាកដ​ជា​មាន​ទំព័រ​ហ្វេកប៊ុក ​ផ្ទាល់​ខ្លួន​ជាក់​ជា​ពុំខាន​ មែន​ទេ​?​ វាជា​ទម្រង់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​។​


បើ​ទោះ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ច្រើន​ក៏​ដោយ ​ក៏​និយម​ន័យ​នៃ​ពាក្យ​នេះ​ មិន​សូវ​មាន​មនុស្ស​ច្រើន​ទេ​ដែល​បាន​យល់​ច្បាស់​នោះ​។ ​ពេល​នេះ​ យើង​សូម​ណែនាំ ​​លោក​អ្នក​ឲ្យ​យល់​ថា​តើ​អ្វី​ទៅ​ជា​«​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​(Social ​Media)​»?​


ពាក្យ ​«ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម»​ ត្រូវ​បាន​ផ្តល់​ជា​និយមន័យ​ថា ​វា​គឺ​សំដៅ​​ទៅ​លើ​ឧបករណ៍​ ឬ​មធ្យោបាយ​ទាំង​ឡាយ​ណា ​ដែល​អនុញ្ញាត​យើង ​ចែក​រំលែក​នូវ​ព័ត៌​មាន ​គំនិត​ទស្សនៈ​ផ្សេង​ៗ ​ព្រម​ទាំង​អនុញ្ញាត​ឲ្យ​យើង​បង្កើត​នូវ​សហគមន៍​មួយ ​តាម​រយៈ​បណ្តាញ​អ៊ីនធឺណិត​។

ថា​តើ​អ្វី​ខ្លះ​ទៅ​ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​«ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​»?​


មាន​ឧទាហរណ៍​ជា​ច្រើន​ណាស់​ សម្រាប់​សម្គាល់​ដល់​ «ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​»​ ហើយ​វា​មាន​ការ​វិវត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ​ខាង​ក្រោម​នេះ ​ជា​ប្រភេទ​សាមញ្ញ​ៗ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​៖​

  • ​បណ្តាញ​សង្គម​ (Social ​Networking)​ មាន​ដូច​ជា​ Facebook ​និង ​MySpace​ជា​ដើម​ ដែល​ជា​កន្លែង​សម្រាប់​មនុស្ស​ភ្ជាប់​ទំនាក់​ទំនង​ ជា​មួយ​​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​សហគមន៍​ដែល​ជុំវិញ​ខ្លួន​និង​មាន​ទំនោរ​ប្រហែល​គ្នា​ ហើយ​អាច​ចែក​រំលែក​នូវ​ព័ត៌មាន ​វីដេអូ ​រូបភាព​ ​ព្រម​ទាំង​ការ​វិវត្ត​ជា​ទូទៅ​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។​
  • ប្លុក​(Blogs) ​ជា​ទូទៅ​វា​មាន​ទម្រង់​ជា​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ដូច​ជា​Wordpress​ ឬ Blog​ ដែល​សរសេរ​បុគ្គល​ម្នាក់ ​ឬ​ក៏​ក្រុម​ណា​មួយ ​ហើយ​វា​ផ្តល់​ជា​កន្លែង​សម្រាប់​ការ​បញ្ចេញ​យោបល់​ និង​អាច​ធ្វើ​ជា​វេទិកា​ពិភាក្សា​គ្នា​បាន​។​
  • Microblog​ ដូច​ជា​Twitter​ជា​កន្លែង​ដែល​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​បញ្ចូល​ព័ត៌មាន​ ឬ​សរសេរ​បញ្ចេញ​នូវ​ទស្សនៈ​យោបល់​ខ្លួន​បាន​ ហើយ​ក៏​អាច​ត្រូវ​បាន​គេ​ផ្តល់​ជូន​ដល់​ អ្នក​ប្រើ​ប្រាស់​អាច​ឲ្យ​តាម​ដាន​ (Follow) ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​បាន​។​
  • Wikis​ មាន​ Wikipedia ​ជា​ដើម ​សម្រាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​សរសេរ​អត្ថបទ​នានា​ដែល​ អាច​បញ្ចេញ​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន​បាន​។​
  • សេវា​ចែក​រំលែក​នូវ​​content​ដូច​ជា​ YouTube ​និង​ Flickr​ ជា​កន្លែង​ដែល​អ្នក​ប្រើ​ប្រាស់​អាច​បង្ហោះ​នូវ​វីដេអូ ​ឬ​រូបភាព ​សម្រាប់​បង្កើន​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​ និង​ពិភាក្សា​ ជាមួយ​អ្នក​ដទៃ​ទៀត​ នៅ​លើ​គេហទំព័រ​។
  • វេទិកា​អ៊ីនធឺណិត​(Online ​Forum)​ ជា​ការ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ចូល​រួម​អាច​ចែក​រំលែក​នូវ​គំនិត​ទស្សនៈ ​ឬ​ធ្វើ​ការ​ពិភាក្សា​លើ​បញ្ហា​ណា​មួយ​។​

ប្រភព៖ The Associated Press Stylebook 2010,អត្ថបទ៖ សាន សែល

ធ្វើ​ដូច​ម្តេច​ទើប ​ប្រឡង​យក​អាហារូបករណ៍​ទៅ​បរទេស​បា​ន?

អាហារូបករណ៍​ទៅ​សិក្សា​ក្រៅ​ប្រទេស​ មាន​តម្លៃ​សំខាន់​ណាស់​ ដោយ​ហេតុ​ថា​ នៅ​ពេល​យើង​ទៅ​សិក្សា​នៅ​បរទេស​ធ្វើ​ឲ្យ​យើង ​ទទួល​បាន​ទាំង​បទ​ពិសោធន៍ ​និង​ចំណេះ​ដឹង​ថ្មីៗ ​ទាំង​កិត្តិយស​ ទាំង​សមត្ថភាព​និង​ជំនាញ។

ហេតុ​នេះ​ អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ​ជា​ក្តី​បំណង​របស់​សិស្ស​ និស្សិត​គ្រប់​រូប​។ ពួក​គេ​បាន​ខិត​ខំ​ស្វះ​ស្វែង​ និង​ខំ​ព្យាយាម​គ្រប់​ទាំង​មធ្យោបាយ​ ដើម្បី​ទទួល​បាន​អាហា​រូបករណ៍​នេះ​។​ ក៏​ប៉ុន្តែ ​មាន​សិស្ស​ និស្សិត​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ជោគជ័យ​ នេះ​ក៏​ដោយ​សារ​តែ​ពួក​គេ​មិន​បាន​យល់​ច្បាស់​ពី​វិធី​សាស្ត្រ ​ឬ​តិច​និច​ក្នុង​ការ​ខិត​ខំ​នេះ​។

ឃុន ​សីហាក់ ​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ បាន​ផ្តល់​ជា​គន្លឹះ​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​ថា​៖ ​« ​យុវជន​ ត្រូវ​ចេះ​កំណត់​គោល​ដៅ​ខ្លួន​ឯង​ ថា​តើ​អ្វី​ដែល​ខ្លួន​ចង់​បាន​ និង​អ្វី​ដែល​ខ្លួន​អាច​សម្រេច​បាន​»។ ​សីហាក់​បាន​បន្ត​ថា​ យុវជន​ក៏​ត្រូវ​ដឹង​ពី​សមត្ថភាព​ខ្លួន​ឯង​ផង​ដែរ​ ព្រោះ​ថា ​នៅ​ពេល​ដែល​យុវជន​ បាន​ដឹង​អំពី​វា​ អាច​ធ្វើ​ឲ្យ​យុវជន​បាន​ដឹង​ថា ​តើ​សមត្ថភាព​នេះ​គ្រប់​គ្រាន់​សម្រាប់​សម្រេច​គោល​ដៅ​របស់​យើង​ឬ​ទេ​ ហើយ​ប្រសិន​បើ​មិន​គ្រប់​គ្រាន់​ទេ ​យុវជន​គួរ​តែ​បង្កើន​សមត្ថភាព​ខ្លួន​ថែម​ទៀត​។​

ភួង សូគារ៉ា ​យុវជន​ម្នាក់​ទៀត ​ដែល​ទើប​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្សី​ ផ្នែក​សំណង់​ស៊ីវិល​នោះ ​បាន​និយាយ​ឲ្យ​ដឹង​ថា ​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​ពុំ​មែន​ជា​ ការ​លំបាក​ទេ ​ប្រសិន​បើ​យើង​បាន​ត្រៀម​ខ្លួន​សម្រាប់​វា​ហើយ​នោះ​។ ​សូគារ៉ា ​បាន​បន្ថែម​ថា៖​ «ដើម្បី​ប្រឡង​យក​អាហា​រូបករណ៍​ទៅ​បរទេស ​យើង​ត្រូវ​ត្រៀម​តាំង​ពី​ថ្នាក់​វិទ្យាល័យ​ ដោយ​ត្រូវ​ខិត​ខំ​ពង្រឹង​ចំណេះ ​ដែល​ទាក់​ទង​នឹង​មុខ​ជំនាញ​ដែល​យើង​ចង់​ទៅ​សិក្សា ​ពិសេស​គឺ​មុខ​វិជ្ជា ​គណិតវិទ្យា​ ភាសា​អង់គ្លេស ​និង​ចំណេះ​ដឹង​ទូទៅ»​។

«យើង ត្រូវ​ចេះ​សួរ​ព័ត​មាន​ពី​បង​ៗ ​ដែល​ធ្លាប់​មាន​បទ​ពិសោធ​ហើយ​យើង​ចាំ​បាច់​ត្រូវ​តែ​រំលឹក​មេរៀន​ជា​ប្រចាំ ​ពុំមែន​ចាំ​ដល់​ពេល​ជិត​ប្រឡង ​ទើប​រំលឹក​នោះ​ទេ​»។​ នេះ​ជា​ការ​លើក​ឡើង​របស់​សូគារ៉ា​។​

សីហាក់ ​បាន​បញ្ជាក់​បន្ថែម​ថា​ យុវជន​ត្រូវ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ជា​និច្ច​ដើម្បី​សម្រេច​គោល​ដៅ​ខ្លួន ​ហើយ​ក៏​មិន​ត្រូវ​ខ្លាច​ភាព​បរាជ័យ​ដែរ ​ប៉ុន្តែ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​បរាជ័យ​ខ្លួន​ និង​យក​វា​មក​ធ្វើ​ជា​បទ​ពិសោធ​។​

អេន សេងថៃ ​ក៏​ជា​យុវជន​ម្នាក់​ដែល​បាន​ទទួល​ជោគជ័យ​ ក្នុង​ការ​ប្រឡង​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម ​ផ្នែក​សំណង់​ស៊ីវិល​ដែរ​នោះ​ ក៏​បាន​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ដែល​ធ្លាប់​ទទួល​ភាព​បរាជ័យ​ក្នុង​ពេល​ប្រឡង​មុន​ៗ​ថា​៖ «មនុស្ស​យើង​នរណា​ក៏​ធ្លាប់​បរាជ័យ​ដែរ​ ហើយ​ខ្ញុំ​នេះ​មិន​មែន​ប្រឡង​ម្តង​ជាប់​នោះ​ទេ ​តែ​ខ្ញុំ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ​ដោយ​យល់​ថា ​ក៏​មាន​គេ​ធ្លាប់​ប្រឡង​ធ្លាក់​ដូច​ខ្ញុំ​ដែរ​ មិន​មែន​មាន​តែ​ខ្ញុំ​នោះ​ទេ ​ហើយ​ខ្ញុំ​ចាត់​ទុក​វា​ថា​ជា​បទ​ពិសោធន៍​។ ​ខ្ញុំ​គិត​ថា​ បរាជ័យ​នេះ​បណ្តាល​មក​ពី​សមត្ថភាព​ខ្ញុំ​មិន​ទាន់​ដល់ ​ដូច្នេះ​ខ្ញុំ​បាន​ខំ​ប្រឹង​ពង្រឹង​សមត្ថភាព​ថែម​ទៀត​ និង​មាន​ជំនឿ​ជាក់​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​។ ​ជា​លទ្ធផល​ខ្ញុំ​ទទួល​បាន​ជោគជ័យ​ នៅ​ពេល​ប្រឡង​ជា​លើក​ទីពីរ​»។​

សេងថៃ ​បាន​ផ្តល់​ជា​យោបល់​ដល់​អ្នក​ដែល​មាន​បំណង​ ប្រឡង​យក​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​ថា ​យុវជន​គួរ​គប្បី​ខិតខំ​ ស្វែង​រក​ឯកសារ​ចាស់​ៗ​ដែល​ធ្លាប់​ប្រឡង​កាល​ពី​ឆ្នាំ​មុន​ៗ​ បន្ថែម​ពី​នេះ​ទៀត​យុវជន​ក៏​ត្រូវ​ចេះ ​ស្វះ​ស្វែង​រក​ដំណឹង​អាហារូបករណ៍​ផង​ដែរ។​ យុវជន​អាច​រក​ដំណឹង​អាហារូបករណ៍ ​តាម​រយៈ​ទី​ភ្នាក់​ងារ​អាហារូបករណ៍​ អ៊ីនធឺណិត​ មិត្ត​ភក្តិ​។ ​ដោយ​សេង​ថៃ​ បាន​បញ្ជាក់​ថា៖ «​បើ​អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មិត្ត​ភក្តិ​បាន​កាន់​ច្រើន​ នោះ​អ្នក​ក៏​បាន​ដឹង​ដំណឹង​អាហារូបករណ៍​ពី​មិត្ត​ភក្តិ​បាន​ច្រើន​ដែរ​»៕​

អត្ថបទ៖ សាន សែល,​khmer79.com