Logo

Friends Added

ឃឹម វីរ:

ក្រសួង​ពាណិជ្ជកម្ម​សម្រួល​ផ្នែក​ផលិត​កម្ម​កែ​ច្នៃ​សម្រាប់​នាំចេញ

នៅ​ក្រសួងពាណិជ្ជកម្ម​​​ បានបើក​កិច្ច​ប្រជុំ​ក្រុម​ការងារ​ផ្នែក​ផលិត​កម្ម​កែ​ច្នៃ​សម្រាប់​នាំចេញ ​និងសម្រាប់​សម្រប​សម្រួល​ពាណិជ្ជ​កម្ម ជាមួយអ្នកអនុវត្ដផ្ទាល់មុននឹងនំាចេញ ខណៈដែលកម្ពុជា​កំពុង​អនុវត្ត​គោល​នយោបាយ ការធ្វើ​ពាណិជ្ជ​កម្ម​​ផ្សា​ភ្ជាប់​ និង​លក្ខ​ខណ្ឌ​ការងារ​ដែល​ជា​គំរូ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ និង​ពិភព​លោក​ ហើយ​ក៏​ទទួល​បានជោគ​ជ័យ​រយៈ​ពេល​ជាង​ ១០​ឆ្នាំ ​មក​ហើយ​។ នេះ​បើ​តាម​ឲ្យ​ដឹងពី​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​។

ឯកឧត្តម​ ចម​ ប្រសិទ្ធ ​ទេស​រដ្ឋ​មន្រ្តី​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ជា​សហ​ប្រធាន​ក្រុម​ការងារ​ផ្នែក​ផលិត​ កម្ម​កែ​ច្នៃ​សំរាប់​នាំចេញ​ និង​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​ បាន​មាន​ប្រសាសន៍​ថា​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ផ្នែក​ផលិត​កម្ម​កែ​ច្នៃ​សំរាប់​នាំ​ចេញ ​និង​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​ក្នុង​គោល​បំណង​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា​នានា​ដែល​ជា​កង្វល់​របស់​វិស័យ​ឯក​ជន​ ក្នុង​ន័យ​រិះរក​វិធី​ដោះ​ស្រាយ​និង​ស្វែង​រក​យន្ត​ការ​សម​ស្រប ​ក្នុង​ដំណើរ​ការ​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​ និង​ជំរុញ​ពាណិជ្ជ​កម្ម​នាំ​ចេញ​។

លោក​ វ៉ាន់ ​ស៊ូអៀង​ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា ​តំណាង​អោយ​វិស័យ​ឯក​ជន​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន ​រួម​មាន ​ការ​ស្នើ​សុំ​វិញ្ញា​បន​បត្រ​ប្រភព​ដើម​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេត​ការ​សម្រួល​ការ​ចេញ​វិញ្ញា​បន​បត្រ​ប្រភព​ដើម​ទំនិញ​ទម្រង់​ A ​សម្រាប់​រោង​ចក្រ​ដែល​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​ ការ​ប្រកាស ​និង​ការ​រាយការ​ណ៍​នៃ​សមាស​ធាតុ​ក្រណាត់​ដែល​នាំ​ចូល​បម្រើ​ឲ្យ​វិស័យ​រោង​ចក្រ​កាត់​នៅ​កម្ពុជា​ការ​កាត់​បន្ថយ​កំរ៉ៃ​ការ​គ្រប់​គ្រង​ការ​នាំចេញ​សម្រួល​ការ​ចេញ​វិញ្ញា​បនបត្រ​ឲ្យ​បាន​ឆាប់​សម្រាប់​ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ​ និង​ផលិត​ផល​មិន​មែន​ឈើ​ហុប ​ដែល​ធ្វើ​ទៅ​ជា​សង្ហា​រិម​ និង​ផលិត​ផល​ដទៃ​។

​លោក​បាន​បន្ត​ថា​ ការ​សើ្ន​ឲ្យ​អគ្គ​នាយកដ្ឋាន​កាំកុង​ត្រូល​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ទទួល​យក​វិញ្ញា​បនបត្រ​មេឡាមីន​តែម្តង ​សម្រាប់​រយៈ​ពេល​ ០១​ឆ្នាំ​សម្រាប់​ផលិត​ផល​ថា​ប្រភេទ ​ដូច​គ្នា ​និង​ធ្វើ​តេស្ត​ឡើង​វិញ​សម្រាប់​វិញ្ញា​បន​បត្រ​មេឡា​មីន​ថ្មី​មួយឆ្នាំ​ម្តង​បញ្ហា​ទំនិញ​គ្រោះ​ថ្នាក់​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​រដ្ឋ​លេខា​ធិកា​រដ្ឋាន​អាកាសចរ​ស៊ីវិលនិង​ការ​ទប់​ស្កាត់​ការ​លួច​សំលៀក​បំពាក់​ពី​កុង​តេនឺរ​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ​ចម​ ប្រសិទ្ធ ​បាន​មាន​ប្រសាសន៍ថា​ដើម្បី​សម្រួល​បរិយាកាស​វិនិយោគ​ ព្រម​ទាំង​​ការ​ចេញ​វិញ្ញា​បនបត្រ​ប្រភព​ដើម​ទំនិញ​សម្រាប់​ក្រុមហ៊ុន​រោង​ចក្រ​ដែល​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​ គឺ​អនុញ្ញាត​ឲ្យប្រើ​សេវា​សាធារណៈ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ដែល​នៅ​ជិត​បំផុត​ និង​តម្រូវឲ្យ​ក្រុម​ហ៊ុន​ប្រកាស​និង​រាយការណ៍​នៃ​សមា​សធាតុ​ក្រណាត់​នាំចូល ​គឺ​ជា​ការ​ចាំ​បាច់​សម្រាប់​ការងារ​កាត់​ស្តុក​ ហើយ​ឯក​ឩត្តម​ក៏​បាន​អនុញ្ញាត​ឲ្យ​ទំនិញ​ចូល​ហើយ​ទើប​កាត់​ស្តុក​ក៏​បាន​ ចំពោះ​ការ​កាត់​បន្ថយ​ កំរៃ​ការ​គ្រប់គ្រង ​និង​ការ​នាំចេញ​។ ​នា​ឱកាស​នោះ​ដែរ​ឯឧត្តម​ក៏​បាន​ឯកភាព​ដោយ​បញ្ចុះ​តម្លៃ​ចំនួន ១០​ភាគរយ​តាម​ការ​សើ្ន​សុំ​ចំពោះ​ការ​សម្រួល​ការ​នាំ​ចេញ​វិញ្ញា​បន​បត្រ​សម្រាប់​ការ​នាំ​ចេញ​បន្លែ ​ផ្លែ​ឈើ​ និង​ផលិត​ផល​មិន​មែន​ឈើ​ហុប​។

ឯកឧត្តម ​ចម​ ប្រសិទ្ធ​ បាន​ឯក​ភាព​លើ​ការ​ស្នើរ​សុំ​ទាំង​នោះ​ក៏ប៉ុន្តែ​មិន​អាច​រំលង​ការ​ត្រួត​ពិនិត្យ​ពី​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​បាន​ឡើយ​ពី​ព្រោះកាំ​កុង​ត្រូល​មាន​ឩបករណ៍​ពិសោធន៍​ទំនើប​​លើសារ​ធាតុ​មេឡាមីន​នៃ​ម្សៅទឹក​ ដោះ​គោ​កូន​ក្មេង​ ហើយ​បាន​រិត​បន្តឹង​ការងារ​នេះ​តាំង​ពី​ដើម​រៀង​មក​ចំពោះ​ទំនិញ​គ្រោះ​ថ្នាក់​ ដែល​ត្រូវ​ហាម​ឃាត់​ដោយ​រដ្ឋ​លេខា​ធិការ​អាកាស​ចរ​ស៊ីវិល​ ជា​ពិសេស​លើ​ទឹក​កក​ស្ងួត​សម្រាប់​ក្លាសេ​ទៅ​លើ​បន្លែ​ផ្លែឈើ ​ឬថ្នាំ​វេជ្ជ​សាស្រ្ត​នោះ។​akp

អារ៉ាប់រួម​អេមីរ៉ាត សម្លឹង​ឃើញ​ការ​វិនិយោគ​នៅ​កម្ពុជា

នៅ​ក្នុង​ជំនួប​រវាង​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ប្រតិភូអម​នាយករដ្ឋមន្រ្តី​និង​រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Khaled Ghanem Al-Ghaith ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​នៃ​ប្រទេស​អារ៉ាប់រួម អេមីរ៉ាត ដោយ​ខណៈ​នោះ​លោក​ឧបការីរដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា វិនិយោគិន​អារ៉ាប់រួម អេមីរ៉ាត បាន​សម្លឹង​ឃើញ​ការ​វិនិយោគ​នៅកម្ពុជា លើ​វិស័យ​ដែល​មាន​សក្កានុពល​ខ្ពស់​ចំនួន​បី​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០១៣ នៅ​ទីស្តី​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅ​ក្នុង​ជំនួប​នោះ​ដែរ​លោក Khaled Ghanem Al-Ghaith បាន​ជម្រាប​ថា វិស័យ​បី​ដែល​សំខាន់​គឺវិស័យ​កសិកម្ម ទេសចរណ៍ និង​ថាមពល។ ចំពោះ​វិស័យ​កសិកម្ម​នៅ​កម្ពុជា វិនិយោគិន​អេមីរ៉ាតអារ៉ាប់រួម ផ្តោត​សំខាន់​លើ​ឧស្សាហកម្ម​ស្រូវ វិស័យ​ទេស ចរណ៍​ផ្តោត​សំខាន់​លើ​ការ​ហោះ​ហើរ​ត្រង់ពី​អេមីរ៉ាត អារ៉ាប់រួម មក​កម្ពុជា ដែល​ផ្សា​ភ្ជាប់​នឹង​លំហូរ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ និង​វិស័យថាមពលវិញ វិនិយោគិន អេមីរ៉ាត អារ៉ាប់រួម មានបំណងវិនិយោគ លើប្រេង និងឧស្ម័ន។​

ជា​ការ​ឆ្លើយ​តប ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​នូវ​ស្វាគមន៍​ដែល​វិនិយោគិន អេមីរ៉ាត អារ៉ាប់រួម មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ស្រូវ ខណៈ​ដែលរាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិកម្ម​ស្រូវ​និង​ការ​នាំចេញ​អង្ករ សំដៅ​ជំរុញ​ការ​ផលិត​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​នៅ​ជន​បទ។

នៅ​ក្រោយ​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​ពិភាក្សា​អំពី​ការ​រៀប​ចំ​កិច្ច​ព្រមព្រៀង ស្តី​ពី​ការជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នូវ​ការ​វិនិយោគ ដើម្បី​ជា​ការ​បើក​ផ្លូវ​សម្រាប់​វិនិយោគិន អេមីរ៉ាត អារ៉ាប់រួម ចាប់​ផ្តើម​វិនិយោគ​កម្ពុជា។akp

ប្រទេស​បី​នៅ​តំបន់​អាស៊ាន មាន​កំណើន​កើន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ

ក្រោយ​ពី​ដំណើរ​វិល​ត្រលប់​ ពី​កិច្ចប្រជុំ​ទេសចរណ៍​អាស៊ាន​លើក​ទី១៦ កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ទេសចរណ៍អាស៊ាន ចិន ជប៉ុន និង​សាធារណៈ​រដ្ឋ​កូរ៉េ​លើក​ទី១២ កិច្ច​ប្រជុំ​អាស៊ាន-ឥណ្ឌាលើកទី៤ កិច្ច​ប្រជុំរដ្ឋមន្រ្តី​GMSលើកទី៤ និង​វេទិការ​ទេសចរណ៍​អាស៊ាន​នៅ​ប្រទេស​ឡាវ។ កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០១៣នេះ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង ទេសចរណ៍បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ព្រលាន​យន្តហោះ។

លោក​រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថា​ សន្ទុះ​កើន​ឡើង​សម្រាប់​ភ្ញៀវ​ទេសចរ​មាន​នៅ​ក្នុង​ប្រទេស​បី នៅ​តំបន់​អាស៊ាន ដែល​មាន​កម្ពុជា ឡាវ មីយ៉ានម៉ានេះ វា​ជា​ការ​កើន​ឡើង​នៃ​ចំនួន​ភាគរយ​ទេ ហើយ​កម្ពុជា​បាន​កើន​ឡើង​២៤,៥​ភាគរយ។
លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា«នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ទេសចរ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ការ​កើន ឡើង​បី​ប្រទេស ហើយ​ក្នុង​ចំណោម​នេះ មីយ៉ាន់ម៉ា មាន​តិច​មិន​ទាន់​មាន​ច្រើន​ទេ មិន​ទាន់​ដល់​១ លាន​ទេ ប៉ុន្តែ​គាត់​ឡើង​ច្រើន»។

ម្យ៉ាង​ទៀត​តំបន់​អាស៊ាន​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង៨១​លាន​នាក់ ក្នុង​អត្រា​កំណើន​១០.១៤​ភាគរយ ក្នុង​នោះ​ទេសចរ​មក​ពី​ប្រទេស​ចិន ជប៉ុន កូរ៉េ មាន​ចំនួន​ប្រមាណ​១៨​លាន​នាក់ ទេសចរ​ឥណ្ឌា​ប្រមាណ​២.៧​លាន​នាក់ និង​ទេសចរ​ផ្ទៃ​ក្នុង អាស៊ាន​ស្មើ​នឹង​៤៦,៥​ភាគរយ​នៃ​ចំនួន​សរុប។ លោក​រដ្ឋ​មន្រ្តី​បន្ថែម​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៣​នេះ ប្រទេស​បូក​បី​រួម​មាន ចិន កូរ៉េ ជប៉ុនដែលមានចំនួនភ្ញៀវ ទេសចរ​ចេញ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កាន់​ពិភព​លោក​នានា​មាន​ចំនួន​១១៤​លាន​នាក់ ក្នុង​នោះ​ប្រទេស​ចិន​មាន​ចំនួន ៨៣លាននាក់ ទៅ​កាន់​ពិភព​លោក។

សូម​ជម្រាប​ថា បើ​តាម​របាយការណ៍​របស់​អនុ​រដ្ឋ​មន្រ្តី​ទេសចរ​ចិន​បាន​ឲ្យ​ដឹង​ថា​ភ្ញៀវ​ទេសចរ​ចិន ធ្វើ​ដំណើរ​កំសាន្ត ទៅ​ក្រៅ​ប្រទេស​នានា នៅ​ទូទាំង​ពិភព នៅ​ឆ្នាំ​២០២០ អាច​មាន​ចំនួន​កើន​ឡើង រហូត​ដល់​២០០​លាន​នាក់។ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចិន​៨៣លានាក់នេះ បាន​ធ្វើ​ដំណើរ​កំសាន្ត ក្នុង​តំបន់​អាស៊ាន​ទាំង​១០​មាន​ប្រហែល​៩​លាន​នាក់ ហើយ​ធ្វើ​ដំណើរ​កំសាន្ត​មក​កម្ពុជា មាន​តែ ៣៣​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​កើន​ឡើង​ប្រហែល ៤០​ភាគរយ​ចំពោះ​ភ្ញៀវ​ទេសចរ​ជប៉ុន​ចេញ​ក្រៅ ប្រទេស​មាន​១៨​លាន​នាក់ ហើយ​ភ្ញៀវ​ជប៉ុន​មក​អាស៊ាន​មាន​ត្រឹម​តែ​ជាង​៤​លាន​នាក់ ហើយ​កូរ៉េ ចេញ​ក្រៅ​១៤​លាន​នាក់ ហើយ​មក​អាស៊ាន​ត្រឹម​តែ​ជាង​៤​លាន​នាក់​ដែរ។ នេះ​បើ​តាម​ប្រសាសន៍ លោក​រដ្ឋ​មន្ត្រី។
ផ្ដល់​សិទ្ធិ​ដោយ៖​ដើម​អម្ពិល

​រថយន្ត​ប្រជៀវ​ លក់​បាន​តម្លៃ​៤,២​លាន​ដុល្លារ​អាមេរិក​

រថយន្ត​ដែល​មាន​តម្លៃ​ ថ្លៃ​ជាង​គេ​នៅ​លើ​ពិភពលោក ដែល​មាន​ឈ្មោះ​ថា ​រថយន្ត​ប្រជៀវ​ (Batmobile) ត្រូវ​បាន​លក់​ដេញថ្លៃ​បាន ៤,២​លាន​ដុល្លារ​នៅ​កន្លែង​ដេញថ្លៃ​មួយ​នៅ​សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០១៣នេះ។​

លោក Adam West ដែល​តារាភាពយន្ត ក្នុង​រឿង​មនុស្ស​ប្រជៀវ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​លោក​បាន​ដាក់​លក់​ដេញ​ថ្លៃ​នូវ​រថយន្ត​ប្រជៀវ​របស់​គាត់​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​រឿង​មនុស្ស​ប្រជៀវ​នោះ។

ចំណែក ​លោក Rick Champagne ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ Phoenix ក្នុង​រដ្ឋ ​Arizona សហរដ្ឋអាមេរិក ក៏បាន​ទិញ​យក​រថយន្ត​នេះ​។

សូម​ជម្រាប​ថា លោក Rick Champagne អាយុ​៥៦​ឆ្នាំ​រូប​នេះ ដែល​កាលនោះ​មាន​អាយុ​១០​ឆ្នាំ​ គឺ​នៅពេល​ដែល​រឿង​មនុស្ស​ប្រជៀវ​បានចាប់ផ្តើម​លេង​​តាម​ទូរទស្សន៍​ក្នុង​ឆ្នាំ​១៩៦៦ បាន​និយាយថា​“ វា​ជា​សុបិន​មួយ​ដែល​ក្លាយជា​ការពិត​”។ នេះ​បើ​តាម​គេ​ហ​ទំព័រhttp://www.celebritycarsblog.com/។

[tabs slidertype=”images” fx=”slide” auto=”yes” autospeed=”3000″]
[imagetab]http://news.khmer79.com/wp-content/uploads/2013/01/batmobile-car1.jpg[/imagetab]
[imagetab]http://news.khmer79.com/wp-content/uploads/2013/01/batmobile-car2.jpg[/imagetab]
[imagetab]http://news.khmer79.com/wp-content/uploads/2013/01/batmobile-car3.jpg[/imagetab]
[imagetab]http://news.khmer79.com/wp-content/uploads/2013/01/batmobile-car4.jpg[/imagetab]
[/tabs]

ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​៤ កំពុង​សម្លឹង​រក​ការ​វិនិយោគ ក្នុង​កម្ពុជា

នៅ​វិមាន​សន្តិភាព​ នៃ​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ​នេះ​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​វិនិយោគ​ជប៉ុន ដឹក​នាំ​ដោយ​ឯក ឧត្តម Hidetoshi Nishimora​ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន ​និង​អាស៊ី​បូព៌ា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​​កាល​ពី​ថ្មី​ៗ​​​នេះ​។

ជំនួយការ​សម្ដេច​តេជោ​ លោក អ៊ាង ​សុផល្លែត​ បាន​ប្រាប់​បន្ទាប់​ពី​ជំនួប​នោះ​ថា ​ឯកឧត្ដម​ Hidetoshi​ Nishimor​a បាន​ជម្រាប​ជូន​សម្ដេច​តេជោ​ថា ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​​ដែល​បាន​ចូល​រួម​ក្នុង​គណៈប្រតិភូ​នេះ​ ក្នុង​នោះ​មាន​​ក្រុមហ៊ុន​៤ ដែល​ពាក់​ព័ន្ធ​នឹង​ឧស្សាហកម្ម ​បច្ចេក​វិជ្ជា​ធន​ខ្ពស់ និង​ក្រុមហ៊ុន​ ៣​ទៀត​ គឺ​ជា​ក្រុមហ៊ុន​ដែល​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ខ្ពស់​លើ​វិស័យ​បរិស្ថាន​កាត់​បន្ថយ​ឧស្ម័ន​បំពុល​បរិស្ថាន ​និង​ការពារ​បរិស្ថាន ក្រុម​ហ៊ុន​ពី​ទៀត ពាក់​ព័ន្ធ​ការ​កែច្នៃ​វត្ថុធាតុ​ដើម​ត្បូង​ពេជ្រ​និង​គ្រឿងអលង្ការ​សម្រាប់​លំអ​ថែម​ទៀត។

ជា​មួយ​គ្នា​នេះ ក៏​មាន​ក្រុម​ហ៊ុន​៣​ទៀត​ដែល​ពាក់​ព័ន្ធ នឹង វិស័យ ហេដ្ឋា​រចនាសម្ព័ន្ធ​សំណង់​វិស្វកម្ម​ក៏​ដូច​ជា​វិស័យ​កសិកម្ម​ផង​ដែរ។​ ក្រុមហ៊ុន​ទាំង​នេះ​ មក​កាន់​កម្ពុជា​ដើម្បី​ធ្វើ​ការ​សិក្សា​អំពី​លទ្ធភាព​សម្រាប់​ការ​វិនិយោគ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ផង​និង​មាន​បំណង​ចង់​ជួយ​ដល់​កម្ពុជា ពិសេស​លើ​វិស័យ​ធនធាន​មនុស្ស។

ជា​ចុង​ក្រោយ​សម្ដេច​តេជោ ​ហ៊ុន ​សែន​ ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​របស់​ជប៉ុន​មក​កាន់​កម្ពុជា និង​ថ្លែង​អំណរគុណ ចំពោះ​ការ​ចូល​រួម​ចំណែក​និង​មានបំណង​ចូល​រួម​ចំណែក​លើ​វិស័យ​ធនធាន​មនុស្ស​។​akp

កម្ពុជា​ ត្រូវ​ការ​អ្នក​ជំនាញ​ទេសចរណ៍​ ចំនួន​៥​សែន​នាក់​បន្ថែម

ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ​ដែល​មាន​នៅ​ក្នុងប្រទេស។ ជា​ពិសេស​វិស័យ​ទេសចរណ៍ ដោយ​ប្រទេស​កម្ពុជា​បាន​ព្យាករណ៍​ថា​ខ្លួន​នឹង​ទទួល​បាន​​ទេសចរ​៤​លាន​៥​សែន​នាក់​​នៅ​ក្នុង​​ឆ្នាំ​២០១៥​និង​៧​លាន​​នាក់​​នៅ​ក្នុង​​ឆ្នាំ​២០២០។ ដើម្បី​​អាច​​បម្រើ​​ភ្ញៀវ​ទេសចរ​៧​លាន​​នាក់​នោះ​បាន​កម្ពុជា​​ត្រូវការ​​អ្នក​ជំនាញ​ផ្នែក​​ទេសចរណ៍​​នេះ​​ប្រមាណ​៥​​សែន​​នាក់។ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៣​នេះ។

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ​ថោង ខុន​ បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើការ​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​ទេសចរណ៍​គ្រប់​ផ្នែក​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ទេសចរ​ជា​រៀង​រាល់​ឆ្នាំ។ កាល​ពី​ឆ្នាំ​២០១២​កន្លង​មក​នេះ ព្រះរាជាណាចក្រ​អច្ឆរិយៈ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​៣​លាន​នាក់។ នៅឆ្នាំ២០១៥​ខាង​មុខ កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​៤​លាន​៥​សែន​នាក់។ ហើយ​នៅ​ឆ្នាំ​២០២០ ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើន​ដល់​៧​លាននាក់។ នៅ​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​កើន​ដល់​៧​លាន​នាក់ ពេលនោះ ​ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍។ លោក​រដ្ឋមន្ត្រី​បានបន្តថា«បើ​យោង​តាម​ការ​សិក្សា ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវ​ទេសចរ​៧​លាន​នាក់​បាន​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នោះ កម្ពុជា​នឹង​ត្រូវ​បណ្តុះ​បណ្តាល​អ្នក​ជំនាញ​ចំនួន​៥​សែន​នាក់​បន្ថែម​ទៀត។ ដើម្បី​ទទួល​បាន​លទ្ធផល​នេះ ក្រសួង​កំពុង​សហការ​ ជាមួយ​ដៃគូ​អភិវឌ្ឍផ្នែក​ឯកជន ស្ថាប័ន​អប់រំ​ជាតិ និង​អន្តរជាតិ​នានា ដើម្បី​បង្កើន​អ្នកជំនាញ​ទេសចរណ៍​អោយ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត»។

ស្រប​ពេល​នឹង​កំណើន​ទេសចរណ៍​កើន​ឡើង​នោះ​ដែរ ប្រទេស​​កម្ពុជានៅ​ខ្វះ​ផលិតផល​គ្រប់​បែប​យ៉ាង​ដើម្បី​ផ្គត់ផ្គង់​វិស័យ​ទេសចរណ៍​របស់​ខ្លួន។ បច្ចុប្បន្ន​នេះ វិស័យ​ទេសចរណ៍​ខ្មែរ​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​មែន ប៉ុន្តែ​ប្រាក់​ចំណូល​ស្ទើរ​២០​ភាគរយ​ត្រូវ​បាន​ធ្លុះ​ធ្លាយ​ទៅវិ​ញ​តាម​រយៈ​ការ​ទិញ​ទំនិញ​បរទេស។ របស់​របរ​អនុស្សាវរីយ៍​លក់​នៅ​ក្នុង​ខេត្ត​សៀមរាប និង​នៅ​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន​ដែល​ដាក់​ផ្លាក​ផលិត​នៅ​កម្ពុជា​នោះ​​ តាម​ពិត ​ជា​ផលិត​ផល​នាំ​ចូល​ពី​បរទេស​ទេ។ នេះ​បើ​តាមឲ្យ​ដឹង​ពី​លោក អាំង គីមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។

សូម​ជម្រាប​ថា អ្នក​ជំនាញ​ទេសចរណ៍​ដែល​ត្រូវ​បណ្តុះ​បណ្តាល​បន្ថែម​មាន​ជា៖ មគ្គុទេសក៍​ទេសចរណ៍ ការី​ទេសចរណ៍ អ្នក​គ្រប់គ្រង​តាម​សណ្ឋាគារ តាម​ភោជនីយដ្ឋាន និង​អ្នក​ផ្តល់​សេវា​បដិ​សណ្ឋារកិច្ច​។ល។rfi

រជ្ជកាល​ថ្មី​សហរដ្ឋអាមេរិក​ កំពុងតែ​បាញ់​ព្រួញ​វិនិយោគ​នៅ​តំបន់​អាស៊ី​

រជ្ជកាល​ថ្មី​របស់​សហរដ្ឋ អាមេរិក​ កំពុងតែ​ផ្តោត​គោល​នយោបាយ​សម្រាប់​បាញ់​ព្រួញ​វិនិយោគ​មក​កាន់​តំបន់​អាស៊ី​ ដោយ​ចាត់ទុក​ថា​ តំបន់​នេះ​គឺ​ជា​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​យ៉ាង​សំខាន់។​ នេះធើ្វឡើងនៅ​ក្នុង​កិច្ចប្រជុំតុមូល​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ទី១៨ ខែមករា ឆ្នាំ២០១៣ ​នេះ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ។

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​វិនិយោគ​នៅ​កម្ពុជា​នាំមុខ​ដោយ​ប្រទេស​ចិន​ ដែលមាន​ទឹកប្រាក់​ជាង​៨,៨​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១១​ ហើយ​សហ​រដ្ឋ​អាមេរិក​ស្ថិត​ក្នុង​លំដាប់​ទី៥​ជាមួយ​នឹង​ទឹក​ប្រាក់​វិនិយោគ​កើន​ដល់​១,២៨៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១​ដែរ។​

លោក​ ផូ ហុង ហ្វុង​ (Pho Hong Phong) ​មន្ដ្រី​មកពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ថ្លែង​ថា ​ក្រុម​ពាណិជ្ជករ​អាមេរិក​កំពុង​សម្លឹង​រក​ការ​បណ្តាក់ទុន​នៅ​កម្ពុជា។​ «ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​មិនមែន​គ្រាន់តែ​ស្ថិត​ជា​ក្របខណ្ឌ​នៃ​ប្រទេស​មួយ​តែឯង​ទេ ​ប៉ុន្តែ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រទេស​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​ ហើយក៏​ជា​ផ្នែក​មួយ​នៃ​សមាគម​អាស៊ាន។ ​ហើយ​នៅពេល​ដែល​អ្នក​និយាយ​ដល់​សមាគម​អាស៊ាន​ដែលជា​ទីផ្សារ​មួយ​កំពុង​លូតលាស់​នោះ​បណ្តាជន​មាន​ក្តី​រំភើប ​ហើយ​ក្រុមហ៊ុន​អាមេរិក​ចង់​មក​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា»។​

ខណៈពេលដែល​សហ​រដ្ឋអាមេរិក​សម្លឹង​រក​ឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​​របាយការណ៍​រប​ស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ក្នុង​សប្តាហ៍​នេះ​បង្ហាញ​ថា​ កម្ពុជា​បាន​នាំចេញ​ផលិតផល​ផ្សេងៗ​ទៅ​លក់​នៅ​សហ​រដ្ឋ​អាមេរិក​ គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​២០១២ ​គិត​ជា​ទឹកប្រាក់​ស្មើ​២,៤៩ពាន់​លាន​ដុល្លារ​គឺ​ធ្លាក់ចុះ​ចំនួន​១​ភាគរយ ​បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​១១​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ២០១១។​ ដោយឡែក​កម្ពុជា​នាំចូល​ផលិតផល​ពី​សហ​រដ្ឋ​អាមេរិក​វិញ​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១២​មាន​ទឹកប្រាក់​ចំនួន​២១៣​លាន​ដុល្លារ​ ដែល​ចំនួន​នេះ​បាន​កើន​ឡើង​២៦​ភាគ​រយ។voa

រោងចក្រ​ធំ​ពីរ​ ចាប់​ផ្ដើម​បញ្ចុះ​បឋម​សិលា​ សាងសង់​ហើយ​

រោងចក្រ​កាត់ដេរ​ចំនួន​ពីរ ត្រូវបាន​ចាប់ផ្ដើម​បញ្ចុះបឋមសិលា​សាងសង់ ក្នុង​សួន​ឧស្សាហកម្ម​សិរីសោភ័ណ (Sisophon Industry Park = SIP) ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ថិតនៅ​ជើងភ្នំ​ដូងព្រះ ភូមិ​ដីឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។​ កាលពី​​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៣។

​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​កាបូប យីហោ​រូប​សត្វ​ក្រពើ​នោះ មានឈ្មោះ អេស​ភី​ប្រា​ដ័​រ ស៊ីសូផុន (SP Brother Sisophon) ឬ​បងប្អូន​សិរីសោភ័ណ និង​ក្រុមហ៊ុន​មាន​លោក សាយ ជី​ញ ជនជាតិ​ថៃ ដើមកំណើត​ខ្មែរ និង​លោក យូ ជនជាតិ​ថៃ ជា​ម្ចាស់​សហ​ភាគទុន និង​គ្រប់គ្រង​។​

គួរ​បញ្ជាក់​ថា​ ​រោងចក្រ​កាត់ដេរ មាន​វត្តមាន​ដំបូងបង្អស់​នៅ​ខេត្តបន្ទាយមានជ័យ​នេះ ស្ថិតក្នុង​សួន​ឧស្សាហកម្ម​ស៊ីសូផុន ដែលមាន​ដី​ទំហំ​ជាង ៥០ហិកតា​។

ភ្ញៀវ​ទេសចរ​បរទេស​ ចូល​មក​កម្ពុជា​ មាន​ចំនួន​៣.៥​លាន​នាក់

នៅ​ឆ្នាំ​២០១២ កន្លង​មក​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​មានចំនួន​៣.៥​លាន​នាក់ ហើយ​ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​នេះ ចំនួន​ជាង​២​ពាន់​លាន ដុល្លារអាមេរិក។ កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៣។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ទេសចរណ៍។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​មាន​ប្រសាសន៍​ថា កំណើនទេសចរនេះ​គឺ​បាន​កើន​ឡើង​ជាង​ឆ្នាំ​២០១១ ចំនួន​២៥​ភាគរយ។ ចំណែក​ភ្ញៀវ​ទេសចរ ក្នុង​ស្រុក​គឺ​មាន ប្រមាណ​ជាង​៨លាននាក់ ដែល​តួ​លេខ​នេះ កើន​ជាង​ឆ្នាំ​២០១១ កន្លង​ទៅ​ចំនួន​៣​ភាគរយ ហើយ​ក្នុង​វិស័យ​នេះ អាច​បង្កើត​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា បាន​ប្រមាណ​៣៥ម៉ឺន​
នាក់​ផង​ដែរ។

លោក បន្ត​ទៀត​ថា ទេសចរណ៍​កម្ពុជា​គឺ​ជា​ទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ ហើយ​ត្រូវបាន ចាត់​ទុក​ថា ជាទេសចរណ៍«មាស​បៃតង»ហើយ​ក៏​ជា​វិស័យ​អាទិភាព​មួយ​ផង​ដែរ ក្នុង​វិស័យ​អាទិភាព​នានា ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា តាម​រយៈ​នៃ​ការ បង្កើន​ការងារ​ដល់​ប្រជាជន បង្កើត​ចំណូល​ដល់​ជាតិ ការលើកកម្ពស់វប្បធម៌​និង​ការ​ថែ​រក្សា​បរិស្ថាន។

សូម​ជម្រាប​ថា ដោយ​មាន​ការ​កើន​ឡើង​ជា​រឿយៗ​នូវ​ភ្ញៀវ​ទេសចរណ៍​បរទេស ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ លោករដ្ឋមន្រ្តី ថោង ខុន បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ ប្រមាណ​៤.៥​លាន​នាក់ ក្នុង​ឆ្នាំ​២០១៥ ហើយ​៧​លាន​នាក់ ក្នុង​ឆ្នាំ​២០១២០។ ផ្តល់​សិទ្ធិ​ដោយ​ដើម​អម្ពិល

កម្ពុជា​និង​តំបន់ស្វ័យយ័ត​គ័ង​ស៊ីច័ង ចុះ​MoU លើ​វិស័យ​កសិកម្ម

ប្រទេស​កម្ពុជា និង​តំបន់ស្វ័យយ័ត​គ័ង​ស៊ីច័ង (Guangxi Zhuang) របស់​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​អនុសា​រណ​យោប​យល់​គ្នា(MoU) ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ផ្នែក​ទំនាក់ទំនង និង​កសិកម្ម​ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៣។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម។​

នៅ​ក្នុង​ការ​ចុះ​Mou នោះ​ដែរ ខាង​ភាគី​កម្ពុជា​មាន លោក លត់ រស្មី អគ្គលេខាធិការ​នៃ​ក្រសួងកសិកម្ម​កម្ពុជា និង​លោក​ ចាង មីង​ផី (Zhang Mingpei) អគ្គនាយក​មន្ទីរ​កសិកម្ម​របស់​ខេត្ត​គ័ង​ស៊ី និង​មានការ​ចូលរួម​ពី​លោក​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង
កសិកម្ម​កម្ពុជា​ ដែល​មាន​សុពលភាព​រយៈ​ពេល​៥​ឆ្នាំនេះ។​

​នៅ​ក្នុង​នោះ​ដែរ មន្ទី​កសិកម្ម​របស់​ខេត្ត​គ័ង​ស៊ី នឹង​បញ្ជូន​អ្នកជំនាញ​មកកាន់​ប្រទេស​កម្ពុជា ហើយនឹង​អញ្ជើញ​អ្នក ជំនាញ​ពី​កម្ពុជា​ទៅ​ខេត្ត​របស់ខ្លួន​វិញ ដើម្បី​សិក្សា​អំពី​បច្ចេកទេស​និង​ការ​ដក​បទពិសោធន៍​នៃ​ការ​គ្រប់​ជំងឺ និង​សត្វល្អិត​ចង្រៃ ការ
ប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត វា​រី​កសិកម្ម ចំនីអាហារ​សត្វ និង​ផ​លិ​ផលប​សុ​បក្សី គ្រឿងចក្រ​កសិកម្ម និង​ការអប់រំ​អំពី​
ដំណាំ​ដែល​ទទួលបាន​ទិន្នផល​ខ្ពស់​។

​សូម​បញ្ជាក់ នៅ​ពេល​ដែល​ទៅ​ដក​បទពិសោធន៍​ពី​គ្នា​នោះ មន្ទីរ​កសិកម្ម​ក៏​នឹង​ប្រាប់​អំពី​បច្ចេកទេស​ប្លែកៗ​ក្នុង​ការដាំ​ដំណាំ
របស់​ខេត្ត​នេះ​ដល់​ខាង​ភាគី​កម្ពុជា​ផងដែរ​។ ក្រៅពីនេះ​កម្ពុជា និង​ខេត្ត​គ័ង​ស៊ី ក៏បាន​ព្រមព្រៀងគ្នា​ក្នុង​ការ​បង្កើត​វេ​ទិការ​ផ្សេងៗ ក្នុងការ​ផ្សព្វផ្សាយ​ជំនួយ​កសិកម្ម និង​លើកទឹកចិត្ត ដល់​សហគ្រាស ក្នុងការ​ទំនាក់ទំនង​គ្នា តាមរយៈ​ការ​តាំងពិព័រណ៍​នានា​ជា​ច្រើន។