Logo

Friends Added

អប់រំ

ឆ្នេរសមុទ្រ​កម្ពុជា​ ជាឆ្នេរស្អាតជាងគេ លើពិភពលោក

តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០គីឡូម៉ែត្រ ស្ថិតនៅ ៤ខេត្ដ រួមមាន ព្រះស៊ីហនុ កោះកុង កំពត និងកែបត្រូវបានរាជរដ្ឋាភិបាល រៀបចំពិធីបញ្ចូល​ឆ្នេរ​សមុទ្រ ជាសមាជិកក្លឹបឆ្នេរស្អាត ជាងគេលើពិភពលោក បន្ទាប់ពីក្លឹបឆ្នេរ សមុទ្រពិភព​លោក​វាយតម្លៃ និងផ្ដល់ជូននូវវិញ្ញាបត្រ ទទួលស្គាល់ថា ជាឆ្នេរស្អាតបំផុត កាលពីពេល​ថ្មីរួចមក។ ពិធីបញ្ចូលជាសមាជិកនេះ ត្រូវបានរៀបចំឡើងក្រោម​អធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ នៅខេត្តព្រះសីហនុ។

សម្ដេចបន្ដថា តំបន់ឆ្នេរសមុទ្រ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាប៉ូលសេដ្ឋកិច្ចទី២ ក្នុងការទាក់ទាញវិនិយោគ សម្រាប់ជំរុញកំណើន សេដ្ឋកិច្ចជាតិ បន្ទាប់ពីរាជធានីភ្នំពេញ និងព្រមទាំង ជាគោលដៅទេសចរណ៍យ៉ាងធំ បន្ទាប់ពីតំបន់វប្បធម៌ទេសចរណ៍ ប្រវត្ដិសាស្ដ្រសៀមរាបអង្គរ។

សម្ដេចបានថ្លែងទៀតថា ចំនួនទឹកប្រាក់ នៃចំនួនវិនិយោគនៅតំបន់ឆ្នេរនេះ ដែលត្រូវបានអនុម័តចំនួន ១១៧គម្រោង ស្មើនឹង ១០.៧០១លានដុល្លារ មាន៤១,៦ នៃគម្រោង វិនិយោគទូទាំងប្រទេស។ ចំណែកចំនួន ភ្ញៀវទេសចរដែលមកទស្សនា តំបន់ឆ្នេរវិញ នៅ៥ខែ ដើមឆ្នាំ២០១១ មានចំនួនភ្ញៀវ អន្ដរជាតិមាន ៩ម៉ឺននាក់
កើនឡើង ៧,៥ ភាគរយ ឯភ្ញៀវជាតិមានចំនួន ៨៦ម៉ឺនាក់ កើនឡើង ១២,៨ភាគរយ បើធៀបនឹង រយៈពេលដូចកាលពីឆ្នាំមុន។ ហើយនៅឆ្នាំ ២០១១ នេះ រំពឹងថាឆ្នេរ សមុទ្រកម្ពុជាស្រូបភ្ញៀវទេសចរ ចំនួន ១៨ម៉ឺននាក់ ពោលគឺ កើនឡើង ៨,៥ភាគរយ បើធៀបនឹងឆ្នាំមុន។

សម្ដេចតេជោហ៊ុន សែន បានសម្ដែងនូវសុទិដ្ឋិនិយមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់តំបន់ ឆ្នេរនឹងមានកំណើនកាន់តែច្រើនថែមទៀត ខណះពេលការតភ្ជាប់ផ្លូវអាកាស ផ្លូវដែកមកកាន់ខេត្ដព្រះស៊ីហនុ
និងនៅ ក្រោយពីរមណីយដ្ឋានបូកគោ ខេត្ដកំពត ជាមេដែកឆក់ដ៏សំខាន់មួយ និងតភ្ជាប់ដីសណ្ដប្រទេសវៀតណាម និងភាគអាគ្នេយ៍ នៃប្រទេសថៃត្រូវបាន​ដាក់ឱ្យដំណើរការនោះ៕

ADB ផ្តល់ជំនួយ ៤លានដុល្លារ ដល់ប្រទេសមហា អនុតំបន់ទន្លេមេគង្គ

ធនាគារអភិឌ្ឍន៍អាស៊ី (ADB) ប្រកាសឱ្យដឹងថា ខ្លួនបន្តជួយជ្រោមជ្រែង ដល់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដោយផ្តល់ជំនួយ ៤លានដុល្លារ ដើម្បីបង្កើន ការប្រើប្រាស់ ជីវឧស្ម័ននៅក្នុងវិស័យកសិកម្ម ដើម្បីបំពេញតំរូវការថាមពលស្អាត និងសុវត្តិភាពស្បៀងអាហារ សម្រាប់ប្រជាជនក្រីក្រតាមជនបទ។

យោងតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១១ ឱ្យដឹងថា ក្រុមប្រឹក្សានាយករបស់ខ្លួន បានអនុម័តគម្រោង​ជំនួយ បច្ចេកទេសក្នុងតំបន់ ក្រោមទឹកប្រាក់ប្រមាណ៤លានដុល្លារអាមេរិក ដែលទឹកប្រាក់នោះ ទទួលបានពីមូលនិធិអភិវឌ្ឍន៍ Nordic ហើយរដ្ឋាភិបាល
កម្ពុជា ឡាវ និង វៀតណាម ក៏ចូលរួមផ្តល់ថវិកាបដិភាគប្រមាណ ៦០០.០០០ ដុល្លារអាមេរិកផងដែរ។

សេដ្ឋវិទូខាងកសិកម្ម និងធនធានធម្មជាតិ លោក Sununtar Setboonsarng បានឲ្យដឹងថា គម្រោងនេះ ក៏នឹងអាចជួយពង្រឹងសហប្រតិបត្តិការក្នុងតំបន់ នៅពេល ជីវឧស្ម័ន ស្តង់ដារ និងបទបញ្ញត្តិនានា ត្រូវបានប្រើប្រាស់​នៅក្នុងប្រទេសមហា អនុតំបន់ទន្លេមេគង្គ នឹងចាប់ផ្តើមនៅខែ កក្កដា ឆ្នាំ ២០១១ ហើយ នឹងបញ្ចប់នៅខែ ធ្នូ ឆ្នាំ ២០១៤ ហើយ មូលនិធិអភិវឌ្ឍ Nordic មានការចូលរួមពីស្ថាប័ន​អភិវឌ្ឍពហុភាគី ដូចជាប្រទេសដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ណ័រវ៉េ និងស៊ុយអ៊ែត។

កម្ពុជានឹងមានស្ពានថ្មី ឆ្លងកាត់សមុទ្រ​ នៅថ្ងៃ១២កក្កដា

” តេជោ មរកត ” ជា​ឈ្មោះ​ស្ពាន​ឆ្លង​សមុទ្រ ដោយ​ចំណាយ​ទឹកប្រាក់​ជាង ៣១លាន​ដុល្លារ ពី​ដែន​គោក ឆ្ពោះ​ទៅ​កោះពស់ ស្ថិតនៅ​ជិត​កំពង់​ផែ​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១១ស្អែក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​​ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

ស្ពាន​កោះពស់ បាន​ចាប់​ដំណើរការ​កសាង កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០០៨ ដោយ​ចំណាយ​ទឹកប្រាក់​ជាង ៣១ លាន​ដុល្លារ ​មាន​ប្រវែង ៩០០ ម៉ែត្រ​។ តែ​បើ​គិត​ទាំង​ជើងទម្រ​ទាំងសង្ខាង ស្ពាន​នោះ មាន​ប្រវែង ១.០០០ ម៉ែត្រ ដោយ​មាន​កំពស់​ពី​ផ្ទៃ​ទឹក ៤០ ម៉ែត្រ បុកគ្រឹះ​ចូល ក្នុង​ផ្ទែ​ដី​ក្រោម​ទឹក​ប្រវែង ៤០ ម៉ែត្រ​។ ស្ពាន​នេះ កសាង​ដោយ​ក្រុមហ៊ុន​ចិន ដែល​មើលទៅ​ប្រៀប​ដូច​ឥ​ន្នូ ចុះ​កណ្តាល​សមុទ្រ​។

តាម​គម្រោង​ស្ពាន​នោះ ត្រូវ​សាងសង់​ចប់​នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​ដោយសារ​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច ទើប​ការសាងសង់ មាន​ការយឺត​​យ៉ាវ​បន្តិច​។​គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​កោះពស់​នេះ ស្ថិត​នៅក្នុង​គម្រោង​អភិវឌ្ឍ​កោះ​ពស់ ជា​ទីក្រុង​មរកត ដែល​មាន​តម្លៃ​ប្រមាណ ៣០០ លាន​ដុល្លារ​។ រដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយក្រុមហ៊ុន Koh Puos Investment Group Ltd., ( KPIG ) របស់​រុស្ស៊ី កាលពី​ឆ្នាំ​២០០៦ ក្នុង​កុងត្រា​រយៈពេល៩៩ឆ្នាំ​៕​

រោងចក្រ​ ចម្រាញ់​ប្រេងកាត នឹងមាននៅកម្ពុជា ឆាប់ៗនេះ

ក្រុមហ៊ុន Cambodian Petrochemical​​ ត្រូវបានអាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ បានចុះហត្ថលេខា​អនុញ្ញាត​ អោយបើកការសិក្សា​អំពីលទ្ធភាព​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាតនៅកម្ពុជាហើយ ​ដែល​មាន​តម្លៃ​ទឹកប្រាក់១៦០០​លាន​ដុល្លារ។

​​បើតាមឧកញ៉ា​ហាន់ ឃៀង​តំណាង​ក្រុមហ៊ុន Cambodian Petrochemicalបាន​បញ្ជាក់ថា ក្រុមហ៊ុន​របស់​លោក​បាន​ចាប់ផ្តើម​ការ​សិក្សា​លើ​ការ​សាងសង់​រោងចក្រ​នេះ​ ហើយរោង​ចក្រ​នេះ​​មាន​តម្លៃ​១៦០០លាន​ដុល្លារ។​ រោងចក្រ​ចម្រាញ់​​ប្រេងកាត ​នៅ​កម្ពុជា​​នឹង​មាន​រូបរាងនៅក្នុង​អំឡុង​​៣​ឆ្នាំ​ខាង​មុខ​នេះ។

រោងចក្រ​នេះ​មាន​តម្លៃ​១៦០០​លាន​ដុល្លារ​ ​នឹង​ត្រូវ​សាងសង់​ ដោយ​ក្រុមហ៊ុន​Cambodian Petrochemical​ដែល​មាន​ភាគហ៊ុន​កម្ពុជា​និង​ចិន។ ​​ក្រុមហ៊ុន​Cambodian Petrochemical​ ​នឹង​បោះ​ទីតាំង​សាងសង់រោងច្រកនេះ នៅ​ព្រំប្រទល់​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​លើ​ផ្ទៃដី​ជាង​៣០០០​ហិកតា៕

កម្ពុជា​ ទទួលជោគជ័យ​ច្រើន​ ក្នុងការ​កាត់បន្ថយ​ ភាពក្រីក្រ​

ចុងសប្តាហ៍នេះ ប្រទេស​កម្ពុជា​បាន​អះអាង​ពី​ជោគជ័យ​ច្រើន ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ របស់​ប្រជាជន​ ហើយ​​អង្គការសហប្រជាជាតិ​ ​ក៏បាន​កត់សំគាល់​ឃើញ​ពី​ភាព​រីកចំរើន​នេះដែរ​ គឺបាន​ប្រមាណ​ជាង​១​ភាគរយ​ ក្នុង​មួយឆ្នាំ ​ហើយ​ផលិតផល​សរុប​របស់​មនុស្ស​ម្នាក់ៗ​បាន​កើនឡើង​២​ដង​។​

ចាប់ពី​ឆ្នាំ ​២០០០​ដល់​ឆ្នាំ​២០០៧​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ គិត​ជា​មធ្យម​ប្រមាណ​ជាង​៩​ភាគរយ​​និង​រក្សាបាន​ស្ថិ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​អតិផរណា​អោយនៅ​ទាប​ក្រោម​៥​ភាគរយ​។​

គួរ​រលឹក​ដែរ​ថា​អត្រា​ភាពក្រីក្រ​របស់​ប្រទេស​កម្ពុជា ​បាន​ធ្លាក់ចុះ​ពី​ ៤៧​ភាគរយ​នៅ​ឆ្នាំ​១៩៩៣​,​៣០​ភាគរយ​នៅ​ឆ្នាំ​២០០៧​, ២៧,៤​ភាគរយ​នៅ​ឆ្នាំ​ ២០០៩​និង​​ប្រមាណ​២៦​ភាគរយ​នៅ​ឆ្នាំ​២០១០​នេះ​ ហើយនឹងបន្ត​គោលដៅឲ្យបាន​១៩,៥​ភាគរយ នៅ​ឆ្នាំ​២០១៥​៕

កម្ពុជា នាំចេញអង្ករ កើនឡើង ជាង៣៦០ភាគរយ​

ល្បឿន​នៃ​ការ​នាំ​អង្គរ​ចេញ ​នៅ​កម្ពុជា បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយ នៅ​ឆ្នាំ​២០១១​នេះ។ ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​នេះ មាន​ចំនួន ៣៦៩% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១០កន្លង​ទៅ នេះបើតាម​ព័ត៌មាន ក្នុងស្រុកឲ្យដឹងនៅចុងសប្តាហ៍នេះ។

កម្ពុជា​បាន​នាំ​អង្ករ​ចេញ ​បាន​ជិត ៩០.០០០​តោន ទៅ​កាន់​ទីផ្សារ​ប្រទេស​អឺរ៉ុប និង​ប្រទេស​ឯ​ទៀត បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ចាស់​កន្លង​ទៅ​ដែល​ការនាំចេញ បាន​ត្រឹមតែ ១៧.០០០​តោនប៉ុណ្ណោះ ក្នុង​រយៈពេល​ដូច​គ្នា។

ហើយ​តម្លៃ​ទឹកប្រាក់នៃ​ការ​នាំ​ចេញ កើន​ឡើង​ពី១៣,៤​លាន​ដុល្លារ​អាមេរិក ​ទៅ​ដល់៤៥,៧​លាន​ដុល្លារ​អាមេរិក។ ប្រទេស​កម្ពុជា មាន​អង្ករ​បម្រុង​ទុក​សម្រាប់​នាំ​ចេញ​ចំនួន ២,៥​លាន​តោន​សម្រាប់​ឆ្នាំ​២០១១​នេះ៕

កម្ពុជា ទទួល ទុនកម្ចីការប្រាក់ទាប៥០០លានដុល្លារ​ ពីADB

កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១១នេះធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាស អំពីបំណងរបស់ ខ្លួនក្នុងភាពជាដៃគូ ដើម្បីផ្តល់ទុនឥណទាន ការប្រាក់ទាប រយៈពេល ៣ឆ្នាំ (២០១១-២០១៣) ក្រោមគ្រោងទឹកប្រាក់ ៥០០លាន ដុល្លារអាមេរិក ក្នុងគោលបំណង រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសិក្សាកំណើនសេដ្ឋកិច្ច ក៏ដូចជាកាត់ បន្ថយភាព ក្រីក្ររបស់ប្រជាជនកម្ពុជា ។

ការប្រកាសផ្តល់ គម្រោងឥណទាននេះ បានធ្វើឡើងនៅក្នុងសន្និសីទ​​ សារព័ត៌មានមួយ កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១១នេះ នៅភូមិគ្រឹះ ADB សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ ក្នុងរាជធានីភ្នំពេញ ក្នុងចំណោមគ្រោង ឥណទាននេះ ឥណទានជាង ២០០លានដុល្លារ បានផ្តល់ អាទិភាពទៅលើ វិស័យកសិកម្ម ដឹកជញ្ជូន ការផ្គត់ផ្គង់ទឹក តាមរយៈពង្រីកផ្ទៃដីដាំ ដុះ បង្កើនផលិតភាពដំណាំស្រូវ ការកែឆ្នៃអង្ករ ជាដើម។​

គម្រោងឥណទានការប្រាក់ទាបនេះ រយៈពេល ៣ឆ្នាំ នឹងអនុវត្ត នៅឆ្នាំ២០១២ខាងមុខនេះ នៅខេត្តចំនួន ៧ ជុំវិញបឹង ទន្លេសាប មានខេត្ត កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្ត កំពង់ធំ ដែលមាន ផ្ទៃដីផលិតដំណាំច្រើន។ ​ក្រៅពីនេះ គម្រោងឥណទានការប្រាក់ទាបនេះ នឹងផ្តល់ទៅលើវិស័យអប់រំ ការកំណែទម្រង់ វិមជ្ឈការ និងសហវិមជ្ឈការ នៅកម្ពុជាផងដែរ៕

អាជីវ​កម្ម កំពុងប៉ះពាល់ ពី​ការ​បិទ​ច្រក​ម៉ាឡៃ ពី​ភាគី​ថៃ

មន្ត្រី​ច្រក​ព្រំដែន​កម្ពុជា​-ថៃ​ កំពុង​បារម្ភ​ពី​អាជីវ​កម្ម​ឆ្លង​កាត់​ច្រក​ទ្វារ​ម៉ាឡៃ ​នៅ​ខេត្ត​បន្ទាយ​​​​មានជ័យ​ ដោយសារភាគី​ថៃ បាន​បិទ​ច្រក​នេះ មួយសប្តាហ៍​មក​ ហើយទង្វើនេះ បានធ្វើឲ្យអាជីវកម្មភាគីទាំងពីរកម្ពុជានិងថៃ កំពុងរងការខាតបង់ប្រាក់​ចំណូលយ៉ាងច្រើន។

លោក​ កែវ​ រស្មី​ ប្រ​ធាន​ច្រក​ទ្វារ​ម៉ា​ឡៃ​ បាន​​ឲ្យដឹង​ថា ការ​ធ្វើ​អា​ជី​វ​កម្ម​ដឹក​ជញ្ជូន​ទំ​និញ​ដែល​នាំ​ចូល​ពី​ប្រ​ទេស​ថៃ​
មក​កាន់​កម្ពុជា​តាម​ច្រក​ទ្វារ​ម៉ាឡៃ ​ ភាគ​ច្រើន​ជា​គ្រឿង​បន្លាស់​យាន​យន្ត​ និង​អីវ៉ាន់ ចាប់​ហួយ​ ចំណែក​ទំ​និញ​ដែល​
នាំ​ចេញ​ពី​កម្ពុជា​វិញ​ភាគ​ច្រើន​ជា​កសិ​ផល​កសិកម្ម​។ លោក​លើកឡើង​ថា​៖ ​យើង​កំ​ពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​
​ប្រ​សិន​បើ​ច្រក​នេះ​ត្រូវ​បិទ​ក្នុង​រយៈ​ពេល​វែង​នោះ​វា​អាចនឹង​បង្ក​​ការ ប៉ះ​ពាល់​ដល់​កសិករ​ ព្រោះ​​​កសិករ​នៅ​តំ​បន់​នេះ​
ជិត​នឹង​ប្រមូល​ផល​ដំ​ឡូង​មី។​

មូលហេតុដែលបិទច្រកទ្វារនេះគឺ​ផ្តើម​ឡើង​ពី​ភាគី​ថៃ​ ដែល​​​ពួក​គេ​ទាម​​ទារ​សាង់​សង់​
ស្ពាន​ថ្មី​សម្រាប់​ឆ្លង​កាត់ វាង​ប្រទេស​ទាំង​ពីរ​តាម​ច្រក​នេះ។ លោក​បន្ត​ថា​ បើ​តាម​ការ​សង្កេត​របស់​លោក​ច្រក​នេះ​
នៅ​អាច​ឲ្យ​ទំ​និញ​​ឆ្លង កាត់​បាន​ក្នុង​ទម្ងន់​ ៣០​ តោន​។ ​បើ​អាជ្ញាធរ​ថៃ​ចង់​សាង​សង់​ស្ពានថ្មី​មែន​នោះ​ លុះ​ត្រា​តែ​
មាន​ការ​យល់​ព្រម​ពី​ភាគី​ កម្ពុជា​។ ម្យ៉ាទៀតចំ​ណូល​ពន្ធ​បាន​ពីមួយ​ខែ​មាន​ប្រ​មាណ​២៣​លាន​រៀល​។

លោក​ ច័ន្ទ​ នរ៉ា​ រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​ពាណិជ្ជ​កម្ម​ឲ្យ​ដឹង​ថា ​យើង​ក៏​លើក​យក​​បញ្ហា​នេះ​មក​ពិ​ភាក្សា​ដែរ។ លោក
​បញ្ជាក់​ថា ​ការ​បិទ​ច្រក​​នេះ​ពុំ​​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ រវាង​ប្រ​ទេស​​ទាំង​ពី​រឡើយ ព្រោះ​​តំ​បន់​នោះ​​
មាន​ច្រក​សំខាន់​ៗ​ផ្សេងទៀត​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​​។

ទេសចរ ឆ្លង​កាត់ ​ច្រក​ព្រំ​ដែន​ពីរ​​ ​​របស់​កម្ពុជា កើន​ខ្ពស់

ភ្ងៀវ​ទេសចរ​បរទេស​ ឆ្លង​កាត់​តាម​ច្រក​អន្តរជាតិ​សំខាន់​ពីរ​នៅ​កម្ពុជា​ ​គឺច្រក​ប៉ោយ​ប៉ែត និង​ច្រក​ព្រំ​ដែន​បាវិត​​កើន​ឡើង​យ៉ាង​ខ្លាំង នៅ​ឆមាស​ទី​មួយ​ឆ្នាំ​នេះ ទោះ​​បី​ជា​ចំនួន​ភ្ញៀវ​ទេសចរ​ថៃ បាន​ធ្លាក់​ចុះ​ក៏​ដោយ​។ ភ្ញៀវ​ទេសចរ​បរទេស​ប្រហែល២១៦ ៧៧៦​នាក់ បាន​ចូល​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​​និង ៣១៧០២៥នាក់ទៀត បាន​ចូលមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​​​បាវិត ។​

លោក លៀក រមនា ប្រធាន​រដ្ឋ​បាល​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច្រក​ប៉ោយ​ប៉ែត​បាន​ឲ្យ​ដឹង​ថាភ្ញៀវ​ទេសចរ​បរទេស​ប្រហែល២១៦ ៧៧៦​នាក់ បាន​ចូល​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​​ ក្នុងរយៈពេល​៦​ខែ​ឆ្នាំ​នេះ​ ភាគច្រើនភ្ញៀវ​ទេសចរ​រុស្ស៊ី និង​អាមេរិក​ ទោះ​បី​​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំ​ដែន ក្នុង​​ខេត្ត​ភាគ​ខាង​ជើង​​កម្ពុជា​ក៏​ដោយ។

ភ្ញៀវ​ទេសចរ​ថៃ​ចូល​មក​ទស្សនា​កម្ពុជា​តាម​ច្រក​នេះ​នៅ​ត្រី​មាស​ទី​ពីរ​ មាន​ ចំនួន១០ ៣​២០​នាក់​ គឺ​ធ្លាក់​ចុះប្រហែល១៦​ភាគ​រយ គឺ​ថយ​​ចុះ​ពី​១២ ២៩៦​នាក់​ក្នុង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​ទៅ។ លោក លៀក រមនាបន្ថែម​ថា៖ យើង​ជឿ​ជាក់​ថា ទេសចរ​ថៃ នឹង​កើន​​នៅ​ឆ្នាំ​នេះ ពេល​ដែល​យើង​មាន​ស្ថាន​ភាព​នយោ​បាយ​ល្អ​។តួ​លេខ​នេះ បាន​កើន​ឡើង ៥២​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ឆ្នាំ​​មុន ដែល​មាន​ត្រឹម ១៤១ ៨០៥​​ នាក់​ប៉ុណ្ណោះ។ នេះ​បើ​​តាម​ស្ថិតិ​​ទទួល​បាន​ពី​ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​នៅ​​ទី​នោះ។

លោក ឃុយ គ្រី ប្រធាន​អន្តោ​ប្រវេសន៍​អន្តរជាតិ​នៅ​ច្រក​ព្រំ​ដែន​បាវិត​​ឲ្យ​ដឹង​ ការ​ធ្វើ​ដំណើរ​​របស់​ភ្ញៀវ​ទេសចរបរទេស ឆ្លង​កាត់​ច្រក​ព្រំ​ដែន ​ដី​គោក​ដ៏​ធំ​ជាង​​គេ​របស់​កម្ពុជា គឺ​​ច្រក​បាវិត ដែល​ស្ថិត​នៅ​ជាប់​ព្រំ​ដែន​វៀត​ណាម បានកើន​ឡើង​១៥​ភាគ​រយ រហូត​ដល់ ៣១៧ ០២៥​ នាក់ ក្នុង​រយៈ​ពេល​៦​ខែ​ ឆ្នាំ​នេះ បើ​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា ឆ្នាំ​២០១០។ ប្រហែល​ជា​៨០​ភាគ​រយ​នៃ​ភ្ញៀវ​ទេសចរ​ដែល​ចូល​តាម​ច្រក​បាវិត ជាជន​ជាតិ​វៀត​ណាម ចំណែកអ្នក​ដែល​នៅ​សល់ ជា​ភ្ញៀវ​មក​ពី​បស្ចិម​ប្រទេស។ នេះ​បើ​​តាម​ស្ថិតិ​ទទួល​បាន​ពី​ច្រក​ព្រំដែន​អន្តរ​ជាតិ​បាវិត​
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍៕

កម្ពុជា និង ឡាវ ចុះហត្ថលេខា​ លើ​វិស័យ​មីន

ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១១ នៅ​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង ប្រទេស​ឡាវ បាន​ចុះហត្ថ​លេខា​លើ​កិច្ច ព្រម​ព្រៀង​សហប្រតិបត្តិការលើ​វិស័យមីន ជា​មួយ​គ្នានា​ រវាងលោកហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​
សកម្ម​ភាព​​កំចាត់មីនកម្ពុជា ( CMAC ) និងលោកប៊ុនពូន សាយ៉ាសេន ( Mr. BOUNPONE SAYASENH ) នាយកកម្មវិធី​ជាតិ​សកម្មភាព កម្ចាត់​មីនឡាវ ។ ដោយមានវត្តមានតំណាងមកពីអង្គការទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន ប្រចាំនៅប្រទេស កម្ពុជា និងប្រចាំនៅប្រទេសឡាវ អញ្ជើញចូលរួមផងដែរ។

ហេង រតនា បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអាជ្ញាធរជាតិសកម្មភាពកម្ចាត់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាមួយឡាវនេះ គឺផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងការប្តូរគ្នាទៅវិញ
ទៅមកនូវបទពិសោធន៍ និងបច្ចេកទេស ដែលកម្ពុជាមាននៅក្នុងការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណមិនទាន់ផ្ទុះ។

មូលហេតុដែលនាំឲ្យឡាវមានការចាប់អារម្មណ៍ធ្វើសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យមីននេះ ដោយឡាវ បានយល់អំពីនីតិវិធីនិង
សមត្ថភាពការងាររបស់កម្ពុជា ក្នុងបញ្ហាបោសសម្អាតគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕