Logo

Friends Added

សាសនា &ជំនឿ

ប្រជា​ពលរដ្ឋ ជាង១លាននាក់ មក​ចូល​រួម ការដង្ហែ ព្រះ​បរមសព សម្តេចឪ

ភ្នំពេញ៖ នាយកទី​ចាត់ការ​រដ្ឋបាល និងជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែង​ប្រាប់​ថា ប្រជា​ពលរដ្ឋ ដែលមក​ចូល​រួម​ការដង្ហែ ព្រះបរម​សព​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​នៃ​យើង​ទាំង​អស់​គ្នា​ នៅ​រសៀល​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ២០១២នេះ មាន​ចន្លោះ​ពី​១លាន ទៅ ១,២លាន​នាក់ ដែល​រាប់បញ្ចូល ទាំងអ្នក​មក​ពីតាម​បណ្តា​ខេត្ត និង​ប្រជា​ពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ។

លោក ឡុង ឌីម៉ង់ បានបន្តថា សាលា​រាជធានី​ភ្នំពេញ បាន​ផ្ញើ​លិខិត ជូន​ទៅ​តាម​ខណ្ឌ​ទាំង៩ ដោយ​អនុញ្ញាត​ឲ្យប្រជា​ពលរដ្ឋ ក្នុង​មួយ​ខណ្ឌ ចំនួន​១ម៉ឺននាក់ បាន​ចូល​រួម​មក ដង្ហែ​ព្រះបរមសព បូក​រួម​ទាំង លោកគ្រូ អ្នកគ្រូ និង​សិស្សានុ​សិស្ស ចំនួន៥ម៉ឺន​នាក់ ផ្សេង​ទៀត៕ ផ្តល់​សិទ្ធិ​ដោយ​ដើម​អម្ពិល













សេចក្តី​ជូន​ដំ​ណឹង និង​ជូន​ពរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

​គេហទំព័រ ​khmer79.com ​សូម​ជូន​ដំ​ណឹង​​ដល់​ប្រិយ​មិត្ត​អ្នក​អាន​​ទាំង​អស់​ដែល​​តែង​តែ​គាំទ្រ​គេហទំព័រ​​​យើង​ខ្ញុំ​ មេត្តា​ជ្រាប​ថា​​ ដើម្បី​អប​អរសាទរ​​​ក្នុង​ឱកាស​បុណ្យ​​​​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ គេហទំព័រ ​khmer79.com សូម​ផ្អាក​ការ​ផ្សាយ ចំនួន៥ថ្ងៃ ​​​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែ​តុលា​ ឆ្នាំ​២០១២។​ ​នៅ​​​ថ្ងៃ​ទី​១៨ ​ខែ​តុលា ​​ឆ្នាំ​២០១២​​ ​​នឹង​ដំណើរ​ការ​​ផ្សាយ​ជា​ធម្មតាឡើង​​វិញ។

​​រយៈ​ពេល​នៃ​ការ​​ឈប់​សម្រាក​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​គេហទំព័រ ​khmer79.com សូម​ប្រសិទ្ធពរ​​​ជ័យ ជូន​ដល់​មិត្ត​អ្នក​អាន​ទាំង​អស់​ ឲ្យ​ជួប​តែ​​សេច​ក្ដី​សុខ ​សេច​ក្ដី​ចម្រើន ​អាយុ​យឺនយូរ និង​មាន​សុភមង្គល​គ្រប់​ក្រុម​គ្រួសារ។​

ជា​ចុង​ក្រោយ​សូម​ឲ្យ​ប្រិយ​មិត្ត​អ្នក​អាន​ទាំង​អស់​ ទទួល​ផលានិសង្ស​បុណ្យ​ភ្ជុំបិណ្ឌ ​និង​ធានា​ឲ្យ​បាន​នូវ​​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​ទៅ​​​ទី​ជិត ​និង​ទី​ឆ្ងាយ។


សូម​មិត្ត​អ្នក​អាន​ទាំង​អស់ មេត្តា​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់ អំពី​ខ្ញុំ​បាទ។

    រាជធានី​ភ្នំពេញ​,​ ថ្ងៃទី១២ ​ខែ​តុលា ​ឆ្នាំ​២០១២

    ចាងហ្វាង​ការ​ផ្សាយ


    ទេព ច័ន្ទ​រស្មី

ពិធី​កាន់​បិណ្ឌ​ទី៣ ​នៅ​វត្ត​បន្ទាយ​ខ្មែរ​ឃុំ​ជើង​រាស់ ​ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ​

កាល​ពី​ថ្ងៃ​ទី​០៣​ ខែតុលា ​ឆ្នាំ​២០១២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៣រោច​ ខែ​ភទ្របទ​ឆ្នាំ​រោង ​ចត្វាស័ក​ ព​.ស​ ២៥៥៦​ ឯកឧត្តម​ លី​ សុន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ស្ពឺ ​និង​លោក​ជំទាវ ​ឯកឧត្តម ​ឧត្ដម​សេនីយ៍​ឯក អ៊ុក ​កោសា ​ទីប្រឹក្សា ​ឯកឧត្តម ​ទៀ​ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​អគ្គនាយក​រង អគ្គនាយកដ្ឋាន ​នយោបាយ ​និង​កិច្ចការ​បរទេស ​និង​ជា​នាយក ​នាយកដ្ឋាន​អភិវឌ្ឍន៍​ក្រសួង​ការ​ពារ​ជាតិ ​និង​លោក​ជំទាវ​ ជៀម​ ម៉ាលីន​ បាន​អញ្ជើញ​ទៅ​ចូល​រួម​ជាមួយ​ពុទ្ធ​បរិស័ទ​​ចំណុះ​ជើង​វត្ត​ ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី៣​ស្ថិត​ក្នុង ​វត្ត​បន្ទាយ​ខ្មែរ ​ឃុំ​ជើង​រាស់ ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ​ ដោយ​បាន​នាំ​យក​នូវ​ចង្ហាន់ ​ទ័យទាន​ និង​បច្ច័យ​មួយ​ចំនួន​ទៅ​វេ​ប្រគេន​ដល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ ដើម្បី ​ឧទ្ទឹស​កុសល​ផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ ​លោក​អ្នក​មាន​គុណ​ បុព្វការី ​មាន​មាតា ​បីតា ​ជីដូន​ ជីតា ​យុទ្ធជន ​អង់​អាច​ក្លាហាន​ ដែល​បាន​ពលី​ជីវិត​ ក្នុង​បុព្វហេតុ​ការ​ពារ​ជាតិ​ ព្រម​ទាំង​ញាតិ​ការ​ទាំង​៧​សន្តាន ​ដែល​បាន​បែក​ កាយ​រំលាយ​ខ្លួន​ទៅ​កាន់​លោក​ខាង​មុខ​ផង​ដែរ​។

បន្ទាប់​ពី​ព្រះ​សង្ឃ​និមន្ត​ ជយន្តោ ​ប្រោស​ព្រំ​សូត្រ​មន្ត​ សមាទាន​សីល​ និង​រាប់​បាត្រ​រួច​មក​។​ ឯកឧត្តម​ លី សុន ​និង​ឯកឧត្ដម ​អ៊ុក​ កោសា​ បាន​អញ្ជើញ​មាន​ប្រសាសន៍​សំណេះ​សំណាល​ជាមួយ​ លោក​យាយ​ លោកតា ​ឧបាសក ឧបាសិកា ​និង​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ក្នុង​ឱកាស​នោះ​ ដោយ​ឯកឧត្ដម ​បាន​ពាំ​នាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សាក​សួរ ​សុខ​ទុក្ខ ​និង​ការ​ជូន​ព្រះពរ​ជូនពរ​ពី​សម្ដេច​អគ្គ​មហា​ទាំង​បី​ ចំពោះ​ព្រះ​សង្ឃ​ពុទ្ធ​បរិស័ទ​ទាំង​អស់​។

ឯកឧត្តម​ បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​នេះ​ប្រជាពល​រដ្ឋ​យើង​ បាន​ទទួល​នូវ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង ​ប្រទេស​ជាតិ​រុង​រឿង​រីក​ចម្រើន​លើ​គ្រប់​វិស័យ ​និង​មាន​សន្តិភាព ​សុវត្ថិភាព​ ពេញ​លេញ​ទាំង​នោះ​ក៏​ដោយ​បាន​មក​ពី ​ប្រជាពលរដ្ឋ​ទាំង​អស់​រួម​គ្នា​ជា​​ធ្លុង​មួយ​ ព្រម​ទាំង​ឯកភាព​គ្នា​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សម្ដេច​​អគ្គ​មហា​ទាំង​បី ​ជា​ប្រមុខ​ដឹកនាំ​ជា​ពិសេស​គឺ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​និង ​លោក​ជំទាវ ​កិត្តិ​បណ្ឌិត​ ដែល​ជា​និច្ចកាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចុះ​ជួយ​ផ្ទាល់​ដល់​ប្រជាពល​រដ្ឋ​ជួប​ការ​លំបាក ​គ្រប់​បែប​យ៉ាង​ទាំង​ផ្នែក​ពុទ្ធ​ចក្រ​ និង​អាណាចក្រ ​ដូច​ជា​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ​រូបវន្ត ​ប្រឡាយ​ទឹក​ តូច​ធំ ​ផ្លូវ​ថ្នល់​ ស្ពាន​ សាលា​រៀន ​មន្ទីរ​ពេទ្យ​ វត្ត​អារាម​ ពិសេស​នៅ​ចំពោះ​មុខ​សម្ដេច​តេជោ​ បាន​បង្កើត​ក្រុម​យុវជន​ស្ម័គ្រ​ ចិត្ត​ចុះ​ទៅ​វាស់​វែង​ដី​ធ្លី​ ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ស្រប​ច្បាប់​ ដល់​ប្រជាពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ទៀត​ផង​។


​ ក្នុង​ពិធី​កាន់​បិណ្ឌ​នោះ ​ឯកឧត្តម​ ក៏​បាន​នាំ​យក​បច្ច័យ​ប្រគេន​ព្រះ​សង្ឃ​ចំនួន​៩​អង្គ​សរុប​២៩​ម៉ឺន​រៀល ​និង​តា​ជី យាយជី​ ១​លាន​២​សែន​រៀល ​បច្ច័យ​បង្សុកូល​២០​ម៉ឺន​រៀល​ កសាង​វត្ត​២០​ម៉ឺន​រៀល​ និង​ប្រគេន​ទូរ​ទស្ស​ន៍ ​១គ្រឿង ​ដោយ​ឡែក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ក្រសួង​ការពារ​ជាតិ​ ជួយ​កសាង​របង​វត្ត​ចំនួន​១០​ប្រឡោះ​ លោក​ ញ៉ាណ​ សៅរិទ្ធី​ និង ​លោក​ស្រី អ៊ុក​ ហឿន ​១០​ប្រឡោះ​ លោក ​តាន់ ​ជីវី​ និង​លោក​ នូ វិចិត្រ​ ១០​ប្រឡោះ​។


បន្ទាប់​មក​ឯកឧត្ដម​ លី​ សុន​ និង​ឯកឧត្ដម​ អ៊ុក ​កោសា​ និង​អ្នក​ចូល​រួម​ក៏​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​មើល​ ស្រះ​ទឹក​មួយ​មាន​ទទឹង ​៤៥​ម៉ែត្រ ​បណ្ដោយ​៥០​ម៉ែត្រ​ ជម្រៅ​២​ម៉ែត្រ ​ដែល​បាន​ស្ដារ​រួច​ ដោយ​ចំណាយ​អស់​ថវិកា​ចំនួន​៥៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែល​ជា​អំណោយ​របស់​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ឧត្តុង្គ ​ទុក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​សួស​ ឃុំ​ជើង​រាស់ ​ស្រុក​ឧត្តុង្គ​ ដើម្បី​ទុក​ប្រើ​ប្រាស់​ផង​ដែរ​៕

ឯកឧត្តម​ លី​ សុន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ស្ពឺ

ឯកឧត្តម​ លី​ សុននិង​ឯកឧត្តម អ៊ុក ​កោសា​​ព្រម​ទាំង​លោក​ជំទាវ​ប្រគេន​ចង្វាន់​​ដល់​ព្រះ​សង្ឃ

ឯកឧត្តម ​ឧត្ដម​សេនីយ៍​ឯក អ៊ុក ​កោសា

ស្រះ​ទឹក​ស្ដារ​រួច​

ពិធី​ក្រុង​ពាលី ​រូប​សំណាក​ តេជោមាស ​និង​តេជោយ៉ត

នា​រសៀល​ថ្ងៃ​ទី៣០​ ខែ​សីហា ​ឆ្នាំ​២០១២ ​នៅ​បរិវេណ​ មុខ​វត្ត​ឧណា្ណ​លោម​ មាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​ បូជា​ព្រះ​ចុល្លា​មុនីចេតីយ៍​ រូប​សំណាក់ ​អតីត​ ​មេទ័ព​ខ្មែរ តេជោមាស ​និង​តេជោយ៉ត​ នាសត្សវត៍ ​ទី១៦-១៧ ក្រោម​វត្ត​មាន​លោក ​កែប ​ជុតិមា​ អភិបាល​រាជធានី ​ភ្នំពេញ និង​លោក​ជំទាវ។

រូប​សំណាក​អតីត​ មេទ័ព​ខ្មែរ​ទាំង ​២រូប ​សាង​សង់​ឡើង​ពី​ស្ពាន់​ ជិះ​លើ​ខ្នង​សេះ​ មាន​កំពស់ ​៣,០៦ម៉ែត្រ​ឈរ​លើ​ផ្ទាំង​ថ្ម​ដា មួយ​ដុំ​ធំ ​មាន​បណ្តោយ​ប្រវែង ​៥ម៉ែត្រ ​កំពស់ ​១,៨០​ម៉ែត្រ​ អម​ដោយ​ផ្កា​ចំរុះ​ពណ៌​ព័ទ្ធ​ជុំវិញ​ ដាក់​នៅ​ចំ​កណ្តាល ​រង្វង់​មូល ​ មានវិជ្ឈមាត្រ ​ប្រវែង ​៧,៤០ម៉ែត្រ ​និង​ព័ទ្ធជុំវិញ​ ដោយ​ជញ្ជាំង ​ខឿន ​ធ្វើ​ពី​ឥដ្ឋកំ​ពស់​ ៤០សង់​ ទីម៉ែត្រ, កំរាស់៤០ ​សង់​ទីម៉ែត្រ​ ​ពី​ខាង​ក្រៅ​ ដែល​សាង​សង់​ឡើង ​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ​ តម្កល់​ ​នៅ​លើ​សួន​ច្បារ​ មុខ​វត្ត​ឧណ្ណា​លោម​ នា​មាត់​ទន្លេ ​ដើម្បី​ឧទ្ទិស ​ដល់​វីរភាព​ ដ៏​អង់​អាច​ក្លាហាន​ របស់​មេទ័ព ​ទាំង​ពីរ​រូប ​និង​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ បាន​ស្គាល់​ពី​ប្រវត្តិ​ ​ពិត​របស់​មេទ័ព ​ខ្មែរ​ ក្នុង​គោល​ដៅ ​ដើម្បី ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ និង​លើក​កម្ពស់​សោភណ័ភាព​ រាជធានី​ភ្នំពេញ​ផង​ដែរ។

នៅ​ក្នុង​ពីធី​នោះ ​គេ​សង្កេត​ឃើញ ​មាន​ការ​រៀប​ចំ ​នូវ​រណ្តាប់​​ទៅ​តាម​លក្ខណៈ ​ប្រពៃណី​ ទំនៀម​ទម្លាប់​ តាម​បែប​សាសនា ​មាន​គ្រឿង ​សក្ការ​បូជា ​ទៀន​ធូប ​ផ្កា​ភ្ញី ​និង ​លោក​អាចារ្យ​ ប្រកាស​ដល់​គ្រប់​ទសបារមី​ សុំ​ជួយ​ផ្តល់​សេចក្តី​សុខ​ ដល់​ប្រជាពល​រដ្ឋ​ទូទាំង​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​ទូទាំង​ប្រទេស ​ឈ្នះ​អស់​មារ​សត្រូវ​ផង ​ទាំង​ឡាយ។

ក្នុង​ឱកាស​នោះ​ដែរ ​លោក​អភិបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ជូន​ថា ​ការ​រៀប​ចំ​ពិធី​សុំ​ម្ចាស់​ទឹក​ដី ចង់​បង្ហាញ​ជូន ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ​យើង​ទាំង​អស់ ឱ្យ​បាន​ស្គាល់ ​ពី​មេទ័ព​ ដែល​ជា វីរៈ​បុរស​ការពារ​ទឹក​ដី​ ជា​អ្នក ​ដែល​យើង​ត្រូវ​គោរព​ ជា​ពិសេស​បណ្តុះ​ទឹក​ចិត្ត​កូន​ខ្មែរ​ ស្គាល់​ច្បាស់​ពីវីរភាព​ដ៏​អង់​អាច​ក្លាហាន ​មិន​ខ្លាច ​ស្លាប់​របស់ ​វីរៈបុរស ​ដែល​ការ​ពារ​ទឹក​ដី ​ដល់​យើង​ទាំង​អស់​នា​ពេល​នេះ។

សាលា​រាជធានី​ភ្នំពេញ ​មាន​គម្រោង ​២ឆ្នាំ​មុន ​ហើយ​ក្នុង​ការ​រៀប​ចំ​ រក​ទី​តាំង​ដ៏​សមរម្យ​ ហើយ​ទី​តាំង​មុខវត្ត ​ឧណ្ណា​លោម​នេះ​ គឺ​ជា​ទីតាំង​ពី​បុរាណ​មិន​មែន​ត្រឹម​តែ ​សត​វត្ស​ថ្មីៗនេះ​ទេ​ សត​វត្ស​ជា​យូរ​យារ​ណាស់​មក​ហើយ​ ជា​ទី​តាំង​គោរព​បូជា​ផង​ និង​ជា​ប្រយោជន៍​ ដល់​ប្រជា​ពល​រដ្ឋ​ ​ដែល​ដើរ​កាត់​ផង​ ដែល​ស្រប​តាម​ការ​អនុវត្ត​តាម​ ប្រសាសន៍ ​ដ៏​គតិ​បណ្ឌិត ​សម្តេច​តេជោ គឺ​ត្រូវ​លើក​តម្កើង​អ្វី​ដែល​ជា​ខ្មែរ។

ទន្ទឹម​នេះ​ សាលា​រាជធានី​ភ្នំពេញ ​ក៏​មាន​គម្រោង​រៀប​ចំរូប​សំណាក​ព្រះភិរុណ ​បែ​មុខ​ទៅ​លិច​ នៅ​ចំ​សួន​ច្បារ​ស្ពាន​អាកាស​ ៧មករា ​និង​មាន​គម្រោង​មួយ​ទៀត​​ គឺ​នឹង​រក​រូប​សំណាក​ ដែល​ជា​ស្ត្រី​ខ្មែរ​ផង​ដែរ៕
(ផ្តល់សិទ្ធ​ដោយ​ដើមអម្ពិល)

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​បា្ររព្ធ​ពិធី​អបអរ​បុណ្យ​រ៉ាម៉ាដាន នៅ​​ថ្ងៃ​ព្រហស្បតិ៍នេះ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​សីហា ឆ្នាំ​២០១២ វេលា​ម៉ោង ៥:៤៥ ល្ងាច លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិធី​អាហារ​ស្រាយបួស (Iftar) សំរាប់​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ភ្នំពេញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​ការ​រៀបចំ​ពិធី​អាហារ​ស្រាយ​បួស លោក​ឯកអគ្គរដ្ឋទូត William E. Todd នឹង​ដឹកនាំ​ពិធី​តាម​ប្រពៃណី​បុណ្យ​រ៉ាម៉ាដាន​អ៊ីស្លាម ជាមួយ​ឯកឧត្តម Zakaryya Adam សមាជិក​សភា និង​លោកស្រី Farah Pandith តំណាង​ពិសេស​របស់​ក្រសួង​ការបរ​ទេស​សហរដ្ឋ​អាមេរិក សំរាប់​សហគមន៍​អ្នក​កាន់​សាសនា ឥស្លាម ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា បុណ្យ​រ៉ាម៉ាដាន គឺជា​រយៈពេល​មួយ​ខែ​នៃ​ការ​តម​អាហារ​ប្រចាំ​ថ្ងៃ​ទាំង​ស្រុង ចាប់​ពី​ពេល​ថ្ងៃ​រះ ដល់​ពេល​ថ្ងៃ​លិច សំរាប់​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​រដូវ​បុណ្យ​សាសនា​នេះ អ្នក​កាន់​សាសនា​ឥស្លាម​តម​មិន​បរិភោគ​អាហារ ទឹក​និង​បំពេញ​តំរូវការ​ផ្សេង​ទៀត​របស់​រាងកាយ ដើម្បី​ធ្វើ​អោយ​វិញ្ញាណ​របស់​គេ​មាន​ភាព​បរិសុទ្ធ ផ្តោត​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​លើ​ជំនឿ​របស់​គេ និង ប្រតិបត្តិការ​លះបង់​ចំពោះ​ខ្លួនឯង​។ Iftar គឺជា​អាហារ​ដែល​គេ​បរិភោគ​នៅ​ពេល​ល្ងាច ដើម្បី​បញ្ចប់ ការ​តម​អាហារ​នៃ​ថ្ងៃ​និមួយ​ក្នុង​រដូវ​បុណ្យ​រ៉ាម៉ាដាន​។ តាំង​ពី​ឆ្នាំ​២០០៣​មក ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​រៀបចំ ពិធី​អបអរ​បុណ្យ​រ៉ាម៉ាដាន ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម​នៅ ប្រទេស​កម្ពុជា និង​ដើម្បី​លើក​កំពស់​ភាព​ចំរុះ​គ្នា​នៃ​ជំនឿ​សាសនា​។

លោក ម៉ៅ ឡាំង ដឹក​នាំ​ក្រុម​ការងារ​យក​ទៀន​វស្សា និង​គ្រឿង​ឧបភោគ ​បរិភោគ ទៅ​ប្រគេន​ព្រះ សង្ឃ​ចំនួន ៧វត្ត

លោក ​ម៉ៅ ឡាំង ប្រធានមន្ទីរ សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ កំពង់​ធំ និង​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ អណ្តូង​ពោធិ៍ ព្រម​ទាំង​សហ​ការី​ បាន​នាំ​យក​ទៀន​វស្សា ​គ្រឿង​​ឧបភោគ​បរិភោគ ព្រម​ទាំង​ថវិកា​មួយ​ចំនួន ​ទៅ​ប្រគេន​ព្រះ​សង្ឃ​ចំនួន ៧វត្ត ក្នុង​ឃុំ​ អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ។

លោក​ម៉ៅ ឡាំង និង​ក្រុម​ការ​ងារ​ ចុះ​ជួយ​ ឃុំ អណ្តូងពោធិ៍ បាន​នាំ​យក​ទៀន​វស្សា​ប្រគេន ព្រះសង្ឃ នៅ​វត្ត គ្រើល វត្ត ជីវភាព អណ្តូង​ពោធិ៍ ទួល​តាអ៊ាម វត្ត ថ្លា អ្នក​វាំង និងវត្ត​ទួល។ ក្នុង​នោះ​វត្ត​ នីមួយៗ ទទួល​បាន​ទៀន​មួយ​គូ សាដក់១ បច្ច័យ ១០ម៉ឺន​រៀល ប្រេង​កាត​មួយ​កាន មី១កេស ទឹក​សុទ្ធ​មួយ​យួរ និង​ព្រះសង្ឃ​ មួយអង្គៗ ២ម៉ឺន​រៀល​ទៀត​ផង។

នា​ឱកាស​នោះ លោក ម៉ៅ ឡាំង ​បាន​ចុះ​សំណេះ​សំណាល ​​ជា​មួយ​ គណៈកម្មការ វត្ត និង​ពុទ្ធ​បរិស័ទ្ធ លើក​ឡើង ​អំពី​ភាព​រីក​ចំរើន​គ្រប់​វិស័យ របស់ សង្គម​ជាតិ និង​ការ​គិត​គូ​ ចំពោះ​សុខ​ទុក្ខ ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ពី​ថ្នាក់​ដឹក​នាំ​បក្ស​គ្រប់​ជាន់​ថ្នាក់​ផងដែរ៕ (ផ្តល់សិទ្ធដោយ​ដើមអម្ពិល)

អ្នក​តំណាង​រាស្ដ្រ​មណ្ឌល​កំពង់​ស្ពឺ​ និង​ក្រុម​ការងារ​ ប្រគេន​ទៀន​ព្រះវស្សា ដល់​វត្ដ​ចំនួន​៥ ក្នង​ឃុំ វាល​ពង់ ស្រុក ​ឧដុង្គ

ឯក​ឧត្តម ​លី ​សុន​ អ្នក​តំណាង​រាស្ដ្រ​មណ្ឌល​កំពង់​ស្ពឺ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ ឧដ្ដុង្គ ​និង​លោក ​ជំទាវ លោក​ឧត្ដម​សេនីយ៍​ឯក អ៊ុក​ កោសា ទី​ប្រឹក្សា​លោក​ឧបនាយក​រដ្ឋ​មន្ដ្រី ទៀបាញ់រដ្ឋ​មន្ដ្រី ​ក្រសួង​ការ​ពារ​ជាតិ ​និង ជា​អគ្គ​នាយក​រង អគ្គនាយកដ្ឋាន​នយោ​បាយ ​និង​កិច្ច​ការ​បរទេស ព្រម​ទាំង​ក្រុម​ការ​ងារ ​អម​ដំណើរ បាន​នាំ​ទៀន ព្រះ​វស្សា​ និង​ទេយ្យ​ទាន​ ទៅ​ប្រគេន ​ដល់​ព្រះ​សង្ឃ ​គង់​ចាំ​ព្រះ​វស្សា ​នៅ ​វត្ដ​ចំនួន ​៥​ស្ថិត​នៅ​ក្នុង​ឃុំ​ វាល​ពង់ ស្រុក​ឧដុង្គ ​ខេត្ដ​កំពង់​ស្ពឺ។

ក្នុង​ទឹក​ចិត្ត​សទ្ធា​នេះ ឯក​ឧត្តម ​លី ​សុន​ ព្រម​ទាំង​ក្រុម​ការ​ងារ ​បាន​វេរ​ប្រគេន ​ដល់​ព្រះ​សង្ឃ​គង់​ ​នៅ​វត្ដ​ចំនួន ៥ នៅ​ក្នុង​ឃុំ​ វាល​ពង់ ដែល​មាន ​វត្ដ ​ព្រៃ​ច្រាប​វត្ដ ​ទេពសុវណ្ណ វត្ដ ​ខ្សាច់ពូន វត្ដ ក្រាំង​សុវណ្ណ និង​វត្ដក្ដី ដោយ​ក្នុង​មួយ​វត្ដៗ ទទួល បាន​នូវ​ទៀន​ព្រះ​វស្សា និង​ទេយ្យ​វត្ថុ ដែល​មាន​ទឹក​ប្រាក់ ​​​សរុប​ចំនួន ​៦០០​ ដុល្លារ​អាមេរិក និង​ប្រគេន បច្ច័យ ដល់​វត្ដ ​នីមួយៗ​ ចំនួន ១០​ម៉ឺនរៀល ​ដោយ​ឡែក​យាយ​ជីតាជីចំនួន ៣៨​នាក់ ម្នាក់ៗ​ ទទួល​បាន​នូវ​ថវិកា ចំនួន ​១ម៉ឺនរៀល ផង​ដែរ។

ឯក​ឧត្តម​ ​លី សុន និង​លោក​ឧត្ដម​សេនីយ៍ឯក អ៊ុក ​កោសា បាន​លើក​ឡើង​ថា៖ជា​រៀង​រាល់​ឆ្នាំ ក្រុម​ការ​ងារ​ថ្នាក់ កណ្ដាល​ចុះ​ជួយ​ឃុំ វាល​ពង់ តែង​តែ​នាំ​យក​ទៀន​ព្រះ​វស្សា និង​ទេយ្យ​ទាន​មក​វេរ​ប្រគេន ដល់​ព្រះ​សង្ឃ គង់​ចាំ​ព្រះ​វស្សា​រយៈ​ពេល​៣ខែ ជា​ពេល​ចូល​ព្រះ​វស្សា​តាម​ប្រពៃណី ទំនៀម​ទំលាប់​របស់​ព្រះ​ពុទ្ធ​សាសនា ដែល​ពុទ្ធ​បរិស័ទ​ខ្មែរ​ តែង​តែ​ប្រារឰ​ត​រៀង​មក។

ជា​ចុង​ក្រោយ​លោក ​បានបញ្ជាក់​បន្ថែមទៀត​​ថា ដោយ​គុណ​បំណាច់ ដ៏​ធំ​ធេង របស់គណបក្ស​ប្រជាជន ​កម្ពុជា ក្រោម​ការ ដឹក​នាំ ដ៏​ឈ្លាស​វៃ ​របស់ ​សម្ដេចទាំង៣ បាន​ធ្វើ​អោយ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ មាន​ការ​រីក​ចំរើន​ជា​ច្រើន​វិស័យ ក្នុង​នោះ មាន​វិស័យ​ ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ៕ (ផ្តល់សិទ្ធ​ដោយ​ដើមអម្ពិល)

ប្រជាពលរដ្ឋខ្មែរ និងជំនឿ៖ នៅតែផ្អើល យក​ម្ស៉ៅស​លាប​លើដើមឈើ ផ្តិតយកលេខឆ្នោត

បើ​និយាយ​ពី​ជំនឿ ​ប្រាកដ​ណាស់ ប្រជាជន​ខ្មែរ​មួយ ចំនួន​នៅ​តែ​ពពាក់ ពពូន នាំ​គ្នា​ជឿតៗ​គ្នា ជាក់​ស្តែង​ថ្មីៗ​នេះ ប្រជា​ពល​រដ្ឋ​នាំ​គ្នា​មក​ពី​ខេត្ត​ផ្សេងៗ មក​លាប​ម្ស៉ៅ​លើ​​ដើម​ឈើ​បាក់​មួយ​ដើម​ ក្រែង​លោ​មាន​សំណាង​លេច​ចេញ​លេខ​ឆ្នោត ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​តោ​ប៉ោង ស្រុក​បា​កាន​ ខេត្ត​ពោធិ​សាត់។

ការ​ពិត​ជំនឿ ​គ្មាន​អ្នក​ណា​ម្នាក់ ​ហាម​ឃាត់ ​ឬ​ខុស​ច្បាប់​នោះ​ទេ វា​ជា​សិទ្ធិ​សេរី​ភាព ក៏​ប៉ុន្តែ​ការ​មាន​ជំនឿតៗ គ្នា​ពពាក់ ​ពពួន​ដោយ​ជឿ​លើ​អ្វី​មួយ ​ដែល​វា​មិន​អាច​ទៅរួច​​ និង​ដោយ​គ្មាន​ការ​គិត​ពិចារណា​នោះ ប្រាកដ​ណាស់ គ្មាន​លទ្ធ​ផល​ល្អ​ដុំ​កំភួន និង​មាន​បាន​ជា​រៀង​រហូត​នោះ​ទេ​ លើក​លែង​តែ​យើង​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត ដែល​ពាក្យ​ស្លោក​ខ្មែរ​ថា​ (អាគម​ផ្សំ​អាយុ)។

នា​ពេល​កន្លង​មក ក៏​ដូច​សព្វ​ថ្ងៃ ក្នុង​បញ្ហា​ចាស់​នេះ ប៉ុន្តែ​រឿង​រ៉ាវ​នៅ​តែ​កើត​ថ្មីៗ​នោះ​ គេ​នៅ​តែ​ឃើញ​មាន ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជឿ​លើ​ជំនឿ​ផ្សេងៗ​គ្នា តួ​យ៉ាង​ផឹក​ទឹក​នោម​គោ​ព្យា​បាល​ជំងឺ​ ជឿ​លើ​គ្រូ​ស្តោះ​ផ្លុំ​ព្យា​បាល​ជំងឺ នឹង​ជឿ​លើ​គ្រូ​មន្ត​អាគម មន្ត​ស្នេហ៍​រហូត​ខូច​ខ្លួន​ប្រាណ​ជា​មួយ​គ្រូ​នោះ​ជា​ដើម។ ឧទាហរណ៍​ថ្មី​នេះៗ មាន ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ផ្អើល​ទៅ​យក​ម្សៅ​ស មក​លាប​ដើម​ឈើ​ផ្តិត​យក​លេខ​ឆ្នោត​នៅ​ឃុំ​អូរ​តោ​ប៉ោង ស្រុក​បា​កាន ខេត្ត​ពោធិសាត់​ ដោយ​នាំ​គ្នា​អុជ​ធូប​បុណ្យ​ស្រន់​ជា​ដើម។

លោក យិន មិន ក្រុម​ប្រឹក្សា​ឃុំ អូរ​តាប៉ាង បាន​ឲ្យ​ដឹង​ថា ប្រាកដ​ជា​មាន​ប្រជា​ពល​រដ្ឋ​ផ្អើល​ ទៅ​មើល​ដើម​ឈើ នោះ​មែន។ ដើម​ឈើ​នោះ មានប្រវែង១៣ម៉ែត្រ ដែល​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ស្រង់​បាន​ នៅ​ក្នុង​ត្រពាំង ដោយ គ្រួសារ​មួយ​កាល​ពី​ថ្មីៗនេះ ដោយ​អះ​អាង​ថា​ដើម​ឈើ​នេះ ​បាន​ផ្តល់​​លេខ​ឆ្នោត និង​សក្តិ​សិទ្ធិ​ក្នុង​ការ​ព្យាបាល​ជំងឺ។

ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រយ​នាក់ ​នាំ​គ្នា​ពពាក់​ពពួន អុជធូប សែន​មាន់​ស្ងោរ សុំ​ព្យាបាល​ជំងឺ​ផ្សេងៗ។ ជាង​នេះ ទៀត​សោត​ពួក​គេ​ជឿ​តៗ គ្នា​យក​ម្យ៉ៅ បាច​លើ​ដើម​ឈឺ​ហើយ​យក​បាត​ដៃ​ផ្តិត ក្រែង​លោ​មាន​លេច​ចេញ លេខ​ឆ្នោត ​សំណាង ​និង​នាំ​គ្នា​ផឹក​ទឹក​ត្រពាំង​ក្បែរ​នោះ​ដើម្បី​ព្យាបាល​រោគ​ទៀត​ផង។ ដោយ​ជាក់​ស្តែង ការ​ព្យា​បាល​ជំងឺ​ជា​សះ​ស្បើយ​ទៅ​បាន មាន​តែ​គ្រូពេទ្យ​ទាំង​សម័យ ទាំង​បុរាណ ដែល​មាន​ជំនាញ​ច្បាស់​លាស់ ក្រៅ​ពី​នេះ ​អាច​ជា​បាន​ដែរ តែ​វា​ស្ថិត​នៅ​ក្នុង​ករណី​ចៃដន្យ​ប៉ុណ្ណោះ។

ចំពោះ​អ្នក​ដែល​មាន​ជីវភាព​ធូរ​ធារ ជោគ​ជ័យ​វិញ លុះ​ត្រា​តែ​អ្នក​នោះ ខិត​ខំ​គិតគូរ ព្យាយាម តស៊ូ​ប្រកប​មុខ​របរ ឬ​ធ្វើ​ការ​ងារ​ប៉ុណ្ណោះ ជាក់​ស្តែង​មិន​ដែល​ឃើញ​អ្នក​មាន ឬ​សេដ្ឋី មហា​សេដ្ឋី​ណា មាន​បាន​ដោយ​សារ​ការ​បន់​ស្រន់ ​តាម​ជំនឿ​ផ្សេងៗ​នោះ​ទេ៕ (ផ្តល់សិទ្ធដោយដើមអម្ពិល)

យុវជនម្នាក់ ចងកធ្វើអត្តឃាត នៅស្រុកពញាឮ

ខេត្តកណ្ដាល៖ យុវជន​ម្នាក់​ បាន​ចង​ក​ធ្វើ​អត្តឃាត​ស្លាប់​នៅ​ហ្នឹង​ចំណុច​ដើម​ព្រីង​ក្រោយ​មណ្ឌល​សុខភាព​ឃុំ​ពញាឮ​ កាល​ពី​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១២ វេលា​ម៉ោង​១៧និង៣០​នាទី​ ស្ថិត​ក្នុង​ភូមិ​ទួលអំពិល​ឃុំ​ពញាឮ​ស្រុក​ពញាឮ​ខេត្ត​កណ្ដាល​។

​តាម​ការ​បំភ្លឺ​ពី​ឪពុក​ម្ដាយ​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ កូន​របស់​គាត់​មាន​ឈ្មោះ​នួន វណ្ណេត​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​សិស្ស ​មាន​ទីលំ​នៅ​ភូមិ​ទួលអំពិល​ ឃុំ​ពញាឮ​ស្រុក​ពញាឮ​ខេត្ត​កណ្ដាល​ បាន​ចងក​សម្លាប់​ខ្លួន​នៅ​ហ្នឹង​ដើម​ព្រីង​ក្រោយ​មណ្ឌល​សុខភាព​ឃុំ​ពញាឮ​ដោយ​សារ​តូច​ចិត្ត​នឹង​ឪពុកម្ដាយ​ស្ដី​បន្ទោស​ពី​រឿង​បាត់​ចិញ្ចៀន​ដែល​ឪពុកម្ដាយ​របស់​ខ្លួន​បាន​ទិញ​ឲ្យ​ពាក់​ហើយ​ក៏​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​តែម្ដង​។

​ករណី​នេះ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សាក​សព​ ព្រម​ទាំង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​​ប្រភពនិង​រូបភាព ​៖វែប​សាយ អគ្គស្នង​ការ​ដ្ឋាននគរ​បាល​​ជាតិ​(www.police.gov.kh)

បាត់ពីផ្ទះមួយសប្តាហ៍ ពេលប្រទះឃើញចងកស្លាប់ នៅលើដើមកកោះ

កាល​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី១៧​ខែ​មិថុនា ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ​សិ ប៉ែត ភេទ​ប្រុស​អាយុ​៤៨ឆ្នាំ​រស់​នៅ​ភូមិ​គោកភ្លូ​ ឃុំ​សារង្គ​ ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ ​បាន​ទៅ​ភ្ជួរ​ស្រែ​ហើយ​ប្រទះ​ឃើញ​បុរស​មាន​វ័យ​ចំណាស់​ម្នាក់​បាន​យក​ខ្សែ​អង្រឹង​ចងក​សម្លាប់​ ខ្លួន​នឹង​ដើម​កកោះ​ ស្ថិត​នៅ​ចំណុច​ត្រពាំង​ស្លា​ចម្ងាយ​ពី​ភូមិ​គោកភ្លូ​ ៤.០០០ម៉ែត្រ​។

​បន្ទាប់​មក​ ប្រជាពលរដ្ឋ​នោះ​មក​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្ថិ៍​ឃុំ​សារង្គ​ដើម្បី​ចុះ​ទៅ​ស្រាវជ្រាវ​ត្រួតពិនិត្យ​សព​ដល់​កន្លែង​កើតហេតុ​លោក​ ផុន វ៉េត នាយ​ប៉ុស្ថិ៍​ស្តីទី​ឃុំ​សារង្គ​បាន​ឲ្យ​ដឹង​ថា​៖​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រួច​មក​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួត​ពិនិត្យ​និង​ស្រាវជ្រាវ​ធ្វើ​កោសល្យ​វិច្ច័យ​ទៅ​លើ​ សព​ហើយ​ពិនិត្យ​ឃើញ​ថា​បុរស​រូប​នោះ​ពិត​ជា​ចងក​សម្លាប់​ខ្លួន​ឯង​ពិត​ប្រាកដ​មែន​។តាម​ការ​សន្និដ្ឋាន​គាត់​ចងក​សម្លាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៦​ ខែ​មិថុនា ឆ្នាំ​២០១២​។

​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវជ្រាវ​រក​បង​ប្អូន​សាច់ញាតិ​ទើប​ដឹង​ថា​បុរស​នោះ​មាន​ឈ្មោះ​ធេប ធួត អាយុ​៥៤ឆ្នាំ​ រស់​នៅ​ភូមិ​ពន្លៃ ​ឃុំ​ពន្លៃ ​ស្រុក​ភ្នំស្រុក​ ខេត្ត​បន្ទាយ​មានជ័យ ​គាត់​នៅ​ពោះម៉ាយ​ផង​ដែរ​។​លោក​នាយ​ប៉ុស្ថិ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​ថា​ បុរស​ឈ្មោះ​ធេប ធួត​ បាន​រត់​បាត់​ចេញ​ពី​ផ្ទះ​មួយ​សប្តាហ៍​មក​ហើយ​មិន​ដឹង​ថា​គាត់​ ទៅ​ទី​ណា​ទេ ​ស្រាប់​តែ​ដល់​ថ្ងៃ​ទី១៧​ខែមិ​ថុនា​ឆ្នាំ​២០១២​ ទើប​សមត្ថកិច្ច​បាន​ជូន​ដំណឹង​ ថា​គេ​ប្រទះ​ឃើញ​គាត់​ចងក​សម្លាប់​ខ្លួន​នៅ​ចំណុច​ខាង​លើ​។

​លោក​នាយ​ប៉ុស្ថិ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​៖​កាល​គាត់​នៅ​រស់​មាន​សតិ​មិន​សូវ​ល្អ​ ចេះតែ​ ដើ​រផឹក​ស្រា​ស្រវឹង​ជា​ប្រចាំ​ ហើយ​ថ្ងៃ​បាត់​ខ្លួន​គាត់​រវើរវាយ​ថា​មាន​គេ​ដេញ​តាម​ចាប់​គាត់​ ចាប់​ ពី​ពេល​នោះ​មក​បាត់​ខ្លួន​គាត់​រហូត​មក​ទើប​ក្រោយ​មក​ទទួល​ព័ត៌មាន​ថា​គាត់​មក​ចងក​សម្លាប់​ខ្លួន ។​សាក​សព​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​ការ​ពិនិត្យ​រួច​រាល់​ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​សព​តាម​ប្រពៃណី​៕ប្រភពនិង​រូបភាព ​៖វែប​សាយ អគ្គស្នង​ការ​ដ្ឋាននគរ​បាល​​ជាតិ​(www.police.gov.kh)