Logo

Friends Added

សាសនា &ជំនឿ

សារលិខិតថ្វាយព្រះពរ ​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ​ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះ​ជន្ម យាង​ចូល​៧៧ព្រះ​វស្សា

សូម​ព្រះ​រាជ​ទាន​ក្រាប​បង្គំ​ទូល​ថ្វាយ

សម្ដេច​ព្រះ​មហាក្សត្រី ​នរោត្តម មុនីនាថ សីហនុ ​ ព្រះមហាក្ស​ត្រីនៃ​ព្រះ​រា​ជា​ណា​ចក្រ​​​​កម្ពុជា​ក្នុង​​ព្រះ​រាជពិធី​ចម្រើន​ព្រះ​ជន្មគម្រប់ ៧៦យាង​ចូល៧៧​ព្រះ​វស្សា នៅ​ថ្ងៃ​ចន្ទទី​១៨ ខែ​មិថុនា ឆ្នាំ​២០១២

បពិត្រ​ព្រះ​មហាក្សត្រី ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត!

ក្នុងឱកាស​ដ៏​សែន​មហានក្ខត្ត​ឬក្ស ​នៃ​​ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះ​ជន្មគម្រប់ ៧៦យាង​ចូល៧៧​ព្រះ​វស្សា នៅ​ថ្ងៃ​ចន្ទទី​១៨ ខែ​មិថុនា ឆ្នាំ​២០១២នេះ ក្នុង​​នាម​ថ្នាក់​ដឹកនាំ​ និង​បុគ្គលិក​​គ្រប់​លំដាប់​ថ្នាក់​នៃ​មជ្ឈមណ្ឌល​សារព័ត៌មាន​ខែ្មរម៉ាត អ៊ិច​ប្រេស​ ទូល​ព្រះ​បង្គំ ​សូម​ព្រះរាជា​នុញ្ញាតដ៏ខ្ពង់​​ខ្ពស់​​សំដែង​​នូវ​កត្តញ្ញូកត្ត​វេទិតា​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ និង​​សូម​​លំឱន​​កាយ​​វាចា​ចិត្ត ​ដោយ​​សេចក្តី​​គោរព​​ស្វាមី​ភ័ក្តិ​​ដ៏​ខ្ពង់​​ខ្ពស់​ ប្រសិទ្ធិពរ​សព្ទ​សាធុការ​ មហា​ប្រសើរ​ ថ្វាយ​ដល់​សម្ដេច​ព្រះ​មហាក្សត្រី​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​។​

យើង​ខ្ញុំទាំង​អស់គ្នា​ សូម​បួងសួង​ដល់​គុណ​បុណ្យ​ព្រះ​រតន​ត្រ័យ​ វត្ថុ​ស័ក្តិ​សិទ្ធិ​ទាំង​ឡាយ​ក្នុងលោក ​សូម​ជួយ​បី​បាច់​ថែ​រក្សា​សម្ដេច​ព្រះ​មហាក្សត្រី ​សូម​​ព្រះអង្គ​ទ្រង់​ប្រកប​តែ​នឹង​ព្រះរាជសុខភាព​ល្អ ​បរិបូណ៌ ​ព្រះរាជ​បញ្ញាញ្ញាណ​វាងវៃ និង​មាន​ព្រះជន្មាយុយឺន​យូរ​ជាង​រយ ព្រះវស្សា ដើម្បី​​គង់ប្រថាប់​ជា​ម្លប់​ដ៏សុខ​ក្សេមក្សាន្ត ត្រជាក់​​ត្រជុំ​របស់​មាតុ​ភូមិ​អង្គរ​ដ៏​អច្ឆរិយ ​និង​ប្រជារាស្ត្រ​ខ្មែរ​របស់ព្រះអង្គ។

សូម​សម្ដេច​ព្រះ​មហាក្សត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជាទី​គោរព​​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​ ទ្រង់​ព្រះ​មេត្តា​ប្រោស​ទទួល​នូវ​​​គារវកិច្ច​ដ៏​ខ្ពង់​ខ្ពស់​ពី​ទូល​ព្រះបង្គំ​ ខ្ញុំមា្ចស់​ទាំង​អស់​​គ្នា។

​​

​ក្រាប​បង្គំ​ទូល​ថ្វាយ ​នៅ​រាជ​ធានី​ភ្នំពេញ,​ថ្ងៃទី១៨ ខែ​មិថុនា​ ឆ្នាំ២០១២

ទេព ចន្ទ័រស្មី

ចាងហ្វាង​ការ​ផ្សាយ

ប្រវត្តិ​និង​ព្រះរាជ​តួនាទី​របស់​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ

នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១២ គឺ​ជា​ថ្ងៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម របស់​ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ សម្ដេច​ម៉ែ ក្នុង​ព្រះជន្ម​គម្រប់ ៧៦ យាង​ចូល ៧៧​ព្រះ​វស្សា។

ទោះ​បី​ក្នុង​អំឡុង​ពេល​នេះ ទ្រង់​មិន​គង់​នៅ​ក្នុង​មាតុប្រទេស​ក្តី ក៏​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ និង​អន្តជាតិ និង​មន្ត្រី​ព្រះបរមរាជវាំង ញាតិ​វង្សានុវង្ស​នៃ​រាជា​និយម បាន​រៀប​ចំ​អប​អរ​សាទរ​ពិធី​នេះ ដោយ​បាន​តាំង​ព្រះ​ឆាយាល័ក្ខណ៍ ផ្កា​ភ្ញី​លម្អ នៅ​ក្នុង​រាជធានី ទីក្រុង និង​ទី​ប្រជុំ​ជន​នានា។ ក្នុង​ឱកាស​នេះ​ដែរ មន្ត្រី​រាជការ​បាន​ឈប់​សម្រាក​ពី​ការងារ ដើម្បី​អបអរ​ព្រះរាជ​ពិធី និង​ថ្វាយ​ព្រះពរ សូម​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្ម​យឺន​យូរ​ត​រៀង​ទៅ។

លោក កែវ ពុធ រស្មី មគ្គុទ្ទេសក៍ នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​ធម្មតា​ទេ ហើយ​កំពុង​ដង្ហែ​តាម​សម្ដេចឪ ព្រះ​មហា​វីរក្សត្រ ដែល​យាង​ទៅ​ព្យាបាល​ព្រះរោគ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​លើក​ចុង​ក្រោយ​នេះ អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ។

លោក កែវ ពុធ រស្មី៖ «ដូច​យើង​បាន​ដឹង​ទាំង​អស់​គ្នា​ហើយ កាល​ពី​លោក​ប្រធានាធិបតី​ចិន ហូជិនតាវ មក​ដល់​កម្ពុជា​យើង​នេះ​ភ្លាម គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ថ្វាយ​បង្គំ ហើយ​ផ្តល់​នូវ​ព័ត៌មាន ដូច្នេះ​យើង​ឃើញ​លោក​មាន​ព្រះសុវណ្ណី​ក្នុង​ទូរស័ព្ទ​នោះ ឃើញ​ថា ព្រះអង្គ​មាន​កាយពល​មាំមួន ហើយ​សព្វ​ថ្ងៃ​នេះ​លោក​នៅ​ដង្ហែ​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ»។

លោក​បន្ត​ថា សម្ដេច​ម៉ែ​តែង​តែ​មាន​ព្រះទ័យ​ស្រលាញ់​ពលរដ្ឋ​ទូទៅ និង​រាជវង្សានុវង្ស​ស្មើៗ​គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណា​មួយ​នោះ​ទេ។

បច្ចុប្បន្ន​ទ្រង់​ជា ព្រះប្រធាន​កិត្តិយស នៃ​កាកបាទ​ក្រហម​កម្ពុជា ក្រៅ​ពី​នេះ ព្រះអង្គ​ពុំ​មាន​តួនាទី​ពាក់​ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​នោះ​ទេ។ ប៉ុន្តែ​ទោះ​បី​ព្រះអង្គ​មិន​មាន​ព្រះរាជ​តួនាទី​ជា​ផ្លូវ​ការ ធ្វើ​ការ​ដោយ​ផ្ទាល់​ក្នុង​កិច្ចការ​ប្រទេស​ជាតិ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​សុខ​ទុក្ខ​របស់​ប្រជារាស្ត្រ និង​បាន​ជួយ​ជា​ទីប្រឹក្សា​យ៉ាង​ពិសេស​ដល់​ព្រះករុណា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ជា​ព្រះមហាក្សត្រ និង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។

ទោះ​បី​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ រហូត​ដល់​ឆ្នាំ​១៩៧៩ ព្រះ​ករុណា សម្ដេចឪ ត្រូវ​គេ​ឃុំ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។ បន្ទាប់​មក ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩១ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​បន្ត​ទៀត ដែល​កាល​នោះ មាន​ជម្លោះ​គ្នា​រវាង​ភាគី​រដ្ឋ​កម្ពុជា រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី ដែល​ដឹក​នាំ​ដោយ​សម្ដេច សីហនុ។ ក្នុង​កាលៈទេសៈ​ទាំង​ពីរ​នោះ សម្ដេច​ម៉ែ​ក៏​បាន​ដង្ហែ​ព្រះករុណា សម្ដេចឪ ជា​រៀង​ដរាប​រហូត​មក។

ឯកសារ​នៅ​លើ​គេហទំព័រ​រាជ​រដ្ឋាភិបាល និង​ឯកសារ​​ពី​ព្រះ​បរម​រាជវាំង បាន​បង្ហាញ​ដូច​គ្នា​ថា ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ មាន​ព្រះ​នាម​ដើម​ថា ប៉ូល ម៉ូនិក អ៊ីស៊ី (Paule Monique Izzi) ជា​បុត្រី​របស់​លោកស្រី ប៉ុម ពាង និង​លោក ហ្សង់ ហ្វ្រង់ស័រ អ៊ីស៊ី (Jean-Francois Izzi) ជន​ជាតិ​អ៊ីតាលី កាត់​បារាំង ដែល​ជា​ប្រធាន​នាយកដ្ឋាន​មូលនិធិ​ផ្តល់​ប្រាក់​កម្ចី ប៉ុន្តែ​ឯកសារ​មិន​បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ណា​នោះ​ទេ។

ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ទ្រង់​បាន​ប្រសូត​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​១៩៣៦ និង​មាន​បង​ប្អូន​ស្រី​បង្កើត ១​នាក់ គឺ អានិ៍ ម៉ារី អ៊ីស៊ី (Anne-Marie Izzi)។

កាល​ពី​នៅ​វ័យ​កុមារ​ភាព បាន​សិក្សា​រៀន​សូត្រ​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម និង​មធ្យម​សិក្សា នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ និង​នៅ​វិទ្យាល័យ​ដេកាត ក្រុង​ភ្នំពេញ។

ទាក់​ទង​នឹង​ការ​បំពេញ​ការងារ​វិញ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ព្រះអង្គ​ជា​ប្រធាន​កាកបាទ​ក្រហម​ខ្មែរ ហើយ​មក​ដល់​បច្ចុប្បន្ន ជា​ប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា។សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្រៅ​ពី​ចេះ​ភាសា​ខ្មែរ ព្រះអង្គ​ក៏​ចេះ​ភាសា​បារាំង និង​ភាសា​អង់គ្លេស​ដែរ។

កញ្ញា ប៉ូល ម៉ូនិក អ៊ីស៊ី បាន​រៀប​អភិសេក​ជាមួយ​ព្រះ​មហាក្សត្រ នរោត្តម សីហនុ នៅ​ខែ​មេសា ឆ្នាំ​១៩៥២ ហើយ​បាន​ទទួល​បរម​ងារ​ជា​អ្នក​ម្នាង។ ក្រោយ​ពី​បាន​រៀប​អភិសេក​រួច​មក ព្រះ​មហាក្សត្រ និង​អ្នក​ម្នាង មាន​ព្រះ​រាជ​បុត្រា ២​ព្រះអង្គ គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម សីហមុនី ដែល​បច្ចុប្បន្ន​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​ព្រះ​រាជ​បុត្រ​មួយ​អង្គ​ទៀត គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម នរិន្ទ្រពង្ស។

លុះ​មក​ដល់​ឆ្នាំ​១៩៩២ ព្រះ​ករុណា​សម្ដេច នរោត្តម សីហនុ បាន​ប្រទាន​គោរមងារ​ដល់​អ្នក​ម្នាង ប៉ូល ម៉ូនិក អ៊ីស៊ី ជា​សម្ដេច​ព្រះជាយា។ ក្រោយ​មក​ទៀត ក្នុង​ឆ្នាំ​១៩៩៣ សម្ដេច​ព្រះជាយា ទ្រង់​បាន​ទទួល​គោរមងារ​ជា​សម្ដេច​ព្រះ​មហេសី នរោត្តម មុនីនាថ សីហនុ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​នៅ​ឆ្នាំ​១៩៩៦ ព្រះ​មហេសី​បាន​ទទួល​បរម​ងារ​ជា​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី។

ឯកសារ​ដដែល​បាន​បញ្ជាក់​ទៀត​ថា សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ត្រូវ​បាន​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន ថ្វាយ​ព្រះ​បរម​ងារ​ថា ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព សេចក្ដី​ថ្លៃ​ថ្នូរ និង​សុភមង្គល៕RFA

ដាច់ចិត្តធ្វើអត្តឃាតដោយខ្លួនឯង នៅស្រុក​ចន្រ្ទា

ខេត្តស្វាយរៀងៈ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១២​វេលា​ម៉ោង​ប្រហែល​១៥. ៣០នាទី ​នៅ​ចំណុច​ដង​ ទង់​ជាតិ​ស្ថិត​ក្នុង​បរិវេណ​សាលា​ស្រុក​ចន្រ្ទា​ចាស់​ក្នុង​ភូមិ​ពោធិ ឃុំ​មេសថ្ងក ស្រុក​ចន្រ្ទា មាន​ឈ្មោះ​ ម៉ៅ ឈៀន ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ មុខ​របរ​ជា​ទី ប្រឹក្សា​សាលា​ស្រុក​ស្វាយ​ទាប​ បាន​យក​កាំ​ភ្លើង​ខ្លី​ម៉ាក កា ៥៩ លេខ​២៨៦៣ បាញ់​ខ្លួន​ឯង​ចំស៊ៀត​ផ្កា​ខាង​ស្ដាំ បណ្ដាលឲ្យ​ដួល ​នៅ​នឹង​កន្លែង​។

ក្រោយ​ពេល​កើត​ហេតុ​ភ្លាម​ក្រុម​គ្រួសារ​ ក៏​បាន​នាំ​យក​ជន​រងគ្រោះ​ខាង​លើ​ទៅ​សង្រ្គោះ​ជា​បន្ទាន់ ​នៅ​ប្រទេស​វៀតណាម ​។​ខណៈ​នោះ​ កម្លាំង​ជំនាញ​របស់​ខេត្ត​ បាន​ចុះ​សហការ​ ជាមួយ កម្លាំង​ជំនាញ​ស្រុក ​ចុះ​ត្រួត​ពិនិត្យ​ជុំវិញ​កន្លែង​កើត​ហេតុ​ ឃើញ​មាន​សំបក​ឡត​ផ្ទុះ​រួច​ចំនួន​ ០២​ សំបក​ គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ ០២ ​គ្រាប់ នៅ​លើ​ដី កាំ​ភ្លើង​កា ៥៩ ​មួយ​ដើម​មាន​គ្រាប់​នៅ​ក្នុង​កាណុង​ ០១​គ្រាប់​ និង ក្នុង​បង់​ចំនួន ០២​គ្រាប់។

​រហូត​ដល់​ម៉ោង​ ៣.៣០នាទី ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១២ ជនរង​គ្រោះ ត្រូវ​បាន​ស្លាប់ នៅ​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាម ​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​យើង​ កំពុង​បន្ដកា​រ ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​បាញ់​ខាង​លើ៕ប្រភពនិង​រូបភាព៖វែប​សាយ អគ្គស្នង​ការ​ដ្ឋាននគរ​បាល​​ជាតិ​(www.police.gov.kh)

លេប​ថ្នាំ​ពុល​សម្លាប់​ខ្លួន​នៅ​ស្រុក​មង្គល​បូរី

ខេត្ត​បន្ទាយមានជ័យ​៖ ស្រ្តី​ម្នាក់​បាន​លេប​ថ្នាំ​ពុល​សម្លាប់​ខ្លួន​ដាច់​ខ្យល់​ស្លាប់​ចោល​ប្តី និង​កូន​ប្រុស​ស្រី​០៤​នាក់​ខណៈ​ដែល​បង​ប្អូន​សាច់​ញាតិ​ដឹក​បញ្ជូន​យក​ទៅ​ដល់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន ស្រុក​មង្គលបូរី។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​យប់​អធ្រាត្រ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ចំណុច​ភូមិ​តាចាន់ ឃុំ​ស្រះរាំង ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍​ត្រី យ៉ត សុផល អធិការ​នគរបាល​ស្រុក​មង្គលបូរី​បាន​ឲ្យ​ដឹង​ថា​៖ ស្រ្តី​ដែល​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង​មាន​ឈ្មោះ ភិន ភួន អាយុ​៤៨​ឆ្នាំ ដែល​មាន​ប្តី​ឈ្មោះ វ៉ន ធឿន អាយុ​៥៥​ឆ្នាំ គ្រួសារ​មាន​កូន​ប្រុស​ស្រី ចំនួន​០៤​នាក់ រស់នៅ​ភូមិ​ឃុំ​ខាង​លើ។

លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ បន្ទាប់​ពី​នគរបាល​ប៉ុស្ថិ៍​ឃុំ​ស្រះ​រាំង​បាន​រាយការណ៍​ថា​មាន​ករណី​ស្រ្តី​ម្នាក់​លេប​ថ្នាំ​ពុល​សម្លាប់​ខ្លួន​នៅ​ចំណុច​ខាង​លើ​រួច​មក​លោក​បាន​ចាត់ កម្លាំង​ជំនាញ​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ប៉ុស្ថិ៍​ស្រះរាំង ដើម្បី​ធ្វើការ​ពិនិត្យ​សព។

បើ​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើត​ហេតុ ស្រ្តី​ឈ្មោះ ភិន ភួន បាន​ផឹក​ស្រា​ទំនង​ជា​ស្រវឹង​ហើយ​ដើរ​និយាយ​ប្រាប់​អ្នក​ជិត​ខាង​ថា​រូប​គាត់​ចង់​តែ​លេប​ថ្នាំ​សម្លាប់​ខ្លួន មិន​ដឹង​ថា​គាត់​មាន​បញ្ហា​អី​នោះ​ទេ​រី​ឯ​ប្តី​វិញ មិន​នៅ​ផ្ទះ​ជាប់​រវល់​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​អូរ​ជ្រៅ។

ស្រ្តី​រូប​នោះ​មក​សម្ងំ​លេប​ថ្នាំ​ពុល​សម្លាប់​ខ្លួន​នៅ​លើផ្ទះ​មិន​ដឹង​ពី​ពេល​ណា​នោះ​ទេ​បន្ទាប់​មក​កូន​ស្រី ពៅ​ឡើង​ទៅ​លើ​ផ្ទះ​បាន​ឃើញ​ម្តាយ​លេប​ថ្នាំ​ពុល បាន​ស្រែក​ឆោឡោ​ឡើង​ផ្អើល​ដល់​អ្នក​ជិត​ខាង និង​បង​ប្អូន​សាច់​ញាតិ ហើយ​នាំ​គ្នា​ដឹក​គាត់​យក​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី។

បញ្ជូន​ដល់​មន្ទីរពេទ្យ​គ្រូ​ពេទ្យ​ប្រាប់​ថា​គាត់​ដាច់​ខ្យល់​ស្លាប់​បាត់​ហើយ ។ សមត្ថកិច្ច​ធ្វើ​កោសល្យ​វិច្ឆ័យ​លើ​សព​ស្រ្តី​ឈ្មោះ ភិន ភួន ពិត​ជា​លេប​ថ្នាំ​សម្លាប់​ខ្លួន​ឯង​ពិត​ប្រាកដ​មែន (លេប​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត) ។ សាកសព​ត្រូវ​បាន​គ្រួសារ​យក​ទៅ​រៀប​ចំ​ចាត់ចែង​ធ្វើ​បុណ្យ​សព​តាម​ប្រពៃណី៕ប្រភពនិង​រូបភាព៖វែប​សាយ អគ្គស្នង​ការ​ដ្ឋាននគរ​បាល​​ជាតិ​(www.police.gov.kh)

សារលិខិត​ថ្វាយ​ព្រះពរ ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី

​​​

សូមក្រាមបង្គំទូលថ្វាយ​

សូម​ព្រះ​រាជ​ទាន​ក្រាប​បង្គំ​ទូល​ថ្វាយ

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ ​នរោត្តម​ ​សីហមុនី​ ​ ព្រះមហាក្ស​ត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​​​​កម្ពុជាជាទីគោរព​សក្ការៈ

បពិត្រ​ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​លើត្បូង ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត!

នៅក្នុងឱកាសដ៏​មហា​នក្ខត្តឬក្ស ​ប្រសើរ​ថ្លៃ​ថា និង​ពោរ​ពេញ​ដោយ​សេចក្តី​សោម​ន្ស​រីក​រាយ​ក្រៃ​លែង​​នៃ​​ព្រះរាជ​ពិធី​​ចម្រើន​ព្រះ​ជន្មព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ ​នរោត្តម​ ​សីហមុនី​ ​ ព្រះមហាក្ស​ត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​​​​កម្ពុជា​​ គម្រប់​ព្រះ​ជន្ម៥៩ យាង​ចូល​៦០​ព្រះ​វស្សា។


តាំង​នាម​​ថ្នាក់​ដឹក​នាំនិង​​បុគ្គលិក​​គ្រប់​លំដាប់​ថ្នាក់​​នៃ​មជ្ឈមណ្ឌល​សារ​ព័ត៌​មាន​​ខ្មែរ​​ ម៉ាត​ ​អ៊ិច​ប្រេស​ សូម​ព្រះ​បរមរាជា​នុញ្ញាត​សម្តែង​នូវ​សេចក្តី​អំណរ​សាទរ​ឥត​ឧបមា​ ចូល​​រួម​​ថ្វាយ​​ព្រះ​​សព្វ​សា​ធុ​ការ​ពោរ​ជ័យ​ បវរសួស្តី​ សិរីវឌ្ឍនា វិបុលសុខ​ មហា​​ប្រសើរ​គ្រប់​ប្រការ ​ចំពោះព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ ​នរោត្តម​ ​សីហមុនី​ ​ ព្រះមហាក្ស​ត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​​​​កម្ពុជា និង​សូម​ព្រះ​អង្គ​ទ្រង់​ប្រកប​ព្រះ​កាយ​ពល​រាំងមាំ ព្រះ​បញ្ញា​ញាណ​ភ្លឺ​ថ្លា ព្រះរាជ​សុខ​ភាព ល្អ​បូរិបូរណ៍ ព្រះ​​ជន្មាយុ​យឺន​​យូរ​​ជាង​​រយ​​ព្រះ​​វស្សា​​ចាក​​ផុត​​នូវ​​ព្រះ​​រោគា​ព្យាធិ​ទាំង​ឡាយ​ជា​យូរ​អង្វែង​តរៀង​ទៅ។

ឆ្លៀត​ក្នុង​​ឱកាស​ដ៏​មហា​ជ័យ​មង្គល បវរសួស្តី សិរីវឌ្ឍនានេះផងដែរ ទូល​ព្រះ​បង្ខំ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​សូម​ព្រះ​បរម​រាជា​នុញ្ញាត​ជា​ថ្មីម្ត​ង​ទៀត​ លើ​ក​ហត្ថ​ប្រណម​បួស​សួង​អស់​ទេវតា​រក្សា​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ប្ញទ្ធិតេជៈបារី​ ព្រះឥន្ធ ព្រះព្រហ្ម គុណ​បុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី ប្ញទ្ធិ​បារមី​ខ្លាំង​ក្លា វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក​ បុណ្យ​បារី​នៃដួង​ព្រះ​វិញ្ញាណ្ខន្ធ​អតីត​ព្រះ​មហា​ក្សត្រ និង​ព្រះ​មហា​ក្សត្រី​យានី​ខ្មែរ​គ្រប់​ព្រះ​អង្គ ​ប្ញទ្ធិ​បារី​ដែលថែរក្សា​ប្រាង្គ​ប្រាសាទ​អង្គរ ព្រះ​អង្គ​ចេក​ ព្រះ​អង្គ​ចម​ សូម​ព្រះ​អង្គ​តាម​ជួយ​បីបាច់ថែរក្សា​ភិបាល​ប្រោះព្រំសព្វ​សាធុការ​ពោរ​ជ័យ​គ្រប់ប្រការ​ចំពោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ ​នរោត្តម​ ​សីហមុនី​ ​ ព្រះមហាក្ស​ត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​​​​កម្ពុជា​ជា​ទីសក្តារៈដ៏​ខ្ពង់​ខ្ពស់បំផុត​និង​សូម​ព្រះ​អង្គ​ទ្រង់បាន​ប្រកប​ដោយ​ព្រះ​ពុទ្ធពរ​ទាំង ​០៤ប្រការ ​គឺ ​អាយុ​ វណ្ណៈ ​សុខៈ​ ពលៈ​។​​​

សូម​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ ​នរោត្តម​ ​សីហមុនី​ ​ ព្រះមហាក្ស​ត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​​​​កម្ពុជា ទ្រង់​ព្រះ​មេត្តា​ទទួល​​នូវ​អភិវន្ធនាការ​ដ៏​ស្មោះ​ស្ម័គ្រ​និង​​គារ​វកិច្ច​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ពី​ទូល​ព្រះបង្គំ​ ខ្ញុំមា្ចស់​ទាំង​អស់​​គ្នា។

​​ ​​​​​ក្រាប​បង្គំ​ទូល​ថ្វាយ ​នៅ​រាជ​ធានី​ភ្នំពេញ,​ថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០១២

​មជ្ឈមណ្ឌល​សារព័ត៌មាន​ខ្មែរ ម៉ាត អ៊ិចប្រេស

ក្មេងប្រុសជំទង់ម្នាក់ ជិះកង់ពីកំពង់ចាមទៅ​ដល់​​បន្ទាយមានជ័យ​ ចង​ក​សម្លាប់​ខ្លួន​

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ខំ​ប្រឹង​ជិះ​កង់​ពី​ខេត្ត​កំពង់​ចាម​មក​លេង​បង​ស្រី​នៅ​ខេត្ត​បន្ទាយ​​មាន​ជ័យ​ត្រូវ​គេ​ប្រទះ​ឃើញ​ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​អា​កា​ស្យា​នឹង​ក្រ​ម៉ា​កាល​ពី​វេលា​ម៉ោង​ ​១១និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ឧស​ភា​ ​ឆ្នាំ​២០១២ នៅ​ក្នុង​បន្ទាយ​ទាហាន​កង​ពល​តូច​លេខ​៥១ ភូមិ​ភ្នំ​ជញ្ជាំង​ ​ឃុំ​ជប់​វ៉ា​រី​ ​ស្រុក​ព្រះនេត្រព្រះ។​

លោក​វរ​សេនីយ៍​ត្រី​ ​កែវ​ ​ប៊ុ​ន​យឿ​ន​ ​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹង​ថា​៖ បន្ទាប់​ពី​លោក​ទទួល​ព័ត៌មាន​ថា​មាន​ករណី​ធ្វើ​អត្ត​ឃាត់​ចង​ក​សម្លាប់​ខ្លួន​នៅ​ចំណុច​ខាង​លើ​រួច​មក​​។ លោក​ក៏​បាន​ចាត់​កម្លាំង​ជំនាញ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ចុះ​ទៅ​សហ​ការ​ជា​​មួយ​​នឹង​​​កម្លាំង​ប៉ុ​ស្ថិ៍​ឃុំ​ជប់​វ៉ា​រី​ដល់​កន្លែង​​កើត​ហេតុ​ធ្វើ​កោស​ល្យ​វិ​ច្ឆ័​យ​ទៅ​លើ​​​សាក​​​សព​គឺ​ក្មេង​ជំទង់​រូប​នេះ​ពិត​ជា​ចង​ក​សម្លាប់​ខ្លួន​ឯង​ប្រាកដ​មែ​ន។​

បើ​តាម​ការ​រៀបរាប់​ពី​សាច់​ញាតិ​សព​បាន​ប្រាប់​សមត្ថ​កិច្ច​ថា​៖​ កាល​ពី​ថ្ងៃ​ទី០​៣ ខែ​ឧស​ភា​ ​ឆ្នាំ ២០១២ ក្មេងរង​គ្រោះ​​ឈ្មោះ​ ​អំ​ ​អួ​យ​ អាយុ​១៤ឆ្នាំ​ ​រស់​នៅ​ភូមិ​ព្រៃឈរ​ ​ឃុំ​បឹង​ណាយ​ ​ស្រុក​ព្រៃឈរ​ ​ខេត្ត​កំពង់​ចាម​ ​បាន​ជិះ​កង់​ពីខេត្ត​​កំពង់​ចាម​មក​លេង​បង​ស្រី​បង្កើត​ឈ្មោះ​ ​អែម​ ​ផល​ ​អាយុ​៣៩ឆ្នាំ​ ​ប្តី​ធ្វើ​ជា​កង​ទ័ព​មាន​ផ្ទះ​ស្នា​ក់​នៅ​ក្នុង​អង្គ​ភាព​កង​ពល​តូច​លេខ​៥១ នៅ​ភូមិ​ភ្នំ​ជញ្ជាំង​ ឃុំ​ជប់​វ៉ា​រី ​​ស្រុក​ព្រះនេត្រព្រះ​ ​ខេត្ត​បន្ទាយ​មាន​ជ័យ។

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ប្រាប់​សមត្ថ​កិច្ច​បន្ត​ទៀត​ថា​៖ មុន​កើត​ហេតុ​មួយ​ថ្ងៃ​​​ក្មេង​ប្រុស​រូប​នេះ​បាន​សុំ​បង​ស្រី​ទិញ​ស្បែកជើង​ផ្ទាត់​០១គូ​ ​នៅ​ពេល​ដែល​បង​ស្រី​ទិញ​ឲ្យ​ហើយ​​ស្រាប់តែ​វា​មិន​ពេញ​ចិត្ត​​។ បន្ទា​ប់​មក​វាយ​ក​កាំបិត​កាប់​ជ​ញ្ជ្រាំ​ស្បែកជើង​ចោល​នៅ​ពេល​នោះ​​​បង​ស្រី​បាន​ស្តី​ឲ្យ​ថា​បើ​ឯង​មិន​ពេញ​ចិត្ត​ហេតុ​អី​មិន​ប្រាប់​បង​វិញ​ដើម្បី​យក​ស្បែកជើង​នោះ​ទៅ​ដូរ​គេ​វិ​ញ​។

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បន្ថែម​ថា​លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែ​ឧស​ភា​ ឆ្នាំ២០១២ ​បង​ស្រី​បាន​ទិញ​នំ​ឲ្យ​កូន​ញាំ​​​ហើយ​​ក្មេង​រូប​​​នេះ​បាន​ទៅ​ដ​ណ្តើ​ម​នំ​ពី​ក្មួយ​យក​មក​ស៊ី​​​នៅ​ពេល​នោះ​​បង​ស្រី​ស្តី​ឲ្យ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ លុះ​នៅ​វេលា​ប្រមាណម៉ោង ០​៨ព្រឹក​ថ្ងៃ​ដដែល​វា​បាន​បាត់​ពី​ផ្ទះ​មិន​ដឹង​ទៅ​ណា​ ​លុះ​នៅ​វេលា​ម៉ោង​ ​១១និង​៣០នាទី​ព្រឹក ​ទើប​មាន​ទាហាន​ម្នាក់​ប្រទះ​​ឃើញ​ចង​កម្លា​ប់​នៅ​លើ​ដើម​​អា​កា​ស្យា​​​នៅ​ខាង​ត្បូង​ឈា​ង​ខាង​លិច​ផ្ទះ​ប្រហែល​១០០ម៉ែ​ត្រ។​

គួរបញ្ជាក់​ថា​បន្ទាប់​ពី​សមត្ថ​កិច្ច​ធ្វើ​កោស​ល្យ​វិ​ច្ឆ័​យ​រួច​​​រាល់​បាន​ប្រគល់​សព​ឲ្យ​ទៅ​គ្រួសារ​យក​ទៅ​ចាត់ចែង​​​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។ករណី​ចង​ក​ធ្វើអត្តឃាត​ខ្លួន​ឯង នៅ​កម្ពុជា​បាន​កើន​ឡើង​​កាន់​តែ​ច្រើន​ឡើងៗ​ហើយ។​តើ​មូល​​ហេតុ​ចំបង​ៗ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​​ពួក​គេ​​​ធ្វើ​ដូច្នេះ?​

គោ​ឧសភរាជ​មួយ​នឹម ​បាន​បរិភោគ​ពោត សណ្តែក និង​ស្មៅ​ក្នុង​​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ​

បន្ទាប់ពី​ពិធី​ភ្ជួរ​រាស់ សាប ព្រោះ ព្រះ​សែ្រ​ ដែល​ស្តេច​មេឃ និង​ព្រះ​មេ​ហួ ធ្វើ​ជា​និមិត្តរូប​នៃ​ការចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចម្ការ ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះ នង្គ័ល ក៏​មាន​ការ​ផ្សង​ប្រផ្នូល​លើ​ការដាំដុះ ស្រែ ស្រូវ​ចម្ការ តាមរយៈ​គោ​ឧសភ​រាជ។

តាម​រយៈ​គោ​ឧសភរាជ​មួយ​នឹម ​បាន​បរិភោគ​ពោត សណ្តែក និង​ស្មៅ ក្នុងចំណោម​អាហារ ៧ មុខ ដែល​ត្រូវបាន​តម្កល់​លើ​ជើង​ពាន នៅ​កណ្តាល​ទីលាន​ព្រះ​សែ វាល​ព្រះមេរុ ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នា​ព្រឹក​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១២​។​


អចារ្យ​ប្រឡោ​ហិត បាន​ទស្ស​ទាយ ទៅ​តាម​តម្រា​ពី​ការ​បរិភោគ​អាហារ​នីមួយៗ ​របស់​គោ​ឧសភ​រាជ ដែលមាន​ខ្លឹមសារ​ថា ១-​ពោត ក្នុង​ឆ្នាំនេះ ទទួលបាន​ផល​បាន​ល្អប្រសើរ​។ ២-​សណ្តែក​ទទួលផល​បានល្អ​។ ៣-​ស្មៅ ជា​ចំណីអាហារ​របស់​សត្វពាហនៈ​ទូទៅ ប៉ុន្តែ​ក្នុង​ឱកាស​នេះ ដែល​គោ​ឧសភ​រាជ បាន​បរិភោគ​ស្មៅ បានសេចក្តីថា ឆ្នាំនេះ កម្លាំង​អូសទាញ​ទាំងអស់ មាន​គោ​ក្របី និង​សេះ ត្រូវ​ជួបប្រទះ​នឹង​ជំងឺ​ដង្កាត់ បៀតបៀន​បន្តិចបន្តួច​។​ក្រៅ​ពី​នោះ​ គោ​ឧសភរាជ មិន​បាន​បរិភោគ ស្រូវ ល្ងរ ទឹក ​និង​មិន​ផឹក​ស្រាទេ​។

​សូម​ជម្រាបថា​ព្រះរាជ​ពិធី​ ច្រត់ព្រះនង្គ័លនៅ​ឆ្នាំ​នេះ ព្រះ​អម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ស្តេច​មេឃ និង​អ្នក​អង្គ​ម្ចាស់​ក្សត្រី ស៊ីសុវត្ថិ ចាន់​ស៊ី​ដា ជា​ព្រះនាង​មេ​ហួ​៕

រំលឹក​វិញ្ញាណ​ក្ខ័ន្ធ​ជនរង​គ្រោះ ដោយ​ឧបទ្ទវ​ហេតុ​លើ​ស្ពាន​ពេជ្រ ជា​រៀង​រាល់​ឆ្នាំ

កាល​ពី​ព្រឹក​ថ្ងៃទី២២ ខែ​វិចិ្ឆកា ឆ្នាំ២០១១ សាលា​រាជធានីភ្នំពេញ​ បានរៀប​ចំពិធី​បុណ្យ​រំលឹក​ខួប​និងឆ្លង​ស្តូប​គោរព​ វិញ្ញាណ​ក្ខ័ន្ធជនរងគ្រោះ ដែល​បានស្លាប់​ដោយ​​ឧបទ្ទវ​ហេតុ​​លើស្ពានពេជ្រ កាលពី​ថ្ងៃទី​២២ ខែ​វិចិ្ឆកា ឆ្នាំ២០១០ បណ្តាល​អោយ​ស្លាប់​មនុស្ស​ចំនួន ៣៥៣ នាក់។

ពិធីនេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តី​ប្រ​ចាំ​ការ និងមាន​ការចូលរួម​ពី​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ លោកស្រី ហ៊ុន ម៉ាណា អគ្គនា​យិកា​ទូរទស្សន៍​បាយ័ន មន្រ្តីរាជការ និង​បងប្អូន​ជា​ក្រុម​គ្រួសារ​​ជន​គ្រោះ​ជា​ច្រើន​​នាក់​ ហើយ​ក៏​មានពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៣៥៣ អង្គ។

លោកអភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការកសាង​ស្តូប និងប្រារព្ធ​ពិធីបុណ្យឆ្លងនាពេលនេះ ដើម្បីជា​ការចងចាំ និងការ​​ស្តោក​ស្តាយជា​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍នេះ ហើយ​ក៏នឹង​ក្លាយ​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ប្រទេស​កម្ពុជា​។ ដូច្នេះ​សាលា​រាជ​ធា​នី​ភ្នំពេញ​នឹងរៀប​ចំ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ជារៀងរាល់ឆ្នាំ ដើម្បីជា​ការចងចាំ​ចំពោះ​ជនរង​គ្រោះ នៅក្នុងថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១០។

ស្តូបរំលឹក​វិញ្ញាណ​ក្ខ័ន្ធជន​រងគ្រោះ​ដោយ​ឧបទ្ទវ​ហេតុ​លើ​ស្ពាន​ពេជ្រ​នេះ​បាន​ចំណាយ​ថវិកា​អស់​ប្រ​មាណ ១២​ម៉ឺន​ដុល្លារ​អាមេរិក​។

អភិបាល​រាជ​ធានី ស្នើ​សុំ​សម្តេច​នាយក​រដ្ឋ​មន្ត្រី ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ស្តូប​រំលឹក​វិញាណ​ក័្ខន្ធ​ជនរង​គ្រោះ នៅ​លើ​ស្ពាន​ពេជ្រ

កាលពី​ពេល​កន្លងទៅថ្មីៗនេះ លោក កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ បាន​​សរសេរ​លិខិត​មួយ​ច្បាប់ ជូន​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី ដើម្បី​​ស្នើ​សុំ​​ការ​​អនុញ្ញាត​​រៀប​​ចំ​​ពិធី​បុណ្យ​​ឆ្លង​​ស្តូប​​រំលឹក​​វិញ្ញាណ​​ក្ខ័ន្ធ​​ជន​រងគ្រោះ​​នៅ​​លើ​​ស្ពាន​​ពេជ្រ ដែល​​បាន​​ផ្អើល​​ជាន់​គ្នា​ស្លាប់​ចំនួន ៣៥៣ នាក់ កាល​ពីថ្ងៃ​ទី២២ ខែវិចិ្ឆកា ឆ្នាំ២០១១។

ប្រភពព័ត៌មាន​ដដែល​បន្តថា ដោយ​បាន​ការអនុញ្ញាត​ដ៏ខ្ពង់​ខ្ពស់​ពី​សម្តេច អោយ​​ធ្វើការ​សាង​សង់​ស្តូប​រំលឹក​វិញ្ញាណ​ក្ខ័ន្ធ​ជន​រងគ្រោះ ដោយឧបទ្ទវ​ហេតុ​លើស្ពាន​ពេជ្រ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១០នោះ ទើបបាន​សាលា​រាជ​ធានី​ភ្នំពេញ ចាប់​ផ្តើម​ធ្វើ​ការ​សាង​សង់​ស្តូប​មួយ នៅចុង​ខាង​លិច​ស្ពាន​ពេជ្រ ចូល​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​កោះពេជ្រ កាល​ពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១១ និង​បញ្ចប់​រួច​រាល់​នៅថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១១ ហើយ​គ្រោង​នឹង​ធ្វើ​ការ​រៀប​ចំ​ពិធី​បុណ្យ​ឆ្លង នៅវេលា​ម៉ោង ៧ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០១១ ។

លិខិតនេះ បានអោយ​ដឹង​ទៀត​ថា លោក កែប ជុតិមា បាន​ជម្រាប​ជូន​សម្ដេច​នាយក​រដ្ឋ​មន្រ្តី ដោយ​សុំ​ការ​អនុញ្ញាត គោរព​អញ្ជើញ​លោក​ស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ដ្រី​ប្រចាំការ ដើម្បីចូល​រួម​ជា​អធិបតីភាព នៅ​ក្នុង​អង្គ​ពិធីនេះ ។

ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ នៅកោះពេជ្រ​ គ្រោងចំណាយ​​ថវិកា ១២០,០០០ដុល្លារ​

​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ បាន​ស្លាប់​ នៅ​លើ​ស្ពាន​ពេជ្រ​ ក្នុង​រាជធានី​ភ្នំពេញ ​នឹង​ត្រូវ​គេ​បើក​ធ្វើ​ពិធីសែន​ក្រុងពាលី​បញ្ចុះ​បឋមសិលា​ដើម្បីសាងសង់ នៅ​ថ្ងៃ​ទី​១១​សីហា​សប្តាហ៍​ក្រោយ​នេះ ដោយគ្រោងនឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ​១២០,០០០ ​ដុល្លារ​។។

អាជ្ញាធរ​ក្រុង​បាន​សម្រេច​សាងសង់​ស្តូប​ដែល​មាន​លក្ខណៈ​ជា​ថ្មគោល​ព្រហ្ម​មុខ ៤ ហៅថា «​ព្រហ្ម​គោល​» មាន​អត្ថន័យ​តំណាង​ព្រហ្ម​វិហារធម៌ ​ដែល​គម្រោង​សាងសង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ​នៅ​កោះ​ពេជ្រ​សំណង់​នេះ ​ត្រូវ​គេ​គ្រោង​នឹង​សាង​សង់​រួច​រាល់ ​ឲ្យ​ទាន់​ពិធី​រម្លឹក​ខួប​មួយ​ឆ្នាំ​នៃ​ឧបទ្ទវហេតុ​នេះ ​នៅ​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា ​ឆ្នាំ​២០១១​ខាងមុខ។

សោកនាដកម្ម​គួរ​ឲ្យ​តក់ស្លុត ​និង​មិន​គួរ​ឲ្យ​ជឿ​នេះ​ បាន​កើត​ឡើង​កាល​ពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ខណៈ​ដែល​មនុស្ស​ម្នា​កំពុង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​អកអំបុក ​និង​សំពះ​ព្រះខែ ដោយសាររត់​គរ​លើ​គ្នា​ នៅ​លើ​ស្ពាន​តូច​មួយ​ដែល​ឆ្លង​ទៅ​កាន់​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញហើយបានបណ្តាល ឲ្យមនុស្ស​ ៣៥៣នាក់​ស្លាប់ ដែល​ភាគ​ច្រើន​ជា​យុវជន​៕