Logo

Friends Added

ព័ត៌មានជាតិ

ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់​បុរស២នាក់​លួច​ដែក និង​បុរស២នាក់​ទៀត​ជួញដូរ​ថ្នាំញៀន​

ប៉ូលិស​ខណ្ឌ​សែនសុខ បាន​ឃាត់​មនុស្ស ៤នាក់ ជា​បន្តបន្ទាប់ ក្នុងនោះ ២នាក់ ជាប់ចោទ​ពីបទ​លួច​ដែក ក្នុង​ការដ្ឋាន​សំណង់ និង ២នាក់​ទៀត​ពីបទ​ជួញដូរ​ថ្នាំញៀន ព្រមទាំង​ដកហូត​ម៉ា​ទឹកកក ២ កញ្ចប់ ។​

* ករណី​ទី​១: វេលា​ម៉ោង១និង៤៥នាទី​អធ្រាត្រ ​ថ្ងៃទី២៧ មិថុនា​នេះ នៅ​ចំណុច​ភូមិ- សង្កាត់​ទឹកថ្លា ប៉ូលិស​ប៉ុស្តិ៍​ឃាត់​ជនសង្ស័យ ២នាក់ ខណៈពេល​កំពុង​លួច​យក​ដែក នៅក្នុង​ការដ្ឋាន​សំណង់​មួយ ។​

ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ជុំ ប៊ុណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌដង្កោ និង ២-​ឈ្មោះ ព្រាប ម៉ូ​យ៉ា​ល់ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​សន្តិសុខ​រោងចក្រ​ជីប​វិ​ន ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប៉ូលិស​ដកហូត​កាំភ្លើងខ្លី K59 ១ដើម គ្រាប់ ៧គ្រាប់ ដែក​បំពង់​ទីប ៣ ដើម និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ១គ្រឿង​ម៉ាក Smash ពណ៌​ខ្មៅ ស្លាក​លេខ​ ព្រៃវែង 1C-3402 ។ ប៉ូលិស​បន្តថា ខណៈពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​លួច ប៉ូលិស​ក៏​ឃាត់ខ្លួន​ជា​ស្តែង បញ្ជូនទៅ​ខណ្ឌ​តែម្តង ។​

* ករណី​ទី​២: នៅវេលា​ម៉ោង២និង១៥នាទី​រំលងអធ្រាត្រ ​ថ្ងៃ​ដដែល​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ប៉ូលិស​បាន​ឆ្មក់​ចាប់​ជនសង្ស័យ ២នាក់ ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន ។​

​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហួត ស៊ីណា ភេទ​ប្រុស អាយុ ៣២ឆ្នាំ មុខរបរ​កម្ម​ករ​សំណង់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា និង​ឈ្មោះ ប៊ុន ចាន់ថា ភេទ​ប្រុស អាយុ ២០ឆ្នាំ មុខរបរ​លក់​ផ្លែឈើ ស្នាក់នៅ​ភូមិ-សង្កាត់​ទឹកថ្លា ។ ដកហូត​ម៉ា​ទឹកកក ២ កញ្ចប់ លុយ​ចំនួន ៤៨៦០០០ រៀល និង​ទូរស័ព្ទដៃ ៣ គ្រឿង រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់កា​បន្ត ៕