អាប់ភីស៊ីត ទទួលយក ការចាញ់ឆ្នោត
Jul/04/2011 | អត្ថបទដោយ ខ្មៅ រ៉ុង
សេចក្តីរាយការណ៍ចុងក្រោយពីប្រទេសថៃ បានឲ្យដឹងថាលទ្ធផលបណ្តោះអាសន្នអំពីការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តីថៃថ្មី នាថ្ងៃទី៣ ខែកក្កដានេះ គណបក្សភឿថៃ របស់ លោកស្រី យីងឡាក់ បានទទួលអាសនៈចនួន២៦៤ ខណៈគណបក្សប្រជាធិបតេយ្យរបស់ អាប់ភីស៊ីតទទួលបានអាសនៈចំនួន១៦០ ដូច្នេះមានន័យថា គណបក្សភឿថៃ អាចបង្កើតរដ្ឋាភិបាលថ្មីដោយខ្លួនឯងបាន។
យោងតាមការស្ទង់មតិដែលចេញផ្សាយតាមគេហទំព័របាងកកប៉ុស្តិ៍បានឲ្យដឹងថា ប្រជាពលរដ្ឋថៃ ៥៧.៩ភាគរយ គិតថា នឹងមានអំពើ ហិង្សាផ្នែកនយោបាយកើតឡើង បន្ទាប់ពីការបោះឆ្នោត ខណៈដែលប្រជាពលរដ្ឋ១៧.៩ភាគរយ គិតថាមិនមានអំពើហិង្សា។ រីឯប្រជាពលរដ្ឋចំនួន ២៤.១ភាគរយ គិតថាវាអាស្រ័យទៅរដ្ឋាភិបាលថ្មី។
ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលនៃការបោះឆ្នោតនេះហើយ រដ្ឋសភាថ្មីត្រូវបើកកិច្ចប្រជុំដំបូង ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ ចាប់ពីថ្ងៃបោះឆ្នោត។ បន្ទាប់មក ការរៀបចំបង្កើតរដ្ឋាភិបាលថ្មី ត្រូវធ្វើឡើង ក្នុងរយៈពេលយ៉ាងយូរបំផុត៣០ថ្ងៃ ក្រោយពីថ្ងៃរដ្ឋសភាប្រជុំដំបូង។ ដូច្នេះ ប្រសិនបើអ្វីៗដំណើរការទៅជាធម្មតា ថៃអាចនឹងមានរដ្ឋាភិបាលថ្មី នៅមុនថ្ងៃទី២ កញ្ញា ២០១១នេះ។
ជ័យជំនះគណបក្សភឿថៃរបស់លោកស្រី យីង ឡាក់នេះ ត្រូវបានលោកអាប់ភីស៊ីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ ទទួលស្គាល់ហើយថែមទាំងអបអរសារទចំពោះជ័យជំនះនេះផងដែរ។ ក្នុងកំឡុងពេលបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្តីថៃថ្មី នាថ្ងៃអាទិត្យទី០៣ កក្កដានេះ មានពលរដ្ឋថៃប្រមាណ៣០៩៨៧៨០១នាក់ ឬស្មើ៦៥៩៩ភាគរយប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋ៤៦,៩០៤,៨២៣នាក់ ដែលមានសិទ្ធបោះឆ្នោត បានចួលរួមបោះឆ្នោត នៅទូទាំងប្រទេសថៃ៕