Logo

Friends Added

ព័ត៌មានអន្តរជាតិ

យូ.អ៊ិន អំពាវនាវ ឲ្យការបោះឆ្នោត នៅថៃ ប្រកបដោយសន្តិភាព

នៅថ្ងៃទី៣០ មិថុនា ២០១១នេះ លោក បាន គីមូន អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ ហៅកាត់ ថាយូអ៊ិនបានអំពាវនាវជាស្រេច​ទៅកាន់ប្រទេសថៃ ឲ្យធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី នៅថ្ងៃទី៣ កក្តដា​ខាងមុខនេះ ប្រកបដោយសន្តិភាព យុត្តិធម៌ ជំនឿជាក់ និងតម្លាភាព។​

លោកបានបន្តទទូចថារាល់គណបក្សទាំងអស់ត្រូវឈប់ប្រើអំពើហិង្សាដូចកាលពីមុន ក្នុងកំឡុង ពេលបោះឆ្នោត​និងក្រោយពេលបោះឆ្នោត ហើយទទួលយកនិងគោរព​ឆន្ទះរបស់ ពលរដ្ឋតាម​រយៈសន្លឹកឆ្នោត នៅថ្ងៃទី០៣​ កក្ដដា​ខាងសប្តាហ៍ក្រោយនេះ។

បើតាមប៉ូលិសថៃឲ្យដឹងថា ដោយសារខ្លាចមានភាពចលាចលនិងអសន្តិសុខ មានបេក្ខភាពនាយករដ្ឋមន្រ្តី​ប្រមាណ៤៣០នាក់ ស្វះស្វែង​រកការពារ​ ហើយមាន​មន្រ្តីប៉ូលិសជាង១៧០០០០នាក់ ត្រូវបាន​អាជ្ញាធរថៃ នឹងដាក់ពង្រាយដើម្បីរក្សាសន្តិសុខ នៅតាម​មណ្ឌល​បោះឆ្នោត​ទាំងអស់នៅ​ទូទាំងប្រទេស។

ក្នុងការបោះឆ្នើតជ្រើសរើសនាយករដ្ឋមន្រ្តីដើម្បីបង្កើតរដ្ឋាភិបាលថៃថ្មី នៅថ្ងៃទី៣ កក្តដាខាងមុខនេះ គេឃើញមាន​គណបក្ស​​​​ចំនួន​ពីរកំពុង​ប្រជែងគ្នា គឺគណបក្សប្រជាធិបតេយ្យរបស់លោកអាប់ភីស៊ីត និងគណបក្ស ភឿថៃរបស់​លោកស្រី ជីងឡាក់ ស៊ីណាវាត្រា ជាប្អូនស្រីបង្តើត របស់លោកថាក់ស៊ីនដែលកំពុងឈានមុខ៕

មនុស្ស១០៣៦នាក់ រងរបួស​ នៅអេហ្ស៊ីប

មានមនុស្សប្រមាណ១០៣៦នាក់ បានរងរបួស ដោយសារការផ្ទុះហិង្សា រវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកតវ៉ា នៅចំកណ្តាលទីក្រុងគារ៍ ប្រទេសអេហ្ស៊ីប នេះបើតាមរដ្ឋមន្រ្តីសុខាភិបាលអេហ្ស៊ីប ឲ្យដឹងនៅថ្ងៃទី៣០ មិថុនា ២០១១នេះ។

បើតាម​របាយការណ៍បន្តថា ក្នុងចំណោម​​អ្នករងរបួសទាំងអស់នោះ មាន៥០នាក់ជាកងកម្លាំងប៉ូលិស ហើយអ្នករង​របួស​ទាំង​អស់នោះ ត្រូវបានបញ្ជូលទៅកាន់ មន្ទីរពេទ្យជាបន្ទាន់ផងដែរ។

ហើយការចុះផ្លូវតវ៉ារបស់ពលរដ្ឋអេហ្ស៊ីបនេះ ធើ្វឡើងដោយសារអជ្ញាធរអេហ្ស៊ីប​មិនពន្លឿនការកាត់ទោសអតីត រដ្ឋមន្រ្តីមហាផ្ទៃ ហាបីប អែល អាដលី ដែលបាន​ចុះបង្រាប​ពលរដ្ឋស្លូតត្រង់ នៅក្នុងហេតុការណ៍ផ្ទុះ បាតុកម្មកាលពី១៨ថ្ងៃកន្លង​ទៅថ្មីៗនេះ ហើយបង្រ្កាបនេះ បាន​បណ្តាល​​ឲ្យក្រុមបាតុករយ៉ាងតិច៨០០នាក់​ បានបាត់បង់ជីវិត និងជាង៦០០០នាក់ទៀត បានរងរបួស៕

ស្លាប់ កើនឡើងដល់២៥នាក់ នៅហ្វីលីពីន

ចំនួនមនុស្សស្លាប់ បានកើនឡើងដល់២៥នាក់ហើយ និង១៥នាក់ផ្សេងទៀត បានកំពុងបាត់ខ្លួន ដោយសារ​ទឹកភ្លៀងដែលបង្កឡើងជាទឹកជំនន់ នៅប្រទេស ហ្វីលីពីន នេះបើតាមព័ត៌មាន​ ពីហ្វីលីពីន ឲ្យដឹងនៅថ្ងៃទី៣០ មិថុនា ២០១១នេះ។

បើតាមរបាយការណ៍របស់ ក្រុមប្រឹក្សាគ្រប់គ្រង គ្រោះមហន្តរាយ ហ្វីលីពីន បន្តថា ទឹកជំនន់មានដែលកំពុងជន់លិចនោះ មានកំពស់ ប្រមាណ៣ម៉ែត្រ ហើយមាន​ក្រុមគ្រួសារពលរដ្ឋប្រមាណ ១៥០០០គ្រួសារ ត្រូវបានកងកម្លាំងយោធា​ ហ្វីលីពីន​ជន្លៀសចេញពីតំបន់ គ្រោះមហន្តរាយ នៅប៉ែកខាងត្បូង ប្រទេសហ្វីលីពីន។

កាលពីសប្តាហ៍មុននេះខ្យល់ព្យុះត្រូពិច មឺរី បង្កជាទឹកជំនន់ម ហើយបានបណ្តាលឲ្យ​ពលរដ្ឋ​ហី្វលីពីនប្រមាណ៩០០០០នាក់់ ត្រូវបង្ខំ ចិត្តជន្លៀសខ្លួនពីផ្ទះសំបែង នៅរាជធានី​​ម៉ានីល​ និងខេត្ត នៅជិតជាប់នឹងរាជធានីនេះផងដែរ៕

រញ្ជួយដី នៅជប៉ុន រងរបួស៧នាក់

នៅថ្ងៃព្រហស្បតិ៍ទី៣០ មិថុនានេះ មានគ្រោះ​ធម្មជាតិរញ្ជួយដីមួយ​កម្រិត៥.៤រិចទ័រ មានផ្ទុះឡើង នៅខេត្តណាហ្គានុ ចម្ងាយប្រមាណ១២០គីឡូម៉ែត្រ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយ​បានបណ្តាល​ឲ្យមនុស្សយ៉ាងតិចណាស់៧នាក់ បានរងរបួស តែការខូចខាតផ្សេងទៀត មិនទាន់​ដឹងនៅឡើយទេ។

បើតាមអាជ្ញាធរជប៉ុនបន្តថា មនុស្សដែលរងរបួសទាំង៧នាក់នោះ ត្រូវបានដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ ប្រទេសជប៉ុនជាប្រទេសមួយ​មានការរញ្ជួយដីកម្រិត៦០ឬ​ខ្ពស់ជាងរហូតដល់២០ភាគរយ បើធៀបនឹងប្រទេសដែលមានការរញ្ជួយដី នៅលើ​ពិភពលោក។

កាលពីថ្ងៃទី១១​ មីនា ២០១១កន្លងទៅនេះ រញ្ជួយដី៩.០រិចទ័រ និងរលកយក្សស៊ិណាមិ នៅជប៉ុន បានបណ្តាលឲ្យមនុស្សស្លាប់​និងបាត់ខ្លួនរហូតដល់២៣០០០នាក់ ព្រមទាំង​រង​​នូវវិនាសកម្មនុយក្លេអ៊ែរ​យ៉ាងសាហាវផងដែរ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ៕

ហ្វីលីពីន និងអាមេរិក បើកសមយុទ្ធ ខណៈដែលតានតឹងជាមួយចិន

សមយុទ្ធរយៈយោធាពេល១១ថ្ងៃរវាងហ្វីលីពីន និងអាមេរិក បានផ្តើមធ្វើហើយ នៅសមុទ្រសូលូដែលនៅជិតតំបន់​​ដែនកោះ​​ដែលមានភាពចម្រូងចម្រាសជាមួយចិនក្នុងសមុទ្រចិន​​ភាគខាងត្បូង ខណៈដែលប្រទេសហ្វីលីពីន មានភាពតានតឹងមើលមុខមិនចំ ជាមហាយក្សអាស៊ីចិន នេះបើតាមព័ត៌មាន​អន្តរជាតិ ពីហ្វីលីពីន​ឲ្យដឹង នៅថ្ងៃទី៣០ មិថុនា ២០១១នេះ។ ​

សមយុទ្ធរយៈពេល១១ថ្ងៃនេះ មានការចូលរួមពីនាវាពិឃាតអាមេរិក ផ្ទុកដោយគ្រាប់មីស៊ីល ព្រមទាំងមានទាហាន​អាមេរិកប្រមាណ​៨០០នាក់ ហើយសមយុទ្ធនេះ ត្រូវប្រទេសទាំងពីរ ឲ្យឈ្មោះថា កិច្ចសហការចាក់ទឹកមិនលិច និងការហ្វឹក​ហ្វឺន ​​ឯឬហៅកាត់ថាការ៉ាត៕

លោកស្រី ឡាហ្គាដ ទទូចឲ្យក្រិករួបរួម

មិនទាន់បានមួយថ្ងៃផង បន្ទាប់ពីជាប់ឈ្មោះជាអគ្គនាយក​មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF លោកស្រី គ្រីស្ទីន ឡាហ្គាដ បានទទូចទៅកាន់បក្ស​ប្រឆាំង​​ក្រិកឲ្យធ្វើការ​រួបរួមជាមួយ បក្សកាន់អំណាច ក្នុងការគាំទ្រកម្មវិធីត្បិតត្បៀត​ថវិកា ដើម្បីដោះស្រាយវិបត្ត​បំណុលសាធារណៈវណ្ឌ័កររបស់ខ្លួន នេះបើតាមសារព័ត៌​មានអន្តរជាតិ ឲ្យដឹងនៅថ្ងៃទី២៩ មិថុនា​ ឆ្នាំ២០១១។

លោកស្រីឡាហ្គាដ នឹងត្រូវចូលធ្វើការក្នុងតំណែងជាអគ្គនាយក IMF នៅថ្ងៃទី០៥ កក្តដា ២០១១ខាងមុខនេះ បន្ទាប់ពីលោកអតីត អគ្គនាយក​ IMF លោកស្រ្តូកាន់ ត្រូវបានប៉ូលិស​ចាប់ខ្លួន ពីបទចោទប្រកាន់រឿង​ផ្លូវភេទ​ជាមួយស្រ្តីបម្រើសណ្ឋាគារម្នាក់ នៅទីកុ្រងញូវយ៉ក។

ដើម្បីស្រោចស្រង់ប្រទេសក្រិច មូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់ថវិកាកម្ចីប្រមាណ៣០ពាន់​លានយូរ៉ូហើយ ប៉ុន្តែប្រទេសក្រិក នៅតែមិនអាចងើបចេញពីបំណុលសាធារណៈ និងវិបត្តិហិរញ្ញវត្ថុ ហើយធ្វើប្រទេសមួយនេះ កាន់តែធ្លាក់ចុះដុនដាម អាចឈានទៅរកការក្ស័យធុន៕

ឧស្សាហកម្មរបស់ជប៉ុន កើនឡើង ៥.៧ភាគរយ

ផលិតផលឧស្សាហកម្មរបស់ជប៉ុន បានកើនឡើង៥.៧ភាគរយ ក្នុងខែឧសភា បន្ទាប់ពី​ប្រទេសនេះ បានទទួលរងនូ​វវិនាសកម្ម​ដោយរញ្ជួយដី និងរលកយក្សស៊ុយណាមិ កាលពី​ថ្ងៃទី១១ មិនា ២០១១​កន្លងទៅនេះ។

បើតាមក្រសួងសេដ្ឋកិច្ចជប៉ុនបន្តថា សម្រាប់ខែមិថុនានេះ ការផលិត​ផលិតផល​ឧស្សាហកម្ម រំពឹងថា​នឹងកើន៥.៣ភាគរយ ហើយខែកក្តដា​វិញ រំពឹងថានឹងកើន​០.៥ភាគរយបន្ថែមទៀត។

ចំណែការដឹក​ជញ្ជូនរបស់ជប៉ុនវិញ បានកើនឡើង​ប្រមាណ៥.៣ភាគរយ ក្នុងខែឧសភា ព្រមទាំងកើនប្រាក់ចំណូល​សារពើពន្ធប្រមាណ​៥.១ភាគរយផងដែរ៕

ចិន និងអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀង​ ជាង១៥ពាន់លានដុល្លារ

បើតាមព័ត៌មានអន្តរជាតិ នៅថ្ងៃទី២៩ មិថុនា ២០១១នេះ ឲ្យដឹងថា ចិន និងអាល្លឺម៉ង់ បានចុះកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម ជាច្រើន ដែលមានទឹកប្រាក់ ប្រមាណជាង១៥ពាន់លាន ដុល្លារ ហើយកិច្ចព្រម ព្រៀងនេះ រាប់ទាំងការទិញយន្តហោះ ខ្នាតយក្សរបស់អឺរ៉ុប​ ម៉ាកអេ៣២០​ប្រមាណ៨៨គ្រឿង​ផងដែរ។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងកំឡុងពេល លោកវែន ជាបាវ ​នាយករដ្ឋមន្រ្តីចិន បានទទួលជួបសវនាការ​ជាមួយអធិការបតី អាល្លឺម៉ង់ លោកស្រី អង់ហ្គេឡា​ មឺកែល​ក្នុងដំណើរទស្សនកិច្ច​របស់លោក វែន មកកាន់​សហភាពអឺរ៉ុប រាប់បញ្ចូលទាំងប្រទេសអាល្លឺម៉ង់ផង។ ក្នុងដំណើរទស្សនកិច្ចនេះ លោកវែន ក៏បានឆ្លៀត​ព្រមាន​​សហភាពអឺរ៉ុប កុំឲ្យលូកដៃ ចូលជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ទីក្រុង​ប៉េកាំង ជាពិសេស​បញ្ហាសិទិ្ធមនុស្ស។

ពាណិជ្ជកម្មទេភាគីរវាងប្រទេសយក្សចិន និងអាល្លឺម៉ង់​ បានកើនទឹកប្រាក់រហូតដល់១៣០ពាន់​លានយូរ៉ូហើយ គិតត្រឹមឆ្នាំ២០១០ ហើយប្រទេសទាំងពីរ រំពឹងថាពាណិជ្ជកម្មទេ្វភាគីរវាងប៉េកាំង និងបែរឡាំង នឹងកើនឡើង​រហូតដល់២០០ពាន់លានដុល្លារយូរ៉ូ ត្រឹមឆ្នាំ ២០១៥៕

ទឹកជំនន់ នៅហ្វីលីពីន ផ្តាច់ជីវិតមនុស្ស អស់១៤នាក់

មានមនុស្សយ៉ាងតិចណាស់១៤នាក់​ បានបាត់បង់ជីវិត ដោយសារទឹកជំនន់បង្កឡើង ដោយទឹកភ្លៀង មេធំ នៅកោះមិនដ៉ាណាវ ទីក្រុងដាវៅ ប៉ែកខាងត្បូង ប្រទេសហ្វីលីពីន នេះបើតាមអាជ្ញាធរហី្វលីពីន ឲ្យដឹងនៅថ្ងៃទី២៩ មិថុនា ២០១១នេះ។

បើតាមអ្នកនាំពាក្យយោធាប្រចាំនៅតំបន់នោះបន្តថា មានមនុស្សប្រមាណ១០នាក់ទៀត បានកំពុង បាត់ខ្លួន ខណះដែលមានពលរដ្ឋ ប្រមាណ១៥០០០គ្រួសារ ត្រូវបានជន្លៀស ចេញពីតំបន់កើតហេតុ ទៅរកទីទួល​សុវត្ថិភាព ។​ហើយលើសនេះទៀត មានផ្ទះពលរដ្ឋ ជាច្រើនខ្នង ត្រូវទឹកជំនន់ ជន់លិច​ទាំងស្រុង​ផងដែរ។

ទឹកជំនន់នេះ បានផ្តើមកើតឡើង ចាប់តាំងពីថ្ងៃទី២៨ មិថុនាមកម៉្លេះ ហើយបេសកម្មជួយសង្រ្គោះ ពីអាជ្ញាធរនៅបន្ត​ធ្វើនៅឡើយទេ។ កាលពីសប្តាហ៍មុននេះ ទឹកជំនន់មានបណ្តាលឲ្យពលរដ្ឋ​ហី្វលីពីនប្រមាណ៩០០០០នាក់ ត្រូវបង្ខំ​ចិត្តជន្លៀសខ្លួនពីផ្ទះសំបែង នៅរាជធានី ម៉ានីល​ និងខេត្ត នៅជិតជាប់នឹងរាជធានីនេះផងដែរ៕

វាយប្រហារ ​ដោយអត្តឃាត នៅកាប៊ុល ស្លាប់១៨នាក់

មានមនុស្សយ៉ាងតិចណាស់១៨នាក់ បានបាត់​បង់ជីវិត ដែលក្នុងនោះមាន​៨នាក់ជាជនស៊ីវិល ២នាក់ជាប៉ូលិស និង៨នាក់ផ្សេងទៀត ជាក្រុម​អត្តឃាតជន​តាលីបង់ ដោយសារការវាយ​ប្រហារមួយ ក្នុងសណ្ឋាគារអង់ទែ​កង់ទីណង់​តាល ក្នុងរាជធានីកាប៊ុល ប្រទេសអាហ្វហ្គា​នីស្ថាន នេះបើតាម ក្រសួងមហាផ្ទៃអាហ្វហ្គា​នីស្ថាន ឲ្យដឹងនៅថ្ងៃទី២៩ មិថុនា ២០១១នេះ។

បើតាមសេចក្តីរាយការណ៍បន្តថា ហេតុការណ៍នេះ បានផ្ទុះឡើង នៅវេលាម៉ោង ប្រមាណ១១យប់ ហើយ​បពា្ចប់ទាំងស្រុង នៅវេលាម៉ោង ៣ភ្លឺថ្ងៃពុធទី២៩​ ខែមិថុនា ២០១១ខណះដែល​ មានភ្ងៀវ​ចន្លោះពី​៦០​ទៅ៧០នាក់ កំពុងស្នាក់នៅក្នុងសណ្ឋាគារមួយនេះ។

កាលពីសប្តាហ៍មុននេះ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក ប្រកាសថា អាមេរិក​នឹងដក​កងទ័ព​របស់ខ្លួន​ចំនួន​​១០០០០នាក់ ពីអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០១១​និងដក២៣០០០នាក់បន្ថែម​ទៀត នៅត្រឹមខែកញ្ញា ឆ្នាំ២០១២៕