ភ្លៀងធ្លាក់ខ្លាំង នៅឥណ្ឌា ស្លាប់មនុស្ស៣១នាក់
Jun/29/2011 | អត្ថបទដោយ ខ្មៅ រ៉ុង
មានមនុស្សយ៉ាងតិចណាស់៣១នាក់ បានបាត់បង់ជីវិត និងពលរដ្ឋរាប់សិបពាន់នាក់ទៀត បានបាត់បង់ផ្ទះសំបែង ដោយសារភ្លៀងធ្លាក់ខ្លាំង នៅប៉ែកខាងជើង និងប៉ែកខាងកើត ប្រទេសឥណ្ឌា នេះបើតាមសារព័ត៌មាន ក្នុងស្រុកឥណ្ឌាឲ្យដឹង នៅថ្ងៃទី២៩ មិថុនា ២០១១នេះ។
ទឹកភ្លៀងមូសុងនេះ មានផ្តាច់ជីវិតពលរដ្ឋនៅប៉ែកខាងជើង ប្រទេសឥណ្ឌាចំនួន១៤នាក់ ហើយចំណែកនៅប៉ែកខាងកើតប្រទេសវិញ មានមនុស្សប្រមាណ១៧នាក់ បានបាត់បង់ជីវិត ព្រមទាំងប៉ះពាល់ ដល់ពលរដ្ឋប្រមាណ៩០០០០០នាក់ផងដែរ។
ទឹកភ្លៀងបង្កជាទឹកជំនន់នេះ បានបណ្តាលឲ្យផ្ទះពលរដ្ឋប្រមាណ២៥៧៥០ខ្នងរងការខូចខាត ព្រមទាំងផលដំណាំជាច្រើនហិកតា និងកសិកដ្ឋានចិញ្ចឹមសត្វជាច្រើនកន្លែងផងដែរ៕