Logo

Friends Added

ព្រឹត្តិការណ៍

គ្រោះថ្នាក់ចរាចរណ៍ នៅចិន ស្លាប់១៨នាក់

មាន​មនុស្ស​ប្រមាណ​១៨នាក់​បាន​បាត់​បង់​ជីវិត​និង១៦នាក់​ផ្សេង​ទៀត ​បាន​រង​របួស​បន្ទាប់ពី​មាន​ឧបទ្ធវហេតុ​គ្រោះថ្នាក់​ចរាចរណ៍មួយ​រវាង​ក្រុងធុនតូច​មួយគ្រឿង​បាន​ប្រលាស​រថយន្ត​សណ្តោង​ចត​​នៅនឹងកន្លែង​បណ្តោយ​ផ្លូវ​នៅ​លើ​មហា​វិថីមួយ នៅប៉ែក​ខាង​ជើង​ប្រទេស​ចិន​​នេះ​បើ​តាម​ព័ត៌​មាន​ពី​ចិន​ឲ្យដឹង​នៅថ្ងៃទី២៩​សីហាឆ្នាំ​២០១១នេះ។

បើ​តាម​ព័ត៌​មាន​ពី​ចិន​បន្តថាមុនពេលហេតុការណ៍នេះ ផ្ទុះឡើង​រថយន្តក្រុងធុន តូចនោះ​មានដឹកអ្នក​ដំណើរ​ប្រមាណ៣៤នាក់​​ហើយ​បើកបុក​រថយន្តសណ្តោង​នោះតែម្តងទៅ​ដែល​​ដំបូង​មាន​មនុស្ស​តែ​១៧នាក់ប៉ុណ្ណោះ​មានស្លាប់តែ​ក្រោយមក​ម្នាក់​ទៀត​បានស្លាប់នៅឯមន្ទីរពេទ្យ​តែមូលហេតុនាំ​ឲ្យ​កើតហេតុការណ៍បុកគ្នា​នៅ​មិនទាន់​អាជ្ញាធរ​បញ្ជាក់​នៅឡើយ​ទេ។

សូម​ជម្រាប​ថា​មានមនុស្ស​រហូតដល់ជិត​៧ម៉ឺននាក់ឯណោះ​​បានបាត់បង់ជីវិត​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅប្រទេស​ចិន​នៅឆ្នាំ​២០០៩​ហើយចិន​ជាប្រទេស​ជាប់​ចំណាត់ថ្នាក់​គ្រោះថ្នាក់ចរាចរណ៍​ច្រើនជាងគេបំផុត​​​នៅ​លើ​​ពិភពលោក៕​

កម្មករ​ជាង ២០០​នាក់ ​ដួល​សន្លប់ នៅខេត្ត​កំពង់ឆ្នាំង

កម្មករ​ជាង ២០០​នាក់​បាន​ដួល​សន្លប់​នៅ​ពេល​កំពុង​បំពេញ​ការងារ​នៅ​ឯ​រោងចក្រ​កាត់ដេរ​ សម្លៀក​បំពាក់​ឈ្មោះ អ៊ឹម វ៉េ កាត់​ដេរ អន្តរជាតិ (M&V INTERNATIONAL MANUFACTURING LTD.) ដែល​មាន​ទីតាំង​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១១។

ប្រភព​ពី​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំងបន្តថាមាន​កម្មករ​ចំនួន ២០៥​នាក់​ត្រូវ​បាន​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត​ជា​បន្តបន្ទាប់​នៅ​ព្រឹក​ ថ្ងៃ​ទី​២៥ ខែ​សីហា។ ប៉ុន្តែ​ប្រភព​ពី​កម្មករ​បាន​ឲ្យ​ដឹង​ថា អាច​មាន​កម្មការិនី​រហូត​ដល់​ទៅ ២៥០​នាក់ ដែល​បាន​សន្លប់ តែ​អ្នក​ខ្លះ​ស្រាល ពួកគេ​ត្រូវ​បាន​សាច់​ញាតិ​ដឹក​ទៅ​សម្រាក​ឯ​លំនៅឋាន។ ស្របគ្នានេះដែរ ​៨​កន្លះ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ​កម្មករ​ប្រហែល ២០​នាក់​ជាង​​បាន​ដួល​សន្លប់​នៅ​នៅ​រោងចក្រ​កាត់​ដេរ​ឈ្មោះ ស៊ិងលី (Shingly) ស្ថិត​នៅ​​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​៤ ខាង​លិច​ទីក្រុង​ភ្នំពេញ។

សូមជម្រាបថា រោងចក្រ​កាត់ដេរ​ សម្លៀក​បំពាក់​ឈ្មោះ អ៊ឹម វ៉េ កាត់​ដេរ អន្តរជាតិ ធ្លាប់បាន​កើត​ឡើង ​ម្ដង​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដែល​មាន​កម្មករ​ជាង ១០០​នាក់ បាន​ដួល​សន្លប់​ក្នុង​រោងចក្រ​ដដែល​នេះ៕

ទូក​នេសាទ​ខ្មែរ​​២៧គ្រឿង ​​​ត្រូវ​​សមត្ថ​កិច្ច​​វៀ​ត​ណា​ម​ ​ឃាត់​ចាប់

ទូក​នេសាទ​ខ្មែរ​ចំនួន​២៧គ្រឿង​និង​ប្រជា​នេសាទ ​១០៣នាក់​ត្រូវ​​សមត្ថ​កិច្ច​ទ័ព​ជើង​ទឹក​វៀ​ត​ណា​ម​ ​ឃាត់​​ចាប់​ប្រមូល​ទុក​ម្ដុំ​ដោយសារ​​តែ​ក្រុម​ប្រជា​នេសាទ​ទាំង​នោះ ​បាន​​រំលោភ​ចូល​ដែន​ស​មុ​ទ្រ​ក្នុង​ទឹក​ដី​ របស់ប្រទេស​វៀ​ត​ណា​ម​ ​។

ម​ន្ដ្រី​នគរបាល​ប​ង្ក្រា​ប​បទ​ល្មើស​លើ​ផ្ទៃ​ស ​មុ​ទ្រ​ប្រទេស​កម្ពុ​ជា​ឱ្យ​ដឹង​ថា​ ​នៅ​ ព្រឹក​ថ្ងៃ​ទី​២៣ សីហា​ ​២០១១ វេលា​ម៉ោង​​៨ព្រឹក​ ​ទូក​នេសាទ​ខ្មែរ​ប្រភេទ​ទូក​នេសាទ​​ជា​ច្រើន​គ្រឿង​បាន​នាំ​គ្នា​ចេញ​ទៅ​ នេសាទ​ត្រី​កា​មុង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​ ​ហើយ​បាន​​ជ្រុល​ចូល​ទៅ​ដែន​ស​មុ​ទ្រ​ក្នុង​ដែន​ទឹក​​ប្រទេស​វៀ​ត​ណា​ម​ ច្រើន​គីឡូម៉ែត្រ​ ​ក៏​​ត្រូវ​កម្លាំង​កង​ទ័ព​ជើង​ទឹក​វៀ​ត​ណា​ម​បាន​ហ៊ុម​ព័ទ្ធ​ចាប់​ទូក​និង​ ប្រមូល​ប្រជា​នេសាទ​​ខ្មែរ​ទាំង​នោះ​ដាក់​ម្ដុំ​។

ម​ន្ដ្រី​នគរបាល​​កម្ពុ​ជា​បាន​ប​ន្ដ​ថា​ ទូក​នេសាទ​ខ្មែរ​ទាំង​២៧គ្រឿង​ដែល​ត្រូវ​អាជ្ញា​ធ​រ​វៀ​ត​ណាម​ ​ចាប់​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​កោះ​​ភូ​គួ​ក​ ​ក្នុង​ភូមិ​អាង​ថឺ​យ​ ​ឃុំ​ភូ​គួ​ក​ ​ស្រុក​ទី​រួម​ខេ​ត្ដ​ហា​ទៀង​ និង​ខេ​ត្ដ​គៀ​ង​យ៉ាង​​។ ម​ន្ដ្រី​កម្ពុ​ជា​បាន​និយាយ​ថា​ ​ក្រៅ​ពី​ទូក​នេសាទ​ខ្មែរ​ទាំង​២៧គ្រឿង​ដែល​វៀ​ត​​ណា​ម​ឃាត់​នោះ​ ​មាន​ទូក​មួយ​ចំនួន​ផ្សេង​​ទៀត​បាន​រត់​រួច​ពី​ការ​ចាប់​របស់​អាជ្ញា​ធរ​​វៀ​ត​ណា​ម​៕

ភ្លើង​​ឆេះ​ផ្ទះ​មួយ​ខ្នង បណ្ដាល​ឱ្យ​កូន​ស្រី​ម្ចាស់​ផ្ទះ​ម្នាក់​ស្លាប់ ​

នៅ​វេលា​ម៉ោង ៧ និង ២០ នាទី​ព្រឹក​ថ្ងៃ​ទី ២២ សីហា ឆ្នាំ ២០១១នេះ មានភ្លើង​​ឆេះ​ផ្ទះ​មួយ​ខ្នង បណ្ដាល​ឱ្យ​កូន​ស្រី​ម្ចាស់​ផ្ទះ​ម្នាក់​ស្លាប់ ​ដែលហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​ភូមិ​ស្ទឹង​មានជ័យ​ទី​១ សង្កាត់​ស្ទឹង​មានជ័យ រាជ​ធានី​ភ្នំពេញ។

បើតាម​ប្រភពពី​កន្លែងកើត​ហេតុបញ្ជាក់​ថា កូន​ស្រី​ឈ្មោះ កញ្ញា ឌឿ ម៉ូនីកា អាយុ ២០ ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​មហាវិទ្យាល័យវ៉ាន់ដា គណនេយ្យ បាន​ស្លាប់ ​នៅ​ក្នុង​បន្ទប់​ ព្រោះ​មិន​អាច​រត់​ចេញ​ក្រៅ​បាន ខណៈ​ដែល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ​ខ្លាំង ​នៅ​ច្រក​ចេញ​ចូល។

ភ្លើង​បាន​រលត់​ទៅ​វិញ ​នៅ​ម៉ោង​ជាង ៩ ព្រឹក​ថ្ងៃ​ដដែល និង​មិន​រាលដាល​ដល់​ផ្ទះ​ឈើ​ដទៃ​ទៀត ដែល​នៅ​ក្បែរ​គ្នា​នោះ​ទេ ដោយ​សារ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​ជួយ​ពន្លត់​ទប់​ស្កាត់​ទាន់ពេល៕

រាជធានី​ភ្នំពេញ មានស្ពានថ្មីមួយទៀត នៅកោះពេជ្រ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១១នេះ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអំពាវឲ្យ ពលរដ្ឋខ្មែរទាំងអស់ គួរតែ​ជៀសវាង​នូវ​ការធ្វើបាតុកម្ម​ណាមួយ ដែល​បង្ក​ដល់​អស្ថិរភាព​សង្គម ដូចជាករណី​អំពើដ៏ហិង្សា នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស។

ការថ្លែងរបស់ អភិបាល​រាជធានី​​ភ្នំពេញនេះ ធ្វើឡើង នៅឯ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពានថ្មី​មួយ​ទៀត នៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ដែលស្ពាន​ថ្មីនេះ មាន​ទទឹង១០​ម៉ែត្រ និង​បណ្តោយ៧០​ម៉ែត្រ ត្រូវបាន​សាងសង់ឡើង ដោយចំណាយ​ថវិកា​ជាង៣លាន​ដុល្លារ។

សូមរំឮកថា ពិធីបុណ្យ​អុំ​ទូក កាលពី​ឆ្នាំ២០១០ នៅ​យប់​ថ្ងៃទី​២២​វិច្ឆិកា ២០១០ មានសោកនាដកម្មមួយ នៅលើ​ស្ពាន​ពេជ្រ បាន​បណ្តាល​មកពី​មនុស្ស​កកស្ទះ និង​ផ្អើល​ជាន់​គ្នា​ស្លាប់ ៣៥៣នាក់ ព្រម​ទាំង​របួស​ជិត៤០០នាក់​ផងដែរ៕

ទឹកទន្លេមេគង្គ កំពុងបន្តឡើង ដល់កំរិតប្រុងប្រយ័ត្ន

នៅក្នុងពិធីចែកសញ្ញាបត្រ ជ័យលាភី ដល់និស្សិតនៃសាកលវិទ្យាល័យ ធនធានមនុស្ស នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១នេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ទឹកជំនន់ទន្លេមេគង្គ បានកំពុងចាប់ផ្តើមឡើង ជាបន្តបន្ទាប់ហើយ ជាពិសេសកម្ពស់ទឹកនៅខេត្តស្ទឹងត្រែង មានកម្ពស់១០,៧៥ម៉ែត្រ។

សម្តេចបានបញ្ជាក់ថា« ខេត្តស្ទឹងត្រែង អាចឡើងដល់១១,២០ ម៉ែត្រ ដែលកម្រិតប្រុងប្រយ័ត្នមានត្រឹមតែ១០,៧០ម៉ែត្រ ខេត្តក្រចេះអាច ឡើងដល់២២ម៉ែត្រ ហើយកម្រិតប្រុងប្រយ័ត្ន២២ម៉ែត្រ​កំពង់ចាមអាច ឡើងដល់១៥,២០ម៉ែត្រ​ហើយកម្រិតប្រុង​ប្រយ័ត្ន១៥,២០ម៉ែត្រនេះឯង»។

របាយការណ៍​ ពី​នាយកដ្ឋាន​ព័ត៌មាន ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ កាល​ពី​ឆ្នាំ​២០១០ បាន​សរសេរ​ថា ជំនន់​ទឹក​ភ្លៀង​ប៉ះពាល់​ចំនួន ១៤​ខេត្ត​ក្រុង មាន​ប្រជាពលរដ្ឋ​ដែល​គេ​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជាង ៦៣០​គ្រួសារ។ ប៉ះពាល់​ផ្ទះ​ចំនួន ៣៣.០៥៦​ខ្នង ផ្ទះ​រលំ​ចំនួន ៨៦​ផ្ទះ ផ្ទះ​របើក​ដំបូល និង​ជញ្ជាំង៣៩​ខ្នង។

ប្រជាពលរដ្ឋ​ស្លាប់​ចំនួន ១១​នាក់ របួស ៧​នាក់ សាលារៀន​លិច​ទឹក ២៧២​កន្លែង ប៉ះពាល់​សន្ទូង​ជាង ៧​ម៉ឺន​៧​ពាន់​ហិកតារ ក្នុង​នោះ​ខូចខាត​អស់​ជាង ១៥.៩០០​ហិកតារ និង​ដំណាំ​រួមផ្សំ​ខូចខាត​អស់​ជាង ៩.៩០០​ហិកតារ៕

ខេត្ត​តាម​ទន្លេ​មេគង្គ ​ប្រឈមនឹង ភាព​ប្រកាស​អាសន្ន

បើតាម​ក្រសួង​ធនធានទឹក​ បាន​ឲ្យដឹងថា ជំនន់​ទឹក​ទន្លេ​មេគង្គ​ បាន​ឡើង​ខ្ពស់​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ​​ ដែលអាចនាំឲ្យលិចលង់​ខេត្តមួយចំនួនដូចជាខេត្ត​ស្ទឹងត្រែង ​ក្រចេះ និង​​កំពង់ចាម ដូច្នេះប្រជាពលរដ្ឋ ​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​ទឹក​ទន្លេ​ឡើង​ខ្ពស់​នេះ។

«បើ​យោង​តាម​ការព្យាករណ៍​របស់ក្រសួងដដែលបង្ហាញ​ថា​ ថ្ងៃ​ទី​​១២​​ សីហា​ ទឹក​ទន្លេ​មេគង្គ​​នៅ​ស្ទឹងត្រែង​អាច​ឡើង​ដល់​​១១,៣០​​ម៉ែត្រ​ ហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត​គឺ​ថ្ងៃ​ ១៣​ ហ្នឹង​ នៅ​ក្រចេះ​អាច​ឡើង​ដល់​​២១,៩០​ម៉ែត្រ​ អញ្ចឹង​​កម្រិត​ទឹក​ហ្នឹង​វា​ដល់​កម្រិត​មួយ​​ដែល​យើង​មាន​ត្រូវ​ប្រុង​ប្រយ័ត្ន»។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​កើន​ឡើង​នេះ​ ដោយសារ​តែ​កម្ពុជា​ទទួល​​ឥទ្ធិពល​ព្យុះ​ ណុក​ ថិន​ ពី​ប្រទេស​វៀតណាម​ ថៃ​ និង​ប្រទេស​ឡាវ​ ដែល​បាន​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ ចំនួន​ក្នុង​ប្រទេស​កម្ពុជា។​

កាលពីឆ្នាំ២០១០ ទឹកជំនន់ នៅកម្ពុជា បានបណ្តាលឲ្យប្រជាពលរដ្ឋ ​ស្លាប់​ចំនួន ១១​នាក់ របួស ៧​នាក់ សាលារៀន​លិច​ទឹក ២៧២​កន្លែង ប៉ះពាល់​សន្ទូង​ជាង ៧​ម៉ឺន​៧​ពាន់​ហិកតារ ក្នុង​នោះ​ខូចខាត​អស់​ជាង ១៥.៩០០​ហិកតារ និង​ដំណាំ​រួមផ្សំ​ខូចខាត​អស់​ជាង ៩.៩០០​ហិកតារ ព្រមទាំង​ប៉ះពាល់​ផ្ទះ​ចំនួន ៣៣.០៥៦​ខ្នង ផ្ទះ​រលំ​ចំនួន៨៦​ផ្ទះ ផ្ទះ​របើក​ដំបូល និង​ជញ្ជាំង ៣៩​ខ្នង៕

ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ នៅកោះពេជ្រ​ គ្រោងចំណាយ​​ថវិកា ១២០,០០០ដុល្លារ​

​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ បាន​ស្លាប់​ នៅ​លើ​ស្ពាន​ពេជ្រ​ ក្នុង​រាជធានី​ភ្នំពេញ ​នឹង​ត្រូវ​គេ​បើក​ធ្វើ​ពិធីសែន​ក្រុងពាលី​បញ្ចុះ​បឋមសិលា​ដើម្បីសាងសង់ នៅ​ថ្ងៃ​ទី​១១​សីហា​សប្តាហ៍​ក្រោយ​នេះ ដោយគ្រោងនឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ​១២០,០០០ ​ដុល្លារ​។។

អាជ្ញាធរ​ក្រុង​បាន​សម្រេច​សាងសង់​ស្តូប​ដែល​មាន​លក្ខណៈ​ជា​ថ្មគោល​ព្រហ្ម​មុខ ៤ ហៅថា «​ព្រហ្ម​គោល​» មាន​អត្ថន័យ​តំណាង​ព្រហ្ម​វិហារធម៌ ​ដែល​គម្រោង​សាងសង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ​នៅ​កោះ​ពេជ្រ​សំណង់​នេះ ​ត្រូវ​គេ​គ្រោង​នឹង​សាង​សង់​រួច​រាល់ ​ឲ្យ​ទាន់​ពិធី​រម្លឹក​ខួប​មួយ​ឆ្នាំ​នៃ​ឧបទ្ទវហេតុ​នេះ ​នៅ​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា ​ឆ្នាំ​២០១១​ខាងមុខ។

សោកនាដកម្ម​គួរ​ឲ្យ​តក់ស្លុត ​និង​មិន​គួរ​ឲ្យ​ជឿ​នេះ​ បាន​កើត​ឡើង​កាល​ពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ខណៈ​ដែល​មនុស្ស​ម្នា​កំពុង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​អកអំបុក ​និង​សំពះ​ព្រះខែ ដោយសាររត់​គរ​លើ​គ្នា​ នៅ​លើ​ស្ពាន​តូច​មួយ​ដែល​ឆ្លង​ទៅ​កាន់​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញហើយបានបណ្តាល ឲ្យមនុស្ស​ ៣៥៣នាក់​ស្លាប់ ដែល​ភាគ​ច្រើន​ជា​យុវជន​៕

ផ្ទុះឡស្លាប់ ក្មេងស្រីម្នាក់ និងរបួស១២នាក់

ក្មេងស្រីម្នាក់ បានស្លាប់ នឹងមនុស្ស ចំនួន១២នាក់ទៀត បានរងរបួសធ្ងន់នឹងស្រាល ដោយសារផ្ទុះឡ ខណៈពេលកំពុងដុតសព កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១១ នៅចំណុចឡដុតខ្មោច ស្ថិតក្នុងភូមិត្រពាំងរនាត ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

ប្រភពពីកន្លែកើតហេតុឱ្យដឹងថា នៅពេលដាក់សពបូជា ក្រុមគ្រួសារបានចាក់សាំង ស្រោចលើអុស អស់ចំនួន២លីត្រក្រោយមក ទើបចាប់ផ្ដើមដុត បានបន្ដិចស្រាប់តែផ្ទុះឡនោះ បណ្ដាលឱ្យខ្ទាតទ្វារត្រូវក្មេងស្រីម្នាក់ឈ្មោះ អូន ទូច អាយុ៨ឆ្នាំ ស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ។

ក្រោយហេតុការណ៍លោក អធិការ ប្រចាំនៅតំបន់នេះ បានទៅពិនិត្យ ដល់កន្លែងកើតហេតុ ឃើញមានក្មេងស្រីម្នាក់បានស្លាប់ ដោយសារតែខ្ទាត ទ្វារត្រូវ ដោយឡែកមនុស្សចំនួន១២នាក់ទៀត រងរបួស ដោយជះកម្ទេចអំបែងឥដ្ឋត្រូវ ហើយក្នុងចំនួន១២នាក់នោះ អ្នករបួសធ្ងន់មានចំនួន៩នាក់។ រីឯសពក្មេងស្រីរងគ្រោះ ក្រុមគ្រួសារកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

កិច្ចប្រជុំ​ អន្តរសភា​អាស៊ាន ប្រព្រឹត្តធ្វើ នៅកម្ពុជា​

​មហាសន្និបាត​អន្តរសភា​ អាស៊ាន​ ហៅ​កាត់​ថា​ អាយ​ប៉ា ( IPA ) លើក​ទី​៣២ ​ដែល​នឹង​ប្រព្រឹត្ត​ធ្វើ នៅកម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​២៤​កញ្ញា​ឆ្នាំ២០១១ខាង​មុខ​ ហើយកិច្ចប្រជុំនេះ រៀបចំ​ដោយរដ្ឋសភា​កម្ពុជា ដែលគ្រោងនឹង​ត្រូវ​ចំណាយ​យ៉ាងហោច​ណាស់១​លាន៥សែន​ដុល្លារ​។

បើតាម​លោក ជាម យៀប​ ​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ​និង​ធនាគារ​របស់​រដ្ឋសភា ​បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ម្សិល​មិញ​ថា​ ការចំណាយ​ដែល​ជា​បន្ទុក​របស់​កម្ពុ​ជា​ជា​ម្ចាស់ផ្ទះ​ ត្រូវ​បែងចែក​ជា​ពីរ​គឺ​ទី​១-​ការចំណាយ​ផ្លូវរដ្ឋ ​សម្រាប់​រដ្ឋបាល​ និង​បច្ចេកទេស​រៀបចំ​មហាសន្និបាត​ ថ្លៃ​សណ្ឋាគារ ​និង​ការ​ជប់លៀង​ជាដើម​។ ​ចំណែក​ការចំណាយ​ទី​២ ជា​ការចំណាយ​ផ្នែក​ឯកជន​ដែល​ចាយ​លើ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ​ព្រមទាំង​សម្លៀកបំពាក់​សិល្បករ​ និង​ការរៀបចំ​ស្ពត​ផ្សព្វផ្សាយ​ជាដើម។

ថវិកាជាតិ ១​លាន ៥ សែន​ដុល្លារ​ សម្រាប់​រៀបចំ​កិច្ចប្រជុំ​អាយប៉ា ​គឺ​មិន​ទាន់​គិត​ដល់​ការចំណាយ​លើ​សិក្ខាសាលា​ចំនួន ៣ លើក​ដែល​ត្រូវ​បើក​ធ្វើ​នៅ​ភ្នំពេញ​ និង​ការបញ្ជូន​គណៈប្រតិភូ​ស​មាជិក​សភា ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នោះទេ​។​ទឹកប្រាក់​ចំនួន ៥.០០០ លាន​រៀល សម្រាប់​ចំណាយ​លើ​រាល់​ការងារ​ដំបូង​នៃ​ការរៀបចំ​កិច្ចប្រជុំ​អាយ​ប៉ា​៕