បារាំង មានគម្រោងឧបត្ថម្ភថវិកា ២០លានយូរ៉ូ ដល់កម្ពុជា
Jul/04/2011 | អត្ថបទដោយ ឃឹម វីរ:
ប្រទេសបារាំង មានគម្រោងជួយឧបត្ថម្ភថវិកា ចំនួន២០លានយូរ៉ូ នៅក្នុងឆ្នាំ២០១២ ដើម្បីធ្វើរោងចក្រផលិតនិងកែច្នៃអង្ករ យកទៅលក់នៅទីផ្សារអន្ដរជាតិ នេះបើយោងតាមការអះអាង របស់លោក អ៊ុច ប៊ូរិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស។
យោងតាមប្រសាសន៍លោក អ៊ុច ប៊ូរិទ្ធ បានឲ្យដឹងថាកិច្ចជំនួបពិភាក្សាទ្វេភាគី ប្រហែលមួយម៉ោង រវាងសម្ដេចតេជោហ៊ុន សែន និងនាយករដ្ឋមន្ដ្រីបារាំង លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុង នៅរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១១ នៅឯវិមាន សន្ដិភាព លោកហ្វ្រងស្វ័រ ហ្វីយ៉ុង បានជំរុញឱ្យកម្ពុជា ផលិតនូវរោងចក្រ សម្រាប់កែច្នៃអង្ករ ដើម្បីយកទៅលក់ នៅទីផ្សារអន្ដរជាតិ ហើយប្រទេសបារាំង នឹងជួយជ្រុមជ្រែងព្រមទាំងនឹងធ្វើការវិនិយោគនូវទឹកប្រាក់ ប្រមាណ ជិត៣០លានដុល្លារ សហរដ្ឋអាមេរិកផងដែរ សម្រាប់ធ្វើរោងចក្រកែច្នៃអង្ករនោះ។
លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុង បានមានប្រសាសន៍ថា ប្រទេសបារាំងគាំទ្រ យ៉ាងពេញទំហឹង ចំពោះបេក្ខភាពប្រទេសកម្ពុជា ជាសមាជិកមិនអចិន្ដ្រៃយ៍នោះ នៅក្នុងក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ។ មន្ដ្រីរូបនេះ បានបន្ថែមថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ដ្រីបារាំង លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុងនេះក៏បាននាំអ្នកវិនិយោគធំៗ របស់ប្រទេសបារាំង ដើម្បីឱ្យមកធ្វើការវិនិយោគ នៅប្រទេសកម្ពុជា ជាច្រើនវិស័យ ហើយពិសេសជាងគេនោះ ផ្នែកខាងវិស័យកសិកម្ម ។