Logo

Friends Added

ព័ត៌មានជាតិថ្មីៗ

​កម្ពុជា នឹង​បើក​ដំណើរការ ​ទីផ្សារមូលបត្រ​ឆាប់ៗនេះ

នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ២០១១ខាងមុខនេះ ប្រទេស​កម្ពុជា មាន​គម្រោង​សម្ពោធ​បើក​ដំណើរការ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា ដើម្បី​ជា​ជំហាន​ទៅ​រក​ការ​បង្កើត​ផ្សារ​មូលបត្រ​កម្ពុជា ឬ​ហៅ​ថា ផ្សារហ៊ុន។

នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនានេះ លោក ម៉ិញ បានកុសល អគ្គនាយក​គណៈកម្មការ​មូល​បត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា ជា​ជំហាន​ដំបូង​នៅ​ខែ​កក្កដា​នេះ គឺ​យើង​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា​សិន ហើយ​ក្រោយ​ពេល​បើក​ឲ្យ​មាន​ក្រុមហ៊ុន​មូលបត្រ​ហើយ យើងនឹង​​រៀបចំ​ឲ្យ​មាន​ដំណើរការ​សកម្មភាព​ផ្សេង​បន្ត​ទៀត។

ការ​បង្កើត​ផ្សារ​មូលបត្រ​កម្ពុជា ចាប់​ផ្ដើម​ ដោយ​មាន​ការ​ជួយ​របស់​ប្រទេស​កូរ៉េខាងត្បូង ហើយប្រទេស​កម្ពុជា និង​កូរ៉េបង្កើត​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ចម្រុះ ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា កាន់កាប់​ភាគហ៊ុន ៥៥% ហើយ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កូរ៉េ​ខាងត្បូង កាន់កាប់​ភាគហ៊ុន​ចំនួន ៤៥%។

រន្ទះបាញ់​ បន្តយាយីអាយុជីវិត ពលរដ្ឋខ្មែរ

បាតុភូតធម្មជាតិ​រន្ទះបាញ់ បានឆក់យកជីវិតពលរដ្ឋខ្មែរសរុបប្រមាណ៩៨​នាក់ និង​របួស ៧៣​នាក់ រួម​ទាំង​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួនទៀត បានរង​ការបំផ្លិច​បំផ្លាញផងដែរ ក្នុង​ចន្លោះ​ពី​ខែ​មករា មក​ដល់​ចុង​ខែ​មិថុនា ឆ្នាំ​២០១១ នេះ​បើតាមមន្ត្រី​គណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ ​ឲ្យដឹង​នៅ​ថ្ងៃ​សុក្រទី​១ ខែកក្កដា ឆ្នាំ​២០១១​នេះ។

បើតាមនាយ​ខុទ្ទកាល័យ និង​ជា​អនុ​ប្រធាន​ព័ត៌មាននិង​ទំនាក់ទំនង​នៃ​គណៈ​កម្មាធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​ថា រន្ទះបាញ់​ ក្រៅ​ពី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ក៏​បាន​ធ្វើ​ឲ្យ​សត្វ គោ ក្របី ងាប់​ចំនួន ៤៨​ក្បាល និង​ខូចខាត​ផ្ទះ​ប្រមាណ៣​ខ្នង​ផង​ដែរ នៅ​ក្នុង​រយៈពេល៦​ខែ​ដើម​ឆ្នាំ​២០១១​នេះ។

នៅ​តាម​ទី​ជនបទ ​ពុំ​មាន​បង្គោល​សម្រាប់​ ការពារ​រន្ទះបាញ់​នៅឡើយ​ទេ ហើយនៅ​ក្រុង​ភ្នំពេញ មាន​បង្គោល​ការពារ​រន្ទះ​បាញ់​នោះ​ប្រមាណ ២០% នៃ​ចំនួន​សំណង់​ទូទៅ មាន​ដូច​ជា​ផ្ទះ និង​អគារ​រដ្ឋប៉ុណ្ណោះ ពីព្រោះបង្គោល​ការពារ​រន្ទះ​ មាន​តម្លៃ​ថ្លៃ ទើប​មិន​សូវ​មាន​ដាក់​ការពារ​រន្ទះ៕

និស្សិតអាហារូបករណ៍ ត្រូវសហរដ្ឋអាមេរិក ខិតខំលើកស្ទួយ

សហរដ្ឋអាមេរិក បានចាប់ផ្តើមផ្តល់អាហារូបករណ៍ដែលមានឈ្មោះថាហ្វូល ប្រាយ (Fullbright) ដល់និស្សិត​កម្ពុជាចាប់តាំងពី ឆ្នាំ១៩៩៤មកម្ល៉េះ។

លោកស្រី Carol Rodley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា លោកស្រីនឹងខិតខំដើម្បីអាចពង្រីក បរិមាណ​ក្នុងការទទួលនិស្សិតកម្ពុជាសម្រាប់អាហារូបករណ៍ ទៅរៀន នៅសហរដ្ឋអាម៉េរិក។

រដ្ឋាភិបាល​សហរដ្ឋអាមេរក បានបញ្ជូននិស្សិតអាហារូបករណ៍ខ្មែរចំនួន៩នាក់ហើយ រហូត មកដល់២០១១នេះ ហើយមាននិស្សិតខ្មែរចំនួន១៣០ នាក់ហើយ ដែលបានទទួលអាហារូប ករណ៍នេះ ទៅសិក្សា​នៅសហរដ្ឋអាមេរិក៕

និស្សិត​ខែ្មរ មានឱកាស ទទួលអាហារូបករណ៍ កាន់តែច្រើន​ ពីនូវ៉ែលហេ្សឡង់​

ដើម្បីពង្រីក ចំណងទាក់ទងរវាងប្រទេស​នូវ៉ែលហ្សេឡង់​និងកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី៣០ កក្កដានេះ រដ្ឋាភិបាល ​នូវ៉ែលហេ្សឡង់ ប្រចាំនៅកម្ពុជា​បានរៀបចំពិធី ទទួលនិស្សិត អាហារូបករណ៍ ដែល​ទើបត្រឡប់មក ពីបំពេញ​ការសិក្សា នៅប្រទេស នូវ៉ែលហ្សេឡង់​កន្លង​មក។

តាមប្រភពព័ត៌មានពី មន្រ្តីស្ថានទូត ប្រទេសនូវ៉ែលហ្សេឡង់ ប្រចាំនៅកម្ពុជា បានអោយដឹងថា​ និស្សិត ដែលអាចប្រឡង់ ទៅសិក្សា នៅប្រទេសនូវ៉ែល ហ្សេឡង់បានៈ ដូចជាកសិកម្ម ទេសចរណ៍ វិស័យច្បាប់ ផ្នែកពាណិជ្ជកម្ម គ្រប់គ្រង សាធារណៈ សុខភាព និង​វិស័យ អប់រំ ហើយរដ្ឋាភិបាល នូវ៉ែលហ្សេឡង់ នឹង​ធ្វើការទទួល និស្សិតចំនួនពី១០ទៅ៣០នាក់​ នាឆ្នាំ២០១២។

អ្នក​ភូមិ​បឹង​កក់​ បន្តដុត​កង់​ឡាន​ តវ៉ា​

ក្រុម​អ្នក​ភូមិ​តំបន់​បឹង​កក់​ប្រមាណ ៧០០​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដុត​កង់ឡាន​ជា​ថ្មី​ទៀត នៅ​មុខ​ទីស្នាក់ការ​ចាស់​ក្រុមហ៊ុន ស៊ូកាគូ ទាមទារ​ឱ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​លុប​បឹង ដែល​បាន​បណ្ដាល​ឱ្យ​លិច​ផ្ទះ​អ្នក​ភូមិ​ជា​បន្ត​បន្ទាប់។

ទំនាស់​ដីធ្លី​នៅ​តំបន់​បឹង​កក់ រាជធានី​ភ្នំពេញ រវាង​សហគមន៍​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ចិន ស៊ូកាគូ បាន​អូស​បន្លាយ​អស់​រយៈពេល​បួន​ឆ្នាំ​មក​ហើយ។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ប្រមាណ ៤​ពាន់​គ្រួសារ បាន​រង​ការ​ប៉ះពាល់​បាត់បង់​ដីធ្លី ផ្ទះសម្បែង និង​មុខ​របរ​ចិញ្ចឹម​ជីវិត។

កាលពីថ្មីៗនេះ ធនាគារ​ពិភពលោក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​ទាក់ទង​នឹង​ពលរដ្ឋ​ក្រីក្រ​រាប់ពាន់​គ្រួសារ​ នៅ​តំបន់​បឹង​កក់ ដែល​កំពុង​រង​ការ​គំរាមកំហែង​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​តំបន់​បឹង​កក់ មាន ១.៥០០​គ្រួសារ​ ហើយពួកគេ​កំពុង​កាន់កាប់​ដី​ជិត ១០​ហិកតារ ក្នុង​ចំណោម​ដី ១៣៣​ហិកតារ ដែល​ត្រូវ​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ស៊ូកាគូ៕

ទស្សនកិច្ចយុទ្ធសាស្រ្ត របស់នាយករដ្ឋមន្រ្តីបារាំង មកកាន់កម្ពុជា

នាយក​រដ្ឋមន្ត្រី​បារាំង​លោក​ François FILLON នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​បារាំងដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២ថ្ងៃ ដែលលោក នឹងមកដល់​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃត្រង់​ទី០២ កក្កដានេះ ។ លោក​នាយក​រដ្ឋមន្ត្រី​បារាំង​ក៏​នាំ​វិនិយោគិន​ជនជាតិ​បារាំង​មក​ជាមួយ​ ដើម្បី​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​វិនិយោគ​ព្រមទាំង​ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិការ​វប្បធម៌​ និង​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា។

លោក​ FILLON​ នឹងជួបសវនាការ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន មុន​នឹង​បន្ត​ដំណើរ​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ព្រះបរមនាថ នរោត្តម​សីហមុនី នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ក្នុង​ព្រះបរមរាជវាំង។ ក្នុងពេល​ជាមួយ​គ្នា​នោះ ក្រុម​អ្នកវិនិយោគ​ជនជាតិ​បារាំង​ដែល​អម​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី​បារាំង នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ដើម្បី​ស្តាប់​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា។

បើតាមកាលវិភាគប្រតិភូ​នាយក​រដ្ឋមន្ត្រី​បារាំង ​នឹង​ចេញដំណើរ​នៅយប់​ថ្ងៃសៅរ៍​ឆ្ពោះទៅ​ខេត្ត​សៀមរាប ដើម្បី​ចូលរួម​សម្ពោធ​បិទ​ការដ្ឋាន​ជួសជុល​ប្រាសាទ​បាពួន​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ខេត្ត​សៀមរាប។

​សម្តេចតេជោ ចេញវិធានការក្តៅ ដក​នាយខ​ណ្ឌ​ជលផល ក្នុង​ខេត្ត​ចំនួន៥

ក្នុង​ទិវា​មច្ឆជាតិ នៅ​ថ្ងៃ​១​កក្កដា​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​បញ្ជា​ដោយ​ផ្ទាល់​មាត់​ឲ្យ​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដក​តំណែង​នាយខ​ណ្ឌ​ជលផល ក្នុង​ខេត្ត​ចំនួន៥ នៅ​ជុំវិញ​បឹង​ទន្លេសាប រួមមាន​៖ ខេត្ត​បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប និង​ខេត្ត​កំពង់ធំ។

ដក​តំណែង​នាយ​ខណ្ឌ​មន្ត្រី​ជលផល​ទាំង​នោះ ដោយសារ​តែ​ការ​បណ្តែត​បណ្តោយ ឲ្យ​កើតមាន​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​។ ក្នុង​ទិវា​មច្ឆា​ជាតិ មាន​កូន​ត្រី កូន​បង្កង អណ្តើក កន្ធា​យ កង្កែប អន្ទង់ ជាង ១ លាន​ក្បាល ត្រូវបាន​ព្រលែង​ក្នុង​ទន្លេ​វ៉ៃកូ​​ នៅ​ទី​រួម​ខេត្ត​ស្វាយ​រៀង។

នៅថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បទបញ្ជា​លេខ ០១ ដើម្បី​ការពារ​ធនធាន​ត្រី​ក្នុង​បឹង​ទន្លេសាប គ្មាន​ឱ​សាន​វា​ទទេ​។ ​សម្តេចតេជោ ក៏​បាន​ប្រកាស បង្កើត​អធិការកិច្ច​មួយក្រុម ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋ មន្ត្រី​ម្នាក់ ដើម្បី​ចុះ​ពិនិត្យ​ដល់​បណ្តា​ឡូតិ៍​នេសាទ ក្នុង​បឹង​ទន្លេសាប ពិសេស​នៅ​ឡូ​តិ៍លេខ​២ ក្នុង​ខេត្ត​បាត់ដំបង ដែល​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាងគេ​៕

សម្តេចព្រមាន មន្រ្តីខិលខូចមួយចំនួន ក្នុងទិវាមច្ឆាជាតិ

នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១១នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៊ុន​ រ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាមច្ឆជាតិ ១ កក្ដដា ដែលប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ ស្ថិតនៅក្នុងភូមិមេភ្លើង ស្រុកស្វាយរៀង ខេត្តស្វាយរៀង។​

បើតាមរបាយការណ៍របស់រដ្ឋបាលជលផល បានឲ្យដឹងថា នៅថ្ងៃសុក្រនេះ ពូជត្រី និងកូនត្រី១លានក្បាល, កូនផ្កង១០ម៉ឺនក្បាល និង វារីសត្វជាច្រើនពាន់​​​ក្បាល​ផ្សេងទៀត ត្រូវបានព្រលែងផងដែរ។ ក្នុងឱកាសទិវាមច្ឆាជាតិនេះ សម្តេច​តេជោ បានក្រើនរំឮកពី បទបញ្ជា០១ថា គ្មានឱសានវាទនោះទេ លុះត្រាតែសម្តេច​​ឈប់ធ្វើជានាយករដ្ឋមន្រ្តី។

សម្តេចក៏បានមានប្រសាសន៍ផងដែរថា នឹងចំណាយថវិកា ១០០លានដុល្លារអាមេរិក ដើម្បីបង្កើតប្រព័ន្ធ​ធារាសាស្រ្ត ក្នុងទន្លេវ៉ៃគោ ក្នុងជំហានទី១។​ លើសនេះទៀត សម្តេចបាន​ព្រមានចំៗថា មានមេព្រៃ មេព្រែកកាន់តែច្រើន មានបទ​ល្មើស​កាន់តែច្រើន នេះគឺបណ្តាល មកពីមានការ​ឃុបខិតគ្នា​របស់មន្រ្តីមួយចំនួន៕