Logo

Friends Added

ព័ត៌មានជាតិថ្មីៗ

ហាណូយ នាំចូលផលិតផល ច្រើនជាងភ្នំពេញ

មាន

ក្រុមហ៊ុន​ជាង១០០ ​បាន​ចូលរួម​គ្នា​នាំ​យក​ផលិតផល​ចម្រុះ​វៀតណាម មក​ដាក់ពិព័រ​លក់​មាន​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១១​នៅ​ឯ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

បើតាមរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ៅ ថូរ៉ា បញ្ជាក់ថា វៀតណាម​ បាន​នាំ​ចេញ​មក​កម្ពុជា មាន​ទឹក​ប្រាក់​សរុប​រហូត​ដល់​ទៅ ១៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក រីឯ​កម្ពុជា​វិញ​នាំ​ចូលទៅ​ប្រទេស​វៀតណាមវិញ បាន​ត្រឹម​តែ ២៧៧​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ក្នុងរយៈ​ពេល ៥​ខែដំបូង ដើម​ឆ្នាំ​២០១១នេះ តួលេខ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​កម្ពុជាវៀតណាម មាន​ទឹកប្រាក់​សរុប​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ដែលក្នុង​នោះ​វៀតណាម បាន​ធ្វើ​ការ​នាំ​ចូល​មក​កម្ពុជា ចំនេញទឹកប្រាក់​ច្រើន​ជាង៤ដង ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាមឯណោះ៕

ខៀវ សំផន ​ស្នើ​បន្ថែម​សាក្សី ការពារ​រូបលោក

សវនាការ​បឋម​លើ​សំណុំរឿង​០០២ រយៈពេល ៤ ថ្ងៃ បានបិ​ទបញ្ចប់ជាស្ថាពរ​ហើយ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ។ មុន​ពេល​បិទ​បញ្ចប់​សវនាការលើអតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម លោក ខៀវ សំផន បាន​ប្រកាស​ជា​លើក​ដំបូង​ថា លោក​នឹង​ចូលរួម សហការ​ជាមួយ​តុលាការ​ឲ្យអស់​ពី​ចិត្ត​ពី​ថ្លើម ដើម្បី​ស្វែងរក​ការពិត ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​​ហើយ លោក ខៀវ សំផន ក៏​បាន​ស្នើ​បន្ថែម​សាក្សី ការពារ​រូបលោក​ផង​ដែរ។

បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ៤ ថ្ងៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សវនាការ​បឋម​លើ​សំណុំរឿង​០០២ ដែល​មាន​ជន​ជាប់​ចោទ នួន​ជា -ខៀវ​សំផន -អៀង​សារី និង​អៀង​ធីរិទ្ធ បានចូលថ្ងៃ​ចុងក្រោយ​ តែ​បើក​ធ្វើ​ជា​អសាធារណៈ​មួយ​រយៈ។ លើសនេះទៀត អង្គ​សវនាការចុងក្រោយ ផ្តោតសំខាន់​​លើ​ឈ្មោះ​សាក្សី អ្នក​ជំនាញ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល​ត្រូវ​ទុក​ជា​អាថ៌កំបាំង ​នូវ​អត្តសញ្ញាណ​អ្នក​ទាំងនោះ។

ក្រោយ​ពី​ បិទ​បញ្ចប់​សវនាការភ្លាម ភាគី​សហ​ព្រះរាជអាជ្ញា និង​ភាគី​សហ​មេធាវី​ ការពារ​ជន​ត្រូវ​ចោទ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដោយ​ចាត់ទុកថា ​ដំណើរការ​សវនាការ​បឋម រយៈពេល ៤ ថ្ងៃ​នេះ ប្រកបដោយ ភាពជោគជ័យ និង​គ្មាន​ការ​រាំង​ស្ទះ​អ្វី​ឡើយ។

ទារិកាចម្លែក មាននិស្ស័យសេ្នហ៍ ជាមួយពស់ថ្លាន់

នៅថ្ងៃទី៣០ មិថុនានេះ ស្ថិតក្នុងភូមិក្បាលស្ពាន ចំណុចក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទារិកាចម្លែកម្នាក់ កើតបានមួយយប់ ត្រូវបាន​ពស់ថ្លាន់ មួយក្បាលមកដេកជាមួយ​បើទោះបីឪពុកក្មេងនោះ ចាប់ពស់ នោះចោលឆ្ងាយ ក៏ដោយធ្វើអោយប្រជាពលរដ្ឋនាំគ្នា មកចោមរោមមើល យ៉ាងកុះករ។​

ទារិកានោះ មានឪពុកឈ្មោះ សន ភ័ក្រ អាយុ២១ឆ្នាំ និងម្តាយឈ្មោះ ខន សុខាអាយុ១៨ឆ្នាំ។​ ឪពុកម្តាយទារិកា មានកូនក្នុងបន្ទុក២នាក់ ឯទារិកានេះ ទើបកើតបាន៣ថ្ងៃ គិតត្រឹមថ្ងៃកើតហេតុ។ ឪពុកទារិកាបន្តថា ភ្លាមនោះគាត់នឹងភរិយាមាន ការភិត​ភ័យយ៉ាងខ្លាំងហើយគាត់ក៏បានរត់ចេញមកក្រៅផ្ទះ មកជួយចាប់ពស់នោះចេញ។

ក្រោយមកគាត់បានយកពស់ថ្លាន់នោះ ទៅព្រលែង ស្រាប់តែមិនដល់មួយម៉ោងផង ស្រាប់តែកូនរបស់លោកយំ ហើយឃើញពស់ថ្លាន់ នោះវៀមកដេកជាមួយកូនស្រី ហើយថែមទាំងថើប ថ្ពាល់កូនគាត់​រហូតដល់បាត់យំ ភ្លាមនោះម្ដាយក្មេករបស់គាត់បានមកហៅ គេឯងនោះ ចាប់ពស់ចេញ​ព្រោះខ្លាចខាំ​ចៅរបស់គាត់ ។

ប៉ុន្តែពេលអ្នកស្រុកមកមើល ទើបអ្នកខ្លះស្គាល់ថា ជាពស់ថ្លាន់ក៏ចាប់យកមក ដាក់ចុង កន្ទេលស្រាប់តែ កូនពស់ថ្លាន់នោះ លូនឡើងទៅលិទ្ធថ្ពាល់ ទារិកាទៅវិញ ហើយថែមទាំង ឡើងទៅរុំព័ទ្ធដេកក្បែរ ទារិកានោះទៀតផង។

តាមការឱ្យដឹងពីអ៊ុំ ស្រី ប៊ុត ផល ជាជីដូនរបស់ទារិកា បានឱ្យដឹងថា ក្រោយពីបានឃើញហេតុការណ៍នេះ គាត់ក៏បាន​ឱ្យគ្រូទាយមើល តើក្រុមគ្រួសាររបស់គាត់មាន រឿងអ្វីបានជាកើតរឿងចម្លែកបែបនេះ ។ ពេលនោះគ្រូទាយបាន​​និយាយថា ពស់ថ្លាន់ នេះជាប្ដីរបស់ទារិកា កាលពីជាតិមុន ។ ហើយពស់ថ្លាន់នេះ បានមកផ្ទះទារិកានេះមុន៣ថ្ងៃ សូមថែរក្សាពស់នេះឱ្យបានល្អ ៕

ខៀវ សំផន សុំឲ្យដាក់បញ្ចូល សាក្សីដោះបន្ទុក​ ក្នុងថ្ងៃទីបួន

សវនាការបឋម សំណុំរឿង០០២ បានឈានចូលថ្ងៃទីបួន ដែលបានចាប់ផ្តើម នៅវេលាម៉ោង ៩ និង៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែ មិថុនា ឆ្នាំ២០១១។​សវនាការថ្ងៃទីបួននេះ នឹងធ្វើការពិភាក្សានិងដេញ​ដោលព្រមទាំងលើកឡើង នូវទឡ្ហីករណ៍ផ្ទាល់មាត់ នឹងការជំទាស់នានា ទាក់ទិននឹងបញ្ជីឈ្មោះ​សាក្សីដែល​បានស្នើឡើង។

លោក​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​​ចំពោះ​បញ្ជី​ឈ្មោះ​បណ្តោះអាសន្ន​នៃ​សាក្សី ​សម្រាប់​សវនាការ​សំណុំរឿង​០០២​។ លោក​កត់​សម្គាល់ថា សាក្សី​ភាគច្រើន​លើសលប់​គឺជា​សាក្សី​របស់​សហ​ព្រះរាជអាជ្ញា​សម្រាប់តែ​ដាក់​បន្ទុក​លើ​រូប​លោក​តែប៉ុណ្ណោះ ប៉ុន្តែគ្មាន​សាក្សី​សម្រាប់​ដោះ​បន្ទុក​ទេ ដូច្នេះ លោក​នឹង​ដាក់​បញ្ជី​ឈ្មោះ​សាក្សី​របស់​លោក​ឲ្យទៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ​ នេះ​។

ហើយសវនាការបឋមសំណុំរឿង០០២ នៅថ្ងៃទីពីរ ​អង្គជំនុំ​ជម្រះ​បានជជែក​អំពី​បំណង​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ដែលចង់​ ទាមទារ​សំណង​រួម​ពីក្រុម​ជន​ជាប់ចោទ។​ ថ្ងៃរំលឹក​ការចងចាំ​ ស្តូប​ដើម្បី​រំលឹក​ដល់​វិញ្ញាណខណ្ឌ​អ្នកស្លាប់​ សារមន្ទីរ​ ឬ​បណ្ណសារ​ ទាំងនេះ​គឺជា​ការទាមទារ​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី។ក្រៅពី ​ប្រធានបទ​នេះ ​តាំងពី​ព្រឹកមក​ រហូតដល់បពា្ចប់ សវនាការ​បានផ្តោត​ទៅ​អាជ្ញាយុកាល​នៃ​បទល្មើស​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ឆ្នាំ១៩៥៦​ ដែល​ត្រូវបាន​ប្រើ​ចំពោះ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ទាំង​៤។

ស្ដុកឈើខុសច្បាប់ នៅផ្ទះ​ ត្រូវអាជ្ញាធរ វែកមុខ

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១ កម្លាំងចម្រុះរបស់ ខេត្ដកំពត រួមមានកម្លាំង​រដ្ឋបាល​ព្រៃឈើកម្លាំង​នគរបាលមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំដោយ ព្រះរាជអាជ្ញារងអម​សាលាដំបូងខេត្ដកំពត លោក សៀង សុខ បានចុះបង្ក្រាប​​កន្លែងស្ដុកឈើខុសច្បាប់ នៅផ្ទះប្រធានទីស្នាក់ការ​ស្រាវជ្រាវ​ចារកិច្ចយោធា អគ្គបញ្ជាការ ប្រចាំខេត្ដកំពត លោក លឹម ឆាយវ៉ារ៉ាត់ ដែលស្ថិតនៅក្នុង​​ភូមិ​​ត្រញំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពព័ត៌មានពីកម្លាំងចម្រុះ​ដែលបានចូលរួមក្នុងប្រតិបត្ដិការ​បង្ក្រាបកន្លែងស្ដុកឈើ ខុសច្បាប់ខាងលើនេះបានឱ្យដឹងថា ការរឹបអូសឈើគ្រញូង ប្រណីត ចំនួន៣តោនឈើអា ៦ម៉ែត្រគូប។

សម្រាប់ឈើ ទាំងអស់នេះ ត្រូវបានកម្លាំងចម្រុះយក ទៅរក្សាទុកនៅទីស្នាក់ការរដ្ឋបាល​​ព្រៃឈើ ខេត្ដកំពត ដើម្បីចាត់ការបន្ដទៀត។ ដោយឡែកម្ចាស់​កន្លែងស្ដុកឈើខុសច្បាប់នេះ​បានរត់គេចខ្លួនបាត់។

ឧស្សាហកម្មរបស់ជប៉ុន កើនឡើង ៥.៧ភាគរយ

ផលិតផលឧស្សាហកម្មរបស់ជប៉ុន បានកើនឡើង៥.៧ភាគរយ ក្នុងខែឧសភា បន្ទាប់ពី​ប្រទេសនេះ បានទទួលរងនូ​វវិនាសកម្ម​ដោយរញ្ជួយដី និងរលកយក្សស៊ុយណាមិ កាលពី​ថ្ងៃទី១១ មិនា ២០១១​កន្លងទៅនេះ។

បើតាមក្រសួងសេដ្ឋកិច្ចជប៉ុនបន្តថា សម្រាប់ខែមិថុនានេះ ការផលិត​ផលិតផល​ឧស្សាហកម្ម រំពឹងថា​នឹងកើន៥.៣ភាគរយ ហើយខែកក្តដា​វិញ រំពឹងថានឹងកើន​០.៥ភាគរយបន្ថែមទៀត។

ចំណែការដឹក​ជញ្ជូនរបស់ជប៉ុនវិញ បានកើនឡើង​ប្រមាណ៥.៣ភាគរយ ក្នុងខែឧសភា ព្រមទាំងកើនប្រាក់ចំណូល​សារពើពន្ធប្រមាណ​៥.១ភាគរយផងដែរ៕

គយ​ចល័ត​​ឆ្មក់ចាប់រថយន្ត​កាមរី​​2គ្រឿង​​ដឹក​ទំនិញ​​ក្លែង​បន្លំ​គុណភាព

មន្ត្រី​គយ​​ចល័ត​​ប្រចាំ​នៅ​ចំណុច​​ផ្សារ​កណ្តាល​ ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ ​សង្កាត់​​ប៉ោយ​ប៉ែត ​បាន​ឆែក​ឆេរ​​ចាប់​បាន​​ពី​រថយន្ត​​កាមរី​២​គ្រឿង ​ដែល​ដឹក​​ ប​ង្កប់​​ជា​មួយ​ផ្លែ​ឈើ​​នៅ​ថ្ងៃ​ទី​២៧ មិថុនា។ ត្រី​ខ​គ្មាន​​ស្លាក​សញ្ញា​​ និង​ការវេច​ខ្ចប់​​ឱ្យ​បាន​​ត្រឹម​​ត្រូវ​ខូចគុណ​ភាព​​ចំនួន​៤១​​កេស ស្មើ​នឹង​១.៥៨៤​​កំប៉ុង ព្រម​ទាំង​សណ្តែក​ខៀវ​បំពង​ចំនួន​៣០​គីឡូ​ក្រាម។

លោក​គីវ ​គឹម​ផា មន្ត្រី​​ភ្នាក់ងារ​​គយ និង​​រដ្ឋា​ករ​​ ស្រាវជ្រាវ​ និង​បង្ក្រាប​​អំពើ​​រត់​ពន្ធ​នៃ​​ទីស្នាក់​ការ​គយ និង​រដ្ឋា​ករ​ប៉ោយប៉ែត បន្តថា ​ការ​ចាប់​បាន​​ទំនិញ​​ទាំងនេះ​គឺ​ខណៈ​កម្លាំង​​រ​បស់​លោក​​ពង្រឹង​ការ​ ត្រួត​ពិនិត្យ​​ទំនិញតាម​រថយន្ត​ ។ ទំនិញ​​ទាំងនេះ​មិន​ត្រឹម​តែ​គ្មាន​ស្លាកសញ្ញា ឬ​ការ​វេច​ខ្ចប់​​ឱ្យ​បាន​ត្រឹម​ត្រូវ​​នោះទេ ​ថែម​ទាំងគេ​​វាយ​ដាក់​កាល​បរិច្ឆេទ​​ហួស​កំណត់​​ការ​ប្រើ​ប្រាស់​​តាម​របៀប ​ក្លែង​​បន្លំ​ទៀត​​ផង ដូច​ជា​ត្រី​ខ​​ជាង​១​ពាន់​​កំប៉ុង​នេះ​ជាដើម​ ។

បន្ទាប់​​មក​​សមត្ថ​កិច្ច​បាន​​ឱ្យ​ពួកគេ​​ធ្វើ​កិច្ច​សន្យា​រួច​ឱ្យ​ត្រឡប់ ​​ទៅវិញ​ជា​មួ​យ​រថយន្ត​​​រៀង​ខ្លួន​ៗ។ ឯ​ទំនិញ​ទាំង​អស់​​​នោះ​ ​ក្រោយ​ធ្វើ​កំណត់​ហេតុ​រួច​​ក៏​​ប្រគល់​​ឱ្យ​មន្ត្រី​​កាំកុង​ត្រូល​​ចាត់​ ការ​បន្ត៕