Logo

Friends Added

ព័ត៌មានជាតិថ្មីៗ

គ្រាប់មីន បន្តផ្តាច់ជីវិត ពលរដ្ឋខ្មែរ

យ៉ាងតិចណាស់មានពលរដ្ឋកម្ពុជាប្រមាណ៩៥នាក់ បានស្លាប់និងរងរបួស ដែលក្នុង​នោះមាន​២០នាក់ បានស្លាប់ និង៧៥នាក់ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល​៥ខែក្នុងឆ្នាំ​២០១១នេះ នេះបើតាមអង្គភាពប្រពន្ធ័ព័ត៌មាន​ជនរងគ្រោះដោយ​សង្រ្គាម​គ្រាប់មីនមិនទាន់​ផ្ទុះនិងមីនកម្ពុជា ឲ្យដឹងនៅថ្ងៃទី២៩ មិថុនា ២០១១នេះ។

បើតាមអង្គភាពនេះបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩ដល់ខែឧសភា ឆ្នាំ២០១១មាន​ ​ករណី​ផ្ទុះគ្រាប់មីន​ចំនួនសរុប៦៣៩០១ករណី​ដែលក្នុងនោះ មានមនុស្ស ប្រមាណ​១៩៥៩៥នាក់​​បានបាត់បង់ជីវិត និង៤៤៣០៦នាក់ទៀត បានរងរបួស ហើយក្នុង​ចំណោមជនរងគ្រោះ មាន​៨១ភាគរយ ជាបុរស៨ភាគរយជាស្រ្តី និង១១ភាគរយ​ទៀតជាកុមារ។

ប្រទេសកម្ពុជា ជាប្រទេសមួយដែលរងគ្រោះខ្លាំងដោយគ្រាប់មីន ដោយសារតែជម្លោះ​ដោយប្រដាប់​អាវុធ កាលពី៣០ឆ្នាំមុន ហើយខេត្ត ដែលរងគ្រោះខ្លាំង​ដោយគ្រាប់មីន​មានដូចជាខេត្តបាត់ដំបង់ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តព្រះវិហារ។

ប្រជាពលរដ្ឋ​ នៅតំបន់ថ្ម​ដូន​ បាន​ត្រៀមជម្លៀស​​ចេញ ពី​ព្រំដែន​

មានពលរដ្ឋ​ជាច្រើនគ្រួសារ នៅ​ភូមិ​ថ្ម​ដូន តា​មាន់ នៅក្នុង​ឃុំ​គោក​មន​ ភូមិ​កុក​ធំ នៅក្នុង​ឃុំ​គោក​ខ្ពស់​ ភូមិ​ជប់​គគី ខាងកើត​និង​ខាងលិច នៅ​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល និង​ភូមិ​មួយ​ចំនួនទៀត​ស្ថិត​​ក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ខេត្តបន្ទាយ​មាន​ជ័យ ​បាន​ត្រៀម​របស់របរ​​​មា​ន​តម្លៃ​រួច​ជាស្រេច ព្រោះ​អី​កាលពី​​រត់​លើក​មុន​​ មិនបាន​យក​អ្វី​ជា​ដុំកំភួន​ឡើយ​។

តើមូលហេតុអ្វីខ្លះដែលនាំឲ្យ ពលរដ្ឋទាំងអស់នោះត្រៀមខ្លួន ចេញពីលំនៅឋាន មូលហេតុ​៖ ទី​១ពួកគាត់​បានទទួល​ដំណឹង​ពី​ពលរដ្ឋ​នៅតាម​ព្រំដែន​បានឲ្យ​​ចាក​ចេញ ព្រោះ​ភ័យខ្លាច​សឹកសង្គ្រាម​ ដែល​នឹង​អាច​មកដល់​នាពេល​ខាងមុខនេះ​។ ទី​២ទាហាន​ថៃ​នៅ​​តាម​ព្រំដែន​បានមក​ធ្វើ​យុទ្ធ​ដំណើរ​កងទ័ព​ និង​ហ្វឹកហាត់​ពលរដ្ឋ​ឲ្យ​​ចេះ​គេច​គ្រាប់​ និង​របៀប​ជួយ​ជម្លៀស​គ្នា​ក្នុងពេល​មាន​សង្គ្រាម​កើ​តឡើង​។

មួយវិញទៀតទី​៣ ទា​ហាន​ថៃ​បាន​ប្រាប់​ប្រជារាស្ត្រ​ ឲ្យ​ជីក​លេណដ្ឋាន​ថ្មី​ថែមទៀត​ និង​​ពួកគាត់​បានទទួល​ដំណឹង​ ពី​ពលរដ្ឋ​ថៃ​ថា មានគម្រោង​បញ្ជូន​ព្រះសង្ឃ​និង​យាយជី​ចូល​​មក​ប្រាសាទ​តា​ក្របី ។

រោង​ភាព​យន្ត​ហូលីវូដ​ នឹង​បើក​ជា​លើក​ដំបូង ​នៅ​កម្ពុជា​

ក្រុម​ហ៊ុន​ Westec ​Media ​Limited​ នឹង​បើក​ដំណើរ​ការ​​រោង​ភាព​យន្ត​បរទេស​លើក​ដំបូង​​នៅ​រាជ​ធានី​ភ្នំ​ពេញ​នៅ ​ខែ​ក្រោយ​​ ក្រោម​ការ​វិនិយោគ​នូវ​តម្លៃ​ទឹក​ប្រាក់​១,៥​លាន​ដុល្លារ​។​រោង​ភាព​យន្ត​នេះ​មាន​ឈ្មោះ​ថា​ Legend ​បើក​នៅ​ក្នុង​ផ្សារ​ទំនើប​ស៊ីធីម៉ល ​​ដាក់​បញ្ចាំង​ជា​លើក​ដំបូង​នូវ​ខ្សែ​​ភាព​យន្ត​ហូលីវូដ។

លោក ​Michael​ Chai​ នាយក​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​ថា​ រោង​ភាព​យន្ត​នេះ​មាន​​តម្លៃ​១,៥​លាន​ដុល្លារ​មាន​កៅ​អី​​​ចំនួន​​​៨០០​ ​មាន​អេក្រង់​3D ​ អតិថិជន​ជា​ទិស​ដៅ​សំខាន់​របស់​យើង​គឺ​ជន​បរទេស​ដែល​រស់​នៅ​កម្ពុជា ប្រជា​ជន​កម្ពុជា​​នឹងទទួល​បាន​​អាជ្ញា​ប័ណ្ណ​​លើក​ដំបូង​នៅ​កម្ពុជាចេញ​ដោយ​ក្រសួង​វប្បធម៌​។

រោង​ភាព​យន្ត​នេះ​នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៧ ​កក្កដា ​ដោយ​តម្លៃ​សំបុត្រ​ចាប់​ពី​ដុល្លារ​ទៅ​​ដែល​តម្លៃ​នេះ​ស្រដៀង ​នឹង​​​នៅ​ប្រទេស​វៀតណាម ​និង​ថៃ​ដែរ​។

ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ឆ្នាំ១៩៥៦​ ​ ជាប្រធានបទសំខាន់ នៅសវនាការ ​ថ្ងៃទី​៣

សវនាការបឋមរបស់តុលាការក្កីខ្មែរក្រហម ​​លើ​​សំណុំ​រឿង​​០០២ បានឈានចូលដល់ថ្ងៃទី៣ហើយ នៅថ្ងៃទី២៩ មិថុនានេះ ផ្តោតសំខាន់លើ​តាំងពី​ព្រឹកមក​ រហូតដល់​បពា្ចប់ សវនាការ​បានផ្តោត​ទៅ​អាជ្ញាយុកាល​នៃ​បទ​ល្មើស​​​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ឆ្នាំ១៩៥៦​ ដែល​ត្រូវបាន​ប្រើ​ចំពោះ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ទាំង​៤។

ហើយសវនាការ​​​បឋម​​លើ​​សំណុំ​រឿង​​០០២ នៅថ្ងៃ​​​ទី​២​ ត្រូវនឹងថ្ងៃទី២៨ មិថុនា ២០១១ម្សិលមិញនេះ​ បាន​ផ្តោតលើអញ្ញត្រកម្ម​ អំពី​ការ​លើកលែង​​ទោស​ ឬ​​ការ​អនុគ្រោះ​​ទោស ​ក្នុង​ករណី​ លោក​ អៀង សារី​។ ព្រះរាជក្រឹត្យ​​របស់​​ព្រះមហាក្សត្រ​ កាលពី​​ឆ្នាំ​​១៩៩៦​ ដែល​​បាន​​លើក​លែង​ទោស​​លោក​ អៀង សារី​ ត្រូវ​បាន​​ក្រុម​​មេធាវី​​ការពារ​ក្តី​ លើក​ឡើងថា​ ជា​ការ​​រារាំង​​មិន​​អាច​ឲ្យ​​តុលាការ​​កូន​កាត់ ​បើក​សវនាការ​​កាត់ទោស​​លោក​​អៀង​សារី​ នា​ពេល​​នេះ​​ទេ​​។

ក៏​​ប៉ុន្តែ​​ភាគី​​សហ​​ព្រះរាជអាជ្ញា​ និង​​ក្រុម​មេធាវី​​នាំមុខ​ ដែល​​ជា​​ភាគី​​ដើម​​បណ្តឹង​រដ្ឋប្បវេណី​ តំណាង​​ជនរងគ្រោះ ​បាន​​ច្រាន​ចោល​​អំណះ​អំណាង​​ខាងលើ​ ហើយ​​ទាមទារ​​ឲ្យ​​តុលាការ​ បន្ត​​យក​​ករណី​​លោក ​អៀង​ សារី​ មក​​ជំនុំ​ជម្រះ ​ដើម្បី​​បំបាត់​​អំពើ​​និទណ្ឌភព (រួច​ទោស)​ ក្នុង​ប្រទេស​​កម្ពុជា​។

អង្គជំនុំជម្រះ​បាន​ប្រកាស​ប្រាប់​ដល់​គ្រប់ភាគី​ទាំងអស់​ថា ដោយ​មើល​ទៅលើ​ ស្ថានភាព​ជាក់​ស្តែងសវនាការ​បឋម​ទំនង​ជា​មិន​អាច​ចប់សព្វគ្រប់​ក្នុង​រយៈពេល ៤ថ្ងៃ ដូចការ​ គ្រោងទុក​នោះ​ទេ។ ​ដូច្នេះ ចៅក្រម​សម្រេច​ពន្យារពេល​សវនាការ​បឋម រហូតដល់​ ថ្ងៃ​សុក្រ​ ទី១​ កក្កដា​ ២០១១៕

បើកត្រាក់ទ័រ ភ្ជួរដី ជាន់មីនតោន ផ្ទុះស្លាប់ភ្លាមៗ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១នេះ ស្ថិតនៅចំណុចថ្លុកសង្កែ ភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ដបាត់ដំបង មានបុរសស៊ីឈ្នួល បើកត្រាក់ទ័រភ្ជួរដីម្នាក់ បានស្លាប់​ភ្លាមៗ​ នៅកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះ កំពុងតែបើក​ត្រាក់ទ័រ​ភ្ជួរដី ហើយ​​ក៏ជាន់មីនតោន​ផ្ទុះតែម្ដង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះខាងលើមាន​ឈ្មោះ សុន ស៊ឹម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ​​អូរកណ្ដោល ឃុំសន្ដិភាព ស្រុកសំពៅលូន។​ ក្រោយកើត​ហេតុ ជនរង​គ្រោះ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ហ៊ីយ៉ាន់ដាយ ដេកផ្ងារជើងទាំងព្រលឹម

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១១​ មានរថយន្ដ​ហ៊ីយ៉ាន់ដាយមួយគ្រឿង ផ្ទុកស៊ីម៉ងត៍ប្រមាណជាង ៤០តោន បានដេកផ្ងារជើងទាំងព្រលឹម នៅចំណុច​ផ្លូវក្រាលក្រួសក្រហម ចេញពីផ្លូវជាតិលេខ៥៣ ចម្ងាយ ២០ម៉ែត្រ ភូមិត្រញំងគរ ឃុំជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្ដ ឈ្មោះ ហួន បញ្ញា ភេទប្រុស អាយុ ៣៧ឆ្នាំ បើកបរ​ស៊ីឈ្នួលឱ្យក្រុមហ៊ុនស៊ីម៉ងត៍ ដឹកចេញពីប៉ោយ​ប៉ែត ហើយក៏ក្រឡាប់នៅកន្លែងកើតហេតុ​ខាង​លើ ដោយសារតែភ្លៀងរអិលខ្លាំងពេក និងដីជ្រាយ ប៉ុន្ដែមិនបណ្ដាលឱ្យនរណា​ម្នាក់ស្លាប់ និង​រង​របួស​​នោះទេ៕

តើសំនុំរឿង០០២ និយាយអំពីអ្វីខ្ឡះ​?

សវនាការបឋម​លើ​សំណុំរឿង ០០២ នៅថ្ងៃច័ន្ទ​២៧មិថុនា​នេះ បាន​និយាយ​ពី​បញ្ជី​ឈ្មោះ​សាក្សី​ អ្នកជំនាញ និង​ដើមបណ្តឹង​រដ្ឋប្បវេណី ព្រមទាំង​អញ្ញត្រកម្ម ស្តីពី​គោលការណ៍​គ្មាន​ការ​កាត់​ទោស​ពីរដង ចំពោះ​បទល្មើស​តែមួយ ក្នុង​ករណី​លោក អៀង សារី។​

ក៏ប៉ុន្តែ​ចាប់តាំង​ពី​ផ្តើម​​​សវនាការ​នៅព្រឹក​ថ្ងៃចន្ទ២៧​មិថុនា អតីត​មេ​ខ្មែរក្រហម ដែល​មាន​វ័យ​ចាស់ជរាទាំង ៤រូប បាន​ស្នើសុំ​តុលាការ​ចាកចេញ​ជា​បន្តបន្ទាប់៕

ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់​បុរស២នាក់​លួច​ដែក និង​បុរស២នាក់​ទៀត​ជួញដូរ​ថ្នាំញៀន​

ប៉ូលិស​ខណ្ឌ​សែនសុខ បាន​ឃាត់​មនុស្ស ៤នាក់ ជា​បន្តបន្ទាប់ ក្នុងនោះ ២នាក់ ជាប់ចោទ​ពីបទ​លួច​ដែក ក្នុង​ការដ្ឋាន​សំណង់ និង ២នាក់​ទៀត​ពីបទ​ជួញដូរ​ថ្នាំញៀន ព្រមទាំង​ដកហូត​ម៉ា​ទឹកកក ២ កញ្ចប់ ។​

* ករណី​ទី​១: វេលា​ម៉ោង១និង៤៥នាទី​អធ្រាត្រ ​ថ្ងៃទី២៧ មិថុនា​នេះ នៅ​ចំណុច​ភូមិ- សង្កាត់​ទឹកថ្លា ប៉ូលិស​ប៉ុស្តិ៍​ឃាត់​ជនសង្ស័យ ២នាក់ ខណៈពេល​កំពុង​លួច​យក​ដែក នៅក្នុង​ការដ្ឋាន​សំណង់​មួយ ។​

ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ជុំ ប៊ុណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌដង្កោ និង ២-​ឈ្មោះ ព្រាប ម៉ូ​យ៉ា​ល់ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​សន្តិសុខ​រោងចក្រ​ជីប​វិ​ន ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប៉ូលិស​ដកហូត​កាំភ្លើងខ្លី K59 ១ដើម គ្រាប់ ៧គ្រាប់ ដែក​បំពង់​ទីប ៣ ដើម និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ១គ្រឿង​ម៉ាក Smash ពណ៌​ខ្មៅ ស្លាក​លេខ​ ព្រៃវែង 1C-3402 ។ ប៉ូលិស​បន្តថា ខណៈពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​លួច ប៉ូលិស​ក៏​ឃាត់ខ្លួន​ជា​ស្តែង បញ្ជូនទៅ​ខណ្ឌ​តែម្តង ។​

* ករណី​ទី​២: នៅវេលា​ម៉ោង២និង១៥នាទី​រំលងអធ្រាត្រ ​ថ្ងៃ​ដដែល​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ប៉ូលិស​បាន​ឆ្មក់​ចាប់​ជនសង្ស័យ ២នាក់ ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន ។​

​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហួត ស៊ីណា ភេទ​ប្រុស អាយុ ៣២ឆ្នាំ មុខរបរ​កម្ម​ករ​សំណង់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា និង​ឈ្មោះ ប៊ុន ចាន់ថា ភេទ​ប្រុស អាយុ ២០ឆ្នាំ មុខរបរ​លក់​ផ្លែឈើ ស្នាក់នៅ​ភូមិ-សង្កាត់​ទឹកថ្លា ។ ដកហូត​ម៉ា​ទឹកកក ២ កញ្ចប់ លុយ​ចំនួន ៤៨៦០០០ រៀល និង​ទូរស័ព្ទដៃ ៣ គ្រឿង រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់កា​បន្ត ៕