Logo

Friends Added

សន្តិសុខ

មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល រងការប្តឹង​ ពី​សហមេធាវីបរទេស របស់​​លោក​ នួន​ជា​

កាលពី​​​ព្រឹក​​ថ្ងៃ​​ច័ន្ទ​ ទី​​២៤​​តុលា​​នេះ ​សហ​​មេធាវី​​បរទេស​​របស់​​លោក​ នួន​ជា​ គឺ​​លោក​​មេធាវី​ Michiel Pestman​ បាន​​ដាក់​​ពាក្យ​បណ្តឹង ​ទៅ​កាន់​​តុលាការ​​ក្រុង​ភ្នំពេញ​ ដោយ​​ប្តឹង​​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល​​កម្ពុជា​​ជា​ច្រើន​​រូប​ ថា​​បាន​​ជ្រៀត​ជ្រែក​លើ​​ដំណើរ​ការ​​តុលាការ​​ខ្មែរ​ក្រហម​។

​​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល​​កម្ពុជា​​ជា​ច្រើន​​រូបនោះរួមមាន លោក​នាយករដ្ឋ​មន្ដ្រី​ ខ្មែរ​ហ៊ុន​ សែន ​និង​លោក​ជា ​ស៊ីម ​ប្រធាន​​ព្រឹទ្ធសភា​​ ហើយនឹង​មន្ដ្រី​ជាន់ខ្ពស់​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​​កាន់​ ​​អំណាច​ចំនួន​៩​រូប​ផ្សេង​ទៀត។

បើតាម​ពាក្យ​បណ្តឹងរបស់​សហ​​មេធាវី​​បរទេស​​បានលើកឡើងថា ចាប់តាំងពី​ការបង្កើត​តុលាការ​កូនកាត់ ​កាត់ទោស​មេ​ខ្មែរក្រហម​មក សមាជិក​រដ្ឋាភិបាល​កម្ពុជា បាន​ជ្រៀត​ជ្រែក​​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​តុលាការ​ តាមរយៈ​ការ​ថ្លែង​សុន្ទរកថា ការ​មិន​ប្រគល់​ដីកា​កោះហៅ និង​បាន​បដិសេធ មិន​ចូល​ខ្លួន​ទៅ​បង្ហាញមុខ តាម​ដីកា​កោះហៅ​របស់​សហ​ចៅ​ក្រហម​ស៊ើបអង្កេត​។​ តែ​ពាក្យបណ្តឹងនេះ​​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​​រដ្ឋាភិបាល ទាត់​ចោល​ហើយ​​ ដោយ​​អះអាង​ថា​​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​​ហើយ​ចង់ទម្លាក់ កំហុស​លើរដ្ឋាភិបាល និងរារាំង​លើ​ដំណើរការ​ក្នុង​សំណុំរឿង​០០២​​។​

សូមរំឮកថា ពាក្យ​បណ្តឹង​​នេះ​ ​ជា​​ពាក្យ​បណ្តឹង​​លើក​​ទី​​២ ​របស់​​សហ​​មេធាវី​​បរទេស​​ការពារ​​ក្តី​​​លោក​ នួន ជា​ បន្ទាប់​​ពី​​ពាក្យ​បណ្តឹង​លើកទី១ កាលពី​​ឆ្នាំ​​២០០៩​ ដែល​​បាន​​ប្តឹង​​​ចោទ​ប្រកាន់​​តុលាការ​​ខ្មែរ​ក្រហម​ពី​​បទ​​ពុក​រលួយតែ​​​តុលាការ​​ មិន​លើក​យក​​មក​ចាត់​ការ​​ឡើយ​៕​

សហ​ចៅក្រម​នៃសាលាក្តីខ្មែរក្រហម ម្នាក់ទៀតហើយ លាលែង​

សហ​ចៅក្រម​ស៊ើបអង្កេត​ភាគី​អន្តរជាតិនៃសាលាក្តីខ្មែរក្រហមកម្ពុជា លោក​ ស៊ីកហ្វ្រេត​ ប៊្លុង (Siegfried Blunk) ជនជាតិ​អាល្លឺម៉ង់ ​បានប្រកាស​លា​លែង​​ពី​តួនាទី​​ ហើយ​​កាល​ពី​​ថ្ងៃ​​ទី ​៨​តុលាឆ្នាំ២០១១នេះ​។

ការ​​លាលែង​ ​ដែល​​សហ​ចៅក្រម​​រូប​​នេះ​ ​​ពន្យល់​ថា ​ដើម្បី​​ចៀស​អោយ​ ផុត​​ពី​​ការ​​សង្ស័យ​​ទៅ​​លើ​ ​លទ្ធភាព​​ដែល​ថា​លោក​នៅ​ទ្រាំទ្រ​សម្ពាធ​ពី ​រដ្ឋាភិបាល​កម្ពុជា និង​ចៀស​អោយ​ផុត​ពី​ការ​សង្ស័យ​ចំពោះ​សុចរិត​ភាព​នៃ​ដំណើរ​ការ​របស់​ សាលាក្តី​ក្នុង​សំណុំរឿង​០០៣ និង​០០៤។​ ហើតយ​ការ​លាលែង​របស់​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ពេល​នេះ កើត​ឡើង​ក្រោយ​មាន​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​បាន​ស្នើ​អោយ​សហចៅក្រម​ស៊ើបអង្កេត​លាលែង​ពី​តួនាទី។ អង្គការ​នេះ​បាន​រិះគន់​ថា សហ​ចៅ​ក្រម​ស៊ើប​អង្កេត ​មិន​បាន​ធ្វើ​ការ​ដោយ​អព្យាក្រឹត​ក្នុង​សំណុំរឿង​ ០០៣ និង​០០៤​នោះ​ឡើយ។

សូមរំឮក​ថា សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​ កត់សម្គាល់​ទៅ​លើ​ការ​និយាយ​ច្រើន​ដង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តាំង​ពី​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​ថ្លែង​ប្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​បាន គីមូន​ថា​កម្ពុជា​មិន​ចង់​អោយ​កើត​មាន​សំណុំ រឿង​០០៣ និង​០០៤។​ ការ​ថ្លែង​របស់​លោក​ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​គេ​ចង់​ដំណើរការ​សំណុំ រឿង​០០៣ និង​០០៤ គេ​គួរ​រៀបចំ​ឥវ៉ាន់​ហើយ​ចាកចេញ​ទៅ។

សូមជម្រាបថា​ រហូតមក​ដល់​ពេលនេះ សាលាក្តីខ្មែរក្រហម​បាន​ចំណាយ​រហូតដល់​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិកហើយ គ្រាន់តែ​​កាត់ក្តី​សំណុំរឿង​០០១របស់​ឌុច​ពាក់​ពន្ធ​នឹង​ការ​សម្លាប់មនុស្ស​ជាង​១៤​ពាន់​នាក់។ នេះ​​បើតាម​Reuters៕

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ស្នើឲ្យ​សហ​ចៅក្រម​សាលាក្តីខ្មែរក្រហម លាលែង​

កាល​​ថ្ងៃ​ទី​៣​តុលា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ផ្សាយ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដោយ ចោទ ប្រកាន់​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​និង​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ ក្រហម​ថា មិន​បាន​ធ្វើ​ការងារ​ដោយ​គោរព​តាម​តួនាទី​ភារកិច្ច​ស្រប​តាម​ច្បាប់​នោះ​ឡើយ ហើយ​ថា សហ​ចៅក្រម​ទាំងពីរ​រូប​គួរ​តែ​លាលែង​ពី​តំណែង។

ដូច្នេះ​ អង្គការ​ Human Rights Watch បាន​ស្នើអោយ​សហចៅ ក្រម​ស៊ើបអង្កេត​ជាតិ គឺ​លោក យូ ប៊ុនឡេង និងសហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ គឺ​លោក Siegfried Blunk គួរតែលាលែង​ពី​តួនាទី​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ អង្គការ​នេះ​បន្ត​ថា​ករណី​០០៣​និង​០០៤​ទំនងជា​នឹង​ត្រូវ​គេ​បញ្ចប់​ដោយ​ មិនមាន​ការ​អង្កេត​ម៉ត់ ចត់។

អង្គការ​ Human Rights Watch ​បាន​ចោទប្រកាន់​សហចៅក្រម​ទាំង​២​នាក់​ថា​បាន​បិទ​បញ្ចប់​សំណុំរឿង​ ០០៣​ដោយ​មិន​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ មិន​បាន​សម្ភាស​​សាក្សី​គន្លឹះ ឬ​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​កន្លែង​ដែល​មាន​អង្គហេតុ​ឧក្រិដ្ឋកម្ម​កើត​ឡើង​នោះ​ឡើយ។

តែយ៉ាងណាក៏ដោយ ការ​ប្រតិកម្ម​របស់​ Human Rights Watchនេះ ត្រូវ​បាន​លោក​នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ​ ហើយ​អះអាង​ថា សហចៅក្រម​ស៊ើបអង្កេត​កំពុង​ធ្វើ​ការ​តាម​ភារកិច្ច​របស់​ខ្លួន​ដែល​ត្រូវ​បាន ​កំណត់​ក្នុង​វិធាន​ផ្ទៃ​ក្នុង៕

អតីត​​ទីប្រឹក្សា​ និង​​បុគ្គលិក​​ខុទ្ទកាល័យ​​ របស់លោក​​​ជាស៊ីម​ ​ ត្រូវ​ចាប់​

កាលពី​​ថ្ងៃ​​ទី​​២៣​ ​កញ្ញា​ និង​​ថ្ងៃ​​ទី​​២៥​​កញ្ញា ​ឆ្នាំ​​២០១១​ កងអាវុធហត្ថ​បាន​​ចាប់​ខ្លួន​​បុរស​ ៣ ​នាក់​ ដែល​​ជា​​អតីត​​ទីប្រឹក្សា​ និង​​បុគ្គលិក​ខុទ្ទកាល័យ​​លោក​​​ជាស៊ីម​ ពី​​បទ​​ក្លែង​បន្លំ​​ឯកសារ​​សាធារណៈ ​ប្រើ​ប្រាស់​​​ឯកសារ​​ក្លែងក្លាយ ​និង​​ការ​ផ្តល់​​ឯកសារ​​ដោយ​​ទុច្ចរិត​។​

​ជន​​ទាំង​​បី​​នាក់​​នោះ ​រួម​មា​​ន​៖​ ទី​​១-​ឈ្មោះ ​ចាន់​ កុសល​ អាយុ​ ៦០​ ឆ្នាំ​ ជា​​អតីត​​ទីប្រឹក្សា​​លោក​ជាស៊ីម​​និង​​ជា​​អតីត​​​ឧត្តម​សេនីយ៍ឯក​។​ ទី​​២​-​ខៀវ​ បូរ៉ា​ អាយុ ​៥០​ ឆ្នាំ ​ជា​​ជំនួយការ​​មូលនិធិ​​ខ្មែរ​​អភិវឌ្ឍន៍​ និង​​ជា​​បុគ្គលិក​​ខុទ្ទកាល័យ​​លោក​ ​ជាស៊ីម​ និង​​ទី​​៣​-​ពន្លក​ ហូ ​អាយុ​ ៥៨​ ឆ្នាំ ​ជា​​អតីត​​ទីប្រឹក្សា​​លោក​​ជាស៊ីម​ និង​​ជា​​ទីប្រឹក្សា​​របស់​​ក្រសួង​មហាផ្ទៃ​។​

​​អ្នក​ស្និទ្ធ​នឹង​លោក​ជាស៊ីម​ទាំង​បី​នាក់ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​២៧​កញ្ញា ឆ្នាំ​២០១១​។​​ចំណែក​​នៅ​ថ្ងៃ​ទី​២៨​កញ្ញា​ម្សិលមិញ លោកស្រី ផេង គន្ធា​បូរី ប្រធាន​ពិធីការ​ផ្ទាល់​លោក​ជាស៊ីម និង​ជា​នាយិកា​ប្រតិបត្តិ​មូលនិធិ​ខ្មែរ​អភិវឌ្ឍន៍ ដែលមាន​លោក​ជាស៊ីម ជា​ប្រធានកិត្តិយស ក៏​ត្រូវ​ប៉េអឹម​ចាប់ខ្លួន​ពី​ខេត្ត​កោះកុង និង​បញ្ជូន​ទៅ​តុលាការ ហើយ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​។​

បើតាម​កាសែត ​The Cambodian Daily ​បាន​រាយការណ៍​ថា​ ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​ការបោក​ប្រាស់​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក ​ ពី​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​មួយ​ ដែល​ចង់​មក​វិនិយោគ​ក្នុង​ទឹកប្រាក់​ ៥០០​លាន​ដុល្លារ​អាមេរិក​ នៅ​កម្ពុជា។

សូមរំឮកថា ការចាប់ខ្លួនបុរស៣នាក់​និង​ស្រ្តីម្នាក់​ដែល​ស្និទ្ធ​នឹង​លោក​ជាស៊ីមនេះ ធ្វើ​ឡើង បន្ទាប់ពី​​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​នាំ​លោក​ឧត្តមសេនីយ៍​ ឈឿន​ ចាន់ថន​ ហៅ​ ម៉ៅ​ អតីត​មេ​បញ្ជាការ​កងអង្គរក្ស​របស់​លោក​ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ចូល​ទៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៥​ខែ​សីហា​ ឆ្នាំ​២០១១ ដើម្បី​សាកសួរ​លោក​ពាក់​ព័ន្ធ​នឹង​អាវុធ​ខុស​ច្បាប់​ព្រម​ទាំង​ក្លែង​ឯកសារ​សាធារណៈ៕

​មរណភាព​របស់​លោក​វ៉ាន់ ណាត ជាសារពន្លឿន​ តុលាការខ្មែក្រហម​

ក្រោយ​មរណភាព​របស់​លោក​វ៉ាន់ ណាត មិត្តភក្តិ​​ញាតិ​មិត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​​សំណុំ​រឿង​ខ្មែរ​ក្រហម​នានា​បាន​ធ្វើ​សារ​រំលែក​ ទុក្ខ​ជាមួយ​គ្រួសារ​លោក​ វ៉ាន់ ណាត ហើយ​នេះជាសារមួយ​ដែល​ដើម្បីដាស់តឿន តុលាការ​ខ្មែក្រហម​​ឲ្យ​ពន្លឿន​សវនការរបស់ខ្លួន ដែ​ល​ជាទាមទារ​របស់​​សហមេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី ជនរងគ្រោះ​និង​ម្ចាស់ជំនួយ​សម្រាប់​អតីត​មេដឹកនាំ​កំពូលក្នុង​របប​ខ្មែ​រក្រហម​​។

បើតាម​ប្រភពបន្តថា​អតីត​​អ្នក​ទោស​​គុក​​ទួល​ស្លែង​​លោក​​ វ៉ាន់ ណាត​ ​បាន​​ទទួល​មរណភាព​​ហើយ​​កាល​ពី​​វេលា​​ថ្ងៃ​​ត្រង់​​ថ្ងៃ​​ចន្ទ​​ទី​​ ៥​​ខែ​​កញ្ញា​​ នេះ។​ លោក​ ​វ៉ាន់ ណាត ​​អាយុ​​៦៦​​ឆ្នាំ​​បាន​​ស្លាប់​​ក្រោយ​​ពី​​បាន​​សន្លប់​​មិន​​ដឹង​​ ខ្លួន​​អស់​​រយៈ​​ ពេល​​១០​​ថ្ងៃ​​មក​។​ លោក ​វ៉ាន់ ណាត ​​បាន​​ស្លាប់​​មុន​​ពេល​​ដែល​​តុលាការ​​កំពូល​​នៃ​​សាលា​ក្តី​​ខ្មែរ​​ ក្រហម​​ត្រូវ​​ ប្រកាស​​សាល​ដីកា​​ផ្តន្ទា​ទោស​​​ឌុច​​អតីត​​ប្រធាន​​គុក​​ទួលស្លែង។​

សូមជម្រាបថា លោកវ៉ាន់ ណាត​បាន​ស្លាប់​ហើយ ស្លាប់​មុន​កាំង ហ្គេចអ៊ាវ ហៅ​ឌុច អតីតប្រធាន​គុកទួលស្លែង ដែល​ជា​អ្នក​បញ្ជា​អោយ​មាន​ការ​ធ្វើ​ទារុណ​កម្ម​អ្នកទោស​គុក​ទួលស្លែង ដែល​ក្នុងនោះ ក៏មាន​លោក វ៉ាន់ ណាត​ផង​ដែរ៕

យុត្តិធម៌​​សម្រាប់​លោក ​​វ៉ាន់ ណាត​​ ទំនង​ជាយឹតពេល​

លោក ​​វ៉ាន់ ណាត​​ ទំនង​ជា​​មិន​​អាច​​រង់ចាំ​​ទទួល​​យុត្តិធម៌​​ពី​​សលាក្តី​​ខ្មែរក្រហម​​បាន​​ទេ ខណៈដែលសភាពជំងឺ​​របស់​​គាត់ ​​កំពុង​​ស្ថិត​​ក្នុង​​ដំណាក់​កាល​​ចុង​ក្រោយ ​​ហើយលោក​​ ​វ៉ាន់ ណាត​​ គឺ​ជា​​សាក្សី​​រស់​​យ៉ាង​​សំខាន់​​កាលពី​​ក្នុង​​សវនាការ​​កាត់​ទោស​​ឌុច​​កន្លង​​ទៅ។​នេះ​បើតាម​ព័ត៌មាន​ទទួល​បាន​ពីថ្ងៃទី​០៤​កញ្ញាឆ្នាំ​២០១១នេះ។​

បើតាម​ប្រភពបន្តថា​លោក ​វ៉ាន់ ណាត ​​អតីត​​អ្នក​ទោស​​គុក​​ទួលស្លែង​ ​អាយុ​ ​៦៦​ ​ឆ្នាំ​ ​បាន​​ធ្លាក់​​ខ្លួន​​ឈឺ​​ជា​​ទម្ងន់​​កាល​ពី​​យប់​​ថ្ងៃ​​ទី​​២៦​​សីហា ​​ហើយ​​ត្រូវ​​បាន​​ក្រុម​​គ្រួសារ​​ដឹក​​​បញ្ជូន​​ទៅ​​សង្គ្រោះ​​បន្ទាន់​​ នៅ​​មន្ទីរ​​ពេទ្យ​​ឯកជន​​​មួយ​​កន្លែង​​ក្នុង​​ទីក្រុង​​ភ្នំពេញ​​ក្នុង​ អាការៈ​សន្លប់​​បាត់​​ស្មារតី។​ ​ការ​​ទទួល​​រង​​ទារុណកម្ម​​ធ្ងន់ធ្ងរ​​កាល​ពី​​ក្នុង​​សម័យ​​ខ្មែរ ក្រហម ​ បាន​​ធ្វើ​​ឲ្យ​​លោក ​​វ៉ាន់ ណាត​ ​មាន​​សុខភាព​​ទ្រុឌទ្រោម​​យ៉ាង​​ខ្លាំង​ ​គឺ​​ទ្រុឌទ្រោម​​ជាង​​អតីត​ ​មេ​ដឹកនាំ​​ខ្មែរ​​ក្រហម​​ដែល​​មាន​​វ័យ​​ចាស់​​ជាង​​គាត់​។​

សាលាក្តី​​ខ្មែរ​ក្រហម​​​គ្រោង​​ប្រកាស​​ សាល​ដីកា​​ស្ថាពរ​​របស់​​អង្គ​ជំនុំ​ជម្រះ​​តុលាការ​​កំពូល​​ស្តីពី​​ករណី​​ ឌុច​​នៅ​​ដំណាច់​​ឆ្នាំ​​២០១១​​នេះ​ ប៉ុន្តែ​ ​លោក​ ​វ៉ាន់ ណាត​​ ទំនង​​ជា​​មិន​​អាច​​រង់ចាំ​​យុត្តិធម៌​​បាន​​ឡើយ៕

ជន​ជាប់​សង្ស័យ​ បាញ់​សម្លាប់​ស្ដ្រី​ប្ដូរ​ប្រាក់​ នៅ​ផ្សារ​ចោម​ចៅ ជាប់ខ្នោះហើយ​

​កាល​ពី​វេលាម៉ោង ៦:៣០នាទី ថ្ងៃ​ទី​៣ ខែ​កញ្ញា ​ជន​ជាប់​សង្ស័យ​ បាញ់​សម្លាប់​ស្ដ្រី​ចំណាស់​ប្ដូរ​ប្រាក់​នៅ​ផ្សារ​ចោម​ចៅ​ ​លើ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្ស៊ី​ ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ ​សហ​ការ​ជាមួយ​សមត្ថ​កិច្ច ​ភូមិ​ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បាន​ចាប់​ខ្លួន​ ​ហើយ​ជន​សង្ស័យ​រូប​នេះ​បាន​សារភាព​​ថា​ ​រូប​គេ​បាន​ទទួល​ប្រាក់​តែ​ចំនួន​១៥លាន​រៀល​ប៉ុណ្ណោះ​ក្នុង​ចំនួន​ប្រាក់​សរុប​១២០លាន​រៀល​ ​​ដែល​បាន​​ប្លន់​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា​​ឆ្នាំ​២០១១។

បើតាមប៉ូលិសបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឡាយ វណ្ណៈ បាន​សារភាព​ថា ខ្លួន​និង​បក្សពួក​២​នាក់​ទៀត​ពិតជា​បាន​ប្លន់​ស្ត្រី​អាជីវករ​ប្តូរប្រាក់ នោះ​ប្រាកដ​មែន ហើយ​ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​ដោយ​ផ្ទាល់​ដៃ ។ ជន​ជាប់​សង្ស័យ​បាន​សារភាពបន្ត​​ទៀត​ថា​ ​ប្រាក់​១៥លាន​រៀល​ដែល​គេ​ទទួល​បាន​នោះ​ ​គឺ​២លាន​រៀល​បាន​ឱ្យ​ទៅ​ម្ដាយ​ ​របស់​គេ​ ​និង​២លាន​រៀល​ទៀត​ឱ្យ​ទៅ​ប្រពន្ធ​ ​ហើយ​សល់​១១លាន​រៀល​ ​គេ​បាន​ដើរ​ផឹក​ស៊ី​សប្បាយ​អស់​ហើយ​។បូលិស​ ក៏បានប្រកាស​ស្វែងរក​ចាប់ខ្លួន បក្ខពួក​២​នាក់​ទៀត ទី​១ ឈ្មោះ យាន់ សុភ័ក្ត្រ ហៅ ប៉ុល សុភ័ក្ត្រ ហៅ​យក្ស ហៅ​ក្របី ហៅ​ប្រុស និង​ទី​២​ឈ្មោះ អ៊ឹង ងួន ហៅ អ៊ឹង ប៊ុន​ទី ហៅ ប៊ុន ទី អាយុ​៣០​ឆ្នាំ ។

គួររំឮកថា នៅវេលា​ម៉ោង ១០ និង ១៥ នាទី ព្រឹក​ថ្ងៃ​ទី​២៨​សីហា ឆ្នាំ​២០១១ ស្ត្រី និង​កូនប្រុស ដែល​កំពុង​ជិះ​ម៉ូតូ បាន​ត្រូវ​ចោរ​ប្រដាប់អាវុធ​មួយក្រុម យ៉ាងហោច​ណាស់​មាន​គ្នា ៦ នាក់ បាន​ស្ទាក់​បាញ់​ប្លន់​យក​លុយ​មួយថង់ ដែល​ស្ត្រី​នោះ​ដូរ​ពី​លុយ ៣ ម៉ឺន​ដុល្លារ​។ ស្ត្រី​រងគ្រោះ ត្រូវ​ចោរ​បាញ់​ចំនួន៣គ្រាប់​របួស​ធ្ងន់ បន្ទាប់មក​ក៏ស្លាប់ទៅ៕​

បទល្មើសព្រៃឈើ នៅកម្ពុជា ​​មានជាង​១១៥០ករណី

ការ​បង្ក្រាប​បទ​ល្មើសព្រៃ​ឈើ​ ក្នុង​រយៈ​ពេល​៨ខែ​ ដើម​ឆ្នាំ​២០១១​នេះ​ ការ​អនុវត្ត​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ​បាន​ចំនួន​១១៥៣​ករណី ​ក្នុង​នោះ​រឹប​ហូស​ឈើ​ប្រណិត​​បានចំនួន​៣២៦៩​ម៉ែត្រ​គីប​ផងដែរ​ នេះបើតាម​ការអះអាង​របស់​​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ ​នៅថ្ងៃ​ទី២៩​​សីហា​​ឆ្នាំ​​​២០១១​នេះ។​​

​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋបាល​ព្រៃ​ឈើ​​បន្ត​ថា​ គិច​ចាប់​ពី​ដើម​ខែ១ ​រហូត​​ដល់​ខែ៨​នេះ ការបង្ក្រាប​បទ​ល្មើស ​ព្រៃឈើ​បាន​ចំនួន ១១៥៣ករណី ​ក្នុងនោះមាន ឈើប្រណិតចំនួន៣២៦៩ម៉ែត្រគីប​ ហើយ​នៅ​ក្នុង​ចំណោម បទល្មើស​ទាំង​១១៥៣​ករណីនេះ គឺផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បានចង​ក្រង​សំណុំ​រឿង​បញ្ជូន ទៅតុលាការចំនួន ៣៧៥ករណី និង​បញ្ជូន​ជន​​ល្មើស​​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទល្មើស​​ព្រៃឈើ​ទៅតុលាការ​ចំនួន​៩៦នាក់។

​ក្នុង​ឆ្នាំ​២០១១​នេះ​ ​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ធ្វើការ​ ដេញ​ថ្លៃ​បាន​ចំនួន​១៥លើក ​ពីឈើ​​ដែល​បង្រ្កាបបាន​​ដោយ​ដាក់​លក់​ឡៃ​ឡុ​ង​ អស់​ចំនួន​៣៧៩២​ម៉ែត្រ​គីប ដែលទ​ទួល​​បាន​ទឹក​​ប្រាក់​​ប្រមាណ​ជាង​២៥០០០​លាន​រៀល៕​

ពលរដ្ឋ​ខ្មែរ​​៧​​នាក់​​ ​​ត្រូវ​បាន​ប៉ូលីស​ថៃ​ ដោះលែងហើយ​

ពលដ្ឋ​ខ្មែរ​​ចំនួន ​៧​​ នាក់​​ដែល​​ត្រូវ​បាន​ប៉ូលីស​ថៃ​ខេត្ត​អ៊ូប៊ុន​ ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​ដោយ​ចោទ​ប្រកាន់​អំពី​ការ​ឆ្លងដែន​ខុស​ច្បាប់​នោះ ត្រូវ​បាន​តុលាការ​ថៃ​សម្រេច​ដោះលែង​អោយ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២៩ ​សីហា​នេះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​កម្ពុជា។ ពលរដ្ឋ​ខ្មែរ​ទាំង​៧​នាក់​នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ អង្គារទី​៣០​សីហា​។

ពលរដ្ឋ​ខ្មែរ​ទាំង៧​នាក់​ជា​អ្នក​ភូមិស្រុក​ជាំក្សាន្ត​ខេត្ត​ព្រះវិហារ​ បាន​ដើរ​បោចវល្លិ និង​​ស្វែងរក​​អនុផល​​ព្រៃ​ឈើ​​នៅតាម​ព្រំដែន ​ហើយ​​ក៏​​ត្រូវ​​អាជ្ញាធរ​​ថៃ​​ចាប់​​ឃាត់ខ្លួន ​ក្រោម​​ការ​​ចោទ​​ប្រកាន់​​ពី​​​បទ​ល្មើស​​ផ្សេងៗ។

ទន្ទឹម​គ្នា​នេះ កាសែតថៃរ៉ាត់ បានផ្សាយអោយដឹងថា ប៉ូលិស​ថៃ​ខេត្ត​ស្រះកែវ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​១៣​នាក់​កាល​ពី​ថ្ងៃ​ សៅរ៍​ទី​២៧​សីហា នៅក្នុង​ខេត្ត​ស្រះកែវ។ ពលករ កម្ពុជា​ដែល​គេ​បាន​ធ្វើការ​ចាប់ខ្លួន​នេះ មាន​ប្រុស​ចំនួន​៥​នាក់​ស្រី​៥​នាក់ និង​ក្មេងប្រុស​៣​នាក់៕

សវនាការ​​​ ស្តីពីបញ្ហា​កាយសម្បទា​ ​អតីតមេខ្មែរក្រហម​​ ផ្តើម​បើក​ហើយ

អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បាន​ផ្តើម​បើក​សវនាការ​​​ជំនុំជម្រះ ស្តីពី បញ្ហា​កាយសម្បទា​ជន​ជាប់ចោទ លោក នួន ជា និង​លោកស្រី អៀង ធីរិទ្ធ បានឈាន​ដល់ថ្ងៃទី២ហើយ​នៅថ្ងៃ​ទី​៣០​សីហា​ឆ្នាំ២០១១នេះ​។ សវនាការ​រយៈពេល ៣ ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​៣១​សីហា ធ្វើ​ឡើង​ដើម្បី​វាយតម្លៃ​លើ​សមត្ថភាព​​ខាង​កាយសម្បទា និង​បញ្ញាស្មារតី​របស់​ជន​ជាប់​ចោទ ក្នុង​ការ​ចូលរួម​ជំនុំជម្រះ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​សម័យ​ខ្មែរក្រហម​។

តាម​អ្នកជំនាញ លោក​នួន​ជា អាយុ ៨៥ ឆ្នាំ មាន​កាយសម្បទា​គ្រប់គ្រាន់ ដើម្បី​ចូលរួម​សវនាការ។ រីឯ​លោក​ស្រី អៀង ធីរិទ្ធ អាយុ​ ៧៩​ឆ្នាំ មាន​បញ្ហា​ខាង​ស្មារតី និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។​ អ្នក​ជំនាញ Cambell ក៏​បាន​សន្និដ្ឋាន​ថា ជនជាប់​ចោទ អៀង សារី អាយុ ៨៦ ឆ្នាំ មាន​សមត្ថភាព​ ខាង​កាយសម្បទា​និង​បញ្ញា​ស្មារតី​ក្នុង​ការ​ចូលរួម​សវនាការ​បាន ហើយ​មិន​ប៉ះពាល់​ដល់ ការជំនុំជម្រះ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។

ចំណែក​ជន​ ជាប់ចោទ​ទី​៤ ក្នុង​សំណុំរឿង​០០២ គឺ​លោក ខៀវ សំផន មិន​បាន​ស្នើសុំ​ឲ្យមាន​ការវាយត​ម្លៃ​បែប​នេះ​ទេ ព្រមទាំង​បញ្ជាក់​ជូន​តុលាការ​រួចហើយ​ថា គាត់​មាន​សមត្ថភាព កាយសម្បទា និង​បញ្ញា​ស្មារតី​ក្នុង​ការ​ចូលរួម​កិច្ច​ដំណើរការ​សវនាការ​បាន។

សវនាការ​លើ​បញ្ហា​កាយសម្បទា​ជនជាប់ចោទ​ពីរ​រូប គឺ​លោក​នួន ជា និង​លោកស្រី អៀង ធីរិទ្ធ ដែល​មាន​ការសួរដេញដោល​លើ​អ្នកជំនាញ Jonh Cambell គ្រូពេទ្យ​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ជនជាតិ​ហូឡង់ដ៍ នឹង​ត្រូវ​ធ្វើ​បន្ត​នា​ព្រឹក​ថ្ងៃទី​៣០​សីហា ឆ្នាំ​២០១១៕