Logo

Friends Added

សន្តិសុខ

សេចក្តី​​ព្រាង​​ច្បាប់​ ​ស្តីពី​ការ​​គ្រប់គ្រង​​អាស៊ីដ​​ខ្លាំង ​ដាក់​ឆ្លង​​គណៈរដ្ឋ​មន្រ្តី​ហើយ

ទីស្តីការ​គណៈរដ្ឋមន្រ្តី នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១១ បាន​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​សំខាន់​មួយ​ស្តីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ដែល​ក្នុង​នោះ​មាន​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​យុត្តិធម៌ ក្រសួង​សុខាភិបាល ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា គណៈ​មេធាវី​កម្ពុជា និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho)​បាន​ចូល​រួម​សហការ​ចងក្រង​សេចក្តី​ ព្រាង​ច្បាប់​នេះ។

ផ្អែក​តាម​ការ​ប្រកាស​ ព័ត៌មាន​ជា​ផ្លូវការ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ចុះ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ការ​ប្រើប្រាស់​អាស៊ីដ​​ខ្លាំង ដើម្បី​ជះ​ស្រោច​ទៅ​លើ​មនុស្ស​បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ហើយ​ដែល​បទល្មើស​នេះ​អាច​ចាត់​ទុក​ថា ជា​បទល្មើស​ដែល​មាន​ចរិត​សាហាវ​ឃោរឃៅ​យង់ឃ្នង អមនុស្សធម៌ ហើយ​បន្សល់​ទុក​នូវ​សោកនាដកម្ម ដោយសារ​រង​របួស​ស្នាម ខូច​សម្ឆស្ស​ពី​ធម្មជាតិ និង​ពិការ​មួយ​ជីវិត។

​សូម​បញ្ជាក់​ថា ​សេចក្តី​​ព្រាង​​ច្បាប់​​នេះ​ គឺ​ជា​​ច្បាប់​ពិសេស​​បន្ថែម​​លើ​​ក្រម​​ព្រហ្មទណ្ឌ​ដែល​មាន​ស្រាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​អាស៊ីដ​​ខ្លាំង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​​ដើម្បី​ចូលរួម​ចំណែក​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ និង​សុវត្ថិភាព​សង្គម៕

អាជីវករប្តូរប្រាក់ម្នាក់ ត្រូវបានក្រុមចោរ ប្លន់​បាញ់សម្លាប់

អាជីវករប្តូរប្រាក់យីហោ​ «ចែមុំប្តូរប្រាក់» នៅផ្សារចោមចៅម្នាក់ ត្រូវបានក្រុមចោរបាញ់សម្លាប់ និងប្លន់​យកលុយ១០០លានរៀល នៅភូមិ​ព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ នាវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១។

​​​​យោង​តាម​ប្រភព​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន ជាធារ៉ា ភេទស្រី អាយុ ៤៨ឆ្នាំ ជាអាជីវករប្តូរប្រាក់យីហោ «ចែមុំប្តូរប្រាក់» នៅក្នុងផ្សារ​ចោមចៅ រស់នៅ​ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ។ ហើយហេតុការណ៍នេះ កើតឡើងនៅជនរងគ្រោះបានជិះម៉ូតូអ៊ែរប្លែក ពណ៌ខ្មៅ យកលុយ​ចំនួន​៣ម៉ឺនដុល្លារ ទៅដូរនៅផ្សារ​អូរឡាំពិក លុះជិះ​ម៉ូតូត្រលប់មកវិញ ក៏ត្រូវក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយ​កាំភ្លើងខ្លី១ដើម ស្ទាក់​បាញ់សម្លាប់ និងប្លន់យកលុយអស់​១០០លានរៀលទៅបាត់ នៅចំណុចកើតហេតុខាងលើ។

​សូមជម្រាបថា ស្រ្តីរងគ្រោះ​ ត្រូវក្រុម​ចោរបាញ់ចំនួន៣គ្រាប់ ត្រូវចំក្បាលមួយគ្រាប់ កមួយគ្រាប់ និងពោះមួយគ្រាប់ ហើយក្រុមចោរ​បានរត់គេចខ្លួនរួចទាំងអស់ ខណៈសម្ថតកិច្ច បន្តស៊ើបអង្កេតនៅឡើយទេ៕

ផ្ទុះគ្រាប់បែក នៅប៉ែកខាងត្បូងថៃ ស្លាប់ជនស្មគ្រ័ចិត្ត​៥នាក់​

មានអ្នកការពារភូមិស្មគ្រ័ចិត្ត​ចំនួន៥នាក់​ត្រូវបានបាត់បង់ជីវិត​និងមនុស្សជាច្រើននាក់ទៀត​បាន​រង​របួស​ដោយ​សារ​រង​ការ​ដាក់​គ្រាប់​បែក​បង្កប់​បំផ្ទុះ​ខណៈ​ដែល​ពួក​គេ​ទាំង​អស់​នោះ​បាន​កំពុង​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​កៅ​ស៊ូ នៅ​ក្នុង​សង្កាត់​រូសូ​ខេត្ត​ណារ៉ាធីវ៉ាត់​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ​នៅថ្ងៃទី២៦​សីហានេះ។​

​បើ​តាម​សេចក្តី​រាយ​ការណ៍​បន្ត​ថា​​បន្ទាប់ពី​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​នេះ​មនុស្ស​ដែល​រងរបួស​ត្រូវ​បាន​គេ​បញ្ជូន​ជា​បន្ទាន់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដែល​ក្នុង​នោះ​ក៏​មាន​ម្នាក់​ជា​មន្រ្តី​ជំនួយ​ការ​សង្កាត់​ម្នាក់​ផង​ដែរ​​ខណៈ​ដែល​នៅ​ខេត្ត​យ៉ាឡាមានមនុស្ស​៤នាក់​រងរបួស​ដោយសារ​ការបំផ្ទុះគ្រាប់​បែក​នេះ​ផងដែរ​ហើយ​អាជ្ញាធរបាន​ចោទ​ថា​ជា​ស្នាដៃ​របស់ក្រុម​ឧទ្ទាម​ចង់ផ្តាច់​ទឹក​ដី។

សូមជម្រាបថាចាប់តាំង​ពី​ឆ្នាំ​២០០៤មក​ការវាយប្រហារ​ដោយ​ពួក​ឧទ្ទាម​​ចង់​​ផ្តាច់​​ទឹក​ដី​​បាន​​បណ្តាល​​ឲ្យ​​​មនុស្ស​​ស្លាប់​កើន​ដល់​​ជាង​​៤០០០នាក់​​និង​​ប្រមាណ​៧០០នាក់​ទៀត​​បាន​​រង​របួស​​​នៅ​ខេត្ត​ប៉ែក​​ខាង​ត្បូង​​ប្រទេស​ថៃ៕

​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​​លោក ឈឿន ចាន់ថន ចំនួន៤​ករណី

​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ ឈឿន​ ចាន់​ថន​ អតីត​ប្រធាន​កង​ឯក​ភាព​អង្គ​រក្ស ​លោក​ ជា​ ស៊ីម​ ចំនួន​ ៤​បទ​ល្មើស​ គឺ​ទី​១ ចោទ​ប្រកាន់​ពី​បទ​ កាន់​កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​ ​ទី​២ ចេញ​ប័ណ្ណ​សម្គាល់​អាវុធ​ដោយ​ខ្លួន​ឯង​មិន​មែន​ជា​សមត្ថកិច្ច ទី​៣ ក្លែង​លិខិត​សាធារណៈ​ ​និង​ទី​៤​ ប្រើ​ប្រាស់​លិខិត​សាធារណៈ​ក្លែង​។​

​ការ​ចោទ​ប្រកាន់​នេះ​យោង​ទៅ​លើ​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ៖ «មាត្រា​២០​ និង​ ២២​ នៃ​ច្បាប់​ស្ដីពី​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ ​និង​គ្រាប់​រំសេវ​ និង​មាត្រា ​៦២៩ ​និង​មាត្រា ​៦៣០ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ »​។​

​លោក​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​បី ​ឈឿន​ ចាន់​ថន ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​១៣ ខែ​សីហា នៅ​ឯ​ផ្ទះ​របស់​លោក​ ក្នុង​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ។ ​ក្នុង​ពេល​ចាប់​ខ្លួន​នោះ កង​រាជ​អាវុធហត្ថ​បាន​រឹប​អូស​បាន​កាំ​ភ្លើង​ខ្លី ៤​ដើម​ កាំ​ភ្លើង​វែង ៤​​ដើម​ ​គ្រាប់​ជាង ១​ពាន់​គ្រាប់ ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ​បាន​ចេញ​អនុក្រឹត្យ​តែង​តាំង​លោក​ឧត្ដម​សេនីយ៍​ឯក​ ​យឹម ​លាង ​ជា​ប្រធាន​កង​ឯក​ភាព​អង្គរក្ស លោក​ ជា​ ស៊ីម​ បន្ថែម​លើ​តួនាទី​បច្ចុប្បន្ន​ភ្លាមៗ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ​ដដែល​នោះ បន្ទាប់​ពី​ចាប់​ខ្លួន​លោក​ឧត្ដម​សេនីយ៍​ឯក​ ឈឿន​ ចាន់​ថន​រួច​មក​៕

ពលករ​៣នាក់ ដែលគេលក់ នៅ​ឥណ្ឌូណេស៊ី វិល​មក​ដល់កម្ពុជា​វិញ​ហើយ

មាន​ពលករ​ចំនួន ៣ នាក់​ផ្សេង​ទៀត ត្រូវ​បាន​សង្គ្រោះ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ បន្ទាប់ចេញបោកមេខ្យល់​លក់ទៅឲ្យថៅកែ នៅប្រទេសមួយនេះ​ និងក្រោយ​ពី​ពលករ​ចំនួន ៧ នាក់ ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​ប្រទេស ម៉ាឡេស៊ី និង​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា​កន្លង​ទៅ​នេះ ឥឡូវ​នេះ។

ការ​សង្គ្រោះ​នោះ គឺ​ក្រោម​កិច្ច​សហការ​រវាង​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី អាជ្ញាធរ​នគរបាល​ប្រទេស​ឥណ្ឌូណេស៊ី និង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ក្រោយ​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ឪពុក​ម្ដាយ​ជន​រងគ្រោះ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ឈ្មោះ​ថា​ជំនួយ​ផ្នែក​សម្រាប់​កុមារ និង​ស្ត្រី​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អិល​អេស​ស៊ី​ដាប់ប៊លយូ (LSCW/Legal Support for Children and Women)។

ការ​ដឹក​ពលករ​រងគ្រោះ​នោះ មក​ដល់​ប្រទេស​កម្ពុជា​វិញ នៅ​យប់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ គឺ​មាន​អង្គការ អាយ.អូ.អ៊ឹម (IOM) ជា​អ្នក​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ពី​ប្រទេស​ឥណ្ឌូណេស៊ី៕

កំលាំងចំរុះ ចុះឆែកឆេឈើគ្រញួង កន្លែងកែច្នៃ តុទូ

ក្រុមកំលំាងចំរុះខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ធ្វើប្រតិបត្ដិការ ចុះបង្ក្រាប និងឆែកឆេរ ទីតាំងសិប្បកម្មកែច្នៃ តុ ទូ ឈើគ្រញូងប្រមាណជា ៤-៥ តោន ដែលលាក់ទុកជាយូរមកហើយ កាលពីថ្ងៃ២៩ ខែកក្កដាឆ្នាំ២០១១នេះ ដោយមានទីតាំងនៅលើផ្លូវព្រះមុនីវង្ស ត្រង់ចំនុចភូមិ ទី៥ក្រុម៣២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលបានចូល រួមប្រតិបត្ដិការឆែកទីតាំងសិប្បកម្មកែច្នៃ តុ ទូខាងលើ ត្រូវបានចូលរួម និងដឹកនាំដោយ លោកព្រះរាជអាជ្ញារង សុខ រឿន , លោក អ៊ុន វណ្ណារិទ្ធ នាយរងសង្កាត់រដ្ឋបាលព្រៃ ឈើរាជធានីភ្នំពេញ និងសហការជាមួយ កម្លាំងសមត្ថកិច្ចចំរុះរបស់ខណ្ឌចំការមន ដោយបានរកឃើញ ឈើគ្រញូង ដែលប្រុងនាំចេញទៅបរទេស ជិត ៥តោនថែមទៀតផង។

ការចុះសើបរហូតដល់ការសូមដីកាពីព្រះរាជអាជ្ញាដើម្បីធ្វើការឆែកឆេរនេះ គឺកងកំលាំងចំរុះរបស់ប៉ូលិស បានធ្វើការតាមដានជាយូរមកហើយ ហើយឈើគ្រញូងប្រមាណជា ៤-៥ តោន ដែលលាក់ទុកជាយូរមកហើយ ត្រូវកម្លាំងចំរុះខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ប្រមូលទុក ជាភស្តុតាំងនិងធ្វើការកោះហៅម្ចាស់សិប្បកម្មកែឆ្នៃតុទូ ឈ្មោះ ហេង សៀកម៉ូវ ដើម្បីធ្វើការសាកសួរអំពីការបើក អាជីវកម្មខុសច្បាប់នេះ៕

ពលការិនីខ្មែរម្នាក់ ទទួលមរណ: នៅម៉ាឡេស៊ី

កម្មការិនីខ្មែរម្នាក់បានទទួលមរណ: នៅលើកោះ ប៉េណាំងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ខែកក្កដាកន្លង មានអង្គការសង្គមស៊ីវិល យ៉ាងតិចបំផុត ២ រួមទាំងតំណាងរាស្រ្តនៃបក្សប្រឆាំងសម រង្ស៊ីព្យាយាមធ្វើការស្រាវជ្រាវ រកការពិតអំពីមូលហេតុ ដែលនាំឲ្យនារីខ្មែរមួយរូបនេះ បាត់បង់ជីវិតដោយឥតប្រយោជន៏ដូច្នេះ។

បន្ទាប់ពីមានអន្តរាគមន៏ពី អ៊ីមែល របស់ជនអនាមិកម្នាក់ក្នុងវែបសាយ ខ្មែរូបនីយកម្ម បានធ្វើការរៀបរាប់អំពីការធ្វើទារុណកម្មលើពលការិនីំ​ក្នុងកោះប៉េណាំង​មានកម្មការិនីមួយរូបទទួល​ការធ្វើទារុនកម្មពីចៅ​ហ្វាយរបស់ខ្លួន​រហូតដល់ស្លាប់។

តាមប្រភពលោកស្រី មួ សុខហួតំណាងរាស្រ្តគណ:បក្សសមរង្សី បានអោយដឹងថា ទោះបីជាការស្លាប់​របស់ការិនីរូបនេះ ត្រូវបាន ក្រុមហ៊ុន ធី.អេស. អ៊ី អះអាងថាកម្មការិនីរូបបានស្លាប់ដោយសារជំងឺផ្លូវដង្ហើមកក៏ដោយ ក៏លោក ស្រីនឹងប្រើគ្រប់មធ្យោបាយដើម្បីរកការពិតចំពោះមរណ:ភាពកម្មការិនីរូបនេះ អោយទាល់តែបាន៕

ចោរព្រៃ គេមិនខ្លាច តែខ្លាច ចោរស្រុក

នាថ្ងៃទី១៨ កក្កដា ២០១១នេះ ថៅកែសិប្បកម្មក្រឡឹងដែកម្នាក់ ត្រូវអ្នកបំរើខ្លួនប្លន់យកប្រាក់អស់ ប្រាំពាន់ដុល្លារ នៅផ្ទះសិប្បកម្ម ដែកក្រឡឹង មានទីតាំងនៅម្តុំភូមិ ត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសវ័យចំណាស់ ហុកសិបពីរឆ្នាំ បានរៀបរាប់ប្រាប់ប៉ូលិសអោយដឹងថា គាត់បានប្រើអោយអ្នកបំរើរបស់ខ្លួនឈ្មោះ សឿង សារ៉ា ហៅអូន អោយជួនផ្សារអូឬស្សី ដើម្បីដកលុយចំនួន ប្រាំពាន់ដុល្លារ ដែលកូនរបស់គាត់ទើបផ្ញើមកប្រទេសក្រៅ។

ពេលត្រឡប់មកដល់ផ្ទះវិញ គាត់ចូលក្នុងផ្ទះហើយបានចូលមុជទឹក ហើយត្រូវជនសង្ស័យយកខ្សែលូសរឹតក ហើយវាយគាត់ រួចយកលុយទាំងអស់គេចខ្លួនបាត់។សូមបញ្ជាក់ផងដែរថា ជនសង្ស័យដែលបានប្រព្រឹត្តិអំពើអមនុស្សធម៌នេះ គឺជាមនុស្សរស់នៅ ជាមួយជនរងគ្រោះក្នុងផ្ទះតែមួយ៕

ពលរដ្ឋ​ខ្មែរ​ រងការបាញ់ប្រហារជាថ្មី ពីសំណាក់ទាហានថៃ

ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ ក្នុង​ទឹកដី​ថៃ ​បាន​ទទួល​រង​ការបាញ់​ប្រហារ​ជាថ្មី​ទៀត​ហើយ​ ពី​សំណាក់​ទាហាន​ថៃ។ ​តួរលេខ​ក្រៅផ្លូវការ នៅ​ថ្ងៃ​អាទិត្យទី១០កក្កដានេះឲ្យដឹងថា មាន​មនុស្ស​ស្លាប់​បានកើន ​ដល់ជាង​១០នាក់ហើយ ​រីឯ​មនុស្សរាប់​សិប​នាក់​ទៀត​ កំពុងបាត់​ខ្លួន​នៅឡើយ​ ខណៈ​ដែល​អ្នករត់រួចខ្លួន​មួយចំនួន ​បាន​វិលត្រឡប់​មកដល់​កម្ពុជា​វិញ។

សាកសព​ពលរដ្ឋ​ខ្មែរ​៥​នាក់ ​និង​អ្នក​របួស​៨​នាក់​ត្រូវ​បាន​បញ្ជូន​មក​ដល់​ទឹកដី​កម្ពុជា​វិញ​ហើយ​នៅ​ ថ្ងៃ​សៅរ៍​ទី​៩កក្កដា ឆ្នាំ​២០១១​នេះ។ប្រភព​បន្តឲ្យ​ដឹង​ថា ក្រៅ​ពី​អ្នក​ស្លាប់ ​និង​រង​របួស​ នៅ​មាន​ពលរដ្ឋ​ខ្មែរ​រាប់សិប​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។

ប្រជាជន​ខ្មែរ​ជាង ​១០០​ នាក់បាន​ចូល​ទៅ​រកស៊ី​កាប់​ឈើ​ នៅ​លើ​ទឹកដី​ថៃ​ កាលពី​ថ្ងៃ​ទី​៧ និង​ទី​៨ ​កក្កដា ​ឆ្នាំ​២០១១ នៅ​តំបន់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ​និង​ខេត្ត​ព្រះវិហារ។ យ៉ាងណា​ក៏ដោយ នៅ​មិនទាន់​មាន​តួលេខ​ផ្លូវការ​ណាមួយ​ ត្រូវ​បាន​គេចេញ​ផ្សាយ​នៅឡើយទេ៕

បណ្តឹងចាត់​វិធានការបន្ទាន់ របស់កម្ពុជា ​នឹងប្រកាស នៅថ្ងៃទី១៨កក្កដា

តុលាការយុត្តិធម៌អន្តរជាតិ នៃទីក្រុងឡាអេ ( ICJ) បានប្រកាសឱ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដានេះ ថាខ្លួននឹងចេញដីការសម្រេចរបស់ខ្លួន នៅថ្ងៃទី១៨ ខែកក្កដា ទាក់ទងនឹងសំណើ​របស់កម្ពុជា
ដែលស្នើចាត់​វិធានការ​ជាបន្ទាន់ ឱ្យដកកងទ័ពថៃចេញ​ពីតំបន់ប្រាសាទព្រះវិហារ។

យោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់ ICJ បាន ឱ្យដឹងថា ការប្រកាសដីការនោះ នឹងត្រូវធ្វើឡើង​​នៅវិមានសន្តិភាព នៅក្នុងទីក្រុងឡាអេ អំឡុងពេលនោះ ប្រធានតុលាការ លោក ហ៊ីសាស៊ី អូវ៉ាន់ដា នឹងឡើងអានដីការរបស់តុលាការ។

ការប្រកាសនេះ បានធ្វើឡើងយោង​តាមពាក្យបណ្តឹងរបស់កម្ពុជា
ហើយការទាញសំអាងហេតុ​ផ្ទាល់មាត់ ដែលភាគីកម្ពុជាតំណាង​ដោយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង
រដ្ឋមន្រ្តីក្រសួង ការបរទេស និងថៃតំណាងដោយ​ឯកអគ្គរាជទូតវិសាមញ្ញ​និងពេញសមត្ថភាពថៃ​ប្រចាំ
ប្រទេសហូឡង់៕