Logo

Friends Added

សន្តិសុខ

ចោរចូលម៉ូតូ ក្នុងហាងខាត់ សុឃីម​ ដោយសុវត្ថិភាព

ខាត់ សុខឃីម ជាតារាចម្រៀងក្រមិចក្រមើម ត្រូវបានជនមិនស្គាល់មុខ លួចកាត់សោផ្ទះ ចូលទៅលួចយកម៉ូតូម៉ាក ហ្វីណូ មួយគ្រឿងទៅបាត់ យ៉ាងស្ងៀមស្ងាត់ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០១១។

ទីតាំងដែលក្រុមចោរ កាត់សោទ្វារចូលទៅលួចម៉ូតូខាងលើ ស្ថិតនៅផ្ទះលេខ ៨១Eo ផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម៉ូតូដែលចោរលួចម៉ាក ហ្វីណូ ពណ៌ផ្កាឈូក លាយសពាក់ស្លាកលេខ ភ្នំពេញ 1AB-3186 តែមិនមែនជាកម្មសិទ្ធិរបស់នាង ខាត់ សុខឃីម នោះទេ គឺជាកម្មសិទ្ធិរបស់បុគ្គលិក ដែលនៅយាមហាងសំអាងការរបស់នាង។

ពលករ​ខ្មែរ ចេញបោកគេ កំពុងរកអន្ករាគមន៍ មកកម្ពុជាវិញ

គ្រួសារ​ពលករ​ខ្មែរ​ចំនួន​១១​នាក់ ដែល​ត្រូវ​មេ​ខ្យល់​បោក​យក​ទៅ​លក់​ឲ្យ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ថៅ​កែ
​លក់​បន្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​​ឥណ្ឌូនេស៊ី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គ​ការ​ខា​រ៉ាម​កម្ពុជា​ឲ្យ​ជួយ​អន្ត​រាគមន៍​
ធ្វើ​យ៉ាង​ណា​ជួយ​ជន​រង​គ្រោះ​ទាំង​នោះ អោយ​​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ។

លោក យ៉ា ណាវុធ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ខា​រ៉ាម​កម្ពុជា បាន​​ឲ្យ​ដឹង​ថា​លោក​កំពុង​តែ​សហ​ការ​ជា​មួយ​អង្គ​ការ​
ខារ៉ាម​នៅ​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​ជួយ​ស្វែង​រក​ពលករ​ខ្មែរ​ចំនួន​១១​នាក់​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​ វិញ បន្ទាប់​ពី​
ពួក​គេ​ទាំង​នោះ​បាន​ចាញ់​បោក​មេ​ខ្យល់ ទៅ​ធ្វើ​ជា​អ្នក​នេ​សាទ​នៅ​ដែន​សមុទ្រ​ក្នុង​ប្រទេស​ថៃ ហើយ​ត្រូវ​ថៅ​កែ​ថៃ​
លក់​បន្ត​ទៅ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​។

ពលករ​ចំណាក​ស្រុក​កម្ពុជា​ចំនួន​៧៤រូបផ្សេងទៀត​
ភាគច្រើនជាខ្មែរអ៊ីស្លាម ដែល​ត្រូវ​ប៉ូលីស​អន្តោ​ប្រវេសន៍​ម៉ាឡេស៊ី​ចាប់​ឃាត់​ខ្លួន ​កាល​ពី​ដើម​ឆ្នាំ២០១១
ក្នុងខេត្តចូហូរ ពាក់ព័ន្ធ​នឹង ​ការ​លួច​ឆ្លងចូល​ទៅស្នាក់​នៅនិង​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក៏ត្រូវ
បាន​ដោះ​លែង​និង​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​ដល់​​ប្រទេស​ កម្ពុជា​​វិញ​ កាល​ពី​ខែមីនា កន្លង​ទៅ។

​អ្នកទោស ​នៅ​កម្ពុជា កំពុ​ងរងវិបត្តិ​ ចង្អៀត​ណែន​ខ្លាំង

របាយការណ៍​របស់​អង្គការ​លីកាដូ​ប្រចាំ​ខែ​កក្កដា​បានបង្ហាញ​ថា អ្នកទោស​នៅ​ពន្ធនាគារ​របស់​ប្រទេស​កម្ពុជា​មាន
​ការកើនឡើង​យ៉ាង​ខ្លាំង ដែល​នាំឲ្យ​មាន​ការចង្អៀត​ណែន​។ គិត​មក​ត្រឹម​ខែ​មេសា នៅ​កម្ពុជា ​មាន​អ្នកទោស​ក្នុង
​ពន្ធនាគារ​​សរុបជាង ១៥.០០០ នាក់​។តាម​ចំណុះ​ ​ពន្ធនាគារ​​សព្វថ្ងៃ អាចដាក់​អ្នកទោស​បាន​ត្រឹមតែ​ជាង
៨.០០០ នាក់​ប៉ុណ្ណោះ​។

របាយការណ៍​លីកាដូ បង្ហាញថា ការ​ចង្អៀត​ណែន​ខ្លាំង​នៅក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល
​​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​ចំពោះ​ប្រព័ន្ធ​ យុត្តិធម៌ ដែល​ពឹងផ្អែក​ទាំងស្រុង លើ​ការ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​។

ម្យ៉ាងទៀត ការដាក់​ឃុំឃាំង ក្នុង​ពន្ធនាគារ គឺជា​វិធី ដែល​បាន​កំណត់​សម្រាប់​អនុវត្ត​ស្ទើរ​គ្រប់​បទ​ល្មើស​ទាំងអស់
ដោយ​គិត​ចាប់​ពី​ករណី​លួច​មាន់ រហូត​ដល់​ករណី​ឃាតកម្ម។

ការឃុំខ្លួន​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​សវនាការ
ក៏​នៅតែ​ត្រូវបាន​ប្រើប្រាស់​យ៉ាងច្រើន​។ វិបត្តិ​នៃ​ភាព​ចង្អៀត​ណែន​ខ្លាំង​របស់​អ្នកទោស​នៅ​កម្ពុជា ត្រូវបាន
​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​ទទួលបន្ទុក​គ្រប់គ្រង​ពន្ធនាគារ​បាន​លើកឡើង​ថា កំណើន​អ្នក​ជាប់​ពន្ធនាគារ
ដោយសារតែ​ការបង្ក្រាប​បទល្មើស​។

នេនមួយអង្គ ត្រូវឃាតក កាប់សម្លាប់ ជាច្រើនពូថៅ

សពព្រះសង្ឃមួយអង្គត្រូវបាន គេប្រទះឃើញនៅវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី៤ ខែកក្កដា
ឆ្នាំ២០១១ នៅក្នុងប្រឡាយទឹកជាប់ព្រុំដី ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខាងជើងភូមិ ឡាំបោ ចម្ងាយ
១គីឡូម៉ែត្រ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដកំពង់ចាម។

ក្រោយពីទទួលព័ត៌មានភ្លាម នគរបាលប៉ុស្ដិ៍បានទៅដល់ ចំណុចកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។​
ហើយបន្ទាប់ពីបានពិនិត្យនឹងធ្វើការស្រាវជ្រាវ ទើបសមត្ថកិច្ចដឹងថា សាកសពព្រះសង្ឃអង្គនោះ
មានព្រះនាម ឃិន កុសល មានអាយុ១៦ឆ្នាំ នឹងជាព្រះសង្ឈដែលគង្គនៅវត្ដរបងច្រុស ស្ថិតក្នុង
ភូមិរបងច្រុស ឃុំជាំក្រវៀន ស្រុកមេមត់ ហើយព្រះសង្ឃអង្គនោះ មានស្រុកកំណើតនៅក្នុងឃុំបឹងខ្នា
ស្រុកបាកាន ខេត្ដពោធិសាត់ ហើយសពនោះ ត្រូវបានសមត្ថកិច្ចនគរបាល​​ ស្រុកមេមត់សន្និដ្ឋានថា
ស្លាប់ដោយសារអំពើឃាតកម្ម។

ប្រភពពីព្រះសង្ឃនៅវត្ដរបងច្រុស បានឱ្យដឹងថា ព្រះសង្ឃ ឃិន កុសល បានចេញពីវត្ដតាំងពីវេលា​​​
ម៉ោង៨យប់ ថ្ងៃទី២ ខែកក្កដា មកម្ល៉េះ ដោយមិនបានដឹងថា លោកនិមន្ដទៅណានោះទេ ​រហូតដល់ថ្ងៃ
ទី៤ ខែកក្កដានេះ ទើបទទួលដំណឹងថា លោកបានសុគតបាត់ទៅហើយ។

មន្ដ្រីនគរបាលបន្ដថា ករណីឃាតកម្មលើព្រះសង្ឈអង្គនោះ សមត្ថកិច្ចនគរបាលស្រុកមេមត់ កំពុង
តែខិតខំស្រាវជ្រាវ ស្វែងរកជនដៃដល់ ដើម្បីចាប់ខ្លួន​យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។
រីឯសាកសពត្រូវបានចៅអធិការវត្ដរ​បងច្រុស យកទៅធ្វើបុណ្យឱ្យ និងបញ្ចុះនៅក្នុងបរិវេណ
វត្ដរបងច្រុសរួចហើយ៕

ដំណាប់ដូង ៨ម៉ឺនកញ្ចប់ ត្រូវមន្រ្តីកាំកុងត្រូល កម្ទេចចោល

កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១១ មន្ដ្រីកាំកុងត្រូលសហការ ជាមួយនគរបាល​សេដ្ឋកិច្ចខេត្ដនិងនាយកដ្ឋាន បានដុតកម្ទេចដំណាប់ ដូង ម៉ាកញីប៊ីញ ខូចគុណភាព​ចំនួន ២០០កាតុង ស្មើ៨ម៉ឺនកញ្ចប់ ទម្ងន់ ៣.២០០គីឡូក្រាម ស្ថិតនៅទីតាំងចាក់សំរាម ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ។

មន្រ្តីសម្ថកិច្ចកាំកុងត្រូល បានឱ្យដឹងថា ទំនិញល្មើសខាងលើនេះ ជាកម្មសិទ្ធិរបស់​ឈ្មោះ យូ ម៉ៅ ភេទ ស្រីជាតិខ្មែរ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រែក ឃុំក្រែក ស្រុក​ពញាក្រែក ខេត្ដកំពង់ចាម មានមុខរបរជាពាណិជ្ជករ បានលួចនាំចូលពីប្រទេស​វៀតណាម តាមច្រករបៀងខេត្ដកំពង់ចាម យកទៅមកចែកចាយនៅខេត្ដបន្ទាយ​​​​ មានជ័យតាមរថយន្ដ ម៉ាក RHINO ពណ៌ខៀវ ចង្កូតឆ្វេង ពាក់ស្លាកលេខ កំពង់ចាម 3A1613។

​​ការឃាត់ចាប់​ រថយន្តដឹកដំណាបដូងនេះ ធ្វើឡើង ដោយ​​ហេតុថា នៅលើសំបកវេចខ្ចប់ ផលិតផល គ្មានចុះថ្ងៃ​ផលិត និងរយៈពេល ហួសកំណត់ប្រើប្រាស់ ហើយករណីនេះ ត្រូវបានអាជ្ញាធរ កសាងសំណុំ​​​រឿង​​​បញ្ជូនទៅសាលាដំបូង​​ខេត្ដ​ចាត់ចែងតាម​នីតិវិធី​ច្បាប់៕

ខៀវ សំផន ​ស្នើ​បន្ថែម​សាក្សី ការពារ​រូបលោក

សវនាការ​បឋម​លើ​សំណុំរឿង​០០២ រយៈពេល ៤ ថ្ងៃ បានបិ​ទបញ្ចប់ជាស្ថាពរ​ហើយ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ។ មុន​ពេល​បិទ​បញ្ចប់​សវនាការលើអតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម លោក ខៀវ សំផន បាន​ប្រកាស​ជា​លើក​ដំបូង​ថា លោក​នឹង​ចូលរួម សហការ​ជាមួយ​តុលាការ​ឲ្យអស់​ពី​ចិត្ត​ពី​ថ្លើម ដើម្បី​ស្វែងរក​ការពិត ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​​ហើយ លោក ខៀវ សំផន ក៏​បាន​ស្នើ​បន្ថែម​សាក្សី ការពារ​រូបលោក​ផង​ដែរ។

បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ៤ ថ្ងៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សវនាការ​បឋម​លើ​សំណុំរឿង​០០២ ដែល​មាន​ជន​ជាប់​ចោទ នួន​ជា -ខៀវ​សំផន -អៀង​សារី និង​អៀង​ធីរិទ្ធ បានចូលថ្ងៃ​ចុងក្រោយ​ តែ​បើក​ធ្វើ​ជា​អសាធារណៈ​មួយ​រយៈ។ លើសនេះទៀត អង្គ​សវនាការចុងក្រោយ ផ្តោតសំខាន់​​លើ​ឈ្មោះ​សាក្សី អ្នក​ជំនាញ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល​ត្រូវ​ទុក​ជា​អាថ៌កំបាំង ​នូវ​អត្តសញ្ញាណ​អ្នក​ទាំងនោះ។

ក្រោយ​ពី​ បិទ​បញ្ចប់​សវនាការភ្លាម ភាគី​សហ​ព្រះរាជអាជ្ញា និង​ភាគី​សហ​មេធាវី​ ការពារ​ជន​ត្រូវ​ចោទ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដោយ​ចាត់ទុកថា ​ដំណើរការ​សវនាការ​បឋម រយៈពេល ៤ ថ្ងៃ​នេះ ប្រកបដោយ ភាពជោគជ័យ និង​គ្មាន​ការ​រាំង​ស្ទះ​អ្វី​ឡើយ។

ខៀវ សំផន សុំឲ្យដាក់បញ្ចូល សាក្សីដោះបន្ទុក​ ក្នុងថ្ងៃទីបួន

សវនាការបឋម សំណុំរឿង០០២ បានឈានចូលថ្ងៃទីបួន ដែលបានចាប់ផ្តើម នៅវេលាម៉ោង ៩ និង៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែ មិថុនា ឆ្នាំ២០១១។​សវនាការថ្ងៃទីបួននេះ នឹងធ្វើការពិភាក្សានិងដេញ​ដោលព្រមទាំងលើកឡើង នូវទឡ្ហីករណ៍ផ្ទាល់មាត់ នឹងការជំទាស់នានា ទាក់ទិននឹងបញ្ជីឈ្មោះ​សាក្សីដែល​បានស្នើឡើង។

លោក​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​​ចំពោះ​បញ្ជី​ឈ្មោះ​បណ្តោះអាសន្ន​នៃ​សាក្សី ​សម្រាប់​សវនាការ​សំណុំរឿង​០០២​។ លោក​កត់​សម្គាល់ថា សាក្សី​ភាគច្រើន​លើសលប់​គឺជា​សាក្សី​របស់​សហ​ព្រះរាជអាជ្ញា​សម្រាប់តែ​ដាក់​បន្ទុក​លើ​រូប​លោក​តែប៉ុណ្ណោះ ប៉ុន្តែគ្មាន​សាក្សី​សម្រាប់​ដោះ​បន្ទុក​ទេ ដូច្នេះ លោក​នឹង​ដាក់​បញ្ជី​ឈ្មោះ​សាក្សី​របស់​លោក​ឲ្យទៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ​ នេះ​។

ហើយសវនាការបឋមសំណុំរឿង០០២ នៅថ្ងៃទីពីរ ​អង្គជំនុំ​ជម្រះ​បានជជែក​អំពី​បំណង​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ដែលចង់​ ទាមទារ​សំណង​រួម​ពីក្រុម​ជន​ជាប់ចោទ។​ ថ្ងៃរំលឹក​ការចងចាំ​ ស្តូប​ដើម្បី​រំលឹក​ដល់​វិញ្ញាណខណ្ឌ​អ្នកស្លាប់​ សារមន្ទីរ​ ឬ​បណ្ណសារ​ ទាំងនេះ​គឺជា​ការទាមទារ​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី។ក្រៅពី ​ប្រធានបទ​នេះ ​តាំងពី​ព្រឹកមក​ រហូតដល់បពា្ចប់ សវនាការ​បានផ្តោត​ទៅ​អាជ្ញាយុកាល​នៃ​បទល្មើស​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ឆ្នាំ១៩៥៦​ ដែល​ត្រូវបាន​ប្រើ​ចំពោះ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ទាំង​៤។

ស្ដុកឈើខុសច្បាប់ នៅផ្ទះ​ ត្រូវអាជ្ញាធរ វែកមុខ

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១ កម្លាំងចម្រុះរបស់ ខេត្ដកំពត រួមមានកម្លាំង​រដ្ឋបាល​ព្រៃឈើកម្លាំង​នគរបាលមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំដោយ ព្រះរាជអាជ្ញារងអម​សាលាដំបូងខេត្ដកំពត លោក សៀង សុខ បានចុះបង្ក្រាប​​កន្លែងស្ដុកឈើខុសច្បាប់ នៅផ្ទះប្រធានទីស្នាក់ការ​ស្រាវជ្រាវ​ចារកិច្ចយោធា អគ្គបញ្ជាការ ប្រចាំខេត្ដកំពត លោក លឹម ឆាយវ៉ារ៉ាត់ ដែលស្ថិតនៅក្នុង​​ភូមិ​​ត្រញំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពព័ត៌មានពីកម្លាំងចម្រុះ​ដែលបានចូលរួមក្នុងប្រតិបត្ដិការ​បង្ក្រាបកន្លែងស្ដុកឈើ ខុសច្បាប់ខាងលើនេះបានឱ្យដឹងថា ការរឹបអូសឈើគ្រញូង ប្រណីត ចំនួន៣តោនឈើអា ៦ម៉ែត្រគូប។

សម្រាប់ឈើ ទាំងអស់នេះ ត្រូវបានកម្លាំងចម្រុះយក ទៅរក្សាទុកនៅទីស្នាក់ការរដ្ឋបាល​​ព្រៃឈើ ខេត្ដកំពត ដើម្បីចាត់ការបន្ដទៀត។ ដោយឡែកម្ចាស់​កន្លែងស្ដុកឈើខុសច្បាប់នេះ​បានរត់គេចខ្លួនបាត់។

ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់​បុរស២នាក់​លួច​ដែក និង​បុរស២នាក់​ទៀត​ជួញដូរ​ថ្នាំញៀន​

ប៉ូលិស​ខណ្ឌ​សែនសុខ បាន​ឃាត់​មនុស្ស ៤នាក់ ជា​បន្តបន្ទាប់ ក្នុងនោះ ២នាក់ ជាប់ចោទ​ពីបទ​លួច​ដែក ក្នុង​ការដ្ឋាន​សំណង់ និង ២នាក់​ទៀត​ពីបទ​ជួញដូរ​ថ្នាំញៀន ព្រមទាំង​ដកហូត​ម៉ា​ទឹកកក ២ កញ្ចប់ ។​

* ករណី​ទី​១: វេលា​ម៉ោង១និង៤៥នាទី​អធ្រាត្រ ​ថ្ងៃទី២៧ មិថុនា​នេះ នៅ​ចំណុច​ភូមិ- សង្កាត់​ទឹកថ្លា ប៉ូលិស​ប៉ុស្តិ៍​ឃាត់​ជនសង្ស័យ ២នាក់ ខណៈពេល​កំពុង​លួច​យក​ដែក នៅក្នុង​ការដ្ឋាន​សំណង់​មួយ ។​

ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ជុំ ប៊ុណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌដង្កោ និង ២-​ឈ្មោះ ព្រាប ម៉ូ​យ៉ា​ល់ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​សន្តិសុខ​រោងចក្រ​ជីប​វិ​ន ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប៉ូលិស​ដកហូត​កាំភ្លើងខ្លី K59 ១ដើម គ្រាប់ ៧គ្រាប់ ដែក​បំពង់​ទីប ៣ ដើម និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ១គ្រឿង​ម៉ាក Smash ពណ៌​ខ្មៅ ស្លាក​លេខ​ ព្រៃវែង 1C-3402 ។ ប៉ូលិស​បន្តថា ខណៈពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​លួច ប៉ូលិស​ក៏​ឃាត់ខ្លួន​ជា​ស្តែង បញ្ជូនទៅ​ខណ្ឌ​តែម្តង ។​

* ករណី​ទី​២: នៅវេលា​ម៉ោង២និង១៥នាទី​រំលងអធ្រាត្រ ​ថ្ងៃ​ដដែល​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ប៉ូលិស​បាន​ឆ្មក់​ចាប់​ជនសង្ស័យ ២នាក់ ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន ។​

​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ហួត ស៊ីណា ភេទ​ប្រុស អាយុ ៣២ឆ្នាំ មុខរបរ​កម្ម​ករ​សំណង់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា និង​ឈ្មោះ ប៊ុន ចាន់ថា ភេទ​ប្រុស អាយុ ២០ឆ្នាំ មុខរបរ​លក់​ផ្លែឈើ ស្នាក់នៅ​ភូមិ-សង្កាត់​ទឹកថ្លា ។ ដកហូត​ម៉ា​ទឹកកក ២ កញ្ចប់ លុយ​ចំនួន ៤៨៦០០០ រៀល និង​ទូរស័ព្ទដៃ ៣ គ្រឿង រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់កា​បន្ត ៕