Logo

Friends Added

សុខភាព

វិធី​១២​យ៉ាង ​ដើម្បី​ជៀស​វាង​ជំងឺ​ក្អក​ និង​ផ្តាសាយ​

ជំងឺ​ក្អក​ និង​ផ្ដាសាយ​ជា​ទូទៅ​ត្រូវ​បាន​ចម្លង​តាម​រយៈ​បាក់តេរី​ និង​ពពួក​វីរុស​ឆ្លង​ផ្សេងៗ​ទៀត​ ដែល​អ្នក​ដទៃ​ក្អក​ ឬ​កណ្ដាស់​ភាយ​តាម​ខ្យល់។​ មាន​វីរុស​ប្រមាណ​២០០​ប្រភេទ​ផ្សេងៗ​គ្នា​ ដែល​អ្នក​អាច​ឆ្លង​ជំងឺ​ក្អក​ផ្តាសាយ​បាន​​និង​ចំពោះ​មនុស្ស​ពេញ​វ័យ​អាច​មាន​ជំងឺ​ផ្តាសាយ​ពី​២​ទៅ​៥​ដង​ក្នុង​១​ឆ្នាំ​ ឯ​កុមារ​ពី​៥​ទៅ​១០​ដង​ក្នុង​១​ឆ្នាំ។​

ដើម្បី​ជៀស​វាង​បញ្ហា​ក្អក​ ផ្តាសាយ​ គ្រុន​ក្តៅ​ ឬ​ហៀរ​សម្បោរ​គេហ​ទំព័រ​ www.lifemojo.com ​បាន​ណែនាំ​នូវ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖​

១.​សម្អាត​ដៃ​ឲ្យ​ស្អាតៈ​ភាគ​ច្រើន​បំផុត​នៃ​ការ​ឆ្លង​វីរុស​ផ្តាសាយ​ហៀរ​សម្បោរ​ គឺ​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ ដូច្នេះ​ចូរ​សម្អាត​ដៃ​របស់​អ្នក​ដោយ​សាប៊ូ​ ឬ​សារ​ធាតុ​កម្ចាត់​បាក់តេរី​ និង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ឲ្យ​បាន​ស្អាត​ជានិច្ច។​

២.​ពិសា​ទឹក​ឲ្យ​ច្រើនៈ ​រាងកាយ​មនុស្ស​ត្រូវ​ការ​ជាតិ​ទឹក​គ្រប់​គ្រាន់​ដើម្បី​កម្ចាត់​កាក​សំណល់​ផ្សេងៗ​នៅ​ក្នុង​រាង​កាយ​ធ្វើ​ឲ្យ​សុខភាព​ល្អ។​ បើ​អ្នក​ផ្តាសាយ​ ឬ​ក្អក​ ចូរ​ពិសា​ទឹក​ក្រូច​ឆ្មារ​ ព្រោះ​វា​សម្បូរ​វីតាមីន​C​ជួយ​ពង្រឹង​ប្រព័ន្ធ​បន្ស៊ាំ​។​


៣.​ឈប់​ជក់​បារីៈ ​ការ​ជក់​បារី​ធ្វើ​ឲ្យ​អ្នក​រោល​ ឬ​រលាក​បំពង់​ក​ និង​បណ្តាល​ឲ្យ​មាន​អាការៈ​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ។​

៤.​ទុក​ក្រដាស​អនាម័យ​ក្បែរ​ខ្លួនៈ​ ចូរ​ទុក​ក្រដាស​អនាម័យ​នៅ​ក្បែរ​ខ្លួន​នៅ​ពេល​អ្នក​នៅ​ក្នុង​ទី​សាធារណៈ​ ឬ​នៅ​ជិត​អ្នក​ដទៃ​ដើម្បី​ងាយ​ជូត​សម្អាត​ ហើយ​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មាន​ជំងឺ​ផ្តាសាយ​ ព្រោះ​វា​ងាយ​ឆ្លង​ក្នុង​រយៈ​៣​ថ្ងៃ​ដំបូង។​

៥.​កម្តៅ​ខ្លួនៈ​ អ្នក​គួរ​កម្ដៅ​ខ្លួន​ក្នុង​សីតុណ្ហភាព​មួយ​ក្តៅ​(Sauna)​ ដែល​អាច​ធ្វើ​បាន​ដើម្បី​ទប់​ស្កាត់​វីរុស​ផ្តាសាយ។​

៦.​ពិសា​អាហារ​ហឹរៈ​ ចូរ​ព្យាយាម​ពិសា​អាហារ​ដែល​មាន​រស​ជាតិ​ហឹរ​ ដើម្បី​កាត់​បន្ថយ​ស្លេស្ម៍​ ឬ​ការ​ហៀរ​សម្បោរ។


៧.​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ៈ​ អ្នក​គួរ​សម្រាក​ឲ្យ​បាន​ត្រឹម​ត្រូវ​គ្រប់​គ្រាន់​ដើម្បី​កាត់​បន្ថយ​ស្ត្រេស​ ព្រោះ​ជំងឺ​ស្រ្តេស​ក៏​ជា​ប្រភព​នៃ​ជំងឺ​ផ្តាសាយ​ និង​ជំងឺ​ផ្សេងៗ​ទៀត​ដែរ។​ តាម​ធម្មតា​ អ្នក​គួរ​សម្រាក​ឲ្យ​បាន​ពី​៧​ទៅ​៨​ម៉ោង​ក្នុង​១​ថ្ងៃ។​

៨.​ពិសា​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវៈ​ ចូរ​ពិសា​អាហារ​ប្រភេទ​ស្លឹក​បន្លែ​បៃតង​ និង​ផ្លែ​ក្រូច​ផ្សេងៗ​ ដូចជា​ ក្រូច​ពោធិ៍​សាត់​និង​ក្រូច​ថ្លុង​ជាដើម​ឲ្យ​បាន​ច្រើន​ ព្រោះ​វា​សម្បូរ​វីតាមីន​ប្រឆាំង​នឹង​ការ​ចម្លង​មេរោគ​នានា​ និង​ពង្រឹង​ប្រព័ន្ធ​បន្ស៊ាំ​​នៃ​សព៌ាង្គកាយ។​ មាន​អាហារ​ខ្លះ​ទៀត​ ដូចជា​ ខ្ទឹម​បារាំង​ឆៅ​ជួយ​កម្ចាត់​ស្លេស្ម៍​ មើម​រមៀត​បំបាត់​ក្អក​ស្ងួត​បំពង់ក​ ផ្លែ​ទំពាំង​បាយ​ជូរ​លាយ​នឹង​ទឹក​ឃ្មុំ​បន្ធូរ​អាការៈ​ក្អក​ និង​ខ្ទឹម​ស​ល្អ​បំផុត​សម្រាប់​ការ​ព្យាបាល​ជំងឺ​ក្អក​ខ្លាំង។


៩.​ជៀស​វាង​ស្ករ​ និង​អាហារ​សល់ៈ ​ចូរ​ជៀស​វាង​ការ​ពិសា​ស្ករ​ច្រើន​ និង​ពិសា​តែ​អាហារ​ណា​ដែល​នៅ​ស្រស់ៗ​ល្អ។​

១០.​គេង​ឲ្យ​ស្កប់ៈ​ ការ​គេង​ឲ្យ​បាន​ស្កប់​ស្កល់​គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​បន្ស៊ាំ​បំពេញ​តួនាទី​បាន​ល្អ។​ នៅ​ពេល​ដែល​អ្នក​គេង​គ្រប់​គ្រាន់​វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​ថាមពល​រឹងមាំ​ប្រឆាំង​នឹង​ជំងឺ​ និង​ជួយ​ឲ្យ​ខួរ​ក្បាល​បាន​សម្រាក។​

១១.​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​ក្រអូបៈ ​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​មាន​ក្លិន​ក្រអូប​ (Aromatherapy)​ បង្ហប់​បំភាយ​កម្ដៅ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ក្រអូប​ស្រស់​ស្រាយ​ កាត់​បន្ថយ​ការ​ហៀរ​សម្បោរ​ និង​ការ​ក្តៅ​រោល។​

១២.​ហាត់​ប្រាណៈ ​ការ​ហាត់​ប្រាណ​ទៀង​ទាត់​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ​មាន​ថាមពល​រឹងមាំ ​ប្រាស​ចាក​ពី​ជំងឺ​ដង្កាត់​នានា​ ពង្រឹង​ប្រព័ន្ធ​បន្ស៊ាំ ​ជាពិសេស​គឺ​ជួយ​បញ្ចៀស​ពី​ជំងឺ​ផ្តាសាយ​បាន​៥០%​ទៀត​ផង៕

វិធី​៥​យ៉ាង ​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក ​ស្រស់​ស្រាយ​ល្អ​

អារម្មណ៍​ស្រស់​ស្រាយ​ល្អ​រមែង​ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល​ផ្លូវ​ចិត្ត​ និង​កាយ​ ហើយ​គិត​គូរ​ធ្វើ​អ្វីៗ​ក៏​លឿន​រហ័ស​បាន​ល្អ​និង​ការងារ​មាន​ប្រសិទ្ធិភាព។​ ទូទៅ​យើង​តែងតែ​ទទួល​អារម្មណ៍​អាប់​អួរ​ ព្រោះ​ការងារ​មមាយ​ញឹក ​ភាព​នឿយ​ហត់​អស់​កម្លាំង​ ឬ​បណ្តាល​មក​ពី​បរិយាកាស​ការងារ​មិន​ល្អ​ជាដើម។​

មាន​វិធី​ខុស​ៗ​គ្នា​ជាច្រើន​ដើម្បី​លំហែ​អារម្មណ៍​ឲ្យ​ស្រស់​ថ្លា​ ប៉ុន្តែ​នៅ​ទីនេះ​ សូម​លោក​អ្នក​សាកល្បង​អនុវត្ត​តាម​វិធី​៥​យ៉ាង​ដែល​ណែនាំ​ដោយ​គេហទំព័រ​ www.goodrelaxation.com​ ដូច​ខាង​ក្រោម៖​​

១.​សម្រាក​ចេញ​ទៅ​ក្រៅ​មួយ​ភ្លែតៈ​ ដើម្បី​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ស្រស់​ស្រាយ​ល្អ​ អ្នក​មិន​គួរ​នៅ​ក្នុង​បន្ទប់​ការងារ​ឬ​កន្លែង​ហប់​ជិត​គ្មាន​ខ្យល់​អាកាស​បរិសុទ្ធ​នោះ​ទេ។​ អ្នក​គួរតែ​ឈប់​សម្រាក​ពី​ការងារ​ ឬ​ការ​សិក្សា​បន្តិច​ ហើយ​ដើរ​ចេញ​ទៅ​យក​ខ្យល់​អាកាស​ល្អ​ខាង​ក្រៅ​បាន​ពី​៤ ​ទៅ​៥​នាទី​ ដើម្បី​ដក​ដង្ហើម​ឲ្យ​ស្រួល​ និង​សម្លឹង​​មើល​នេះ​នោះ។​​

២.​សម្លឹង​មើល​ពពកៈ​ ការ​សម្លឹង​មើល​ពពក​ក៏​ជា​វិធី​មួយ​ល្អ​ផង​ដែរ​ក្នុង​ការ​សម្រួល​អារម្មណ៍​ឲ្យ​ស្រស់​ថ្លា​បាន​មួយ​រំពេច​នៅ​ពេល​អ្នក​មាន​អារម្មណ៍​តានតឹង​តប់​ប្រមល់​ក្នុង​ចិត្ត។​ នៅ​ពេល​អ្នក​បាន​សម្លឹង​​មើល​ពពក​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​បណ្ដែត​អារម្មណ៍​នឹក​គិត​ដល់​រឿង​ល្អ​ៗ​ និង​បំភ្លេច​អស់​រឿង​សៅ​ហ្មង​ក្រៀម​ក្រំ​ ឬ​ការ​នឿយហត់​អស់​កម្លាំង​នានា​។​​

៣.​ដក​ដង្ហើម​មួយៗ​វែងៈ​ ការ​ដក​ដង្ហើម​មួយៗ​វែង​ៗ​ គឺជា​វិធី​ដ៏​ប្រសើរ​ដើម្បី​ជួយ​ញ៉ាំង​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា​បាន​ល្អ​បំបាត់​ការ​នឿយ​ហត់​ ឬ​ភាព​ធុញ​ថប់​ក្នុង​ចិត្ត​នានា​។​ ការ​ដក​ដង្ហើម​មួយៗ​វែង​ៗ​ ក៏​ជា​វិធី​គ្រប់គ្រង​ស្មារតី​អ្នក​ឲ្យ​ស្ងប់​នឹងន​ និង​ជួយ​បង្កើន​ថាមពល​ផ្លូវ​ចិត្ត​ ផ្លូវ​កាយ​យ៉ាង​មាន​ប្រសិទ្ធិភាព​ផង​ដែរ​ (ការ​ធ្វើ​សមាធិ)។​​

៤.​ធ្វើ​យោគៈ​(សមាធិ/​ចង្ក្រម)​ក្នុង​ការិយាល័យៈ​ វិធី​នេះ​ក៏​មាន​ផល​ល្អ​ប្រសើរ​ផង​ដែរ​ ដោយ​អ្នក​គ្រាន់តែ​ធ្វើ​កាយ​វិការ​បែប​ហាត់​កីឡា​ ដូចជា​ ពត់​ជើង​ដៃ ​លើក​ជើង​ដៃ ​អង្គុយ​ ឬ​ដើរ​ទៅ​មក​ដើម្បី​ប្រមូល​អារម្មណ៍។​ អ្នក​អាច​សាក​ល្បង​ធ្វើ​វា​ដើម្បី​រម្ងាប់​អារម្មណ៍​ សម្រួល​ចិត្ត​ កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន​ បង្កើន​ថាមពល​ និង​ការ​ចុក​ណែន​សាច់​ដុំ។​​

៥.​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ផ្សេងៈ​នេះ​គឺជា​វិធី​មួយ​ដ៏​សំខាន់​សម្រាប់​អ្នក​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​បន្ទប់​ស្ងាត់​តែ​ឯង​ ឬ​នៅ​ផ្ទះ​មិន​មាន​មិត្តភ័ក្ដិ​ ឬ​អ្នក​ណា​ម្នាក់​នៅ​ក្បែរ​ដើម្បី​ជជែក​គ្នា​លេង។​ អ្នក​មិន​គួរ​នៅ​ក្នុង​បន្ទប់​ការងារ​ ឬ​កន្លែង​ធ្វើ​ការ​ដាច់​តែ​ឯង​យូរ​ពេក​ទេ​ អ្នក​គួរតែ​ឆ្លៀត​ឱកាស​ចេញ​មក​និយាយ​លេង​ ឬ​ជជែក​ផ្លាស់​ប្តូរ​យោបល់​ល្អ​ៗ​ជាមួយ​គេ​ឯង​ខ្លះ​ៗ​ទៅ​ ព្រោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ រក្សា​មិត្តភាព​បាន​ល្អ​ និង​ទទួល​បាន​គំនិត​ល្អ​ថ្មីៗ​ថែម​ទៀត​ផង៕​

អាហារ​ដ៏​ប្រសើរ​សម្រាប់​ស្រ្តី​កំឡុង​ពេល​មក​រដូវ​

ជា​ទូទៅ​ស្រ្តី​ភាគ​ច្រើន​តែង​ជួប​អាការៈ​ឈឺ​ចុក​ពោះ​ អស់​កម្លាំង​ល្ហិត​ល្ហៃ​ រមួល​ក្រពើ​ ឈឺ​ក្បាល​ បញ្ហា​ក្នុង​ការ​រំលាយអាហារ​​ និង​មាន​អារម្មណ៍​​​មួម៉ៅ​ក្នុង​ពេល​មុន​ និង​ពេល​កំពុង​មក​រដូវ​។​

វិធី​ដ៏​ល្អ​ដើម្បី​ជៀស​វាង​ ឬ​បង្ការ​នូវ​អាការៈ​មិន​ល្អ​ទាំង​នេះ​គេហ​ទំព័រ​ www.livestrong.com​ បាន​ណែនាំ​ឲ្យ​បង​ប្អូន​ស្រ្តី​ទាំង​ឡាយ​ជ្រើស​រើស​ញ៉ាំ​នូវ​ប្រភេទ​អាហារ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖​

១.​សណ្តែកៈ​ សណ្ដែក​ជា​អាហារ​ដែល​មាន​ធាតុ​សរសៃ​ខ្ពស់​ ដែល​អាច​ជួយ​កាត់​បន្ថយ​នូវ​អាការៈ​រមួល​ក្រពើ​ដោយ​សារ​ឈាម​កក​ និង​អាការៈ​អស់​កម្លាំង​ល្ហិត​ល្ហៃ។​ វា​ក៏​ជួយ​រំលាយ​អាហារ​ធ្វើ​ឲ្យ​ការ​បន្ទោរ​បង់​លាមក​ស្រួល​ និង​មិន​ធ្វើ​ឲ្យ​រាគ​រូស​ ហើយ​ក៏​វា​សម្បូរ​វីតាមីន​B​ ផង​ដែរ​ នេះ​បើ​តាម​ប្រសាសន៍​​Dr.Susan Lark​នាយក​នៃ​មជ្ឈមណ្ឌល​ជួយ​ខ្លួន​ឯង​(PMS Self-Help Center) ​នៅ​រដ្ឋ​កាលីហ្វ័ញ៉ា​សហរដ្ឋ​អាមេរិក​បាន​អះអាង។


២.​បន្លែ​បៃតងៈ​ ក្នុង​បន្លែ​បៃតង​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​ ម៉ាញ៉េស្យូម​ និង​ប៉ូតាស្យូម​ ដែល​ជួយ​កាត់​បន្ថយ​ដល់​ការ​ឈឺ​កន្ត្រាក់​រមួល​ក្រពើ​ ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​ពី​ការ​មួម៉ៅ​ និង​ទប់​កុំ​ឲ្យ​ឈាម​មក​ច្រើន​ពេក។​

៣.​ផ្លែ​ម្នាស់ៈ​ បើ​តាម​របាយ​ការណ៍​របស់​ Dr.Phyllis Johnson​ នៃ​មជ្ឈ​មណ្ឌល​អាហារូបត្ថម្ភ​របស់​ក្រសួង​កសិកម្ម​អាមេរិក​ បាន​បង្ហាញ​ថា​ ស្រ្តី​ដែល​ខ្វះ​ម៉ង់ហ្គាណែស​(ធាតុ​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ច្រើន​បំផុត)​ មាន​ការ​កើន​ឈាម​រដូវ​រហូត​ដល់​៥០%។​ ដូច្នេះ​ ស្រ្តី​មុន​មក​រដូវ​គួរ​ញ៉ាំ​ម្នាស់​ដើម្បី​ជួយ​ឲ្យ​សាច់ដុំ​សម្រាក​ និង​ទប់​ស្កាត់​ការ​រមួល​ក្រពើ។​

៤.​ទឹក​តែ​ខ្ញីៈ​ ទឹក​តែ​ខ្ញី​ក៏​ជា​ប្រភព​នៃ​ម៉ង់ហ្គាណែស​ដែរ​ ដែល​វា​ជួយ​បន្ធូរ​អាការៈ​ធីង​ធោង​ចង់​ក្អួត​ ចុក​ពោះ​ ឈឺ​សាច់​ដុំ​ អារម្មណ៍​តាន​តឹង​ ឆាប់​ភ័យ​ខ្លាច​ និង​មួម៉ៅ​ឆេវឆាវ​ នេះ​បើ​តាម​ Dr. Phyllis Johnson ​បញ្ជាក់​បន្ថែម។​

៥.​ទឹកៈ​ ស្រ្តី​មុន​ពេល​ និង​ក្នុង​កំឡុង​ពេល​មក​រដូវ​ គួរតែ​ពិសា​ទឹក​ (ទឹក​ស្អាត)​ ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​កុំ​ឲ្យ​អ្នក​មាន​បញ្ហា​កក​ស្ទះ​ឈាម​ ដែល​នាំ​ឲ្យ​រមួល​ក្រពើ​ ស្ពឹក​ និង​ឈឺ​រមាស់។


៦.​គ្រាប់​ធញ្ញ​ជាតិ​ចម្រុះ​គ្នាៈ​ វេជ្ជ​បណ្ឌិត​​អង់គ្លេស​ជាច្រើន​ និង​Dr.Susan Lark​បាន​អះអាង​ថា​ ការ​ពិសា​គ្រាប់​ធញ្ញ​ជាតិ​ចម្រុះ​កិន​​បញ្ចូល​គ្នា​ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ម៉ាញ៉េស្យូម​ វីតាមីន​ B-complex ​វីតាមីន​E ​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចុក​សាច់​ដុំ ​ភាព​មួហ្មង​ក្នុង​ចិត្ត​ និង​ការ​អស់​កម្លាំង​ល្ហិតល្ហៃ។​

៧.​ទឹក​ដោះ​គោ​ជូរៈ​ ទឹក​ដោះ​គោ​ជូរ​ផ្ទុក​ទៅ​ដោយ​បាក់តេរី​រស់​ដែល​ជួយ​ឲ្យ​ការ​រំលាយ​អាហារ​បាន​ល្អ​ ហើយ​វា​ក៏​ជា​ប្រភព​នៃ​កាល់​ស្យូម​ជួយ​សម្រួល​ដល់​ការ​មក​រដូវ​ផង​ដែរ​ នេះ​បើ​តាម​ James G. Penland, Ph.D ​បាន​បញ្ជាក់៕​

គុណ​ប្រយោជន៍​៦​យ៉ាង​នៃ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​

ផ្កា​ឈូក​រ័ត្ន​ត្រូវ​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​ដំបូង​ដោយ​ជន​ជាតិ​ដើម​អាមេរិក​ ប្រមាណ​ជាង​៥០០០​ឆ្នាំ​កន្លង​ទៅ​ហើយ​ក្រោយ​មក​បាន​រីក​សាយ​ភាយ​ទូទាំង​ពិភព​លោក។​ បច្ចុប្បន្ន​ គ្រាប់​ផ្កា​ឈូក​រ័ត្ន​ត្រូវ​បាន​ផលិត​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​នៅ​ប្រទេស​រុស្ស៊ី ​ប៉េរូ ​អាហ្សង់ទីន​ អេស្ប៉ាញ ​បារាំង​ និង​ចិន។​

យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​គេហ​ទំព័រ​សុខភាព​ www.healthdiaries.com ​បាន​បញ្ជាក់​ថា​គ្រាប់​ផ្កា​ឈូក​រ័ត្ន​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ដូច​ខាង​ក្រោម៖​

១.​សុខភាព​បេះ​ដូងៈ ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ដោយ​វីតាមីន​ E ​ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ជំងឺ​បេះដូង​ហើយ​វា​ក៏​ជា​សារ​ធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​ ដែល​ជួយ​ដល់​ការ​ទប់​ស្កាត់​ខូលេស្តេរ៉ូល​ផង​ដែរ​។​ វា​ជួយ​ការពារ​មិន​ឲ្យ​មាន​ការ​ស្ទះ​សរសៃ​ឈាម​ធំ​ក្នុង​បេះដូង​ ជំងឺ​គាំង​បេះដូង​ ឬ​ការ​ដាច់​សរសៃ​ឈាម​ដល់​ទៅ​៩០%​ ប្រសិន​បើ​អ្នក​ពិសា​វា​(វីតាមីន​E) ​បាន​១/៤ ​កែវ​នៃ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​រៀង​រាល់​ថ្ងៃ។​

២.​ប្រឆាំង​នឹង​ការ​រលាក​រោលៈ​ ដោយសារ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ទៅ​ដោយ​វីតាមីន​E ដូច្នេះ​ហើយ​វា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​ និង​ម៉ូលេគុល​ផ្សេងៗ​ ដូចជា​ ភ្នាស​កោសិកា​ កោសិកា​ខួរ​ក្បាល​ និង​ខូលេស្តរ៉ូល​នៅ​ក្នុង​សព៌ាង្គកាយ​ទាំង​មូល។​ ផ្កា​ឈូក​រ័ត្ន​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក​រោល​ផ្សេងៗ​ ដែល​បណ្តាល​មក​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​ និង​ជំងឺ​សន្លាក់​ឆ្អឹង​ផ្សេងៗ។​

៣.​ការពារ​ពី​ជំងឺ​មហារីកៈ​ តាម​សិក្សា​បាន​បង្ហាញ​ថា​ក្នុង​ផ្កា​ឈូក​រ័ត្ន​មាន​សេលេ​ញ៉ូម​ច្រើន​ដែល​អាច​ជួស​ជុល​ADN​ និង​ផលិត​កោសិកា​ដែល​ខូច​ឡើង​វិញ។​ វា​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ផ្សេងៗ​ បាន​ដល់​ទៅ​៣០%​ បើ​អ្នក​ពិសា​វា​រៀង​រាល់​ថ្ងៃ​ ដូចជា​ មហារីក​ពោះវៀនធំ​ មហារីក​ផ្លោកនោម​ និង​មហារីក​ក្រពេញ​ឈ្មោល​(គ្រន្ថី)។​

៤.​សុខភាព​ឆ្អឹងៈ​ នៅ​ក្នុង​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ដោយ​ម៉ាញ៉េស្យូម​ ដែល​វា​ជួយ​ពង្រឹង​ឆ្អឹង​ឲ្យ​លូតលាស់​មាន​សុខភាព​ល្អ​ប្រសើរ។​ ចំណែក​ឯ​ជាតិ​ទង់ដែង​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្កា​ឈូក​រ័ត្ន​ដែរ​ ដែល​មាន​សារ​សំខាន់​ដល់​តួនាទី​នៃ​ដំណើរ​ការ​អង់ស៊ីម​ក្នុង​ការ​បញ្ជ្រាប​តាម​សរសៃ​ទឹក​ប្រូតេអ៊ីន​ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​បាន​ល្អ។​

៥.​ល្អ​ដល់​សរសៃ​ប្រសាទៈ​ ម៉ាញ៉េ​ស្យូម​ជួយ​ឲ្យ​សរសៃ​ប្រសាទ​ខួរ​ក្បាល​ សរសៃ​ឈាម​ និង​សាច់ដុំ​បាន​សម្រាក។​ ខ្វះ​ម៉ាញ៉េ​ស្យូម​នាំ​ឲ្យ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ចុក​សាច់ដុំ ​ឈឺ​ក្បាល​មួយ​ចំហៀង​ និង​អស់​កម្លាំង​ល្ហិតល្ហៃ។​

៦.​ជួយ​ស្បែកៈ​តាម​ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​វីតាមីន​E ដែល​មាន​នៅ​ក្នុង​គ្រាប់​ផ្កា​ឈូក​រ័ត្ន​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​កោសិកា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ ជាពិសេស​គឺ​ការ​ខូច​ដោយ​សារ​កំដៅ​UV ​ផ្ទាល់​៕​

តើ​ការ​ញញឹម​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព?​

យើង​ធ្លាប់​តែ​ដឹង​ត្រឹម​ថា ​ការ​ញញឹម​ គឺ​ជា​សោភ័ណ​នៃ​សម្រស់​លើក​កំពស់​លម្អ​របស់​យើង​គ្រប់​គ្នា​ ប៉ុន្តែ​យើង​មិន​បាន​ដឹង​ថា​វា​មាន​ប្រយោជន៍​ដូច​ម្តេច​ចំពោះ​សុខភាព​នោះ​ទេ។ ​ថ្មីៗ​នេះ​របប​គំហើញ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​វេជ្ជ​បណ្ឌិត​ និង​ចិត្ត​វិទូ​ជា​ច្រើន​ថា​ការ​ញញឹម​ គឺ​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដូច្នេះ៖​

១.​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយៈ ​ការ​ញញឹម​ដ៏​រីករាយ​នឹង​នាំ​មក​នូវ​អារម្មណ៍​ស្រស់​ថ្លា​ប្រសើរ។​ អ្នក​អាច​សាក​ល្បង​ញញឹម​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​១​នាទី​(ទោះ​ញញឹម​មិន​ពិត)​ អ្នក​នឹង​ដឹង​ថា​មាន​ភាព​ប្រសើរ​យ៉ាង​ណា​ក្នុង​ចិត្ត។​​

២.​កាត់​បន្ថយ​សម្ពាធ​ឈាមៈ ​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ​ការ​ញញឹម​ គឺ​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​បាន​នូវ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ យ៉ាង​ស័ក្តិ​សិទ្ធ​ដ៏​មិន​នឹក​ស្មាន​ដល់។​​

៣.​បង្កើន​ប្រព័ន្ធ​បន្ស៊ាំៈ ​ការ​ញញឹម​គឺ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​បាន​ជួយ​បង្កើន​ប្រព័ន្ធ​បន្ស៊ាំ​មិន​ឲ្យ​រាង​កាយ​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ ដូចជា​ ផ្តាសាយ​ ហៀរ​សំបោរ​ និង​គ្រុន​ក្តៅ​រងា​ ជា​ដើម​ផង​ដែរ។​​

៤.​ជួយ​កាត់​បន្ថយ​ស្រ្តេសៈ ​ភាព​មួហ្មង​រសាប់​រសល់​ក្នុង​ចិត្ត​ទាំង​អម្បាលមាណ​អាច​នឹង​ត្រូវ​បាន​កម្ចាត់​ចេញ​យ៉ាង​ស័ក្តិ​សិទ្ធ​ដោយ​ឥទ្ធិ​ពល​នៃ​ស្នាម​ញញឹម​ ហើយ​វា​នឹង​ផ្តល់​ជំនួស​វិញ​នូវ​អារម្មណ៍​ស្រស់​ថ្លា​ និង​ថាមពល​ដ៏​រឹងមាំ។​​

៥.​បំភាយ​ចេញ​នូវ​គីមី​សប្បាយៈ ​ការ​ញញឹម​ទោះបី​ជា​រីករាយ​ ឬ​មិន​រីករាយ​ក្នុង​ចិត្ត​ក៏ដោយ​ ប៉ុន្តែ​វា​បាន​បញ្ចេញ​នូវ​សារធាតុ​គីមី​អង់ដូភីន​ ឬ​គីមី​ក្នុង​ខួរ​ក្បាល​(endorphins) ​សេរ៉ូតូនីន​ ឬ​គីមី​បញ្ជូន​ព័ត៌មាន​ពី​ខួរ​ក្បាល​(serotonin)​ និង​ជីវគីមី​ផ្សេងៗ​ទៀត​នៅ​ក្នុង​រាងកាយ​ ដែល​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​បាត់​ការ​នឿយ​ហត់​ឈឺ​ចាប់​ និង​ទទួល​បាន​អារម្មណ៍​រីករាយ​ស្រស់​ស្រាយ។​​

ដោយ​ការ​ញញឹម​មាន​ប្រយោជន៍​ដ៏​ច្រើន​ដែល​គេ​មិន​នឹក​ស្មាន​ដល់​ដូច្នេះ​ហើយ​ យើង​គ្រប់​គ្នា​មិន​គួរ​ណា​មើល​រំលង​ឬ​កំណាញ់​អី​ក្នុង​ការ​ផ្តល់​ស្នាម​ញញឹម​ឲ្យ​ខ្លួន​ឯង​ និង​ចំពោះ​អ្នក​ដទៃ​ឡើយ។​ ចូរ​ហ្វឹកហាត់​ បង្រៀន​ចិត្ត​ខ្លួន​ឯង​ឲ្យ​រីករាយ​ សប្បាយ​ និង​រៀន​ញញឹម​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​សុខភាព​ផ្លូវកាយ​ និង​ចិត្ត​បាន​ល្អ​ប្រសើរ៕

គន្លឹះ​ដើម្បី​ឲ្យ​គេង​ឆាប់​លក់​ស្កប់​ស្កល់​

ការ​គេង​គឺ​ជា​វិធី​សម្រាក​យក​កម្លាំង​ ដោយ​បញ្ចប់​សកម្ម​ភាព​រវល់​គិត​នៃ​ខួរ​ក្បាល​ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ប្រឈម​នឹង​ការ​គេង​មិន​លក់​ ឬ​មាន​ជំងឺ​គេង​យប់​មិន​បាន​។ បញ្ហា​គេង​មិន​លក់​ភាគ​ច្រើន​កើត​មាន​ឡើង​ចំពោះ​មនុស្ស​មាន​វ័យ​ពាក់​កណ្ដាល​នៃ​អាយុ​ឡើង​ទៅ ​ឬ​ពេល​ខ្លះ​ក៏​កើត​មាន​ចំពោះ​មនុស្ស​វ័យ​ក្មេង​ដែរ​ ប្រសិន​បើ​មនុស្ស​នោះ​មាន​ជំងឺ​ប្រចាំ​កាយ​។

​ចំពោះ​មនុស្ស​វ័យ​កណ្តាល​ ការ​គេង​មិន​លក់​គឺ​ច្រើន​តែ​បណ្ដាល​មក​ពី​ការ​គិត​ច្រើន​ ក្តី​ទុក្ខ​កង្វល់​ការ​ភ័យ​ខ្លាច​ ភាព​នឿយ​ហត់​ ឬ​គំនិត​រវើរ​វាយ​។ ​មិន​ថា​អ្នក​ស្ថិត​ក្នុង​វ័យ​ណា​ទេ ​ប្រសិន​បើ​អ្នក​ជួប​ប្រទះ​បញ្ហា​នេះ​ចូរ​សាក​ល្បង​អនុវត្ត​តាម​ដំបូន្មាន​ដែល​គេហ​ទំព័រ​ www.to-done.com ​បាន​ណែនាំ​ដូច​ខាង​ក្រោម​៖

១.​កុំ​មើល​ទូរទស្សន៍ ​ឬ​កុំព្យូទ័រ​មុន​គេងៈ ​អ្នក​មិន​គួរ​មើល​ទូរទស្សន៍​ ឬ​កុំព្យូទ័រ​មុន​ពេល​គេង​យ៉ាង​ហោច​ណាស់​៣០​នាទី ​ជាពិសេស​គឺ​រៀង​រាល់​ថ្ងៃ​មិន​គួរ​ទស្សនា​ទូរទស្សន៍​ ឬ​សំឡឹង​កុំព្យូទ័រ​ច្រើន​ពេក​ទេ។​ ពន្លឺ​ចេញ​ពី​កញ្ចក់​កុំព្យូទ័រ​ ឬ​ទូរទស្សន៍​ មាន​អាំងតង់ស៊ីតេ​ដូច​គ្នា​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ដែរ​ ដែល​នាំ​ឲ្យ​កែវ​ភ្នែក​ចាំង​ដិត​ជាប់​រំខាន​ខួរ​ក្បាល​។

២.​ពិសា​ទឹក​ដោះ​គោៈ ​ក្នុង​ទឹក​ដោះ​គោ​មាន​អាមីណូ​អាស៊ីត​ ដែល​ហៅថា​Tryptophan ​ដែល​ជួយ​បង្កើន​កម្រិត​នៃ​សេរ៉ូតូនីន ​/ និង​មេឡាតូនីន​ (ធ្វើ​ឲ្យ​រីករាយ​/ និង​ការពារ​ពន្លឺ)​ ក្នុង​ខួរ​ក្បាល​ដើម្បី​ពន្យឺត​សកម្មភាព​ខួរ​ក្បាល​។

៣.​ឆាប់​ចូល​គេង​នៅ​ពេល​នឿយ​ហត់ៈ ​អ្នក​គួរ​តែ​រួសរាន់​ចូល​គេង​នៅ​ពេល​នឿយ​ហត់​អស់​កម្លាំង​ ឬ​មាន​អារម្មណ៍​ងងុយ​គេង​ ឬ​បើ​មិន​ទាន់​អស់​កម្លាំង​ងងុយ​គេង​ទេ ​អ្នក​គួរ​ធ្វើ​អ្វី​មួយ​ឲ្យ​ឆាប់​ងងុយ ​ដូចជា​ អាន​សៀវភៅ​ជា​ដើម​។

៤.​រៀបចំ​គ្រែ​គេង​ឲ្យ​ល្អៈ​ អ្នក​គួរតែ​រៀបចំ​កន្លែង​គេង​ឲ្យ​មាន​របៀប​ល្អ​ ជៀសវាង​របស់​របរ​នៅ​រប៉ាត់​រប៉ាយ​ រញ៉េ​រញ៉ៃ ​ឬ​មាន​ក្លិន​ឆ្អេះ​ស្អុយ​មិន​ស្អាត​ ជាពិសេស​គឺ​បើ​ត្រូវ​មាន​សិច​ គួរ​លៃលក​ឲ្យ​ហើយ​ស្រេច​កុំ​ឲ្យ​រំខាន​ដល់​ដំណេក​។

៥.​ធ្វើ​សមាធិៈ ​អ្នក​គួរ​រៀន​ធ្វើ​សមាធិ​អប់រំ​ចិត្ត​ រម្ងាប់​អារម្មណ៍​រាយមាយ​គិត​ច្រើន​ ប៉ុន្តែ​មិន​ចាំបាច់​ពេន​ភ្នែន​ ឬ​សូត្រ​ធម៌​អី​នោះ​ទេ​ គឺ​គ្រាន់តែ​ប្រមូល​អារម្មណ៍​ឲ្យ​មូល ​និង​ដក​ដង្ហើម​វែងៗ​ នោះ​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ស្រួល​។

៦.​ហាត់​ប្រាណ​ពេល​ថ្ងៃៈ ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ព្រឹក​ល្ងាច​ នឹង​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​មាំមួន​ប្រាស​ចាក​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​។ ការ​ហាត់​ប្រាណ​នឹង​ជួយ​បញ្ចេញ​សារ​ធាតុ​ពុល​ទាំងឡាយ​ពី​ក្នុង​រាងកាយ​ ជាពិសេស​គឺ​ជួយ​ឲ្យ​សាច់​ដុំ​ធ្វើ​ចលនា​ហាប់ណែន​បាន​ល្អ​ និង​នឿយ​ហត់​ឆាប់​គេង​លក់​នៅ​ពេល​យប់​។

វិធី​ទាំង​៦​យ៉ាង​ខាង​លើ​នេះ ​ពិត​ជា​មាន​សារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​លោក​អ្នក​ ដែល​មាន​បញ្ហា​ទទួល​ទាន​ដំណេក​មិន​លក់​ស្កប់​ស្កល់​ក្នុង​ពេល​យប់​។ ប្រសិន​បើ​លោក​អ្នក​ស្រឡាញ់​សុខភាព​ខ្លួន​ឯង​ ហើយ​ចង់​ទទួល​ទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់​ ចូរ​សាក​ល្បង​អនុវត្ត​តាម​វិធី​ខាង​លើ​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​គាប់​ចិត្ត​ជាក់​ជា​មិន​ខាន​ឡើយ​៕

ព្យាបាលពងបែកដោយខ្លួន​​​​​​​​​​​ឯង

រោគ​ពងបែក គឺជា​វិធីសាស្ត្រ​ម្យ៉ាង​របស់​រាង្គ​កាយ​ក្នុង​ការនិយាយ​ជំនួស​ថា​វា​ទទួល​ លែង​បាន​ហើយ​។ វា​កើត​ឡើង​ដើម្បី​ពន្យឺត​សកម្មភាព​របស់​អ្នក​និង​ធ្វើឱ្យ​រាង្គ​កាយរ​បស់​ អ្នក​ត្រៀម​លក្ខណៈ​សម្រាប់សក​ម្ម​ភាព​ផ្លូវកាយ​។
បើទោះបីជា​រូបមន្ត​ខាងក្រោម​ផ្តោតទៅលើ​តែ​ការព្យាបាល​ពងបែក​នៅ​ជើង ប៉ុន្តែ​ការណែនាំ​ជាច្រើន​អាច​ប្រើ​បាន​ជាមួយនឹង​ការព្យាបាល​ពងបែក​នៅ​ដៃ ឬ​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាង្គ​កាយរ​បស់​អ្នក​ដែល​ត្រូវ​និយាយ “​បន្ថយល្បឿន​”​។
ការព្យាបាល​ពងបែក
នេះ​គឺ​ជា​ការណែនាំ​របស់​អ្នកជំនាញ​ដើម្បីឱ្យ​អ្នក​ប្រឈមមុខ​នឹង​ភាព​មិន​ស្រណុក​នៅពេល​ពងបែក​កំពុងតែ​កើតមាន​លើ​អ្នក​៖
ធ្វើការ​សម្រេចចិត្ត​៖ នៅពេល​ដែល​អ្នក​កើត​ព​ង​បែក អ្នក​ត្រូវ​តែ​សម្រេចចិត្ត​ថា​អ្វី​ដែល​ល្អ​បំផុត​ដើម្បី​ព្យាបាល​វា​។ នោះ​គឺ តើ​អ្នក​គួរតែ​ការពារ​វា ហើយ​ទុកឱ្យ​វា​ជា​សះ​ដោយ​ខ្លួនឯង ឬ​អ្នក​គួរ​ចាក់​វា​ដើម្បី​បញ្ចេញ​សារធាតុ​រាវ​ពី​ក្នុង​ពងបែក​នោះ​?
វេជ្ជបណ្ឌិត Suzanne Tanner និយាយថា “​ខ្ញុំ​គិតថា​វា​អាស្រ័យ​ទៅលើ​ទំហំ​នៃ​ពងបែក​នោះ​។ អ្នក​ខ្លះ​ប្រហែលជា​ប្រាប់​អ្នក​ថា​មិនត្រូវ​ចាក់​វា​ទេ ព្រោះ​អ្នក​នឹង​មិន​មាន​ហានិភ័យ​ក្នុង​ការឆ្លង​មេរោគ​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​យល់ថា វា​មិន​សាក​សម​នោះ​ទេ​សម្រាប់​មនុស្ស​មួយចំនួន​”​។
អ្នក​ជំនាញ​របស់​យើង​និយាយថា អ្នក​គួរ​ចាក់​ទម្លុះ​ពងបែក​ដែល​ធំ និង​បង្ករ​ឱ្យ​មាន​ការឈឺចាប់ ក្នុង​ខណៈ​ដែល​មិន​ប៉ះពាល់​ពងបែក​ដែល​តូច​ហើយ​មិន​បង្ករ​ឱ្យ​មាន​ការឈឺចាប់​ ។ ម្យ៉ាងវិញទៀត ប្រសិនបើ​ពងបែក​នោះ​ជិត​នឹង​បែក​ដោយ​ខ្លួន​វា អ្នក​គួរតែ​ចាក់​មុន​ពេល​វា​បែក​ដោយ​ខ្លួនឯង ព្រោះ​ធ្វើ​បែប​នេះ​អ្នក​អាច​គ្រប់គ្រង​ពេលវេលា និង​របៀប​ដែល​ពងបែក​នោះ​ធ្លាយ​។
កាត់​ក្រណាត់​ក្រាស់​ម្យ៉ាង​ជា​រាង​នំ​ដូណាត់​៖ ប្រសិនបើ ​អ្នក​សម្រេចចិត្ត​ថា​មិន​ចាក់​ទម្លុះ​ពងបែក​នោះទេ វិធី​ម្យ៉ាង​ក្នុង​ការការពារ​វា​គឺ​កាត់​ក្រណាត់​ក្រាស់​ម្យ៉ាង (moleskin) ជា​រាង​នំ​ដូណាត់ (​រាង​មូល​មាន​ប្រហោង​កណ្តាល​) ហើយ​បិត​វា​នៅលើ​ពងបែក​នោះ​។ ក្រណាត់​នេះ​នឹង​ជួយ​ការពារ​ការប៉ះទង្គិច​ពី​សកម្មភាព​ប្រចាំថ្ងៃ​។ ឱ្យតែ​ស្បែក​របស់​អ្នក​ស្ងួត​និង​ស្អាត ក្រណាត់​នោះ​នឹង​នៅ​ជាប់​ស្អិត​នឹង​ស្បែក​រហូត​។
សម្លាប់​មេរោគ​៖ ប្រសិនបើ ​អ្នក​សម្រេចចិត្ត​ថា​ទម្លុះ​ពងបែក​នោះ ដំបូង​អ្នក​ត្រូវ​លាង​សម្អាត​ពងបែក​និង​ស្បែក​ជុំវិញ​នោះ ហើយ​ត្រូវ​សម្លាប់​មេរោគ​លើ​ឧបករណ៍​ដែល​អ្នក​ប្រើប្រាស់​ជា​មុន​សិន មិន​ថា​អ្នក​ប្រើ​ម្ជុល ឬ​ឡា​ម​នោះទេ​។ វេជ្ជបណ្ឌិត Nancy Lu Conrad និយាយថា “​ខ្ញុំ​ណែនាំ​ឱ្យ​ប្រើ​អាល់កុល​លាង​សម្អាត​ទាំង​ស្បែក និង​ឧបករណ៍ប្រើប្រាស់​”​។
គ្រូពេទ្យ​ដទៃទៀត​ណែនាំ​ឱ្យ​សម្លាប់​មេរោគ​លើ​ឧបករណ៍​ដោយ​ប្រើ​ភ្លើង​ជំនួស​ នឹង​ការប្រើ​អាល់​កុល​។ អ្នក​គ្រាន់តែ​យក​ម្ជុល​ឬ​ឡា​ម​ទៅ​រោល​ភ្លើង​រហូត​ដល់​វា​ឡើង​ពណ៌​ក្រហម​។ បន្ទាប់​មក​ទុក​វា​ឱ្យ​ត្រជាក់​មុន​នឹង​យក​វា​ទៅ​ប៉ះ​នឹង​ស្បែក​របស់​អ្នក​។ យុទ្ធសាស្ត្រ​ទាំង​ពីរ​នេះ​សុទ្ធតែ​អាច​សម្លាប់​មេរោគ​បាន​ដូចគ្នា​។
រក្សា​ស្បែក​គម្រប​៖ នៅពេល ​ដែល​អ្នក​ចាក់​ទម្លុះ​វា​រួចហើយ អ្នកជំនាញ​ណែនាំ​ឱ្យ​រក្សាទុក​នូវ​ស្បែក​ដែល​គ្រប​ពងបែក​នោះ​។ វេជ្ជបណ្ឌិត Richard Cowin និយាយថា “​ខ្ញុំ​គិតថា​កំហុស​ធំ​បំផុត​ដែល​មនុស្ស​ភាគច្រើន​ប្រព្រឹត្ត​នៅពេល​ ព្យាបាល​ពងបែក​ដោយ​ខ្លួនឯង​គឺ​ក្រោយពេល​ចាក់​ទម្លុះ​វា​ហើយ ពួកគេ​នឹង​ទាញ​ស្បែក​គ្រប​ពីលើ​នោះ​ចេញ​។ វា​គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​”​។ ចូរ​គិតថា​ស្បែក​នោះ​គឺជា​បង់​រុំ​របួស​ធម្មជាតិ​។
គាត់​និយាយ​បន្តថា “​ប្រសិនបើ​អ្នក​កាត់​ស្បែក​នោះ​ចេញ អ្នកនឹង​បន្សល់​នូវ​សាច់​ឆៅ​ពណ៌​ក្រហម និង​មាន​ការឈឺចាប់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទុក​វា វា​នឹង​ក្លាយទៅជា​រឹង​ហើយ​ជ្រុះ​ចេញ​មក​ដោយ​ខ្លួន​វា​។ ការ​ទុក​បែប​នេះ​អាច​កាត់បន្ថយ​ពេលវេលា​ជាសះស្បើយ​បាន​”​។
សាកល្បង​ថ្នាំ​អង់​ទី​ប៊ូ​យ៉ូ​ទិចស​ម្រាប់​សម្លាប់​មេរោគ​៖ ការសិក្សា​ស្រាវជ្រាវ​រកឃើញ​ថា ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​ដែ​ល​មាន​កម្រិត​គុណ​នឹង​បី (​ដូចជា Neosporin) អាច​បំបាត់​ការចំលង​បាក់តេរី​បាន​ក្រោយពេល​ប្រើ​វា​ពីរដង រីឯ​ថ្នាំ​ដូចជា iodine និង camphor-phenol អាច​នឹង​ពន្យា​រការ​ជាសះស្បើយ​។ វេជ្ជបណ្ឌិត Clare Starrett និយាយថា ថ្នាំ iodine និង camphor-phenol មានគុណ​ភាពខ្លាំង​ក្នុងការ​សម្លាប់​មេរោគ​និង​បាក់តេរី ដែល​នៅពេល​ដែល​ប្រើ​ក្នុង​កម្រិត​ច្រើន វា​អាច​នឹង​សម្លាប់​កោសិកា​ដែល​កំពុង​តែ​ព្យាយាម​ជាសះស្បើយ​។
ប្រើ​បង់​រុំ​របួស​ធម្មតា​៖ ក្រោយពេល ​ដែល​អ្នក​ចាក់​ទម្លុះ​និង​យក​សារធាតុ​រាវ​ចេញពី​វា​អស់​ហើយ អ្នក​ត្រូវ​តែ​រក្សា​ឱ្យ​ជិត​ល្អ​និង​ការពារ​វា​ក្នុងពេល​ដែល​វា​កំពុង​ ជាសះស្បើយ​។ បើ​ទោះបីជា​អ្នក​គិត​ថា​គ្រូពេទ្យ​នឹង​ប្រើ​ស្បៃ​រុំ​លើ​ពងបែក​របស់​អ្នក​ ក៏ដោយ ប៉ុន្តែ​អ្នក​ជំនាញ​របស់​យើង​ណែនាំ​វិធីសាស្ត្រ​ដែល​ងាយស្រួល​ជាង​នេះ​។
វេ​ជ្ជ​. Cowin និយាយថា “​ជម្រើស​ទី​មួយ​របស់​ខ្ញុំ​គឺ​បង់​ស្អិត​រុំ​របួស​ធម្មតា​”​។
ប៉ុន្តែ ស្បៃ​រុំ​ត្រូវបាន​ណែនាំ​ឱ្យ​ប្រើ​សម្រាប់​ពងបែក​ណា​ដែល​ធំ​ពេក ដែល​បង់​ស្អិត​រុំ​របួស​ធម្មតា​មិន​អាច​បិត​ជិត​។ ហើយ​ហាម​មិន​ឱ្យ​ត្រូវ​ទឹក​។
ប្រើ​គម្រប​ការពារ​៖ ប្រសិនបើ ​អ្នក​ព្យាបាល​ពងបែក​របស់​អ្នក​និង​គ្រប​វា​បាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​មិនអាច​រង់ចាំ​ឱ្យ​វា​ជា​សះស្បើយ​បានល្អ​មុននឹង​វិល​ត្រលប់​ ទៅកាន់​ជីវិត​រស់នៅ​ពី​មុន​របស់​អ្នក​វិញ នោះ​អ្នក​ត្រូវ​តែ​ស្គាល់​គម្រប​ការពារ Spenco’s Second Skin ដែល​ជា​អេ​ប៉ុង​ជួយ​ការពារ​ពងបែក​។
វេ​ជ្ជ​. Conrad និយាយថា “​វា​គឺជា​ផលិតផល​ល្អ​មួយ ប៉ុន្តែ​ចូរ​ដឹងថា កីឡាករ​មួយចំនួន​លាប​ប្រេង petroleum jelly ទៅលើ​ពងបែក​មុន​នឹង​បិត​អេ​ប៉ុ​ង Second Skin ពីលើ​”​។
ផ្តល់​ខ្យល់​ខ្លះ​ដល់​វា​៖ គ្រូពេទ្យ​ជាច្រើន​ណែនាំ​ឱ្យ​ដោះ​គម្រប​ចេញពី​ពងបែក​ជា​រៀងរាល់​យប់​ដើម្បី​ ឱ្យ​ពងបែក​អាច​ត្រូវ​ខ្យល់​ខ្លះ​។ វេ​ជ្ជ​. Cowin និយាយថា “​ខ្យល់ និង​ទឹក គឺជា​សារធាតុ​ដ៏​ល្អ​សម្រាប់​ការ​ជាសះស្បើយ ដូច្នេះ​ការ​ជ្រលក់​វា​ក្នុង​ទឹក​ហើយ​ទុក​វា​ឱ្យ​ត្រូវ​ខ្យល់​នៅពេល​យប់​គឺ​ មាន​ប្រយោជន៍​ក្នុង​ការ​ជាសះស្បើយ​”​។
ប្តូរ​គម្រប​ដែល​សើ​ម​៖ បើ​ទោះបីជា​គ្រូពេទ្យ​មួយចំនួន​និយាយ​ថា​អ្នក​អាច​ទុក​គម្រប​នោះ​ក្នុង​ រយៈពេល​ពីរ​ថ្ងៃ​ដោយ​គ្មាន​ការព្រួយបារម្ភ​ក៏ដោយ ប៉ុន្តែ​ពួកគាត់​សុទ្ធ​តែ​យល់​ស្រប​ថា ប្រសិនបើ​វា​សើម​មិន​ថា​ដោយ​មូលហេតុ​អ្វី​នោះ​ទេ អ្នក​ត្រូវ​តែ​ប្តូរ​ថ្មី​។ នោះ​មានន័យ​ថា អ្នក​ត្រូវ​តែ​ប្តូរ​វា​ញឹកញាប់ ប្រសិនបើ​ជើង​របស់​អ្នក​បែកញើស​ច្រើន ឬ​ប្រសិនបើ​អ្នកធ្វើ​សកម្មភាព​ណាមួយ​ដែល​បង្ករ​ឱ្យ​អ្នក​បែកញើស​ហើយ​សើម​ គម្រប​នោះ​។
វិធី​បង្ការ​ពងបែក
ការបង្ការ​តែងតែ​ជា​ជម្រើស​ល្អ​បំផុត ដូច្នេះ​ហើយ​នេះ​គឺជា​អ្វី​ដែល​អ្នកជំនាញ​ណែនាំ​ដើម្បី​ការពារ​មិន​ឱ្យ​ពងបែក​កើតមាន​៖
សាកល្បង​ប្រើ​ទ្រនាប់​កែងជើង​៖ ពងបែក​ដែល​កើតឡើង​នៅ​ផ្នែក​ខាងក្រោយ​នៃ​ជើង​ច្រើនតែ​ជា​លទ្ធផល​ពី​ផ្នែក​កែង ​ស្បែកជើង​ប៉ះ​ផ្នែក​ខាងក្រោយ​នៃ​កែង​ខុស​កន្លែង​។ វេ​ជ្ជ​. Cowin និយាយថា “​ដំណោះស្រាយ​គឺ ការដាក់​ទ្រនាប់​កែងជើង​នៅ​គែម​ខាងក្រោយ​នៃ​ស្បែកជើង​”​។
ពាក់​ស្រោមជើង​៖ ជាទូទៅ អ្នក​គួរ​ជៀសវាង​ម៉ូត​ណា​ដែល​មិន​ប្រើ​ស្រោម​ជើង​។ វេ​ជ្ជ​. Cowin និយាយថា “​អ្នក​ដែល​ប្រើ​ស្បែកជើង​ម៉ូត​នេះ ច្រើន​តែ​ឡើង​ពងបែក​នៅ​ជើង​ផ្នែក​ខាងក្រោយ​គ្រប់ពេល​”​។ គាត់​ណែនាំ​ថា អ្នក​ដែល​ចង់​ប្រើ​ស្បែកជើង​ប្រភេទ​នេះ​ហើយ​មិន​ចង់​ទទួល​ការឈឺចាប់​ដែល​ជា​ លទ្ធផល​នៃ​ការប្រើ​វា គួរតែ​ប្រើ​ស្រោមជើង​ប្រភេទ​ម្យ៉ាង​ដែល​គ្រប​តែ​ប្រអប់ជើង​តែប៉ុណ្ណោះ​។
ប្រើ​ម្សៅ​៖ វេ​ជ្ជ​. Conrad និយាយថា “​ម្សៅ​គួរតែ​ជា​មិត្ត​របស់​មនុស្ស​គ្រប់គ្នា​។ ចូរ​បង្កើត​ទម្លាប់​ប្រើ​ម្សៅ​លើ​ជើង​របស់​អ្នក​ជា​រៀងរាល់ថ្ងៃ​”​។
វេ​ជ្ជ​. Cowin និយាយថា “​នៅពេលដែល​មនុស្ស​យើង​ជួបប្រទះ​នឹង​ករណី​ដែល​ប្រើ​ស្បែកជើង​ដែល​ត្រូវ​ជើង​ ហើយ ប៉ុន្តែ​នៅតែ​មាន​ពងបែក ខ្ញុំ​នឹង​ផ្តល់​ការណែនាំ​ដ៏​សាមញ្ញ​ដល់​គេ​គឺ​ដោយ​ការប្រើ​ម្សៅ​កូនក្មេង​ យកទៅ​លាប​លើ​ជើង​របស់​ពួកគេ​មុន​នឹង​ពាក់​ស្រោម​ជើង​។ វា​នឹង​ជួយ​ឱ្យ​ស្រោមជើង​រំកិល​បានល្អ​ជាង​មុន និង​ការពារ​មិន​ឱ្យ​កើត​ពងបែក​”​។
ប្រើ petroleum jelly ដើម្បី​ការពារ​៖ ប្រសិនបើ ​អ្នក​គ្រោង​នឹង​ដើរ រត់ លេង​កីឡា ឬ​អ្វី​ក៏ដោយ​ក្នុង​រយៈពេល​យូរ វិធី​ម្យ៉ាង​ដើម្បី​ការពារ​ពងបែក​ជើង​នៅពេល​ប្រើ​ស្បែកជើង​ថ្មី​គឺ លាប​តំបន់​ដែល​ងាយ​នឹង​ឡើង​ពងបែក​ជាមួយនឹង petroleum jelly​។ វេ​ជ្ជ​. Conrad និយាយថា “​វា​នឹង​ជួយ​កាត់បន្ថយ​ការ​កកិត​”​។
វេជ្ជបណ្ឌិត Joseph Ellis និយាយថា ប្រេង A&D (​ជាទូទៅ​ប្រើ​សម្រាប់​ការពារ​ការ​រោល​កន្ទប​កូនក្មេង​) មាន​ជាតិ​រំអិល​ក្រាស់​ជាង petroleum jelly​។ គាត់​និយាយ​ថា “​ជាតិ​រំអិល​កាន់តែ​ក្រាស់​កាន់តែ​ល្អ​”​។
សាកល្បង​ស្រោមជើង​ថ្មី​សម្រាប់​ស្បែកជើង​ថ្មី​៖ វេ​ជ្ជ​. Ellis និយាយថា “​ប្រសិនបើ​អ្នក​ទិញ​ស្បែកជើង​ថ្មី ហើយ​វា​បង្ករ​ឱ្យមាន​ពងបែក អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដំបូង​បំផុត​គឺ​ប្តូរ​ស្រោមជើង​ថ្មី​។ ខ្ញុំ​ណែនាំ​ឱ្យ​ប្រើ​ស្រោមជើង​ផលិត​ពី acrylic (​មាន​លក់​នៅ​តាម​ហាង​សំភារៈ​កីឡា​) ព្រោះ​វា​ផលិតឡើង​ជា​ច្រើន​ស្រទាប់ ដែល​ច្នៃ​ឡើង​សម្រាប់​ការពារ​ការ​កកិត​”​។
យកចិត្តទុកដាក់​លើ​ជើង​និង​បាតជើង​៖ អ្នក ​ជំនាញ​របស់​យើង​យល់​ស្រប​ថា ផលិតផល​របស់​ម៉ាក Spenco ភាគច្រើន​សុទ្ធតែ​ល្អ​សម្រាប់​បង្ការ​ពងបែក​ជើង​។ មួយ​ក្នុងចំណោម​ផលិតផល​ល្អ​បំផុត​គឺ​ឧបករណ៍​ម្យ៉ាង​សម្រាប់​បាតជើង​ដែល​មានព ​ពុះ​ក្នុង​នី​ត្រូ​ហ្សែ​ន​។ វេ​ជ្ជ​. Cowin និយាយថា “​វា​បន្ថែម​ទ្រនាប់​ខ្លះ​ទៅ​ក្រោម​បាត​ជើង និង​ជួយ​ឱ្យ​មាន​ការ​រំកិល​បានល្អ​ជាង​មុន ជំនួស​នឹង​ការ​នៅជាប់​មួយកន្លែង​និង​បង្ករ​ឱ្យមាន​ពងបែក​”​។
ពេល​ដែល​ត្រូវ​រក​គ្រូពេទ្យ​៖ វេ​ជ្ជ​. Conrad និយាយថា “​ចូរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ភ្លាម​នៅ​ពេល​ដែល​អ្នកឃើញ​មាន​សញ្ញា​ដំបូង​នៃ​ការឆ្លង​មេរោគ​”​។
វេ​ជ្ជ​. Starrett និយាយ​បន្ថែម​ថា “​របួស​ភាគច្រើន​មិន​ថា​វា​ជារ​បួស​អ្វី​នោះទេ គួរតែ​ជា​សះស្បើយ​បន្តិច​ម្តងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ហើយ​ការ​កើត​ពងបែក​ក៏​ដូច្នោះ​ដែរ​។ ហើយ​សញ្ញា​នៃ​ការឆ្លង​មេរោគ​មានដូចជា ឡើង​ក្រហម ហើម ក្តៅ និង​ការកើនឡើង​នៃ​ការឈឺចាប់​”​។
“​ពងបែក​មួយ​ដែល​ប្រាកដ​ថា​មាន​ឆ្លង​មេរោគ​គឺ​បង្ហាញ​ឱ្យឃើញថា​សារធាតុ​រាវ​ ដែល​ហូរ​ចេញពី​ពងបែក​នោះ​មិន​ថ្លា​ដូច​ទឹក ឬ​វា​មាន​ក្លិន​មិនល្អ​។ វា​គឺជា​ពេល​ដែល​អ្នក​ត្រូវ​ឱ្យ​គ្រូពេទ្យ​ជួយ​ហើយ​”​។

គេហទំព័រសុខភាព

វិធី​ថែ​សក់​ឱ្យ​រលាស់​និង​ភ្លឺរលោង​

សក់​របស់​ អ្នក​ក៏ដូចជា​ស្បែក​របស់​អ្នក​ដែរ វា​ត្រូវ​នឹង​សារធាតុ​គីមី​រៀងរាល់ថ្ងៃ​។ ដូច្នេះ​ហើយ​វា​ងាយ​នឹង​ខូច​ខ្លាំងណាស់​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ណែនាំ​ដ៏​សាមញ្ញ ប៉ុន្តែ​អាច​ជួយ​អ្នក​ក្នុង​ការថែរក្សា​សក់​របស់​អ្នក​ឱ្យមាន​ភាព​រស់​រវើក​ និង​រឹង​ម៉ាំ​។​


-​ កក់សក់​ឱ្យបាន​ត្រឹមត្រូវ​៖ សាប៊ូកក់សក់​ឬ​សាប៊ូ​បន្ទន់​ដែល​ផ្សំ​លាយ​គ្នា​មាន​ប្រសិទ្ធភាព​តិច​ជាង​ ផលិតផល​ដែល​ចែកដាច់​ពី​គ្នា​នោះទេ​។ អ្នក​គួរ​កក់សក់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​បើក​រន្ធ​ញើស​នៅ​ស្បែក​ក្បាល​របស់​អ្នក ហើយ​បន្ទាប់​មក​លាង​សម្អាត​ជាមួយនឹង​ទឹក​ត្រជាក់​។ ការលាង​សម្អាត​ដោយ​ទឹក​ត្រជាក់ (​ទឹក​ធម្មតា ឬ​ទឹក​លាយ​ទឹក​ខ្មេះ​) នឹង​បិត​រន្ធ​ញើស​វិញ​និង​ជួយ​បន្ថែម​ភាព​ភ្លឺរលោង​។ អ្នក​ត្រូវ​ចងចាំ​ថា ការលាង​សម្អាត​ច្រើន​ជ្រុល​ពេក អាច​លាង​សម្អាត​ទាំង​សារធាតុ​ខនិជ​និង​ប្រេង​ធម្មជាតិ​ពី​សក់​របស់​អ្នក​។​


– ប្រើ​ប្រេង​បន្ទន់​សក់​៖ ប្រេង ​បន្ទន់​សក់​គឺជា​ប្រភេទ​ផលិតផល​បន្ទន់​សក់​ដែល​ប្រើ​ក្រោយពេល​កក់សក់​ហើយ និង​ទុក​វា​រហូតដល់​ពេល​កក់​សក់​លើក​ក្រោយ​។ វា​ជួយ​កាត់បន្ថយ​ភាព​រួញ​ដោយ​ការផ្តល់​សំណើម​ដល់​សក់​។ ផលិតផល​មួយចំនួន​មាន​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹងរ​ស្មី​យូ​វី (UV) ដែល​ជួយ​ការពារ​សក់​របស់​អ្នក​ពី​ការបំផ្លាញ​របស់​ព្រះអាទិត្យ​។​


– មិន​ត្រូវ​ពូត​សក់​របស់​អ្នក​ពេល​សើម​នោះទេ​៖ អ្នក ​ត្រូវ​ប្រើ​កន្សែង​ជូត​សក់​របស់​អ្នក​ឱ្យ​ស្ងួត​និង​ត្រដុស​វា​នឹង​កន្សែង​ ។ ប្រើ​កន្សែង​ច្របាច់​សក់​របស់​អ្នក​ឱ្យ​ស្ងួត ដោយ​ធ្វើ​ចាប់ពី​ចុង​សក់​ទៅ​គល់​សក់​។​


– ប្រើ​សម្រាប់​ផ្លុំ​សក់​ក្នុង​កម្រិត​ល្មម​៖ ការប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ឱ្យ​ស្ងួត​ច្រើនជាង ៣​ដង​ក្នុង​មួយ​សប្តាហ៍​អាចធ្វើឱ្យ​សក់​របស់​អ្នក​ខូច​។ ព្យាយាម​ជៀសវាង​ការប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ក្នុង​កម្តៅ​ខ្លាំង​និង​ជៀសវាង​ កៀប​សក់ត្រង់​ឬ​រួញ​ដោយ​ប្រើ​កម្តៅ​ខ្លាំង​។ បើសិនជា​អាច ផ្លុំ​សក់​របស់​អ្នក​ឱ្យ​ស្ងួត​ដោយ​ប្រើ​ខ្យល់​ធម្មតា​។


– កុំ​ចង​សក់​តឹង​ពេក​៖ ជៀសវាង ​ការ​ក្រង​សក់​តឹង​ពេក​ឬ​មាន​សល់​កន្ទុយ​សក់​ក្រាស់​ពេក ព្រោះ​វា​អាច​បង្កើត​ជា​ចំណុច​ទំពែក​ឬ​ចន្លោះ​ញែក​ធំ​នៅ​លើ​ស្បែកក្បាល​។ គ្រប់​ពេល​ដែល​អ្នក​ទាញ​សក់​របស់​អ្នក​ឱ្យ​តឹង សម្ពាធ​នឹង​បំបែក​សរសៃ​កូន​សក់​។ បំណែក​សក់​ដែល​នៅសល់​ខ្លីៗ​នោះ​នឹង​បង្កើត​ទៅ​ជា​សក់រួញ​។​


– តម្រឹម​សក់​របស់​អ្នក​រៀងរាល់ ៦ ទៅ ៨​សប្តាហ៍​ម្តង​៖ វា​មិន​ធ្វើឱ្យ​សក់​របស់​អ្នក​ដុះ​លឿន​ជាង​មុន​នោះ​ទេ ប៉ុន្តែ​វា​អាច​បញ្ឈប់​ការ​បែក​ចុង​នៃ​សក់​។​


– ប្រើ​ផលិតផល​លើ​សក់​របស់​អ្នក​ក្នុង​កម្រិត​មធ្យម​៖ ការ​លាប​ពណ៌​សក់​អាច​ធ្វើឱ្យ​សក់​របស់​អ្នក​កាន់តែ​ស្ងួត​និង​រួញ​។ សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​មូរ​សក់រួញ​ឬ​កៀប​ត្រង់​នឹង​ផ្លាស់ប្តូរ​កូន ​សក់ ហើយ​ការប្រើ​រយៈពេល​យូរ​អាច​បង្ករ​ឱ្យ​មាន​ការ​ខូច​សក់​ដែល​មិន​អាច​ ស្រោចស្រង់​បាន​ឬ​ង្ករ​ឱ្យ​មាន​ការ​ជ្រុះ​សក់​។ ការ​លាប​សក់​និង​កៀប​សក់ត្រង់​ក្នុងពេល​តែមួយ គឺ​ផ្តល់​សម្ពាធ​កាន់តែ​ធ្ងន់​ទៅលើ​សក់​។ ចូរ​ដាក់​កំហិត​ចំពោះ​ការប្រើ​ផលិតផល​គីមី និង​ជៀសវាង​ការ​លាយ​បញ្ចូល​ដំណើរការ​ប្រើ​សារធាតុ​គីមី​រួមគ្នា​។​


រូបភាព និងអត្ថបទៈ គេហទំព័រសុខភាព

ផ្លែ ឈៀររី(Cherry) ជួយកាត់បន្ថយទឹកនោមផ្អែម

លទ្ធផល​សិក្សា​ស្រាវ​ជ្រាវ​របស់​មហា​វិទ្យា​ល័យ​មួយ​នៃ​រដ្ឋ​មិ​ឈិ​ហ្កេនសហរដ្ឋ​​អាមេរិក​បាន​រក​ឃើ​ញ​ថា សារធាតុ​ផ្សំដែល​មាន​នៅ​ក្នុង​ផ្លែ​ឈៀររី​​អាច​ជួយ​ប្រយុទ្ធ​ត​ទល់​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ព្រោះ​ផ្លែ​ឈៀររី​​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​បាន។

តាម​ការ​សាក​ល្បង​នៅ​ក្នុង​បន្ទប់​ពិសោធន៍​រក​ឃីញ​ថា​ កោសិកា​លំពែង​របស់​សត្វ​ដែល​ស៊ី​ផ្លែឈៀររីនឹង​មាន​សារធាតុ​គីមី​ម្យ៉ាង​អែន​ថូ​សៃ​យ៉ានីន​(Anthocyanin) នៅ​ក្នុង​ខ្លួន​​ ដែល​សារធាតុ​នេះ​នឹង​ជួយ​បង្កើន​ការ​ធ្វើ​ការ​របស់​អ៊ីន​សូ​លីន​(អ័រម៉ូន​មួយ​ប្រភេទ​ដែល​ផលឹត​ក្នុង​លំពែង​ជួយ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម) អោយ​កើន​ឡើង​រហូត​ដល់​៥០%។​អែន​ថូ​សៃ​យ៉ា​នីន​ជា​សមាស​ធាតុ​ម្យ៉ាង​ដែល​នៅ​ក្នុង​រុក្ខ​ជាតិ​មួយ​ប្រភេទ​ធ្វើ​អោយ​មាន​ពណ៌​នៅ​ក្នុង​ផ្លែ​ឈើ​ជា​ច្រើន​ប្រ​ភេទ ក្នុង​នោះ​រួម​ទាំង​ផ្លែ​ឈៀររី​​ផង​ដែរ។​

ចាត់​ទុក​ថា​ជា​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដ​កម្ម​ដែល​មាន​ប្រ​សិទិ្ធ​ភាព​ខ្ពស់​បំផុត។​ក្រៅ​ពី​ការ​ជួយ​បន្ថយ​អត្រា​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ​នោះ​ នៅ​អាច​ជួយ​ការ​ពារ​ជំងឺ​បេះ​ដូង​និង​មហារីក​បាន​ទៀត​ផង។



ការ​ពិសា​ទឹក​អាច​ជួយ​ការ​ពារ​ និង​ព្យាបាល​ជំងឺ​ផ្សេងៗ​

ទឹក​គឺ​ជា​ធាតុ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សព៌ាង្គកាយ​របស់​មនុស្ស​គ្រប់​រូប​ ក្នុង​នោះ​ទឹក​មាន​ប្រមាណ​ ២/៣​ នៃ​ទម្ងន់​ខ្លួន​ទាំង​មូល។ ​វេជ្ជ​បណ្ឌិត​ជា​ច្រើន​បាន​ណែ​នាំ​អ្នក​ជំងឺ​ជារឿយៗ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​ជា​អតិ​បរមា​ដើម្បី​សម្រួល​សីតុណ្ហ​ភាព​ក្នុង​ខ្លួន​ និង​ជួយ​ការ​ពារ​ ក៏​ដូច​ជា​ព្យាបាល​ជំងឺ​ផ្សេងៗ។

នៅ​ក្នុង​អត្ថបទ​មួយ​របស់​លោក​ លីវ ​អាប៊ុន មាន​ចំណង​ជើង​ថា​ « ការ​បដិបត្តិ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ផាសុក​ភាព» ការ​ពិសា​ទឹក​ស្អាត​មាន​អានុភាព​អាច​ការពារ​ និង​ព្យាបាល​ជំងឺ​ស្ទើរ​តែ​គ្រប់​ប្រភេទ។

ទន្ទឹម​នឹង​នេះ​ដែរ​ បើ​តាម​វេជ្ជ​សាស្ត្រ​បង្ហាញ​ថា​ សាច់​ដុំ​មាន​ធាតុ​ទឹក​ ៧៥%​ ខួរ​ក្បាល​មាន​ធាតុ​ទឹក​៩០% ​ឆ្អឹង​មាន​ធាតុ​ទឹក​ ២២%​ និង​ឈាម​មាន​ធាតុ​ទឹក​ ៨៣%​។ ចំណែក​ឯ​តួ​នាទី​ទឹក​ក្នុង​រាង​កាយ​មនុស្ស​គឺ​ បញ្ជូន​អាហារូបត្ថម្ភ​ និង​អុកស៊ី​សែន​ទៅ​ឲ្យ​កោសិកា​ផ្សេងៗ​ បន្សើម​ក្នុង​សួត​ ជួយ​រំលាយ​អាហារ​ ការពារ​សរីរាង្គ​សំខាន់ៗ​​ ជួយសរីរាង្គ​ផ្សេងៗ​ឲ្យ​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​បាន​ល្អ​ រក្សា​លំនឹង​សីតុណ្ហ​ភាព​ក្នុង​រាង​កាយ​ បន្សាប​ជាតិ​ពុល​ផ្សេងៗ ​ជួយ​ការពារ​ និង​បន្សើម​សន្លាក់។

​លើស​ពី​នេះ​ទៅ​ទៀត​ ទឹក​អាច​ការ​ពារ​ និង​ព្យាបាល​ជំងឺដូច​ជា ​ឈឺ​ក្បាល​ ក្តៅ​សាច់​ រាគ​ ចុក​ឆ្អល់​ពោះ​ លើស​ឈាម​ ខ្វះ​ឈាម​ ខ្យល់​ចាប់​ ស្លាប់​ដៃ​ជើង​ ខ្លាញ់​ច្រើន​ ចុក​សរសៃ​ និង​ឆ្អឹង​ ហឹង​ត្រចៀក​ ញ័រ​បេះ​ដូង​ រសេះ​រសោះ​ដៃ​ជើង​ ក្អក​ ហឺត​ ទល់​លាមក​ ផ្តាសាយ ​បត់​ជើង​តូច​ញឹក​ញាប់​ពេល​យប់​ ​និង​វិល​មុខ​ងងឹត​មុខ​ជាដើម។

របៀប​ពិសា​ទឹក៖

ពេល​ក្រោក​ពី​ដំណេក​ភ្លាមៗ​មុន​លុប​មុខ​ ខ្ពុល​មាត់​ ងូត​ទឹក​ និង​ញ៉ាំ​អាហារ​ពេល​ព្រឹក​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​កន្លះ​លីត្រ​ រួច​ហាត់​ប្រាណ​ឲ្យ​បាន​២០ ​ទៅ​៣០​នាទី​ ហើយ​ផឹក​ទឹក​កន្លះ​លីត្រ​ទៀត។

ក្រោយ​ពី​ហាត់​ប្រាណ​រួច​ត្រូវ​អង្គុយ​ធ្វើ​សមាធិ​ឲ្យ​បាន​ប្រមាណ​១០​នាទី​ ដោយ​ពេន​ភ្នែន​យក​ជើង​ស្តាំ​ដាក់​លើ​ជើង​ឆ្វេង​ ដៃ​ស្តាំ​ដាក់​លើ​ដៃ​ឆ្វេង​ ដាក់​ខ្លួន​ឲ្យ​ត្រង់​ ហើយ​ដក​ដង្ហើម​ចេញ​ចូល​វែងៗ​ និង​ផ្ចង់​អារម្មណ៍​លើ​ចលនា​ដង្ហើម​ បន្ទាប់​មក​ត្រូវ​ផឹក​ទឹក​កន្លះ​លីត្រ​ទៀត។

លោក​អ្នក​គួរ​ពិសា​ទឹក​ស្អាត​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​ តាម​ដែល​អាច​ទៅ​រួច​ ឬយ៉ាង​ហោច​ណាស់​២​លីត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​​ប្រាស​ចាក​ពី​ជំងឺ​ដង្កាត់​នានា​៕ ដោយ​ មត​ សុមឿន