ព្រះវិហារ​៖​ បំណែក​​យន្ត​ហោះ​​គ្មាន​​មនុស្ស​​បើក​​៦​​បំណែក​​ត្រូវ​​បាន​​ប្រទះ​​ឃើញ​​នៅ​​ទី​តាំង​​ផ្សេង​​គ្នា​​ស្ថិត​​នៅ​​ខាង​ក្រោយ​​វត្ត​​កែវ​​សិក្ខា​​គិរី​​ស្វា​រៈ​ និង​​នៅ​​ខាង​ក្រោម​​ភ្នំ​​តា​ថាវ​ ភូមិ​​អភិវឌ្ឍន៍​​សម្តេច​​តេ​ជោ​ ស្រុក​​ត្រពាំង​​ប្រសាទ​ ខេត្ត​ព្រះ​វិហារ​។​


មន្ត្រី​យោធា​កម្ពុជា​នៅ​​តំបន់​​ប្រាសាទ​ព្រះវិហារ​​បាន​​ថ្លែង​​ថា​ កាល​ពី​​​វេលា​​ម៉ោង​​​ប្រមាណ​​៩​ និង​​៤៥​​នាទី​​ព្រឹក​ ​ថ្ងៃ​​ទី​​៧​ ​ខែ​ធ្នូ​ ឆ្នាំ​​២០១៤​ យន្ត​ហោះ​​បញ្ជា​​​គ្មាន​​អ្នក​បើក​បរ​​បាន​​ផ្ទុះ​​ធ្លាក់​​នៅ​​តំបន់​​ប្រា​សាទ​​ព្រះ​​វិហារ​។​ ក្រោយ​​ហេតុ​ការណ៍​​នេះ​​ មន្ត្រី​​យោធា​​ជាន់​ខ្ពស់​​របស់​​កម្ពុជា​​នៅ​​តំបន់​​ប្រាសាទ​ព្រះ​វិហារ​​បាន​​ចុះ​​ត្រួត​ពិនិត្យ​​ភ្លាមៗ​ និង​​រក​​ឃើញ​​បំណែក​​យន្ត​ហោះ​​ចំនួន​​៦​​បំណែកស្ថិត​​​នៅ​​កន្លែង​​ខុសៗ​​គ្នា​ ក្នុង​​នោះ​​មួយ​​បំណែក​​រក​​ឃើញ​​នៅ​​ខាង​ក្រោយ​​វត្ត​​កែវ​​សិក្ខា​​គិរី​​ស្វា​រៈ​ មួយ​​បំណែក​​នៅ​​លើ​​ភ្នំ​​តា​ថាវ​ មួយ​​បំណែក​​នៅ​​ក្រោយ​​ភ្នំ​​តា​ថាវ​ មួយ​​បំណែក​​​​នៅ​​​ភូមិ​​អភិវឌ្ឍន៍​​សម្តេច​​តេ​ជោ​ មួយ​​បំណែក​​នៅ​​តាម​​ផ្លូវ​​ទៅ​​ត្រពាំង​​ប្រាសាទ​ និង​​មួយ​​បំណែក​​ទៀត​នៅ​​តំបន់​​ស្វាយ​ជ្រុំ​។

​គួរ​​បញ្ជាក់​​ថា​ ហេតុ​ការណ៍​​​ផ្ទុះ​​ឆេះ​​យន្ត​ហោះ​​គ្មាន​​មនុស្ស​​បើក​​របស់​​ប្រទេស​​ជិត​ខាង​​​នៅ​​លើ​ទឹ​ក​ដី​​កម្ពុជា​ ជា​​ពិសេស​​នៅ​​តំបន់​​ប្រាសាទ​ព្រះ​វិហារ​ ដែល​​កម្ពុជា​-​ថៃ​ ធ្លាប់​​មាន​​ជម្លោះ​​យ៉ាង​​ស្រួច​ស្រាល​ រហូត​​មក​​ដល់​​ពេល​​នេះ​​គឺ​បាន​​កើត​​​មាន​​ចំនួន​​៣​​លើក​​ហើយ​ គិត​​ទាំង​​លើក​​នេះ​​ផង​។​ តែ​​ការ​​ធ្លាក់​​នេះ​ គេ​​មិន​​ដែល​​បាន​ឃើញ​​ភាគី​​ប្រទេស​​ជិត​ខាង​​ចេញ​​មក​​ទទួល​ស្គាល់​​នូវ​​សកម្ម​ភាព​​របស់​​ខ្លួន​​នោះ​​ទេ​៕

អត្ថបទដោយ៖ សៀមរាប


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។