នៅវេលាម៉ោង ៣ និង៤៥រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១១នេះមាន ឧបទ្ធហេតុគ្រោះធម្មជាតិ ភ្លៀងខ្យល់មួយប្រាវ បណ្ដាលឱ្យស្ដ្រីម្នាក់ស្លាប់ បុរស២នាក់បាក់ជើង របើកដំបូលផ្ទះ៨ខ្នង និងរលំផ្ទះមួយខ្នងផងដែរ នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌមានជ័យ​​ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាជនរងគ្រោះត្រូវផ្ទះរលំ​សង្កត់លើស្លាប់មានឈ្មោះ ផាត់ យឿន
អាយុ៥២ឆ្នាំ រីឯកូនប្រុសម្នាក់ទៀតរង របួសបាក់ជើងឈ្មោះ នូវ មាន អាយុ ២២ឆ្នាំ រស់នៅភូមិមិត្តភាព
សង្កាត់ព្រែកឯង ហើយបុរសម្នាក់ទៀត​ក៏ទទួលគ្រោះថ្នាក់បាក់ជើងផងដែរ តែមិនទាន់ស្គាល់អត្តសញ្ញាណ
នៅឡើយទេ រស់នៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ។

ក្រោយកើតហេតុ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ព្រមទាំងបរិច្ចាគថវិការផ្ទាល់ខ្លួន
១លានរៀល ថវិកាកាកបាទ ក្រហមខណ្ឌ ១០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដល់គ្រួសារសពស្រ្តីរងគ្រោះ​ដោយឧបទ្ធហេតុគ្រោះធម្មជាតិខាងលើនេះ។ ស្របគ្នានោះដែរ អង់តែនទូរទស្សន៍អាស៊ី-អាគ្នេយ៍ ក៏បានបាក់រលំផងដែរ តែមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។