ស្ពានអ្នកលឿងឈ្មោះ«ស៊ូសាបា»ត្រូវភ្ជាប់ស្របពេលជាមួយចរាចរណ៍ក្រដាសប្រាក់៥០០រៀលប្រភេទថ្មី
ភ្នំពេញ៖ ស្ពានអ្នកលឿង (ស៊ូសាបា) គឺជាស្ពានដែលឆ្លងកាត់ទន្លេមេគង្គក្រោម សម្រាបតភ្ជាប់ ពីខេត្តកណ្តាលទៅខេត្តព្រៃវែង និងទៅខេត្តស្វាយរៀង ដែលគិតរហូតមកដល់ពេលនេះចំណាយទឹកប្រាក់សាងសង់សរុបចំនួន ៩៥ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
ស្ពានអ្នកលឿងមានប្រវែងចំនួន ៥.៤ គីឡូម៉ែត្រ និងទទឹងជាង ១៣ ម៉ែត្រ និងមានកម្ពស់ផុតពីផ្ទៃទឹកនៅរដូវវស្សា ៣៧.៥ ម៉ែត្រ មានសរសរចំនួន៣៥ដើម និងមានខ្សែកាបយោងចំនួន ១៦០ដើម ប្រវែង៦៤០ម៉ែត្រ ដែលគេចាត់ទុកថាជាស្ពានដែលវែងជាងគេ និងជាស្ពានយោងប្រើខ្សែកាបទី១ នៅកម្ពុជា។
នៅទីបំផុតទៅស្ពានអ្នកលឿងត្រូវធ្វើពិធីចាក់បេតុងតភ្ជាប់នៅព្រឹកថ្ងៃទី១៤ ខែមករា ២០១៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ណាកាណេ កាហ្ស៊ូយូគី អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ពានអ្នកលឿងដែលសាងសង់ឡើងយោងដោយខ្សែកាបលើកសងខាង ប្រៀបដូចជាបក្សីពណ៌លឿងពីរក្បាលកាន់ដៃគ្នាហោះ ដែលជាការតំណាងឲ្យកម្ពុជា-ជប៉ុន កាន់ដៃគ្នាហោះឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏រុងរឿងនាពេលអនាគត ហើយសម្តេចបានប្រសិទ្ធនាមស្ពានអ្នកលឿងថា ស្ពានស៊ូបាសា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងពិធីតភ្ជាប់ បេតុងស្ពានអ្នកលឿង ដែលដាក់ឈ្មោះថ្មីថា «ស៊ូសាបា» នៅព្រឹកថ្ងៃទី១៤ ខែមករានេះ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ និងដាក់ឲ្យចរាចរណ៍ នៅក្រដាសប្រាក់៥០០រៀល ប្រភេទថ្មី ដែលក្រដាសប្រាក់នេះ ម្ខាងមានរូប ព្រះឆាយាលក្ខណ៍ ព្រះមហាក្រត្ស នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណព្រះបាទ សម្តេចព្រះ បរមនាថ រនោត្តមសីហមុនី និងម្ខាងទៀតមានរូបស្ពានគីសូណា នៅទន្លេបិទខេត្តកំពង់ចាម និងស្ពាន ស៊ូសាបា-អ្នកលឿង តែម្តង។
សម្តេចបានថ្លែងថា «រាជរដ្ឋាភិបាលបានដាក់ឲ្យ ចរាចរណ៍ក្រដាសប្រាក់ ៥០០រៀលថ្មីដែល អនុក្រឹត្យចេញថ្ងៃនេះ ហើយថ្ងៃនេះ ក៏នឹងចាយបាន។ ក្រដាសប្រាក់បានបោះម្ខាងគឺ ព្រះឆាយាលក្ខណ៍ ព្រះមហាក្រត្ស នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណព្រះបាទ សម្តេចព្រះ បរមនាថ រនោត្តមសីហមុនី ជាទីសក្ការៈឯម្ខាងទៀត គឺស្ពានទាំងពីរ គីសូណា និងស្ពានអ្នកលឿង គឺស្ពាន ស៊ូសាបា នេះតែម្តង។ នេះជាផ្នែកដ៏សំខាន់មួយ នៃពិធីក្នុងថ្ងៃនេះ និងជាផ្នែកដ៏សំខាន់មួយ នៃចំណងទាក់ទង ចំគួបលើកទី៦០ នៃទំនាក់ទំនង កម្ពុជា-ជប៉ុន»។
នាយករដ្ឋមន្ត្រីកម្ពុជា បានលើកជាសំណូមពរ៣យ៉ាងដល់ប្រជាពលរដ្ឋ នៅពេលស្ពានអ្នកលឿងត្រូវបានដាក់ឲ្យដំណើរការ។ សំណូមពរទី១ កុំឲ្យយកស្ពានអ្នកលឿងជាកន្លែងធ្វើអត្តឃាត បញ្ចប់វិបត្តិនានា ទី២ សុំកុំដឹកលើសទម្ងន់នាំឲ្យខូចស្ពាន និងសំណូមពរទី៣ សុំកុំឲ្យបើកលឿននាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងខិតខំចរចាជាច្រើនជាមួយភាគីជាប៉ុន ដើម្បីជម្នះសាងសង់ស្ពានអ្នកលឿងនេះ ឲ្យបានព្រោះវាមានសារៈសំខាន់ ដោយមិនត្រឹមតែភ្ជាប់ត្រើយខាងលិច និងខាងកើតរបស់កម្ពុជា តែជាវាជាការភ្ជាប់អាស៊ានហាយវេផងដែរ។
សម្តេចបានបញ្ជាក់ថា សម្តេចបានដាក់សំណើរចំនួន៤ទៅកាន់ភាគីជប៉ុន ដែលសំណើរទី១ ជំនួយឥតសំណងទាំងអស់រាជរដ្ឋាភិបាលជប៉ុន ទី២ ជំនួយខ្លះ កម្ចីខ្លះ ទី៣ ខ្ចីទាំងស្រុង និងទី៤ ជំនួយខ្លះ និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាខ្លះ។ សម្តេចបានបង្ហាញមហិច្ឆតាថា ប្រសិនបើជប៉ុនមិនជួយទេ សម្តេចនឹងជម្នះសាងសង់ស្ពានដោយប្រើថវិកាជាតិផ្ទាល់តែម្តង ដើម្បីសាងសង់ព្រោះស្ពាននេះបម្រើការងារពហុវិស័យ និងរាប់ឆ្នាំទៅមុខទៀត។
សម្តេចនាយករដ្ឋមន្ត្រីឆ្លើយតបទៅនិង សំណួរ របស់លោក ពុយ គា អ្នកកាសែតក្យូដូជប៉ុននោះ បានបញ្ជាក់ថា ការភ្ជាប់បេតុងស្ពាននាព្រឹកនេះ មិនមែនជាការអរសាទរខួប៣០ឆ្នាំ នៃការដឹកនាំរបស់សម្តេចនោះទេ តែធ្វើឡើងតាមក្បួនខ្មែរ ថ្ងៃពុធគឺជាថ្ងៃដែលល្អ។ សម្តេចបានលើកក្បួនតម្រាខ្មែរមកបញ្ជាក់ផងដែរថា អាទិត្យចុះរណ្តៅ ចន្ទចុះផ្លូវ អង្គារចុះភ្លើង ពុធចូលភូមិ ព្រហស្បតិ៍ចូលព្រៃភ្នំ សុក្រចូលដំណេក សៅរ៍ចុះទឹក។
សូមជម្រាបថាស្ពានអ្នកលឿងបានត្រូវសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ កុម្ភៈ ២០១១ ហើយនៅពេលបច្ចុប្បន្ន ស្ពាននេះបានក្លាយជាស្ពានប្រើខ្សែកាបយោងវែងជាងគេបង្អស់នៅកម្ពុជាមានប្រវែង២២២០ម៉ែត្រ ទទឹង១៣ម៉ែត្រ ចំណាយថវិកាសាងសង់ជាង៩០លានដុល្លារបានមកពីជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
គួរបញ្ជាក់ថា ប្រទេសជប៉ុន ត្រូវបានគេដឹងថា ជាប្រទេស ដែលផ្តល់ជំនួយ ដ៏ធំមួយដល់ការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ពិសេសលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន។ ក្រៅពីផ្តល់ជំនួយ ហើយនោះ ជប៉ុនក៏ជាប្រទេសវិនិយោគមកកាន់ ប្រទេសកម្ពុជាច្រើនផងដែរ តួយ៉ាងដូចជាផ្សារទំនើប AEON Mall ជាដើម៕