សន្និសីទស្តីពីទេសចរណ៍ និងវប្បធម៌ដ៏ធំដែលមិនធ្លាប់មានបានប្រព្រឹត្តិទៅនៅទឹកដីខេត្តសៀមរាប
សៀមរាប៖ លើទឹកដីសៀមរាបអង្គរតំបន់ទេសចរណ៍ ដ៏ល្បាញល្បីរបស់កម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ បាននឹងកំពុងចាប់ផ្តើមរៀបចំសន្និសីទពិភពលោកជាលើកទី១ ស្តីពីទេសចរណ៍ និងវប្បធម៌ ក្រោមប្រធានបទ «ការបង្កើតភាពជាដៃគូថ្មី» ដែលមានគណៈប្រតិភូមកពីប្រទេស៩៩ ក្នុងពិភពលោកបានចូលរួម។
ក្នុងសន្និសីទលក្ខណៈអន្តរជាតិនេះ ត្រូវបានប្រកាសបើកជាផ្លូវការ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទនេះក៏មានការអញ្ជើញចូលរួម ពីគណៈប្រតិភូមកពីបណ្តាប្រទេសនៅលើពិភពលោកជាង១០០០នាក់។
ព្រឹត្តិការណ៍សន្និសីទស្តីពីទេសចរណ៍ និងវប្បធម៌ដ៏ធំ និងជាលើកដំបូងនេះ ធ្វើឡើងពីថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសណ្ឋាគារ Le Meridien Angkor ខេត្តសៀមរាប។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍នៅក្នុងសន្និសីទនោះថា សន្និសីទពិភពលោកស្តីពី “ទេសចរណ៍ និងវប្បធម៌” ឆ្នាំ២០១៥នេះ គឺជាសន្និសីទពិភពលោកលើកទី១ និងដំបូងបង្អស់ក្រោមកិច្ចសហការរួមគ្នារវាងអង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការ UNESCO និងរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ៕
អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង