ក្រុម Barcelona បាន​ឡើង​ទៅ​ឈរ​នៅលើ​កំពូល​តា​រាង​នៃ​ក្រប​ខ័ណ្ឌ La Liga ជា​លើក​ទី​១​បើ​គិត​ចាប់​តាំង​​ពី​​ដើម​ខែ​វិច្ឆិកា ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​តែ​ម្នាក់​​របស់​​គេ​ជា​លើក​ទី​៣២​សម្រាប់​ក្លិប​​នេះក្នុង​ពេល​ពួក​គេ​ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធ​ផល ៦-១ លើ​ក្រុម​​នៅ​សល់​សមា​ជិក​ត្រឹម​តែ​១០​នាក់ Rayo Vallecano កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​។

ប៉ុន្តែ ក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Atletico Madrid នៅ​តែ​រក្សា​ការ​ដេញ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តា​រាង​ចំនួន​៧​ពិន្ទុ​ដដែល ក្រោយ​ពី​​ពួក​គេ​បាន​បញ្ចប់​ត្រឹម​លទ្ធ​ផល​​ស្មើ ១-១ ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Valencia នៅ​កីឡ​ដ្ឋាន Vicente Calderon​។ ការ​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ១-០ របស់​ក្រុម Real Madrid នៅ​លើ​ទឹក​ដី​ក្រុម Athletic Bilbao កាលពី​ថ្ងៃ​សៅរ៍​បាន​​ផ្តល់​​ឲ្យ Barcelona នូវ​ឱកាស​មួយ​​ក្នុង​ការ​ឡើង​ឈរ​ពី​លើ​ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប​មួយ​នេះ ហើយ​ខ្សែ​ប្រយុទ្ធ Luis Suarez មិន​បាន​ខ្ជះ​ខ្ជាយ​ពេល​វេលា​ក្នុង​ការ​ដណ្តើម​យក​​ការ​មាន​ប្រៀប​ឡើយ ខណៈ​ដែល​​រូប​គេ​បាន​​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ជា​លើក​ទី​៦​របស់​គេ​។

ខ្សែ​ការ​ពារ Gerard Pique បាន​បន្ថែម​ការ​​នាំ​មុខ​របស់​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ដើម​តង់​ទី​២ នៅមុន​ពេល Messi បាន​បន្ថែម​គ្រាប់​បាល់​ទី​៣​ពីការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​​ក្នុង​ការ​ព្យា​យាម​ជា​លើក​ទី​២​របស់​គេ ក្រោយ​ពី​ការ​ព្យា​យាម​ស៊ុត​ជា​លើក​ទី​១​របស់​គេ​ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី Cristian Alvarez ប៉ុន្តែ ត្រូវ​បាន​​លុបចោល​ដោយ​​​​អាជ្ញា​កណ្តាល ហើយ​​កីឡាករ Tito ត្រូវ​បាន​បណ្តេញ​ចេញ​សម្រាប់​ការ​ទទួល​​បាន​កាត​លឿង​ជា​លើក​ទី​២​។ វា​គ្មាន​ភាព​ចម្រូង​ចម្រាស់​​សម្រាប់​ការ​​រក​គ្រាប់​បាល់​២​លើក​ចុង​ក្រោយ​របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អាហ្សង់​ទីន​រូប​នេះ​ឡើយ ខណៈ​ដែល​រូប​គេ​​បាន​តាម​ស្មើ​ជា​មួយ​នឹង Cristiano Ronaldo សម្រាប់​ការ​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​៣០​គ្រាប់ក្នុង​ករ​ប្រកួត​លីក​នៅ​រដូវកាល​នេះ​។

ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​ការ​នៅ​សល់​សមា​ជិក​១០​នាក់​ដូច​​គ្នា នៅពេល​ដែល​ខ្សែ​ការ​ពារ Dani Alves ត្រូវ​បាន​ពិន័យ​​ដោយ​កាត​ក្រហម​សម្រាប់​ការ​ទាញ​ឲ្យ​កីឡាករ Alberto Bueno ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ហើយ Bueno ក៏​បាន​ស៊ុត​បាល់​បំ​ប៉ោង​សំ​ណាញ់​ពី​តំបន់​១១​ម៉ែត្រ​តែម្តង​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Barcelona បាន​ធ្វើ​ការ​​វាយ​បក​វិញ​​ភ្លាម​ៗ នៅពេល​ដែល Suarez បាន​រក​គ្រាប់​បាល់​​ទី​២​របស់​គេក្នុង​ការ​ប្រកួតនោះ​ក្រោយ​ពី​ការ​បញ្ជូន​បាល់​របស់ Messi​។ លោក Luis Enrique គ្រូ​បង្វឹក​របស់​ក្រុម Barca បាន​ឲ្យ​ដឹង​ថា៖ «គោល​បំណង​របស់​យើង​គឺ​ការ​ឡើង​ឈរ​លេខ​១​នៅពេល​​​រដូវ​កាលនេះ​បញ្ចប់​។ ខ្ញុំ​តែង​តែ​​និយាយ​ថា ក្រុម​​ធំ​ៗ​នឹង​​ចាញ់​​នៅ​រដូវ​កាល​នេះ ហើយ​វា​នឹង​បន្ត​កើត​ឡើង ហេតុ​នេះ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រ័ត្ន​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។