ការប្រកួតពានរង្វាន់ SPORTKH FUTSAL CUP ចាប់ផ្តើមទទួលពាក្យហើយ
ភ្នំពេញ៖ នេះជាលើកទីមួយហើយដែលគេហទំព័រព័ត៌មានកីឡា SportKH.com បានរៀបចំឲ្យមានការប្រកួតបាល់ទាត់ (ហ្វូតសាល) ដែលមានឈ្មោះថា SPORTKH Futsal Cup ក្រោមការឧបត្ថម្ភធំពី គេហទំព័រផ្នែកកំសាន្ត M88។
លោក ហ៊ត ចាន់រតនា ដែលជាប្រធានក្រុមការងាររៀបចំការប្រកួត SPORTKH Futsal Cup បានឲ្យដឹងថា នេះជាការប្រកួតពានរង្វាន់លើកទី១ ដែលគេហទំព័រ SportKH.com បានរៀបចំឡើងក្នុងគោលបំណង លើកទឹកចិត្តក្រុមកីឡាករបាល់ទាត់មិនមែនអាជីព នៅតាមបណ្តារក្រុមហ៊ុនសហគ្រាស អង្គការនានា ក៏ដូចជាយុវជនដែលចូលចិត្តលេងកីឡាបាល់ទាត់ឱ្យចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីជាការកំសាន្ត និងដើម្បីសុខភាព មិនតែប៉ុន្តែព្រឹតិ្តការណ៍នេះក៏និងក្លាយជាព្រឹត្តិការណ៍ដើម្បីបង្កើនការទំនាក់ទំនង រឹតចំណងមិត្តភាព សាមគ្គីភាព ផ្លាស់ប្ដូរបទពិសោធន៍បច្ចេកទេស ក៏ដូចជាការលើកកំពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ។ លោកក៏បានឲ្យដឹងបន្ថែមទៀតថា មេដាយ ពានរង្វាន់ និងប្រាក់រង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ ត្រូវបានរៀបចំជាស្រេចដើម្បីលើកទឹកចិត្តកីឡាករទាំងអស់ឲ្យមានការខិតខំប្រឹងប្រែងប្រកួតប្រជែង។
សម្រាប់ការទទួលពាក្យសុំចូលរួមប្រកួតប្រជែងនឹងត្រូវធ្វើឡើងចាប់ពី ពេលនេះតទៅរហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ នេះបើតាមការលើកឡើងរបស់លោក ហ៊ត ចាន់រតនា។ លោកក៏បានគូសបញ្ជាក់ផងដែរថាមានតែក្រុមកីឡាបាល់ទាត់ដែលបានដាក់ពាក្យស្នើរសុំ និងបំពេញលក្ខខណ្ឌគ្រប់គ្រាន់ចំនួន១៦ក្រុមប៉ុណ្ណោះ ដែលនឹងត្រូវជ្រើសរើសឲ្យចូលរួមប្រកួតប្រជែងលើកនេះ។ ដោយឡែកកាលបរិច្ឆេទនៃការប្រកួតនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ រហូតដល់ថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៥។ សូមបញ្ជក់ផងដែរថាការប្រកួតនឹងធ្វើឡើងនៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៨:០០ ដល់ ១០:០០ ព្រឹកនៅតារាង Central Park Sports Complex (បឹងកក)។
ចំនែកឯលក្ខខណ្ឌចំបងក្នុងការចូលរួមការប្រកួត លោកប្រធានក្រុមការងាររៀបចំការប្រកួតបានឲ្យដឹងថា ក្រុមកីឡាករដែលអាចចូលរួមប្រកួតបានគឺជាក្រុមកីឡាករមិនមែនអាជីព ពោលគឺក្រុមកីឡាករដែលជាបុគ្គលិកនៅតាមបណ្តារក្រុមហ៊ុន សហគ្រាស អង្គការនានា ឬក៏យុវជនដែលចូលចិត្តកីឡាបាល់ទាត់។ ហើយការចុះឈ្មោះកីឡាករមួយក្រុមៗត្រូវចំណាយថវិការចំនួន១២០ដុល្លារប៉ុណ្ណោះ ហើយក្រុមកីឡាករនីមួយៗក៏នឹងទទួលបានឯកសណ្ឋានកីឡាចំនួន១២កំប្លេ (ម៉ាក FBT Original) វិញផងដែរព្រមទាំងការចូលរួមប្រកួតប្រជែងដោយមិនចាំបាច់ចំណាយប្រាក់ផ្សេងទៀតលើថ្លៃតារាង និងភេសជ្ជៈ។ លោកបន្ថែមថាកម្មវិធីនេះគឺត្រូវជ្រើសយកកីឡាករបីក្រុមប៉ុណ្ណោះ ពោលគឺក្រុមចំណាត់ថ្នាក់លេខ១ លេខ២ និង លេខ៣ ដោយក្រុមចំណាត់ថ្នាក់លេខ១ នឹងទទួលបានពាន១ មេដាយមាស១២ និង ប្រាក់ឧបត្ថម្ភចំនួន ៤ ,០០០ ,០០០ រៀល។ រីឯក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ ១២ និង ប្រាក់ឧបត្ថម្ភចំនួន ១,០០០,០០០រៀល និងចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរិទ្ធ១២ និងប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០រៀលផងដែរ។
ដូច្នេះហើយក្រុមកីឡាករដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមប្រកួតប្រជែងដើម្បីយកពានរង្វាន់ SPORTKH Futsal Cup សូមប្រញ៉ាប់រុះរាន់ធ្វើការទំនាក់ទំនងមកកាន់ក្រុមការងាររៀបចំការប្រកួត តាមរយៈទូរស័ព្ទលេខ ០១១ ៣៩៣ ៩៨៨ / ០៦៩ ៣៩៣ ៩៨៨ អ៊ីម៉ែល chanratana.hort@gmail.com ឬ តាមដានលើគេហទំព័រ www.sportkh.com ឲ្យបានមុនថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥នេះ៕