ក្តី​សង្ឃឹម​នៃ​ការ​​ជួយ​ឲ្យ​របស់​​ខ្លួន​ឈ្នះ​ពាន​រង្វាន់​ដ៏​សំខាន់​ជា​លើក​ទី​១​ក្នុង​រយៈ​ពេល​២២​ឆ្នាំ កំពុង​តែ​​ស្ថិតនៅលើ​លើខ្សែ​ប្រយុទ្ធ Lionel Messi ខណៈ​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អា​ហ្សង់ទីន ជួប​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ស៊ីលី ក្នុងការ​ប្រកួត Copa America វគ្គ​ផ្តាច់​ព្រ័ត្រ​​នៅ​ថ្ងៃ​សៅរ៍នេះ​។ យុទ្ធ​នា​ការ​កីឡា​បាល់​ទាត់​ប្រចាំ​ទ្វីប​អាមេ​រិក​ខាង​ត្បូង​រយៈ​ពេល​៣​សប្តាហ៍មួយនេះ នឹង​ឈាន​ដល់​​ដំណាក់កាល​ចុងក្រោយ​នៅ​កីឡ​ដ្ឋាន Estadio Nacional ខណៈ​ដែល​​ការ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ដ៏​រំភើប​មួយ​នឹង​​តម្រូវ​ទៅលើ​ការ​ជួប​គ្នា​រវាង​ក្រុម​ខ្លាំង​ប្រចាំ​យុទ្ធនា​ការ អាហ្សង់ទីន និងក្រុម​ម្ចាស់ផ្ទះ ហើយ​ភាពស្វិត​ស្វាញផ្សេង​ៗ​អាច​នឹង​ស្ថិតក្នុង​កម្រិត​ដ៏​ខ្ពស់​​សម្រាប់ក្រុម​ទាំង​ពីរ​។

ក្រុម​​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​តា​រា​ឆ្នើម Messi សង្ឃឹម​ថា អាច​កត់​ត្រា​​​សមិទ្ធ​ផល​​ចូល​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ​​តាម​រយៈ​ការ​ឈ្នះពាន​អន្តរ​ជាតិ​ជា​លើក​ទី​១​បើគិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ពោលគឺ​រយៈ​ពេល​១២​ខែ ក្រោយពី​​ការ​រង​បរា​ជ័យ​ដ៏​ខក​ចិត្ត​ក្រោម​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ ក្នុងការ​ប្រកួត World Cup វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ឆ្នាំមុន​។ នៅ​ខណៈ​នេះ​ផង​ដែរ ក្រុម​ជម្រើស​ជាតិ​ស៊ីលី ពិត​ជា​ស្រេក​ឃ្លានក្នុង​ការ​បង្កើត​ភាព​អស្ចារ្យ​ដើម្បី​បញ្ចប់​ការ​​ឈឺ​ចុក​ចាប់​​​រយៈពេល​៩៩​ឆ្នាំ​​តាម​រយៈ​ការ​ឈ្នះ​ពាន Copa America ជា​លើក​ទី​១​។ ការ​​ឈ្នះពាន​សម្រាប់​អាហ្សង់ទីន នឹង​​បំពេញ​​រដូវកាល​ដ៏​អស្ចារ្យ​មួ​សម្រាប់ Messi ដែល​​កាល​ពី​រយៈពេល​តិច​ជាង​មួយ​ខែ​មុន​បាន​បំពេញ​ការ​ឈ្នះពាន​​បី​ក្នុង​រដូវកាល​តែមួយ​ជា​មួយនឹងក្លិប Barcelona តាម​រយៈ​ការ​ទទួល​ជ័យ​ជម្នះក្នុងការ​ប្រកួត Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​។

ជ័យ​ជម្នះ​មួយ​ ក៏​នឹង​​​​ជួយ​លុយ​ចោល​នូវ​ការ​ខកចិត្ត​ដែល Messi មាន​ជា​រឿយ​ៗ​ក្នុង​ការ​ប្រកួត​អន្តរ​ជាតិ​​ផង​ដែរ ពោល​គឺ​រយៈពេល​១០​ឆ្នាំ ក្រោយ​​ពី​រូបគេ​​ជួយ​ឲ្យ​អាហ្សង់ទីន​ទទួល​ជោគ​ជ័យ​​​ក្នុងនាម​ជា​យុវ​ជន​ម្នាក់​ក្នុង​ព្រឹត្តិ​ការណ៍ Under-20 World Cup ឆ្នាំ​២០១៥​។ Messi បាន​ប្រាប់​​អ្នក​យក​ព័ត៌​មា​ន​ថា៖ «ជំនាន់​នេះ​ពិត​​ជា​មាន​ក្តី​សង្ឃឹម​ក្នុង​ការ​ឈ្នះពាន​មួយ​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​។ ក្នុងនាម​ជា​​ក្រុម​មួយ យើង​ពិត​ជា​ស័ក្តិ​សម​ក្នុង​ការ​ឈ្នះ​ពាន ហើយ​វា​​ពិត​ជា​មានន័យ​ណាស់ ក្រោយ​ពី​​ព្រឹត្តិ​ការណ៍ World Cup កាល​ពី​ឆ្នាំ​មុន ដែល​យើង​ស្ទើរ​តែ​បាន​ឈ្នះ​ទៅ​ហើយ​»​​។ មុន​នឹង​ឈាន​​ទៅកាន់​វគ្គ​ផ្តាចព្រ័ត្រ​នេះ ក្រុម​ជម្រើស​ជាតិ​​អាហ្សង់ទីន បាន​បង្ហាញ​ពី​ទម្រង់លេង​យ៉ាង​ល្អ ពិសេស Messi ដើម្បី​ផ្តួលក្រុម​ជម្រើស​ជាតិ​ប៉ា​រ៉ា​ហ្គាយ យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធ​ផល ៦-១ ខណៈ​ដែល​ក្រុម​ម្ចាស់ផ្ទះ​ស៊ីលី បាន​ឈ្នះ ប៉េ​រូ ២-១​​។ ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍នេះ នឹង​ចាប់​ផ្តើម​នៅម៉ោង​៣​ទៀប​ភ្លឺ (ម៉ោង​នៅកម្ពុជា​)​៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។