Bielsa ចុះចេញពី Marseille ភ្លាមៗក្រោយពីចាញ់ថ្ងៃបើករដូវកាល
លោក Marcelo Bielsa បានធ្វើឲ្យកីឡាបាល់ទាត់បារាំងមានការភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ នៅពេលដែលរូបលោកបានលាលែងពីតំណែងក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Marseille ត្រឹមតែប៉ុន្មាននាទី ក្រោយពីក្រុមរបស់លោកបានរងបរាជ័យក្នុងការប្រកួតបើករដូវកាលក្នុងលទ្ធផល ១-០ ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម Caen។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានប្រកាសក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតថា៖ «ខ្ញុំបានលាលែងពីតំណែងរបស់ខ្ញុំក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Marseille»។ លោក Bielsa វ័យ៦០ឆ្នាំ ត្រូវបានទាក់ទងឲ្យទៅកាន់តំណែងក្នុងក្រុមជម្រើសជាតិម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្លិប Marseille ហាក់ដូចជាជួបបញ្ហាដោយសារតែភាបស្រពេចស្រពិលជុំវិញអនាគតរបស់លោក។

លោក Marcelo Bielsa
ភ្លាមៗក្រោយពីការរងបរាជ័យដ៏ខកចិត្តរបស់ពួកគេ លោក Bielsa ដែលទើបតែបានចូលកាន់តំណែងនៅឯកីឡដ្ឋាន Stade Velodrome កាលពីខែឧសភា ឆ្នាំ២០១៤ បានបង្កើតភាពភ្ញាក់ផ្អើលមួយដែលប្រធានក្រម Steve Mandanda ចាត់ទុកថា «ជាការខកចិត្តដ៏ធំរបស់លោក»។ គ្រូបង្វឹករូបនេះដែលដឹកនាំឲ្យ Marseille បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤នៅលើតារាងលីក Ligue 1 កាលពីរដូវកាលមុន បានឲ្យដឹងថា៖ «ខ្ញុំបានបញ្ចប់ការងាររបស់ខ្ញុំនៅទីនេះ ខ្ញុំនឹងវិលទៅកាន់ប្រទេសរបស់ខ្ញុំវិញ»។ ស្របពេលជាមួយគ្នានេះ Labrune បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដូចទៅនឹងអ្នកគាំទ្រទាំងអស់ដែរចំពោះការសម្រេចចិត្តរបស់លោក Marcelo Bielsa»៕
ប្រភពព័ត៌មាន៖ Channel News Asia