Cech ធ្វើឲ្យមានកំហុស ខណៈ West Ham ផ្តួល Arsenal
អ្នកចាំទី Petr Cech បានធ្វើឲ្យមានកំហុសនាថ្ងៃនៃការបង្ហាញខ្លួនជាលើកទី១របស់គេក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Arsenal ខណៈដែលការប្រព្រឹត្តកំហុសរបស់់គេបានជួយឲ្យក្រុម WestnHam United កត់ត្រាជ័យជម្នះ ២-០ នៅកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យ។ ការចូលរួមរបស់ Cech ពីក្លិប Chelsea ត្រូវបានចាត់ទុកថា ជាការចុះហត្ថលេខាដែលអាចនឹងធ្វើឲ្យ Arsenal ក្លាយជាក្រុមប្រជែងដណ្តើមពាន ប៉ុន្តែ វាគ្រាន់តែក្តីសង្ឃឹមមួយប៉ុណ្ណោះ ខណៈដែលក្រុមរបស់លោក Arsene Wenger បានបើករដូវកាលក្របខ័ណ្ឌ Premier League ជាមួយនឹងការរងបរាជ័យក្នុងផ្ទះខ្លួនឯងជាលើកទី២ក្នុងរយៈពេល៣ឆ្នាំ។
ការធ្វេសប្រហែសរបស់ Cech បានធ្វើឲ្យកីឡាករ Cheikhou Kouyate មានឱកាសតែតបាល់ដើម្បីធ្វើឲ្យ West Ham នាំមុខមុនក្រោយពីការស៊ុតបាល់ពិន័យពីចម្ងាយរបស់កីឡាករ Dimitri Payet ហើយការយឺតយ៉ាវរបស់អ្នកចាំទីអន្តរជាតិឆែករូបនេះក្នុងការលោតទៅសង្គ្រោះបាល់បាននាំឲ្យមានគ្រាប់បាល់បញ្ចូលទី១គ្រាប់ទៀតពីសំណាក់ Mauro Zarate។ លោក Wenger ដែលក្រុមរបស់លោកបានផ្តួលក្រុមម្ចាស់ជើងឯក Chelsea ១-០ ក្នុងការប្រកួតដណ្តើមពាន Community Shield កាលពីចុងសប្តាហ៍នោះ បានឲ្យដឹងថា៖ «យើងមិនមានការជឿជាក់ក្នុងតំបន់ប្រយុទ្ធ ឬតំបន់ការពារឡើយ។ កីឡាករហាក់ដូចជាមានការភិតភ័យពេក និងដាក់សម្ពាធលើខ្លួនឯងច្រើនពេក។ ថ្ងៃនេះ យើងមានការឈឺចុកចាប់ផ្នែកអារម្មណ៍ ហើយវាជាឱកាសដ៏ល្អមួយក្នុងការឆ្លើយតប»។ ការទទួលជ័យជម្នះរបស់ក្រុម West Ham បានរំឭកដល់ការទទួលជ័យជម្នះ ៣-១ របស់ក្រុម Emirates នៅថ្ងៃទី១នៃរដូវកាលឆ្នាំ២០១៣-២០១៤ និងបានធ្វើឲ្យលោក Slaven Bilic កត់ត្រាជ័យជម្នះក្នុងការប្រកួតលីកទី១របស់លោកក្នុងនាមជាអ្នកចាត់ការទូទៅ៕
ប្រភពព័ត៌មាន៖ Channel News Asia