លោក Mourinho ខឹងបុគ្គលិកពេទ្យ ក្រោយពីស្មើជាមួយ Swansea
លោក Jose Mourinho គ្រូបង្វឹករបស់ Chelsea បានធ្វើការរិះគន់ទៅលើបុគ្គលិកពេទ្យរបស់លោកសម្រាប់ការព្យាបាល Eden Hazard ក្នុងពេលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃសៅរ៍។ ក្រុមតោខៀវមួយនេះ ដែលបានបាត់បង់អ្នកចាំទី Thibaut Courtois ដោយសារតែការពិន័យកាតក្រហមនោះ ត្រូវបានកាត់បន្ថយនៅត្រឹមសមាជិក៩នាក់ក្នុងរយៈពេលជាច្រើននាទី ក្រោយពីបុគ្គលិកបានរត់ទៅធ្វើការព្យាបាល់ Hazard បន្ទាប់ពីជួបបញ្ហារបួស បើទោះបីរូបគេហាក់ដូចជាមិនរងរបួសធ្ងន់ធ្ងរក៏ដោយ។

លោក Jose Mourinho គ្រូបង្វឹករបស់ Chelsea
ប្រសិនបើកីឡាករម្នាក់ទទួលការព្យាបាល ពួកគេត្រូវតែចាកចេញពីទីលានប្រកួត។ លោក Mourinho បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំពិតជាមិនរីករាយជាមួយនឹងបុគ្គលិកពេទ្យរបស់ខ្ញុំ។ ពួកគេហាក់ដូចជាខ្វះនូវបទពិសោធ និងស្ពឹក។ ទោះបីលោកអ្នកជាមនុស្សផ្តល់សម្លៀកបំពាក់ គ្រូពេទ្យ ឬលេខាម្នាក់ក៏ដោយ អ្នកត្រូវតែយល់ពីការប្រកួតនេះ»។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ថែមទៀតថា៖ «អ្នកត្រូវតែដឹងថា អ្នកមានកីឡាករម្នាក់តិចជាង និងត្រូវតែជួយកីឡាករម្នាក់ អ្នកត្រូវតែប្រាកដចិត្តថា រូបគេស្ថិតក្នុងបញ្ហាដ៏ធ្ងន់ធ្ងរ។ ខ្ញុំប្រាកចិត្តថា Eden មិនមានបញ្ហាធ្ងន់ធ្ងរឡើយ។ រូបគេបានរដួល ហើយរូបគេគ្រាន់តែអស់កម្លាំងប៉ុណ្ណោះ»។ Chelsea បានជួបភាពត្រដាបត្រដួសយ៉ាងខ្លាំងក្នុងការដោះស្រាយជាមួយនឹងក្រុម Swansea នៅមុនពេលដែល Hazard ត្រូវបានធ្វើឲ្យដួលដោយកីឡាករ Gylfi Sigurdsson ក្នុងរយៈពេល៦នាទីចុងក្រោយ ដែលនាំឲ្យលោក Mourinho រងនូវការខកចិត្តតែម្តង៕
ប្រភពព័ត៌មាន៖ BBC