Man City ស្រេកឃ្លានការឈ្នះ West Brom ថ្ងៃបើកឆាក
ខណៈលោក Manuel Pellegrini បាននាំយកភាពជោគជ័យក្នុងឆ្នាំទី ១ របស់លោកនៅឯក្លិប Man City ក្រោយពីលោកបានឈ្នះពាន Premier League និង League Cup មុននឹងជួបរដូវកាលដ៏ខកចិត្តមួយដែលបានបញ្ចប់ដោយក្លិបដែលចំណាយ ប្រាក់ដ៏ច្រើនលើសលប់នេះបោះបង់ពានទៅឲ្យ Chelsea និងបញ្ចប់ដោយការមិនឈ្នះអ្វីសោះកាលពីខែឧសភានោះ គ្រូបង្វឹកសញ្ជាតិស៊ីលីរូបនេះ កំពុងតែស្ថិតក្រោមការទាមទារថា លោកត្រូវតែជួយឲ្យឈ្នះពានដើម្បីរក្សាការងាររបស់លោក។ Manchester City ត្រៀមបើកយុទ្ធនាការក្របខ័ណ្ឌ Premier League របស់ពួកគេនៅលើទឹកដីក្រុម West Bromwich Albion នាថ្ងៃចន្ទនេះ
គ្រូបង្វឹកវ័យ ៦១ ឆ្នាំរូបនេះ ដឹងយ៉ាងច្បាស់ថា ការជួបនូវការខកចិត្តម្ដងទៀតដូចកាលពីរដូវកាលមុនតាមរយៈការ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ Premier League និងការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ នឹងមិនអាចទទួលយកបានទៀតឡើយ។
លោក Pellegrini បាននិយាយថា៖ «សម្រាប់ខ្ញុំ រដូវកាលដ៏ល្អមួយជាមួយនឹងក្រុមដ៏ធំមួយគឺថា អ្នកត្រូវតែឈ្នះពានមួយ។ អ្នកមិនអាចនិយាយថា វាជារដូវកាលដ៏ល្អមួយឡើយ ប្រសិនបើអ្នកមិនឈ្នះអ្វីសោះនោះ»។ « ខ្ញុំគិតថា ក្នុងនាមជាអ្នកចាត់ការទូទៅម្នាក់ លោកអ្នកមិនអាចគិតថា អ្នកមិនបានឈ្នះពានដោយសារតែកីឡាករលេងមិនបានល្អឡើយ»។
សម្រាប់លោក Pellegrini សង្ឃឹមថា ក្រុមរបស់លោក នឹងអាចយកឈ្នះលើ ក្រុម West Bromwich Albion សម្រាប់ការបើកឆាកដំបូង ដើម្បីនាំសំណាង។