ក្រុម Barcelona នឹង​បើក​​យុទ្ធ​នា​ការ​របស់​ពួក​គេ​​​ជា​មួយ​នឹង​ឱកាស​ក្នុង​ការ​​ក​សាង​នូវ​ការ​ជឿ​ជាក​ទៅ​លើ​ការ​ឈ្នះ​ពាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​​ពី​រដូវ​កាល​មុន​នៅ​​​ពេល​ដែលពួក​គេ​ជួប​​ជា​មួយ​នឹង​ក្រុម Sevilla ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន UEFA Super Cup ក្នុង​ទីក្រុង Tbilisi នៅ​រាត្រី​នេះ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​នឹង​​ត្រូវ​​តែ​លេង​ដោយ​គ្មាន​​តា​រា​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​តា​រា​ឆ្នើម​របស់​ពួក​គេ​​នៅ​តំបន់​ជួរ​មុខ ​នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Neymar ត្រូវ​អវត្ត​មាន​ពីរ​សប្តាហ៍ ក្រោយ​ពី​ជួប​បញ្ហា​ក្រឡ​ទែន​។

កីឡាករ​វ័យ​​២៣​ឆ្នាំ​រូប​នេះ ទើប​តែ​បាន​វិល​ទៅ​ចូល​​ប្រកួត​វិញ ក្រោយ​ពី​ជួប​ការ​ខក​ចិត្ត​ក្នុង​​ព្រឹត្តិ​ការណ៍ Copa America ប៉ុន្តែ រូប​គេ និង​​វត្ត​មាន​របស់ Lionel Messi បាន​ជួយ​ឲ្យ Barcelona ជួប​ភាព​ជោគ​ជ័យ​យ៉ាង​អស្ចារ្យ ក្រោយ​ពី​​ជួប​លទ្ធ​ផល​ដ៏​ខក​ចិត្ត​ក្នុង​ការ​ប្រកួត​​មិត្ត​ភាព​មុន​បើក​រដូវ​កាល ខណៈ​កីឡាករ​ទាំង​ពីរ​​សុទ្ធ​សឹង​បាន​ស៊ុ​តបាល់​បញ្ចូល​ទី​​ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៣-០ លើ​ក្រុម Roma ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ចុង​ក្រោយ​របស់​ពួក​គេ​កាល​ពី​សប្តាហ៍​មុន​។ Messi នឹង​​មាន​ភាព​រឹង​មាំ​គ្រប់​​គ្រាន់​ដើម្បី​ចាប់​ផ្តើម​លេង​ក្នុង​ជម្រើស​ដំបូង​រួម​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ Luis Suarez ក្រោយ​ពី​​​វិល​ពី​សម្រាក​រយៈ​ពេល​១​សប្តាហ៍ បន្ទាប់​ពី​​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​​ឈាន​ទៅ​ប្រកួត Copa America វគ្គ​ផ្តាច់​ព្រ័ត្រ​។ ខ្សែ​ប្រយុទ្ធ Pedro Rodriguez ដែល​ជា​គោល​ដៅ​របស់​ក្លិប Manchester United ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​ចូល​ជំនួស​កន្លែង​របស់ Neymar​។

ក្រោយ​ពី​បាន​បំពេញ​កាសរ​ឈ្នះ​​ពាន​រង្វាន់​បី​ក្នុង​រដូវ​កាល​តែ​មួយ​ដែល​រួម​ពាន La Liga, Copa del Rey និង Champions League កាល​ពី​រដូវ​កាល​មុន បច្ចុប្បន្ន ក្រុម Barcelona អាច​​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ដូច​កាល​ពី​​៦​ឆ្នាំ​មុន​​ដែល​បាន​ឈ្នះ​ពាន​ចំនួន​៦​​តាម​រយៈ​ការ​​បន្ថែម​ទាំង​​ពាន European Super Cup និង Spanish Super Cup ទៅ​លើ​ពាន Club World Cup​។ Ivan Rakitic អតីត​ខ្សែ​បម្រើ​របស Sevilla បាន​បញ្ជាក់​ថា ការ​ស្រេក​ឃ្លាន​របស់ Barcelona សម្រាប់​ការ​ប្រជែង​ដណ្តើម​ពាន​បន្ថែម​ទៀត​មិន​មាន​ការ​ស្រាក​ស្រាន​ឡើយ​​ដោយ​សារ​តែ​ការ​ជោគ​ជ័យ​របស់​ពួក​គេ​កាល​ពី​​​រដូវ​កាល​មុន​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​ក្រូ​អាស៊ី​រូប​នេះ​​ឲ្យ​ដឹង​ថា៖ «វា​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​ការ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​ជា​មួយ​នឹង​ការ​ឈ្នះ​ពាន​មួយ​ឡើយ​»​។ ការ​​ប្រកួត​នៅ​រាត្រី​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​​ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា)​៕

ប្រភព​ព័ត៌​មាន៖ Bangkok Post


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។