សប្បុរសធម៏ចែកសំភារៈសិក្សា ដល់សិស្សក្នុងខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ហុង ឡុង ប្រធានខុទ្ទកាល័យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលនៅសាលាអនុវិទ្យាល័យ និងបឋមសិក្សាស្វាយតឿ ខេត្តស្វាយរៀង រួមជាមួយសមាជិក សមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សមាជិកក្រុមប្រឹក្សាក្រុងស្វាយរៀង លោក លោកស្រី មន្ត្រីការិយាល័យអប់រំក្រុងស្វាយរៀង ក្រុមប្រឹក្សាសង្កាត់ស្វាយតឿ និងតំណាងក្រុមហ៊ុនអ៊ីនធឺណិត ឌីជី សរុបចំនួន ៣៤០នាក់។
ក្នុងកម្មវិធីនោះសិស្សានុសិស្សដែលចូលរួមមានចំនួន ២៤១នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ១០ក្បាល ប៉ិច០២ដើម ខ្មៅដៃ០១ដើម បន្ទាត់០១ដើម និងថវិកា ៥,០០០រៀល។ រីឯលោកគ្រូ អ្នកគ្រូ ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល និងអាណាព្យាបាលសិស្សានុសិស្សិ ១៩នាក់ ម្នាក់ៗទទួលបានថវិកា១០,០០០រៀល។ ក្នុងចំណោមសិស្សសរុបទំាងអស់ ឌីជី ក៏បានរួមចំនែកជួយដល់សិស្សចំនួន២០នាក់ស្មើនឹង២០កញ្ចប់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងផងដែរថា វិស័យអប់រំគឺជាកត្តាដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូប ហើយយុវជនគ្រប់រូបក៏មានសិទ្ធទទួលបានការអប់រំស្មើៗគ្នាផងដែរ។ ឯកឧត្តមក៏បានសំណូមពរឲ្យមាតាបីតាសិស្សទាំងអស់ត្រូវនាំកូនទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា៕