ខណៈ​ដែល​អាកាសធាតុ​នៅ​កម្ពុជា​មាន​ការ​ចុះ​ត្រជាក់​ខ្លាំង​ខុស​ពី​ធម្មតា ខេត្ត​ជា​ច្រើន​នៅ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​ បាន​ស្គាល់​បទពិសោធន៍​អាកាសធាតុ​ត្រជាក់​ជាង​កម្ពុជា​ទៅ​ទៀត ត្រជាក់​រហូត​ដល់​ថ្នាក់​មាន​កន្លែង​ខ្លះ​ធ្លាក់​ព្រិល​តាម​តំបន់ នេះ​បើ​យោង​តាម​សារព័ត៌មាន Straitstimes ។
រដ្ឋធានី​របស់​វៀតណាម ​បាន​ធ្លាក់​សីតុណ្ហភាព​ដល់​ទៅ​ក្បែរ​១១​អង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ ហើយ​ចន្លោះ​ពី​៧-១០​អង្សា​កាល​ពី​ថ្ងៃ​អាទិត្យ ចំណែក​ឯ​តំបន់​ភ្នំ​ Sa Pa វិញ​ធ្លាក់​ដល់​-៥​អង្សា​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ដែល​វា​ជា​សីតុណ្ហភាព​ត្រជាក់​បំផុត​ប្រចាំ​ឆ្នាំ ហើយ​បាន​សម្លាប់​ប៉ូលិស​ចរាចរណ៍​ម្នាក់​ ពេល​ធ្វើ​ចរាចរណ៍​កំឡុង​ពេល​ធ្លាក់​ព្រិល ។
Thailand
ដោយឡែក​នៅ​ឯ​ប្រទេស​ថៃ​វិញ ភាគ​ខាង​លើ​នៃ​ប្រទេស​នេះ​ស្គាល់​សីតុណ្ហភាព​ត្រឹម​តែ​៦-១០​អង្សា​តែ​ប៉ុណ្ណោះ ដែល​សីតុណ្ហភាព​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង​ប្រទេស​វៀតណាម​បន្តិច តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​លើ​​ភ្នំ​ក្នុង​ខេត្ត​ភាគ​ខាង​ជើង​ថៃ មាន​សីតុណ្ហភាព​ត្រជាក់​ដល់​ទៅ​៥​អង្សា គឺ​ត្រជាក់​ខ្លាំង​ជាង​តំបន់​ឯទៀត ។

ទន្ទឹម​នឹង​គ្នា​នេះ ការ​ចុះ​ត្រជាក់​ខ្លាំង​ក្នុង​ពេល​ភ្លាមៗ ​បាន​សម្លាប់​មនុស្ស​អស់​៨៥​នាក់​នៅ​តៃវ៉ាន់ ដោយ​សីតុណ្ហភាព​ធ្លាក់​ដល់​ទៅ​៤​អង្សា បង្កើត​ជា​ព្រិល​ទឹកកក​កម្រាស់​២០​សង់ទីម៉ែត្រ ត្រជាក់​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​៤៤​ឆ្នាំ​ចុង​ក្រោយ​នេះ ។

គួរ​បញ្ជាក់​ថា ការ​ចុះ​ត្រជាក់​ខ្លាំង​ភ្លាម​ៗ​បែប​នេះ​ អាច​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ប្រទេស​​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​បែប​នេះ​ត្រៀម​ខ្លួន​មិន​ទាន់ ហើយ​វា​អាច​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ជីវិត​ក្រោម​មូលហេតុ​ផ្សេងៗ ដូចជា​គាំងបេះដូង និង​ខ្លះ​ទៀត​ត្រជាក់​ដល់​ស្លាប់​ក៏​មាន ៕ ផ្តល់សិទ្ធិដោយ៖ kqube


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។