តៃវ៉ាន់៖ តារាសម្ដែងតៃវ៉ាន់ នាង Betty Ting Pei បានសារភាព នៅក្នុងទូរទស្សន៍ ខណៈពេលដែលធ្វើបទសំភាសន៍ថា លោក Bruce Lee (ប្រជាជនខ្មែរ តែងតែ ហៅគាត់ថា លោក លី ស៊ាវឡុង) បានស្លាប់នៅក្នុងផ្ទះគាត់ កាលពី៤១ឆ្នាំមុន។

គួរបញ្ជាក់ថា លោក លីស៊ាវឡុង បានស្លាប់ នៅពេលដែល គាត់មានវ័យ ៣២ឆ្នាំ នៅទីក្រុងហុងកុង កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៧៣ ដោយមូលហេតុនៃ ការស្លាប់ របស់គាត់ នៅតែជាអាថ៌កំបាំង និងនាំគ្នានិយាយមកដល់សព្វថ្ងៃនេះ។ ជួបជាមួយនឹង តារាស្រីតៃវ៉ាន់ខាងលើ ដែលនាពេលនេះមានវ័យ ៦៧ឆ្នាំទៅហើយនោះ បានឲ្យដឹងថា ជាច្រើនឆ្នាំមកហើយ ដែលរាល់ពេលធ្វើបទសំភាសន៍ នាងតែងតែរក្សាទុកនូវអាថ៌កំបាំង មួយនេះដោយចេតនា។ នាងបន្ដថា នាងជាប់ពាក់ព័ន្ធ ទៅនឹងការនិយាយកុហក ខណៈពេលដែលមនុស្សជាច្រើន និយាយថា លី ស៊ាវឡុង មិនមែនស្លាប់ នៅក្នុងផ្ទះនាងនោះទេ។ នៅពេលថ្ងៃដែល លី ស៊ាវឡុង បានស្លាប់នោះ ប្រពន្ធរបស់គាត់ គឺនាង Linda Lee Cadwell បានសំណូមពរ មិនឲ្យនាងនិយាយថា ប្ដីរបស់នាង ស្លាប់នៅក្នុងផ្ទះនាង ដោយសារតែ ជារឿងមិនសមរម្យ។ ខណៈពេលនោះ លោក Raymond Chow ដែលជាអ្នកដឹកនាំរឿងហុងកុង ក៏បានអង្វរករនាង មិនឲ្យបង្ហើបពីរឿងរ៉ាវទាំងនេះ ហើយគាត់ជា មនុស្សម្នាក់ដែលប្រកាសពីការស្លាប់ របស់លោក លី ស៊ាវឡុង ថា តារាសម្ដែងប្រុសនេះ បានស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ដែលមានប្រពន្ធនៅក្បែរ។
យ៉ាងណាមិញ បងប្រុសរបស់លោក លី ស៊ាវឡុង និងភរិយា របស់ លី ស៊ាវឡុង នេះ តែងតែលាក់អាថ៌កំបាំង និងមិននិយាយលំអិត ពីទីតាំង ពិតប្រាកដ ដែលអតីតតារា សម្ដែងដ៏ ល្បីឈ្មោះនេះ បានស្លាប់នោះទេ។
633523a35f3659326eb4b83f839d839f777d295c
ជាចុងក្រោយ នាង Betty Ting Pei បាននិយាយថា នាងមានអារម្មណ៍ ខុសធ្ងន់ជាខ្លាំង ទៅលើ ហេតុការណ៍ ទាំងអស់នេះ ដោយសារតែ ពេលនោះ គឺនាងមានវ័យ ត្រឹមតែ ២៦ឆ្នាំប៉ុណ្ណោះ ហើយនាង ក៏មិនដឹងថា ហេតុអ្វីក៏ លោក លីស៊ាវឡុង សុខៗស្រាប់តែ ស្លាប់ភ្លាមៗនោះទេ។ មួយវិញទៀត ការស្លាប់ របស់គាត់ ពិតជាវាយប្រហារដល់ នាងជាខ្លាំង រហូតដល់ថ្នាក់ នាងខ្លាចខ្មោច និងគ្មាននរណាម្នាក់ ជួយដោះស្រាយ នាងនោះទេ។

តាមរបាយការណ៍ពីសារព័ត៌មាន បានឲ្យដឹងថា ការសំភាសន៍របស់នាង គ្រាន់តែជាការទប់ទល់ទៅនឹងពាក្យចោទប្រកាន់ថា នាងជាអ្នកធ្វើឲ្យលោក លី ស៊ាវឡុងស្លាប់ប៉ុណ្ណោះ ហើយនាងនិយាយថា លោក លី ស៊ាវឡុង មានសុខភាពចុះខ្សោយ មុននឹងស្លាប់ដាច់ខ្យល់។

នេះបើតាមការស្រាវជ្រាវ បន្ថែមពីក្នុងវីគីភីឌា បានឲ្យដឹងថា កាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ១៩៧៣ លោក លី ស៊ាវឡុង បានដួលសន្លប់ភ្លាមៗ នៅក្នុងបន្ទប់ស្ទីឌីយ៉ូ នៅទីក្រុងហុងកុង ខណៈពេលដែល គាត់ កំពុងតែរៀបចំសម្ដែងកុនថ្មី ឈ្មោះថា Enter the Dragon។ នាពេលនោះ គាត់ទទួលរងនូវ អាការៈឈឺក្បាល និងប្រកាច់ភ្លាមៗ ដែលត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ Hong Kong Baptist ដែលគ្រូពេទ្យបាន វិនិច្ឆ័យថា មានវត្ថុរាវលើសកំនត់នៅក្នុងចន្លោះនៃ ខួរក្បាលរបស់គាត់។

រហូតមក ដល់ថ្ងៃ ទី២០ ខែកក្កដា ឆ្នាំដដែល លោក លីស៊ាវឡុង បានទទួលទានអាហារពេលល្ងាច ជាមួយនឹងលោក George Lazenby (James Bond) ក្នុងគោលបំណងផលិតភាពយន្ដថ្មី។ នេះបើសម្ដីប្រពន្ធលោក លីស៊ាវឡុង ឈ្មោះ Linda បានឲ្យដឹងទៀតថា លីស៊ាវឡុង បានជួបនឹងអ្នកដឹកនាំរឿង Raymond Chow នៅម៉ោង ២ល្ងាច នៅក្នុងផ្ទះដើម្បីពិភាក្សារឿងថ្មីឈ្មោះ Game of Death ហើយពួកគេធ្វើការរហូតដល់ម៉ោង ៤ល្ងាច និងពួកគេបាន ជិះរថយន្ដជាមួយគ្នាទៅផ្ទះ មិត្ដរួមការងារគឺតារាស្រីតៃវ៉ាន់ Betty Ting Pei ដើម្បីនិយាយគ្នាទាក់ទងនឹង ពាក្យសន្ទនានៅក្នុងសាច់រឿង។ បន្ទាប់មក លោក Raymond Chow បានចេញពីផ្ទះនាង Betty Ting Pei មុន ដើម្បីធ្វើការចូលរួមកម្មវិធីអាហារពេលល្ងាចមួយ។

ក្រោយមក លោក លីស៊ាវឡុង បានរអ៊ូពីអាការៈឈឺក្បាល ដែលនាពេលនោះ តារាសម្ដែងស្រីតៃវ៉ាន់ បានឲ្យជាថ្នាំបំបាត់ការឈឺចាប់ ដែលជាថ្នាំមានផ្ទុកដោយ អាស្ពីរីន និង tranquilizer meprobamate។ ប្រហែលជាពេលល្ងាចបន្ដិច លោក លីស៊ាវឡុង បានទៅសម្រាក ដែលនៅពេលអាហារពេលល្ងាច លោកលីស៊ាវឡុង មិនបានងើបមកទទួលទាននោះទេ ហើយលោក Raymond Chow ជាអ្នកដឹកនាំរឿង បានត្រលប់មកវិញនិងព្យាយាមដាស់ លោក លីស៊ាវឡុង ពីដំណេក តែគាត់មិនកម្រើក។ នាពេលនោះ ក្រុមគ្រូពេទ្យបានដល់បន្ទប់ស្នាក់នៅភ្លាមៗ និងធ្វើការសង្គ្រោះប្រហែលជា ១០នាទី មុននឹងបញ្ជូនលោក លីស៊ាវឡុង ទៅកាន់មន្ទីរពេទ្យ Queen Elizabeth។ ប៉ុន្ដែជាអកុសល គាត់បានស្លាប់នៅពេលដែល ទៅដល់មន្ទីរពេទ្យ ក្នុងអាយុ ៣២ឆ្នាំ។

រហូតមកដល់ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០០៥ លោក Raymond Chow ដែលជាម្ចាស់ផលិតកម្ម ហុងកុង នេះ បានថ្លែងបញ្ជាក់ថា លោក លី ស៊ាវឡុង បានស្លាប់ ដោយសារតែ ប្រតិកម្មអាឡាក់ស៊ី ទៅនឹង ថ្នាំសម្រាប់បន្ធូរសាច់ដុំ (meprobamate) ដែលជាប្រភេទថ្នាំផ្ទុកនូវ ជាតិផ្សំ សម្រាប់បំបាត់ការឈឺចាប់៕ប្រភពពី Lollipop | Wiki

ខ្មែរឡូត


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។