ភ្នំពេញ: ក្រោយ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក​ The Voice Cambodia​ រដូវកាល​ទី ២ ក៏​រកឃើញ​ម្ចាស់​ពាន ដែលពុំ​មែន​ជាកូន​ក្រុម​ដែល​ខ្លួនផ្ដល់​ជំនឿ​ចិត្ត​មុនវគ្គ​ផ្តាច់​ព្រ័ត្រ​ខិតចូល​ជិតដល់​នោះ គណៈ​កម្មការ​លេចធ្លោ​ខ្លាំងពី​បទ​ រាំញីកែង​ជើង អ្នកនាង ពេជ្រ សោភា ក៏​បង្ហើប​តម្រុយ​បញ្ចប់​អាជីព​សិល្បៈ​ ទាំងពោល​ថា រឿង​ស្តាយ​នោះ​វា​ហួស​ពី​ស្តាយ​ហើយ។

ព្រម​ជាមួយ​នឹង​ចម្ងល់​ជុំវិញ​ការលេច​ឮដំណឹង​តារា​ចម្រៀង​ស្រី ​រៀបការ​ប្តី​អាណិក​ជន​អាមេរិក តែមិន​ដែលមាន​ឮដំណឹង​ចង់​វេចបង្វេច​ទៅ​រស់​នៅរួម​ខ្នើយ​នឹង​ប្តីនៅ​លើទឹក​ដីមហា​អំណាច​ អ្នកនាង ពេជ្រ សោភា មហាជន​លើកចម្ងល់​ថា​ហេតុអ្វី​បានជា ពេជ្រ សោភា ត្រូវដើរ​ចេញពី​ហង្ស​មាស? តើ​ព័ត៌មាន​នេះ អាច​ក្លាយជា​ការពិត​កម្រិត​ណា​ដែរ? នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ក៏មាន​អ្នកគាំទ្រ​ជាច្រើន​ ​បាន​សួរដេញ​ដោល និងខ្លះ​លើកទឹក​ចិត្ត​ ដោយ​ពួកគេ​ថា៖ «មាន​អារម្មណ៍​ថា​ចង់​យំ​ នៅពេល​ដែល​បងភា​និយាយ​បែប​នេះ។ បង​ទៅ​ណា?​សូមកុំ​ទៅ​ណា​ឆ្ងាយ​អីណា​ បងភា​កុំទៅ​ណា បង​ភាកុំ​ទៅ​ណាអី»។

ប៉ុន្តែ​ក៏មាន​អ្នក​គាំទ្រ​ខ្លះថា៖ «​ពេល​ខ្លះ​ការ​ចាក​ចេញ​របស់​គាត់ ​អាចមក​ពីគាត់​ហត់​នឿយ​នឹង​ពួករិះគន់​មួយ​ចំនួន​ ជំងឺបាក់​ទឹកចិត្ត​ក៏កើត​មាន ដូច​នេះ​រស់នៅ​ក្នុង​ជីវភាព​មួយ​សាមញ្ញ​ធម្មតា​ក៏ល្អដែ​រ! ប្រើ​ជីវិត​ដែល​នៅ​សេស​សល់រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ ទៅ​កន្លែង​មួយ​ដែល​ខ្លួនចង់​ទៅ​ ពេល​ទំនេរ​និពន្ធ​បទថ្មី​បង្ហោះ​ក្នុង​ហ្វេសប៊ុក និ​ងយូ​ធូប»។

បើ​ទោះ​ជាមាន​អ្នក​គាំទ្រ​ជាច្រើន បង្ហាញ​នូវ​ឆន្ទៈ​គាំទ្រ​និង​លើកទឹក​ចិត្ត​ មិន​ឲ្យ​បញ្ចប់​អាជីព​សិ​ល្បៈ​ទាំង​ប្រជា​ប្រិយ​ភាព​ក៏ស្ទុះ​ឡើង​ដល់​កំពូល​ក៏ដោយ​ នៅ​មិនឃើញ​មាន​តារា​ចម្រៀង​មាន​កំណើត​ពីទឹក​ដី​ខេត្តព្រៃវែង​ធ្លាប់​មានប្រវត្តិ​លក់​អំពៅ​សាង​ ឆ្លើយ​តប​ឡើយ​ ខណៈ​ដែល​តារា​ចម្រៀង​រូបនេះ ក៏​សរសេរ​ក្នុង​ហ្វេសប៊ុក​នាង​ជាមួយ​ការបង្ហោះ​រូបនាង​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ​កូនក្រុម កញ្ញា សាន ស្រីឡៃ៖ «ស្ងប់​ចិត្តខ្ញុំ​លែង​ត្រូវការ​អ្វីទៀត​ហើយ remember»។
sophea_4
យ៉ាងណា​នៅ​រសៀល​ម្សិល​មិញ​ តារា​ចម្រៀង​ពេជ្រ សោភា មិន​បាន​បញ្ជាក់​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ពីព័ត៌មាន​កំពុងល្បី​ថា នាងគ្រោង​នឹង​បញ្ចប់​អាជីព​នោះទេ ដោយ​នាង​ប្រាប់ខ្លី​ថា៖ «ឥឡូវ​នេះ​ខ្ញុំកំពុង​នៅក្នុង​ពេទ្យ​មិនអាច​និយាយ​បាន»។

នាង​បញ្ជាក់​​ថា៖ «ការ​ដែល​ខ្ញុំ​ចូល​ពេទ្យ​ក៏មិន​មាន​ជំងឺអី​ធ្ងន់ធ្ងរ​ដែរ ជាជំងឺ​ធម្មតា»។ប៉ុន្តែ​មុននេះ​អ្នក​នាង ពេជ្រ សោភា បានទទួល​ស្គាល់ថា​៖ «ខ្ញុំពិត​ជាបាន​សរសេរ នៅលើ​ហ្វេ​សប៊ុកថា ការងារ​របស់ខ្ញុំ​ត្រូវបាន​បញ្ចប់​ហើយ។ ប៉ុន្តែ​មិនមែន​មានន័យ​ថា ខ្ញុំ​ឈប់ពី​ហង្ស​មាស​ទេ ប្រសិនជា​ឈប់ គឺខ្ញុំ​ឈប់​ពីសិល្បៈ​តែម្តង!»។

ពី​បណ្តាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ បាន​លើកឡើង​ថា៖ «ខ្ញុំ​ដូចជា​មាន​អារម្មណ៍​ធុញថប់​ខ្លាំង​ណាស់ អំឡុង​មួយរយៈ​ពេល​ចុង​ក្រោយ​នេះ។ ម្យ៉ាង​បើសិន​ខ្ញុំឈប់​ពី​សិល្បៈ​មែន​នោះ គឺ​ចង់ទៅ​កន្លែង​ដែល​ឆ្ងាយ និង​មាន​ភាព​ស្ងប់ស្ងាត់ តែ​បញ្ហា​ដែល​សំខាន់ ពេល​នេះខ្ញុំ​មិនទាន់​គិតអ្វី​ច្រើន​ទេ គ្រាន់តែ​ចង់​ប្រាប់ថា ចាប់ពី​ខែ ៨ (សីហា) រហូតដល់​ដំណាច់​ឆ្នាំ ២០១៦ នេះ ប្រសិន​ជា​បាត់​មុខខ្ញុំ មិនឃើញ​ឡើង​ច្រៀង​លើឆាក​តន្ត្រី​នានា​នោះ​ទេ គឺបាន​ន័យ​ថា ខ្ញុំ​ឈប់​ពី​សិល្បៈ​តែម្តង!»។

តារា​ចម្រៀង​តស៊ូ​ក្រាញ​ននៀល​លើ​វិថី​សិល្បៈ​ជាង ១០ រូបនេះ​បញ្ជាក់​បន្ថែម​ថា៖ «ស្តាយ​នោះ​គឺខ្ញុំ​ពិតជា​ស្តាយ​ណាស់​ទៅហើយ តែ​ធ្វើម៉េច បើ​ពេលវេលា​ជា​អ្នកបង្ខំ​ខ្ញុំ។ ប៉ុន្តែ​ក៏​មិនទាន់​ប្រាកដ​ថា ខ្ញុំត្រូវ​ឈប់ ១០០ ភាគរយ​ដែរ តែ​អត្រានៃ​ការឈប់​នោះ គឺមាន​ភាគរយ​ច្រើន​ជាង​នៅ​បន្ត​សិល្បៈ»៕ប្រភព៖postkhmer


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។