ភ្នំពេញ: បើទោះ​ជាធ្លាប់​ត្រូវ​បាន​ស្រោច​នូវ​ការ​រិះគន់​ជុំទិស លើការ​តុបតែង​ខ្លួន​សិច​ស៊ី ដែល​បិទបាំង​តែ​ចំណុច​កេរ្តិ៍​ខ្មាស​ស្រ្តី​ និងត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​អញ្ជើញទៅ​ធ្វើការ​អប់រំ​ដល់ទី​ស្តីការ​ក្រសួង​ក្តី ក៏​គេនៅ​តែ​សង្កេត​ឃើញថា ភាព​សិចស៊ី​របស់​តារាស្រី​មាន​កំណើតពី​ទឹកដី​ព្រៃភ្នំ ព្រះវិហារ កញ្ញា​ ដេននី ក្វាន់ នៅតែមាន​ភាព​សិចស៊ី​ លើស​អស់​តារា​សិល្បការិនី​ស្រុក​ខ្មែរ​ដដែល។

នាង ដេននី ក្វាន់​ ដែល​ល្បី​រឿង​ស្លៀកពាក់​សិច​ស៊ី​ ចំណាយ​កេរ្តិ៍​ស្រ្តី​ ផ្អើល​អស់ភ្នែក​សាធារណ​ជននោះ នៅគ្រា​ចូល​ខ្លួនទៅ​ទទួល​ការ​ណែនាំ​ ពីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចំពោះ​មុខលោក​រដ្ឋលេខាធិការ​ ថៃ នរៈសត្យា ក៏មិន​ចៀសផុត​ឡើយពី​ការរិះគន់​​រឿង​សិច​ស៊ី។

ថ្ងៃនោះ​តែនាង​ត្រូវ​ទទួលការ​ណែនាំ​ពី​ទង្វើ​សិចស៊ី នាង​ក៏នៅ​ស្លៀកពាក់​អាវ​បែប​ចំហទ្រូង បញ្ចេញ​រន្ធ​ផ្ចិត​គ្រហូៗ នៅមុខ​មន្រ្តី​វប្បធម៌​ដដែល​។ មិនចាញ់​គ្រាមុន​ដែល​ធ្វើឲ្យ​ផ្ទុះ​ការ​រិះគន់​ខ្លាំង​ កាល​ស្លៀកពាក់​ថ្ងៃខួប​កំណើត​ប្អូនប្រុស​នាង ពីរ៉ូប​ស្បៃបិទ​បាំង​តែ​កេរ្តិ៍នោះ ឱកាស​ចូលរួម​ពិធី​ក្រុងពាលី​ថតរឿង​ «ផ្ទះ​ចិញ្ចឹម​ខ្មោច​» ដែល​នាងបាន​តំណែង​តួឯក​នោះ នាង ដេននី ក្វាន់​ ហាក់នៅ​គឃ្លើន​នឹង​ការណែ​នាំមុន​នោះ​​ដែរ ខណៈ​នាងពាក់​អាវខ្លី បញ្ចេញ​សាច់ដុំ​ដើម​ទ្រូង​ទាំង​ក្លែបៗ​ដ៏សិច​ស៊ី​ បញ្ចេញ​រន្ធ​ផ្ចិត​ដដែល។
dany_7
យ៉ាង​ណា ឱកាស​នោះ​នាង ដេននី ក្វាន់​ ដែល​សាទរ​នឹង​តំណែង​តួឯក​ដំបូង​លើវិថី​សិល្បៈ​ បានបង្ហាញ​ពីអារម្មណ៍​សប្បាយ​រីករាយ​ ដែលក្នុង​ចិត្តដូច​មិនបាន​គិត​ដល់​ការរិះគន់​គ្រាមុន​ពីរឿង​សិចស៊ី​រហូត​ត្រូវ​ក្រសួង​ហៅទៅ​ណែនាំ​នោះ​ឡើយ។

ព្រម​ជាមួយ​ការបណ្តោយ​ខ្លួន​ឲ្យ​ព័ត៌មាន​ថតរូប និងការ​បង្ហោះ​រូបក្នុង​ហ្វេសប៊ុក​ផ្សព្វផ្សាយ​ថា៖ «ថ្ងៃនេះ​មក​ក្រុងពាលី​ថតរឿង ខ្ញុំ​តួឯក​រឿង​ «ផ្ទះចិញ្ចឹម​ខ្មោច» របស់​ផលិតកម្ម Wonderfilm Cambodia នាងខ្ញុំ​រីករាយ​ណាស់​ដែលមាន​ឱកាស​សម្តែង​ក្នុង​រឿង​មួយ​នេះ និង​សង្ឃឹម​ថា​ មិត្តនៅ​តែបន្ត​ការគាំទ្រ​ចំពោះ Denny Kwan»។

តប នូវការ​បំផុសឲ្យ​មានការ​ចាប់​អារម្មណ៍​នោះ គេឃើញ​មាន​ អ្នកប្រើប្រាស់​ហ្វេស​ប៊ុក​ខ្លះបាន​សរសេរ​សរសើរ​នាង​ថា៖ «បើនាង​មាន​រូបរាង​មុខមាត់​ស្អាត​ព្រមទាំង​សិចស៊ី តើ​សម្តែង ជា​តួអង្គ​ខ្មោច​បានសម​ដែរឬទេ? ឬមួយ​ជា​តួ​ខ្មោច​សិច​ស៊ី? មាន​អ្នកខ្លះ​ក៏​ជឿថា​នាង​នឹង​សម្តែង​បានល្អ​ស័ក្តិសម​ជាក់​ជាពុំខាន ព្រោះនាង​មាន​សមត្ថភាព​ក្នុង​សិល្បៈ»។

ប៉ុន្តែក៏​មាន​ច្រើន​ដែរ​សរសេរបែប​ចំអកថា ៖​«ពិត​ជា​មិន​កែប្រែ​មែន ទាំងមាន​ការណែនាំ​ហើយ នៅតែមិន​ចាំទៀត ដូចគេ​ថាកុំពត់​ស្រឡៅ កុំប្រដៅ​មនុស្ស​ខូច​ នាងនៅ​តែ​មិនចោល ឡើយ​ភាពសិច​ស៊ី យកកេរ្តិ៍​ស្រ្តី​ឲ្យមាន​ភាព​ទាក់ទាញ​នេះ»។

ទន្ទឹម​នឹងនោះ​ក៏មាន​មតិលើក​ឡើង​ទៀតថា៖ «បើបាន​ឱកាស​សម្តែង​តួឯក​អ៊ីចឹង​ហើយ​ គួរណា​តែ​ព្យាយាម​សាងស្នាដៃ​សិល្បៈ​ឲ្យគេ​សរសើរ​ណាស់ បើខំ​ចំណាយ​កេរ្តិ៍ស្រ្តី​ខ្លួនឯង​នោះ​វាមិនល្បី​បាន​យូរទេ»។

យ៉ាង​ណាមិញ​តារា​សម្តែង​ស្រីមាន​ដើម​កំណើត នៅ​ទឹកដី​ខេត្តព្រះ​វិហារ វ័យ ២៣ ឆ្នាំ ដែលរស់​លើ​គំនរ​ទ្រព្យ​ស្តុកស្តម្ភ នាង ដេន​នី ក្វាន់ ​លើក​ឡើងថា៖ «ទោះបីជា​យ៉ាងណា ភាព​សិចស៊ី​ប្រហែល​ជាអាច​បន្ថយ​ខ្លះ តែបើឲ្យ​បោះបង់​ចោល​នោះ​ប្រហែល​ជាមិនអាច​ទេ! ព្រោះវា​ជានិស្ស័យ​តាំងពីក្មេង បើឲ្យ​កែប្រែ​និស្ស័យ​នេះក៏មិន​ងាយ​ធ្វើ​បានដែរ»។

តារា​ស្រី​ដែលល្បី​រឿង​អាស្រូវ​រូបភាព​សិចស៊ី​រូបនេះក៏​អះអាង​ដែរថា៖ «តែ​ក៏​មិនធ្វើ​ឲ្យ​ហួសហេតុ​ពេក​ដែរ ព្រោះថា​ខ្ញុំក៏ជា​កូន​ខ្មែរ​ នៅ​ស្រឡាញ់​វប្បធម៌​ខ្មែរ​ដែរ​តើ!»៕ប្រភព៖postkhmer


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។