ភ្នំពេញ: ភាព​ស្រគត់​ស្រគំ​ស្លៀក​ពាក់​ជិត​ដើម​ទ្រូង​ត្រូវបាន​គេ​សង្កេត​ឃើញថា កើត​មាន​ភ្លាមៗ​ពី​នាង កុល ដាវី​ ទន្ទឹម​នឹង​ជំនួប​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​តារា​ចម្រៀង​ សុខ រក្សា ហើយ​នាងក៏​ធ្លាប់​បានប្រាប់​ដល់សា​រ​ព័ត៌មាន​ដោយ​គ្មាន​ភាព​លាក់​លៀមថា ការធ្វើ​ខ្លួន​សិច​ស៊ី​ចំហ​លើខើច​ក្រោម មិនត្រូវ​បាន​ សុខ រក្សា ពេញ​ចិត្ត​នោះ​ទេ។ ប៉ុន្តែ​ថ្មីៗ​នេះ​បែរ​ជា​មាន​លេច​ចេញ​នូវ​រូបភាព​ដែល​នាងបោះ​បង់ចោល​រាប់ឆ្នាំ និងការ​សម្តែង​ឈុត​ស្នេហា​រោល​រាល នាំឲ្យ​មាន​ការងឿង​ឆ្ងល់​ថានាង​​ផ្គើន​បម្រាម សុខ រក្សា។

ទស្សនីយ​ភាព​សិចស៊ី​ចំហ​ទ្រូង​ចំណាយ​ភ្នែក​បុរស​ដែល​ធ្លាប់​បង្ក​ព្យុះ​ភ្លៀង​កក្រើក​ឆាកសិល្បៈ​នោះ បាន​ឃ្លាត​ឆ្ងាយពី​កាយ​តារា​សម្តែង​មាន​កំណើត​ពីទឹក​ដីខេត្ត​បន្ទាយ​មានជ័យ ដែល​វិវឌ្ឍ​ខ្លួនចេញ​ពី​នារី​បម្រើការ​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត​ នាង កុល ដាវី រយៈពេល​ចូល​ជិត​បួន​ឆ្នាំ​ហើយ ពោល​គឺក្រោយ​ពីនាង​បាន​សម្រេច​ភ្ជាប់​ចំណង​ស្នេហ៍​នឹង​តារា​ចម្រៀង​មាន​កំណើត​រួមខេត្ត​ លោក សុខ រក្សា ជាមួយ​សម្ដី​ពោល​ថា រូបនាង​ប្រហែល​ជាមិន​ស្រមៃ​ឱកាស​ស្លៀកពាក់​សិចស៊ី​ ដូចមុន​បាន​ទេ ព្រោះរូប​ភាព​ស៊ិចស៊ី​ជាស​ត្រូវ​នឹង​កែវ​ភ្នែក សុខ រក្សា។
Kol-Davy

ដូចគ្នា​នោះ​នៅ​រាល់​ជំនួប​ជាមួយ​អ្នក​ព័ត៌មាន​ នាង កុល ដាវី ក៏​បញ្ជាក់​ទៀត​ថា សុខ រក្សា ជាបុរស​ស្រឡាញ់​នាង​ស្មោះ។ ប៉ុន្តែក៏​ជាបុរស​ប្រចណ្ឌ​ច្រើន​ដែរ​ សូម្បីតែ​ការ​សម្តែង​មាន​ឈុត​ស្រើប​ស្រាល​បែប​ស្នេហា​រោលរាល ក៏​រក្សា មិន​ពេញ​ចិត្តការ​សម្តែង​បែប​នេះ​ដែរ ទើប​បាន​ជានាង​មិន​ទទួល​ការសម្តែង​បែប​នោះ។

យ៉ាងណា​លោក សុខ រក្សា ដែលឆក់​បេះ​ដូង​នាង កុល ដាវី ឲ្យ​ស្ងប់​លើបង្គង​ស្នេហ៍​ ដែលមុន​នោះនាង​ល្បីដូរ​ស្នេហ៍​ដូច​សំពត់​អាវនោះ លោក​ហាក់មិន​ទទួល​យកការ​លើក​ឡើង​ពីនាង កុល ដាវី ទេ ប៉ុន្តែលោក​ប្រាប់​ថា៖ «ធម្មតា​ទេ មនុស្ស​ដែល​យើង​ស្រឡាញ់​ ហើយ​ក៏ចង់​សាង​កិត្តិសព្ទ​គ្រួសារ​ឲ្យរស់ក្នុង​ភាពថ្លៃថ្នូរ​ដែរ ទើប​យើង​ក៏ចេះ​តែមាន​ការហាម​ប្រាម​ខ្លះៗ​អ៊ីចឹង​ហើយ»។

ប៉ុន្តែ​ដែល​ប្លែក​នោះ គឺបួន​ឆ្នាំនៃ​ជំនួប​ស្នេហា​កុល ដាវី និង សុខ រក្សា នាងមិន​ដែលមាន​លេច​ចេញ​នូវរូបភាព​សិចស៊ី​ថ្មី និងការ​សម្តែង​ឈុត​ឆាក​ស្នេហា​រោលរាល​នោះ​ឡើយ។ ដោយឡែក​បែរជា​ថ្មី​ៗ​លេច​ចេញរូប​សម្តែង​ឈុត​ឆាក​ស្នេហា​ស្រើបស្រាល​បែប​នោះ​ទៅវិញ។

ការ​សម្តែង​ស្រើប​ស្រាល​ដែល​មហាជន​ភ្ញាក់​ផ្អើល​លើការ​ប្រែប្រួល​របស់​នាង កុល ដាវី នោះ ក្នុងឈុត​ខារ៉ា​អូខេ​ថ្មីមួយ បទ​ «សង្សារ​ខ្ញុំចរិត​បាន» បង្ហាញពី​ភាព​សិចស៊ី​ការ​រាយមន្ត​ស្នេហ៍​ពីបុរស​ម្នាក់ ទៅ​បុរស​ម្នាក់ និងមានឈុត​ឆាក​រោលរាល នាំឲ្យ​មាន​ទស្សនៈ​ជាច្រើន​ឆ្ងល់ថា ម៉េច​បានជា កុល ដាវី សម្តែង​បែប​នេះ ទាំង​លោក សុខ រក្សា ក៏មិន​ពេញចិត្ត​អតីតកាល​នេះ ឬមួយ​គូស្នេហ៍​នេះ​មាន​បញ្ហា​អ្វីនឹង​គ្នា?

តប​នឹង​ការលើក​ឡើង​នោះ គូ​ស្នេហ៍​នេះ​មិនបាន​បរិយាយ​វែង​ឆ្ងាយ​ទេ ដែលគ្រាន់​តែអះអាង​ថា៖ «ពេលនេះ​គ្មានពេល​គិតរឿង​អ៊ីចឹង​ៗទេ ព្រោះជាប់​របរ​រកស៊ី​ក៏ច្រើន បើសូម្បី​តែពេល​គិតរឿង​រៀបការ​ក៏គ្មាន​ផង»។

នាង កុល ដាវី បញ្ជាក់​​ថា៖ «វា​គ្មានអ្វី​ប្លែក​ទេ វា​គ្រាន់​តែជាការ​សម្តែង មិនមែន​ជាការ​ពិត​។ ពួកយើង​នៅតែ​ស្រឡាញ់​គ្នាដូច​ដើម ទៅ​គិតអី​អារឿង​អ៊ីចឹងៗ​ទៀត​យើងជា​អ្នក​សិល្បៈ​ពេលខ្លះ​គាត់​ប្រចណ្ឌ​មែន តែមិន​មែន​ចេះតែ​ប្រចណ្ឌ​ដែរ គាត់​ក៏​ជាបុរស​មាន​ហេតុផល​ដែរ»៕ប្រភព៖postkhmer


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។