ភ្នំពេញ: ហាក់​ផ្ទុយ​ស្រឡះ​ បើ​សូម្បី​តែក្នុង​សាច់រឿង​កំប្លែង​ក៏ចាយ​ថែម​ពីកាយ​វិការ​ក្រមិច​ក្រមើម​ក្លែមចូល​នូវ​អត្ថន័យ​សរសើរ​ពី​ចក្ខុវិស័យ​គណបក្ស​ប្រជាជន ​តារា​កំប្លែង​នាយក្រឹម បែរជា​ធ្វើឲ្យ​មហាជន​ភ្ញាក់​ស្រឡាំង​កាំង​នឹង​រូបថត​ក្នុងបណ្តាញ​សង្គម​ហ្វេសប៊ុក រិះគន់​យ៉ាង​ចាស់ដៃ​លើ​គោលនយោ​បាយ​ដឹកនាំ​របស់​បក្ស​ដែលខ្លួន​ធ្លាប់តែ​សរសើរ​។

ប៉ុន្តែ​យ៉ាងណា​ តារាកំប្លែង​នាយ ក្រឹម ថា លោក​មិនខ្វល់​នឹង​រូបថត​កាត់ត​ភ្ជាប់សារ​រិះគន់​បក្ស​នោះ​ទេ។
neykrem
បន្ថែម​លើកិត្តិ​សព្ទមហា​សំណើច​ កំពូល​តារា​កំប្លែង​វ័យ​ជ្រេនៅ​រក្សា​ទីផ្សារ​ខ្ពស់ នាយ ក្រឹម​ ដែល​ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​មួយនគរ​ដឹង​​យ៉ង​ច្បាស់ថា លោក​ពាក់​ស័ក្តិ ៥ លើស្មា និងតែង​តែ​ចូលរួម​សកម្មភាព​ឃោសនា​បក្ស​រកសំឡេ​ង​ឆ្នោតនោះ ក៏ត្រូវបាន​គេដាក់​ងារឲ្យ​ផងដែរ​ថា​ ជា​តារា​កំប្លែង​គាំទ្រ​គណបក្ស​កាន់​អំណាច​ពេញ​ទំហឹង​ដើម្បីរក​បុណ្យ​ស័ក្តិ។​

បែរជា​ពេល​ថ្មីៗ​នេះ មហាជន​ ក៏ផ្ទុះ​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងទៅ​នឹង​រូបភាព​នៅ​ក្នុង​ហ្វេសប៊ុក ដែល​ធ្វើការ​រិះ​គន់​គណ​បក្សដែល​ខ្លួន​ធ្លាប់​សរសើរ​កប់ៗ​មាត់ ដូចមាន​គំនុំ​ប៉ុន​មហា​មេឃ។

គណនី​ហ្វេសប៊ុក​នាម​ខាង​ដើម​ជាអក្សថៃ និង​បង្ហោះ​ទៅ​កាន់​គណនី​ហ្វេសប៊ុក​សរសេរជា​អក្សរខ្មែរ (ពិភពស្រី​ស្អាត​) មាន​បង្ហោះ​រូប​នាយក្រឹម ពាក់​វ៉ែនតា​ខ្មៅ ម៉ូដសក់​កំប៉ោយ ធ្វើ​មុខពេប​ ដៃទាំង​ពីរចង្អុល​ឡូហ្គោ​គណបក្ស​ប្រជាជន​រូបទេវតា អម​​ឃ្លា​បរិយាយ​ជា​លំដាប់​លំដោយ​ថា៖ «ធ្វើឲ្យ​រាស្រ្ត​ល្ងង់ ដើម្បី​ងាយ​ស្រួល​បោក​។ ធ្វើ​ឲ្យ​រាស្រ្ត​ក្រីក្រ ដើម្បី​ចែក​អំណោយ។ ធ្វើ​ឲ្យរាស្រ្ត​ខ្លាច​ ដើម្បី​ងាយ​ស្រួល​នឹង​បំភ័យ។ មិន​ហ៊ាន​ដោះ​ស្រាយ​បញ្ហា​ជនអន្តោ​ប្រវេសន៍​ខុសច្បាប់។ បង្កើត​អំពើ​ពុក​រលួយ បក្ខពួក​និយម គ្រួសារ​និយម។ មិន​ប្រើអ្នក​មាន​សមត្ថភាព ប្រើ​តែអ្នក​ពូកែ​អែប​អប។ លក់​ទ្រព្យ​សម្បត្តិ​ជាតិ (ដី អគារ) ធនធាន​ធម្មជាតិ។ មាន​ទំនោរ​ទៅរក​កុម្មុយនីស្ត​ដូច​ជា ចិន និង​យួន​» ជាដើម។

ក្នុង​ហ្វេសប៊ុក​ក៏​សរសេរ​បន្ទរថា៖ «អា​ពូក្រឹម​ម្តង​នេះ​និយាយ​ត្រូវ»។ ឆ្លើយ​តប​នឹង​រូបថត​ភ្ជាប់អក្សរ​រិះគន់​នោះ នាយ ក្រឹម បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ខ្ញុំមិន​បាន​ដឹង​អ្វី​ដែល​កើត​ឡើងក្នុង​ហ្វេសប៊ុក​នោះ​ទេ។ ខ្ញុំ​មិន​ដឹងថា អ្នក​ណា​​គេធ្វើ​អីទេ។ ខ្ញុំមិន​បាន​លេង​ហ្វេសប៊ុក​ផង»។

នាយ​ក្រឹម​មាន​ឈ្មោះ​ពិត​ អ៊ូ ប៊ុណ្ណារ៉ាត់ បាន​ប្រាប់​ទៀត​ថា៖ «ខ្ញុំមិន​ដឹងជា​ថា​ម៉េច​ទេ បើខ្ញុំ​មិនបាន​ដឹងថា ក្នុង​ហ្វេសប៊ុក​គេ​យករូប​ខ្ញុំទៅ​កាត់ត​ថា ម៉េច ហើយ​ក៏មិន​គិតដែរ​រឿង​ហ្នឹង បើចង់​យក​ទៅធ្វើ​ម៉េច​ក៏ធ្វើទៅ»។

នាយ​ក្រឹមបាន​ បញ្ជាក់​ថា៖ «ខ្ញុំមិន​បាន​ទៅខ្វល់​រឿង​រូបថត​អ៊ីចឹងៗ​ទេ ចង់គេ​ថា​ម៉េច​ក៏​ថាទៅ​សំខាន់​ខ្ញុំ​ ក្រុម​ការងារ​ខ្ញុំដឹង​ថា ខ្ញុំជា​មនុស្ស​ប្រភេទ​ណា​ មិន​មែន​ជា​មនុស្ស​រមិលគុណ​នោះ​ខ្ញុំស្ងប់​ហើយ»៕ប្រភព៖postkhmer


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។