ភ្នំពេញ: សង្គ្រាម​សម្ដី​ផ្ដើម​ចេញ​ពីលុយ ៥០០ ដុល្លារ ឆ្លើយឆ្លង​ចុត​ហ្មាយ​ដៀម​ដាម​តាម​បណ្ដាញ​សង្គមរវាង​តារា​សម្តែង​ល្បី​មធ្យម​នាង កញ្ញា សួង សារ៉ានីត និង​អតីត​អ្នក​ចម្រៀង​ឡើង​ងារជា​ជំទាវ​ឈ្មោះ ​សន សូម៉ាឡែន បាន​វិវឌ្ឍ​ពីចំហាយ​ផ្សែ​ងធម្មតា​បង្កាត់​ជាអណ្តាត​ភ្លើង ខណៈ​ភាគី​សងខាង​ថា រឿងអាច​ឈាន​ដល់​​ប្រព័ន្ធ​តុលា​ការ។

តារា​សម្តែង​ល្បី​ឈ្មោះ​មធ្យម​នាង សួង សារ៉ានីត ដែល​អះអាង​ថា​ ស្ត្រីឈ្មោះ​ សន សូម៉ាឡែន ជំពាក់​លុយ​នាងចំនួន ៥០០ ដុល្លារ​ និងគេច​វេះ​មិនសង បាន​ធ្វើឲ្យ​ស្រ្តី​រូបនោះ​ខឹង​ច្រឡោត​ភ្លាមៗថា ខ្លួនមិន​ដែល​ស្គាល់​តារា​សម្ដែង​ស្រី​ សួង សារ៉ានីត ទេ។

ស្ត្រី​ឈ្មោះ សន សូម៉ាឡែន ដែល​គេស្គាល់​ថាជា​អតីត​តារា​ចម្រៀង​ឡើង​ងារជា​ជំទាវ​នោះ​ក៏បាន​ភ្ជាប់​នឹង​ពាក្យ​ចំអក​ នាង ​សួង សារ៉ានីត ថាជា​ស្រីលក់​ខ្លួន ហើយ​ប្រកាស​ប្តឹង​ចាប់នាង​ចូល​គុក​ផងដែរ។

ពេលនេះ​ សួង​ សារ៉ានីត ក៏​ទទូច​ថា៖ «បើ​នាងមិន​ទទួល​ស្គាល់​មាន​បំណុល​ខ្ញុំ តើនាង​ហ៊ាន​ទៅស្បថ​ទេ»។

តបនូវ​ការ​ទម្លាយ​ព័ត៌មាន​មហា​អាម៉ាស់ ស្រ្តី​ដែល​ល្បីថា មានងារ​ជាជំទាវ និង​មហាជន​ក៏​ឧស្សាហ៍​ឃើញ​ក្នុង​សកម្មភាព​មនុស្សធម៌​ឈ្មោះ​ សន សូម៉ាឡែន ជាគូ​ទំនាស់​ពាក្យ​សម្ដី​ក៏បាន​តបសារ​ទៅ​តារា​សម្ដែង សួង សារ៉ានីត វិញ​ភ្លាម ដែលសារ​នោះមិន​និយាយ​ពីរឿង​លុយ​ឬបំណុល​អ្វីនោះ​ទេ ប៉ុន្តែ​ស្រ្តីនោះ​​អះអាង​ នាងបាន​ដាក់​ពាក្យប្ដឹង​រួច​ហើយ។

ស្ត្រី​ឈ្មោះ សន សូម៉ាឡែន បានលើក​ឡើង​ថា៖ «ខ្ញុំនឹង​ទារ​សង​ជំងឺ​ចិត្ត​ឲ្យនាង​ស្គាល់​ខ្ញុំ​ម្ដង កុំយក​ពង​មាន់មកជល់​នឹង​ថ្ម ត្រឹម​តែជា​ស្រី​ដើរ​លក់ខ្លួន​ទេ​កុំចង់​លោត ពេល​ខ្លះបើ​មិន​កម្រើក​ខ្លះមិន​បាន​ទេ បើខ្លាំង​ខលមក​ខ្ញុំមក​ ខ្ញុំចាំ​លើក​គ្រប់​ពេល»។
saratnet
បើ​ទោះ​ជា​យ៉ាង​ណា តារា​សម្តែង សួង សារ៉ានីត ហាក់មិន​តក់ស្លុត​ចុះ​ញ៉មឡើយ​ ខណៈនាង​ក៏បាន​ចេញសារ​ទាំង​អស់​សំណើច​ បញ្ចើច​បង្ហោះ​ក្នុង​ហ្វេសប៊ុក​នាង ជាមួយ​ការបង្ហាញ​សំឡេង​សារ​ឆ្លងឆ្លើយ​នឹង​បុរសម្នាក់​ផ្សេងទៀត​ ធ្វើការ​បើក​កកាយ​ពីស្រ្តី​ សន សូម៉ាឡែន​ ជំពាក់លុយ​បុរស​នោះ​ដែរ។

ក្នុង​សារនោះ សួង សារ៉ានីត ក៏បង្ហើប​សម្ដី​ទាំងអស់​សំណើច​ខ្លួន​ឯងថា៖ «ជំពាក់​លុយ​គេ​ហើយ​ មិនព្រម​សង ពេល​គេទារ​ធ្វើ​ដូចគ្មាន​រឿង​អីអ៊ីចឹង នេះ​មនុស្ស​ថ្លៃថ្លូរ​ដើរ​ធ្វើបុណ្យ​ ចែក​អំណោយ»។

ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​ ភ្នំពេញ ប៉ុស្ដិ៍ ម្សិលមិញ តារាស្រី​មានកំណើត​ពី​ខេត្ត​កំពង់​ឆ្នាំង ផ្សារ​សាលាលេខ​ប្រាំ នាង សួង សារ៉ានីត អះអាង​ថា៖ «លុយ​ដែល​ស្រី្ត​ឈ្មោះ សន សូម៉ាឡែន​ ជំពាក់​នោះ​មិន​ច្រើនទេ តែចំនួន ៥០០ ដុល្លារ។ ប៉ុន្តែ​លុយ​ហ្នឹង​វាជំពាក់​យូរហើយ​ គឺតាំង​ពី​ឆ្នាំ ២០១២ នោះ »។

តារា​សម្ដែង​ស្រីរូប​នេះ​បញ្ជាក់​ថា៖ «បាន​ជា​រំលង​ពេល​វេលា​ច្រើនឆ្នាំហើយ​ ខ្ញុំទើបមក​ធ្វើ​ការបើក​កកាយ​ពេល​នេះ មកពី​មុននោះ​ក្រោយ​ពីគាត់​ខ្ចីលុយ​ខ្ញុំហើយ​ពួកយើង​ក៏​បែកគ្នា​មិន​ដែលបាន​ជួបគ្នា។ តែ​ពេលនោះ​ខ្ញុំខល​ទៅ​គាត់​ក៏មិនលើ​កទូរស័ព្ទ​ខ្ញុំ ហ្វេសប៊ុក​ លុបខ្ញុំ​ចេញ ខ្ញុំក៏​គិតថា លុយ​នេះ​ទំនង​ជា​គាត់​ក៏មិន​នឹក​សងដែរ។ តែ ៦ ខែមុន​នោះ ខ្ញុំ​ជួបគាត់​នៅ​ក្នុងរ៉ុក ក៏សួរគាត់​រឿងលុយ​ហ្នឹង បែរជា​គាត់ធ្វើ​មិនដឹង ដូចមិន​ជំពាក់​លុយ​អ៊ីចឹង»។

នាង​រៀបរាប់ទៀត​ថា៖ «ពេល​ឃើញ​គាត់​ធ្វើ​អ៊ីចឹង​ខ្ញុំ​ក៏បង្ហោះ​សារតាម​ហ្វេសប៊ុក បែរគាត់​បង្ហោះ​សារ​វិញថា ខ្ញុំបរិហារ​កេរ្តិ៍​គាត់ ថាខ្ញុំ​ស្រីខូច និង​ប្រកាស​ប្តឹង​ខ្ញុំ​ចូលគុក អីណា?»។

នាង​អះអាង​ថា៖ «បានសួរ​អ្នក​ច្បាប់អស់​ហើយ​ ត្រឹមរឿង​បរិហារ​កេរ្តិ៍គ្មាន​ណាទៅ​ដល់ជាប់​គុក ត្រឹម​បង់​លុយនោះ។ ខ្ញុំមិន​ទៅខ្លាច​បណ្តឹង​​នាងនោះទេ។ ខ្ញុំទទួល​ស្គាល់​ថា កាលគាត់​ខ្ចីលុយ​ខ្ញុំនោះ​គ្មាន​ក្រដាស​ស្នាម​មែន ព្រោះ​លុយ​ប៉ុណ្ណឹង អ្នក​ណាទៅ​គិត​ដល់​ថ្នាក់​ហ្នឹង តែពេល​នេះបើគាត់​ប្តឹង​ខ្ញុំក៏​មិនខ្លាច​ដែរ ខ្ញុំទទួល ហើយ​ខ្ញុំក៏ប្តឹង​គាត់​វិញ​ដែរ ដែល​ថាខ្ញុំ​ស្រីលក់​ខ្លួន ឲ្យគាត់​រកមក​មេខ្ញុំ​ណា? បើខ្ញុំលក់ខ្លួន​ក៏មាន​មេដែរ តែបើ​រក​មិន​ឃើញ​នោះ​ អ្នក​ឯងក៏​ត្រៀម​​ទទួល​បណ្តឹង​ខ្ញុំវិញ​ទៅ»។

តារា​សម្តែង​វ័យ ២៧​ ឆ្នាំរូបនេះ​ក៏បញ្ជាក់​ថា៖​ «បើ​គាត់ប​ដិសេធថា មិន​មាន​ជំពាក់​លុយ​ខ្ញុំទេ តើ​គាត់​ហ៊ាន​ទៅ​ស្បថ​នៅព្រះអង្គ​ដង​កើទេ? បើ​ហ៊ាន​ខ្ញុំស្វាគមន៍​ជានិច្ច​ ហើយ​ពេល​នោះបារមី​នឹង​ជួយ​តម្រង់​ឲ្យឃើញ​អ្នកត្រង់​អ្នកវៀច​ហើយ»៕ប្រភព៖postkhmer


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។