អស់រយៈពេលជាងពីរខែកន្លងមកហើយ ដែលអនុក្រឹត្យលេខៈ១៤៩ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការបោះពុម្ភសារព្រមានសុខភាពជាភាសាខ្មែរ​និង ជារូបភាព លើផលិតផលថ្នាំជក់បានចូលជាធរមាន ដែលតម្រូវអោយគ្រប់កញ្ចប់ផលិតផលថ្នាំជក់ ទាំងអស់ ត្រូវមានបោះពុម្ភសារសុខភាពថ្មី ទំហំ៥៥% ជាភាសាខ្មែរ​ និងរូបភាព។

screen-shot-2016-09-23-at-3-59-53-pm

តាមរយៈ អ្នកលក់រាយ និងអ្នកលក់ដុំធំៗ បានអោយដឹងថា ក្រុមហ៊ុនធំៗមួយចំនួនបានបង្កើនស្តុកចាស់យ៉ាងច្រើនសន្ធឹកសន្ធាប់​ ដើម្បីបន្តលក់ទៅអោយ អ្នកលក់ដុំ និងអ្នកលក់រាយ ដោយបំពានទាំងស្រុងលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចូលជាធរមានហើយនោះ ដូចដែលគាត់បានដឹងតាមការផ្សព្វផ្សាយកន្លងមក។
គួរកត់សំគាល់ថា ច្បាប់ស្តីពីត្រួតពិនិត្យផលិតផលថ្នាំជក់ និងអនុក្រឹត្យលេខៈ១៤៩ អនក្រ.បក របស់ រាជរដ្ឋាភិបាលបានចែងយ៉ាងច្បាស់ថា​ និតិបុគ្គលដែលរំលោភលើអនុក្រឹត្យនេះ នឹងត្រូវពិន័យជាប្រាក់រហូតដល់ចំនួន បួនលានរៀល និងអ្នកលក់ដុំ រាយនឹងត្រូវពិន័យជាប្រាក់រហូតដល់ ពីរលានរៀល ប្រសិនអ្នកទាំងនោះ​ បើធ្វើការចែកចាយ លក់ ផលិតផលថ្នាំជក់ដែលពុំមានបោះពុម្ភសារព្រមានសុខភាពជាភាសាខ្មែរ​ និងជារូបភាពនៅលើកញ្ចប់ផលិតផលថ្នាំជក់។
យើងមិនដឹងថាមូលហេតុអ្វី បានជាក្រុមហ៊ុនអន្តរជាតិធំៗទាំងនោះ នៅតែបន្តររំលោភអនុក្រឹត្យ របស់ រាជរដ្ឋាភិបាល រឺក៏ក្រុមហ៊ុនទាំងនោះយល់ថា វាមិនជាបញ្ហាអ្វីទេចំពោះការមិនអើពើនិងអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយ សម្តេច នាយករដ្ឋមន្រ្តី ដើម្បីជាផលប្រយោជន៍ក្រុមហ៊ុនរបស់គេនោះ។
ទន្ទឹមនិងនេះ យើងក៏សង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួនបាននិងកំពុងផ្គត់ផ្គង់បារីដែលមានសារព្រមានសុខភាពជាភាសាខ្មែរ​ និងជារូបភាពដែលតំរូវដោយច្បាប់ទៅទីផ្សាររួចរាល់ហើយ ខណៈពេលដែលក្រុមហ៊ុនធំៗមួយចំនួន​ បន្តព្រងើយកន្តើយនិងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចូលជាធរមានរួចហើយនោះ។
លោក ចន្ថា អ្នកលក់បារីម្នាក់ នៅក្រុងភ្នំពេញ មានប្រាប់ភ្នាក់ងារយើងអោយដឹងថា គាត់មានការភ័យក្លាច ចំពោះការទិញទុកនូវបារីកញ្ចប់ចាស់ ​គាត់អាចនឹងត្រូវទទួលការពិន័យនៅថ្ងៃណាមួយដោយសារ បារីដែលគាត់ទិញទុកលក់នោះ ជាបារីដែលបានហាមឃាត់ដោយច្បាប់​ ហើយគាត់មិនយល់ថា ហេតុអ្វីបានជាក្រុមហ៊ុនធំៗទាំងនោះនៅតែអាចបន្តលក់បារីកញ្ចប់ចាស់រហូតមកទល់ពេលនេះ (ខ្ញុំមិនចង់ប្រថុយប្រថានទេ) លោក ចន្ថាបន្ត។​


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។