លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែនត្រូវបានប្រកាស ទទួលគោរមងារជា(កិត្តិព្រឹទ្ធបណ្ឌិត) នៅក្នុងពិធីមួយដែលរៀបចំដោយស្ថាប័ន​រាជបណ្ឌិតសភាកម្ពុជា បន្ទាប់ពីព្រះមហាក្សត្រព្រះករុណព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាផ្តល់​ជូនកាលពីថ្ងៃទី ៣០មីនាឆ្នាំ២០១១ដើម្បីតបស្នងដល់លោកជំទាវ ក្នុងការបំពេញភារកិច្ចជួយដល់ ប្រជាពលរដ្ឋខ្មែរតាមរយ:កាកបាទក្រហម។

នៅក្នុងកម្មវិធីដែលធ្វើឡើង នៅឯវិមានសន្តិភាព នាព្រឹកនេះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា គោរមងារដែលលោកជំទាវបានទទួលនេះគឺជា កិត្តិយសសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ពិសេស ចំពោះស្រ្តីតែម្តង។

លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ ក្នុងពិធីប្រគល់គោរមងារ(កិត្តិព្រឹទ្ធបណ្ឌិត) ដែលប្រព្រឹត្តិទៅ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា៖ ជារួមដែលបានផ្តល់ជូន ខ្ញុំនាពេលនេះ មិនត្រឹមតែជាកិត្តិយសរបស់ខ្ញុំ និង ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសរបស់ ប្រជាជាតិខ្មែរយើងទាំងមូល ជាពិសេស ចំពោះ បងប្អូនស្រ្តីទាំងអស់ ពីព្រោះថា ការផ្តល់នូវគោរមងារនេះ មិនមែនធ្វើឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺជាការគិតគូរ ថ្លឹងថ្លែងយ៉ាងល្អិតល្អន់ ដែល បានផ្តើមចេញពីការទទួលស្គាល់នូវកិច្ចប្រឹងប្រែងរបស់ខ្ញុំ ក្នុងបុព្វហេតុបម្រើវិស័យមនុស្សធម៌ ដែល ជាស្នូលនៃកិច្ចការ ជាទីស្រឡាញ់បំផុតរបស់ខ្ញុំ។​

គួររំឮកថា លោកជំទាវប៊ុន រ៉ានីហ៊ុនសែន បានចូលរួមចលនាកងកម្លាំង តស៊ូរំដោះ ជាតិមាតុភូមិ តាំងពីវ័យ ១៦ ឆ្នាំគឺពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៩។ ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៨ រហូតដល់បច្ចុប្បន្នេះ លោកជំទាវត្រូវបានជ្រើសរើសជាប្រធានកាកបាទក្រហម កម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុត នៅកម្ពុជា៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។