ស្រ្តី​គ្រប់​រូប​រមែង​ចង់​អោយ​ខ្លួន​ឯង​មើល​ទៅ​លេច​ធ្លោ​ក្នុង​ខ្សែ​ភ្នែក​អ្នក​ដទៃ ​ជាពិសេស​បុរសៗ​។​ហេតុ​នេះ​ហើយ​ទើប​មុន​ពេល​ចេញ​ពីផ្ទះ​មិន​ថា​ជា​ទៅ​ធ្វើ​ការ​ងារ​ជា​ប្រក្រតី​ឬ​ទៅ​ចូល​រួម​ពិធី​ផ្សេងៗ​ រមែង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​តែង​កាយ​លំអ​ផ្ទៃមុខ​ជា​ធម្មតា​ ហើយ​ក៏​កម្រ​មាន​ស្រ្តី​ណា​ចេញ​ពី​គេហ​ដ្ឋាន​ដោយ​មិន​បាន​ឆ្លុះ​កញ្ចក់​ម្តង​ឬ​ពីរ​ដង​ណាស់​។​ទាំង​នេះ​ក៏​ដើម្បី​ភាព​ជឿ​ជាក់​មុន​នឹង​ចេញ​ទៅ​ប្រឈម​នឹង​បរិយា​កាស​ខាង​ក្រៅ​។​

​ដោយ​ហេតុ​ថា​ភាព​ទាក់​ទាញ​ជាអ្វី​ដែល​មនុស្ស​គ្រប់​ៗ​រូប​ចង់​បាន ​ជាពិសេស​សុភាព​នារី ​យើង​សូម​ណែ​នាំ​គន្លឹះ​សំខាន់​ៗ​សម្រាប់​លើក​កម្ពស់​សម្រស់​មួយ​កម្រិត​ថែម​ទៀត៖​

​១.ការ​តែង​ភ្នែកៈ​សម្រាប់​ពិធី​ជប់​លៀង​ពេល​យប់​ អ្នក​អាច​តែង​ភ្នែក​អោយ​មើល​ទៅ​ស្អាត​បាន​ប្រសិន​បើ​ចង់​អោយ​មាន​អារម្មណ៍​សប្បាយ​ និង​ពិសេស​សម្រាប់​ពេល​រាត្រី​អ្នក​អាច​ប្រើ​ប្រដាប់​លាប​ត្របក​ភ្នែក​លាប​ត្របក​ភ្នែក​អោយ​មើល​ទៅ​ក្រម៉ៅ​ឡើង​និង​ប្រើ​ម៉ាស្ការ៉ា​ពណ៌​មាស​បន្ថែម​ពីលើ​ទៀត​។​ក្រៅពី​នេះ​អ្នក​អាច​បន្ថែម​ភាព​ស្រស់​ស្អាត​របស់​ភ្នែក​ដោយ​ការ​ដាក់​រោម​ភ្នែក​ក្លែង​ក្លាយ​ដែល​ស្អាត​រលើប​រលោង​។

២.បបូរ​មាត់​ស្អាតៈ​អ្នក​អាច​ប្រើ​ខ្មៅ​ដៃ​គូ​បបូរ​មាត់​ គូ​ជុំវិញ​បបូរ​មាត់​មុន​នឹង​លាប​ក្រែម​ និង​លាប​ក្រែម​ប្រភេទ​រលើប​រលោង​ធ្វើ​អោយ​បបូរ​មាត់​ស្អាត​ភ្លឺ​រលើប​គួរ​អោយ​ចង់​នែប​និត្យ។​

៣.ក្រចក​ស្អាត​ស៊ិចស៊ីៈ​សម្រាប់​សុភាព​នារី​ដែល​ចេញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ផ្សេងៗ ​រមែង​ចូល​ចិត្ត​ធ្វើ​ក្រចក​អោយ​ស៊ិច​ស៊ី​។អ្នក​អាច​ចូល​ហាង​ធ្វើ​ក្រចក​ឬ​ធ្វើ​ក្រចក​ដោយ​ខ្លួន​ឯង​ក៏​បាន​ ដោយ​កាត់​និង​រូស​ក្រចក​អោយ​មាន​រូប​រាង​ស្អាត​ រួច​លាប​ទឹក​រលោង​ក្រោម​ក្រចក​មុន​នឹង​លាប​ថ្នាំ​ក្រចក​ពណ៌​ដែល​អ្នក​ចូល​ចិត្ត​ជា​ពិសេស​គឺពណ៌​ដែល​ត្រូវ​គ្នា​នឹង​សំលៀក​បំពាក់​និង​គ្រឿង​តែង​កាយ​របស់​អ្នក​។​

៤.បន្ថែម​ភាព​ភ្លឺ​ផ្លេក​ៈសម្រាប់​ពិធី​ជប់​លៀង​ពេល​យប់​ ប្រសិន​បើ​អ្នក​ចង់​អោយ​ទាក់​ភ្នែក​អ្នក​ដទៃ​ អ្នក​អាច​សាក​ល្បង​ប្រើ​ស្រកា​ពេជ្រ​ភ្លឺ​យក​មក​ដាក់​ត្រង់​ផ្នែក​ផ្សេងៗ​របស់​រាង​កាយ ​ដូច​ជា​ក្តោង​ច្រមុះ ​ក្រចក​ ស្មា​ ទ្រូង​ឬ​ទួល​សុដន់​នឹង​ធ្វើ​អោយ​អ្នក​មើល​ទៅ​ស្អាត​ប្លែក​ភ្នែក​ ជាពិសេស​ពេល​ចាំង​ភ្លើង​មាន​ភាព​ភ្លឺ​ផ្លេក​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពីអ្នក​ដទៃ។​

ប៉ុន្តែទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ដើម្បី​អោយ​ការ​តុប​តែង​មុខ​បាន​ស្អាត​រលើប​រលោង​ សុភាព​នារី​ទាំង​ឡាយ​គួរ​មាន​ស្បែក​មុខ​ម៉ត់​ខៃ​ផូរ​ផង់​ជានិច្ច៕


















បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។