ទឹក​គឺ​ជា​ធាតុ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សព៌ាង្គកាយ​របស់​មនុស្ស​គ្រប់​រូប​ ក្នុង​នោះ​ទឹក​មាន​ប្រមាណ​ ២/៣​ នៃ​ទម្ងន់​ខ្លួន​ទាំង​មូល។ ​វេជ្ជ​បណ្ឌិត​ជា​ច្រើន​បាន​ណែ​នាំ​អ្នក​ជំងឺ​ជារឿយៗ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​ជា​អតិ​បរមា​ដើម្បី​សម្រួល​សីតុណ្ហ​ភាព​ក្នុង​ខ្លួន​ និង​ជួយ​ការ​ពារ​ ក៏​ដូច​ជា​ព្យាបាល​ជំងឺ​ផ្សេងៗ។

នៅ​ក្នុង​អត្ថបទ​មួយ​របស់​លោក​ លីវ ​អាប៊ុន មាន​ចំណង​ជើង​ថា​ « ការ​បដិបត្តិ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ផាសុក​ភាព» ការ​ពិសា​ទឹក​ស្អាត​មាន​អានុភាព​អាច​ការពារ​ និង​ព្យាបាល​ជំងឺ​ស្ទើរ​តែ​គ្រប់​ប្រភេទ។

ទន្ទឹម​នឹង​នេះ​ដែរ​ បើ​តាម​វេជ្ជ​សាស្ត្រ​បង្ហាញ​ថា​ សាច់​ដុំ​មាន​ធាតុ​ទឹក​ ៧៥%​ ខួរ​ក្បាល​មាន​ធាតុ​ទឹក​៩០% ​ឆ្អឹង​មាន​ធាតុ​ទឹក​ ២២%​ និង​ឈាម​មាន​ធាតុ​ទឹក​ ៨៣%​។ ចំណែក​ឯ​តួ​នាទី​ទឹក​ក្នុង​រាង​កាយ​មនុស្ស​គឺ​ បញ្ជូន​អាហារូបត្ថម្ភ​ និង​អុកស៊ី​សែន​ទៅ​ឲ្យ​កោសិកា​ផ្សេងៗ​ បន្សើម​ក្នុង​សួត​ ជួយ​រំលាយ​អាហារ​ ការពារ​សរីរាង្គ​សំខាន់ៗ​​ ជួយសរីរាង្គ​ផ្សេងៗ​ឲ្យ​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​បាន​ល្អ​ រក្សា​លំនឹង​សីតុណ្ហ​ភាព​ក្នុង​រាង​កាយ​ បន្សាប​ជាតិ​ពុល​ផ្សេងៗ ​ជួយ​ការពារ​ និង​បន្សើម​សន្លាក់។

​លើស​ពី​នេះ​ទៅ​ទៀត​ ទឹក​អាច​ការ​ពារ​ និង​ព្យាបាល​ជំងឺដូច​ជា ​ឈឺ​ក្បាល​ ក្តៅ​សាច់​ រាគ​ ចុក​ឆ្អល់​ពោះ​ លើស​ឈាម​ ខ្វះ​ឈាម​ ខ្យល់​ចាប់​ ស្លាប់​ដៃ​ជើង​ ខ្លាញ់​ច្រើន​ ចុក​សរសៃ​ និង​ឆ្អឹង​ ហឹង​ត្រចៀក​ ញ័រ​បេះ​ដូង​ រសេះ​រសោះ​ដៃ​ជើង​ ក្អក​ ហឺត​ ទល់​លាមក​ ផ្តាសាយ ​បត់​ជើង​តូច​ញឹក​ញាប់​ពេល​យប់​ ​និង​វិល​មុខ​ងងឹត​មុខ​ជាដើម។

របៀប​ពិសា​ទឹក៖

ពេល​ក្រោក​ពី​ដំណេក​ភ្លាមៗ​មុន​លុប​មុខ​ ខ្ពុល​មាត់​ ងូត​ទឹក​ និង​ញ៉ាំ​អាហារ​ពេល​ព្រឹក​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​កន្លះ​លីត្រ​ រួច​ហាត់​ប្រាណ​ឲ្យ​បាន​២០ ​ទៅ​៣០​នាទី​ ហើយ​ផឹក​ទឹក​កន្លះ​លីត្រ​ទៀត។

ក្រោយ​ពី​ហាត់​ប្រាណ​រួច​ត្រូវ​អង្គុយ​ធ្វើ​សមាធិ​ឲ្យ​បាន​ប្រមាណ​១០​នាទី​ ដោយ​ពេន​ភ្នែន​យក​ជើង​ស្តាំ​ដាក់​លើ​ជើង​ឆ្វេង​ ដៃ​ស្តាំ​ដាក់​លើ​ដៃ​ឆ្វេង​ ដាក់​ខ្លួន​ឲ្យ​ត្រង់​ ហើយ​ដក​ដង្ហើម​ចេញ​ចូល​វែងៗ​ និង​ផ្ចង់​អារម្មណ៍​លើ​ចលនា​ដង្ហើម​ បន្ទាប់​មក​ត្រូវ​ផឹក​ទឹក​កន្លះ​លីត្រ​ទៀត។

លោក​អ្នក​គួរ​ពិសា​ទឹក​ស្អាត​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​ តាម​ដែល​អាច​ទៅ​រួច​ ឬយ៉ាង​ហោច​ណាស់​២​លីត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​​ប្រាស​ចាក​ពី​ជំងឺ​ដង្កាត់​នានា​៕ ដោយ​ មត​ សុមឿន


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។