រោគ​ពងបែក គឺជា​វិធីសាស្ត្រ​ម្យ៉ាង​របស់​រាង្គ​កាយ​ក្នុង​ការនិយាយ​ជំនួស​ថា​វា​ទទួល​ លែង​បាន​ហើយ​។ វា​កើត​ឡើង​ដើម្បី​ពន្យឺត​សកម្មភាព​របស់​អ្នក​និង​ធ្វើឱ្យ​រាង្គ​កាយរ​បស់​ អ្នក​ត្រៀម​លក្ខណៈ​សម្រាប់សក​ម្ម​ភាព​ផ្លូវកាយ​។
បើទោះបីជា​រូបមន្ត​ខាងក្រោម​ផ្តោតទៅលើ​តែ​ការព្យាបាល​ពងបែក​នៅ​ជើង ប៉ុន្តែ​ការណែនាំ​ជាច្រើន​អាច​ប្រើ​បាន​ជាមួយនឹង​ការព្យាបាល​ពងបែក​នៅ​ដៃ ឬ​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាង្គ​កាយរ​បស់​អ្នក​ដែល​ត្រូវ​និយាយ “​បន្ថយល្បឿន​”​។
ការព្យាបាល​ពងបែក
នេះ​គឺ​ជា​ការណែនាំ​របស់​អ្នកជំនាញ​ដើម្បីឱ្យ​អ្នក​ប្រឈមមុខ​នឹង​ភាព​មិន​ស្រណុក​នៅពេល​ពងបែក​កំពុងតែ​កើតមាន​លើ​អ្នក​៖
ធ្វើការ​សម្រេចចិត្ត​៖ នៅពេល​ដែល​អ្នក​កើត​ព​ង​បែក អ្នក​ត្រូវ​តែ​សម្រេចចិត្ត​ថា​អ្វី​ដែល​ល្អ​បំផុត​ដើម្បី​ព្យាបាល​វា​។ នោះ​គឺ តើ​អ្នក​គួរតែ​ការពារ​វា ហើយ​ទុកឱ្យ​វា​ជា​សះ​ដោយ​ខ្លួនឯង ឬ​អ្នក​គួរ​ចាក់​វា​ដើម្បី​បញ្ចេញ​សារធាតុ​រាវ​ពី​ក្នុង​ពងបែក​នោះ​?
វេជ្ជបណ្ឌិត Suzanne Tanner និយាយថា “​ខ្ញុំ​គិតថា​វា​អាស្រ័យ​ទៅលើ​ទំហំ​នៃ​ពងបែក​នោះ​។ អ្នក​ខ្លះ​ប្រហែលជា​ប្រាប់​អ្នក​ថា​មិនត្រូវ​ចាក់​វា​ទេ ព្រោះ​អ្នក​នឹង​មិន​មាន​ហានិភ័យ​ក្នុង​ការឆ្លង​មេរោគ​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​យល់ថា វា​មិន​សាក​សម​នោះ​ទេ​សម្រាប់​មនុស្ស​មួយចំនួន​”​។
អ្នក​ជំនាញ​របស់​យើង​និយាយថា អ្នក​គួរ​ចាក់​ទម្លុះ​ពងបែក​ដែល​ធំ និង​បង្ករ​ឱ្យ​មាន​ការឈឺចាប់ ក្នុង​ខណៈ​ដែល​មិន​ប៉ះពាល់​ពងបែក​ដែល​តូច​ហើយ​មិន​បង្ករ​ឱ្យ​មាន​ការឈឺចាប់​ ។ ម្យ៉ាងវិញទៀត ប្រសិនបើ​ពងបែក​នោះ​ជិត​នឹង​បែក​ដោយ​ខ្លួន​វា អ្នក​គួរតែ​ចាក់​មុន​ពេល​វា​បែក​ដោយ​ខ្លួនឯង ព្រោះ​ធ្វើ​បែប​នេះ​អ្នក​អាច​គ្រប់គ្រង​ពេលវេលា និង​របៀប​ដែល​ពងបែក​នោះ​ធ្លាយ​។
កាត់​ក្រណាត់​ក្រាស់​ម្យ៉ាង​ជា​រាង​នំ​ដូណាត់​៖ ប្រសិនបើ ​អ្នក​សម្រេចចិត្ត​ថា​មិន​ចាក់​ទម្លុះ​ពងបែក​នោះទេ វិធី​ម្យ៉ាង​ក្នុង​ការការពារ​វា​គឺ​កាត់​ក្រណាត់​ក្រាស់​ម្យ៉ាង (moleskin) ជា​រាង​នំ​ដូណាត់ (​រាង​មូល​មាន​ប្រហោង​កណ្តាល​) ហើយ​បិត​វា​នៅលើ​ពងបែក​នោះ​។ ក្រណាត់​នេះ​នឹង​ជួយ​ការពារ​ការប៉ះទង្គិច​ពី​សកម្មភាព​ប្រចាំថ្ងៃ​។ ឱ្យតែ​ស្បែក​របស់​អ្នក​ស្ងួត​និង​ស្អាត ក្រណាត់​នោះ​នឹង​នៅ​ជាប់​ស្អិត​នឹង​ស្បែក​រហូត​។
សម្លាប់​មេរោគ​៖ ប្រសិនបើ ​អ្នក​សម្រេចចិត្ត​ថា​ទម្លុះ​ពងបែក​នោះ ដំបូង​អ្នក​ត្រូវ​លាង​សម្អាត​ពងបែក​និង​ស្បែក​ជុំវិញ​នោះ ហើយ​ត្រូវ​សម្លាប់​មេរោគ​លើ​ឧបករណ៍​ដែល​អ្នក​ប្រើប្រាស់​ជា​មុន​សិន មិន​ថា​អ្នក​ប្រើ​ម្ជុល ឬ​ឡា​ម​នោះទេ​។ វេជ្ជបណ្ឌិត Nancy Lu Conrad និយាយថា “​ខ្ញុំ​ណែនាំ​ឱ្យ​ប្រើ​អាល់កុល​លាង​សម្អាត​ទាំង​ស្បែក និង​ឧបករណ៍ប្រើប្រាស់​”​។
គ្រូពេទ្យ​ដទៃទៀត​ណែនាំ​ឱ្យ​សម្លាប់​មេរោគ​លើ​ឧបករណ៍​ដោយ​ប្រើ​ភ្លើង​ជំនួស​ នឹង​ការប្រើ​អាល់​កុល​។ អ្នក​គ្រាន់តែ​យក​ម្ជុល​ឬ​ឡា​ម​ទៅ​រោល​ភ្លើង​រហូត​ដល់​វា​ឡើង​ពណ៌​ក្រហម​។ បន្ទាប់​មក​ទុក​វា​ឱ្យ​ត្រជាក់​មុន​នឹង​យក​វា​ទៅ​ប៉ះ​នឹង​ស្បែក​របស់​អ្នក​។ យុទ្ធសាស្ត្រ​ទាំង​ពីរ​នេះ​សុទ្ធតែ​អាច​សម្លាប់​មេរោគ​បាន​ដូចគ្នា​។
រក្សា​ស្បែក​គម្រប​៖ នៅពេល ​ដែល​អ្នក​ចាក់​ទម្លុះ​វា​រួចហើយ អ្នកជំនាញ​ណែនាំ​ឱ្យ​រក្សាទុក​នូវ​ស្បែក​ដែល​គ្រប​ពងបែក​នោះ​។ វេជ្ជបណ្ឌិត Richard Cowin និយាយថា “​ខ្ញុំ​គិតថា​កំហុស​ធំ​បំផុត​ដែល​មនុស្ស​ភាគច្រើន​ប្រព្រឹត្ត​នៅពេល​ ព្យាបាល​ពងបែក​ដោយ​ខ្លួនឯង​គឺ​ក្រោយពេល​ចាក់​ទម្លុះ​វា​ហើយ ពួកគេ​នឹង​ទាញ​ស្បែក​គ្រប​ពីលើ​នោះ​ចេញ​។ វា​គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​”​។ ចូរ​គិតថា​ស្បែក​នោះ​គឺជា​បង់​រុំ​របួស​ធម្មជាតិ​។
គាត់​និយាយ​បន្តថា “​ប្រសិនបើ​អ្នក​កាត់​ស្បែក​នោះ​ចេញ អ្នកនឹង​បន្សល់​នូវ​សាច់​ឆៅ​ពណ៌​ក្រហម និង​មាន​ការឈឺចាប់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទុក​វា វា​នឹង​ក្លាយទៅជា​រឹង​ហើយ​ជ្រុះ​ចេញ​មក​ដោយ​ខ្លួន​វា​។ ការ​ទុក​បែប​នេះ​អាច​កាត់បន្ថយ​ពេលវេលា​ជាសះស្បើយ​បាន​”​។
សាកល្បង​ថ្នាំ​អង់​ទី​ប៊ូ​យ៉ូ​ទិចស​ម្រាប់​សម្លាប់​មេរោគ​៖ ការសិក្សា​ស្រាវជ្រាវ​រកឃើញ​ថា ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​ដែ​ល​មាន​កម្រិត​គុណ​នឹង​បី (​ដូចជា Neosporin) អាច​បំបាត់​ការចំលង​បាក់តេរី​បាន​ក្រោយពេល​ប្រើ​វា​ពីរដង រីឯ​ថ្នាំ​ដូចជា iodine និង camphor-phenol អាច​នឹង​ពន្យា​រការ​ជាសះស្បើយ​។ វេជ្ជបណ្ឌិត Clare Starrett និយាយថា ថ្នាំ iodine និង camphor-phenol មានគុណ​ភាពខ្លាំង​ក្នុងការ​សម្លាប់​មេរោគ​និង​បាក់តេរី ដែល​នៅពេល​ដែល​ប្រើ​ក្នុង​កម្រិត​ច្រើន វា​អាច​នឹង​សម្លាប់​កោសិកា​ដែល​កំពុង​តែ​ព្យាយាម​ជាសះស្បើយ​។
ប្រើ​បង់​រុំ​របួស​ធម្មតា​៖ ក្រោយពេល ​ដែល​អ្នក​ចាក់​ទម្លុះ​និង​យក​សារធាតុ​រាវ​ចេញពី​វា​អស់​ហើយ អ្នក​ត្រូវ​តែ​រក្សា​ឱ្យ​ជិត​ល្អ​និង​ការពារ​វា​ក្នុងពេល​ដែល​វា​កំពុង​ ជាសះស្បើយ​។ បើ​ទោះបីជា​អ្នក​គិត​ថា​គ្រូពេទ្យ​នឹង​ប្រើ​ស្បៃ​រុំ​លើ​ពងបែក​របស់​អ្នក​ ក៏ដោយ ប៉ុន្តែ​អ្នក​ជំនាញ​របស់​យើង​ណែនាំ​វិធីសាស្ត្រ​ដែល​ងាយស្រួល​ជាង​នេះ​។
វេ​ជ្ជ​. Cowin និយាយថា “​ជម្រើស​ទី​មួយ​របស់​ខ្ញុំ​គឺ​បង់​ស្អិត​រុំ​របួស​ធម្មតា​”​។
ប៉ុន្តែ ស្បៃ​រុំ​ត្រូវបាន​ណែនាំ​ឱ្យ​ប្រើ​សម្រាប់​ពងបែក​ណា​ដែល​ធំ​ពេក ដែល​បង់​ស្អិត​រុំ​របួស​ធម្មតា​មិន​អាច​បិត​ជិត​។ ហើយ​ហាម​មិន​ឱ្យ​ត្រូវ​ទឹក​។
ប្រើ​គម្រប​ការពារ​៖ ប្រសិនបើ ​អ្នក​ព្យាបាល​ពងបែក​របស់​អ្នក​និង​គ្រប​វា​បាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​មិនអាច​រង់ចាំ​ឱ្យ​វា​ជា​សះស្បើយ​បានល្អ​មុននឹង​វិល​ត្រលប់​ ទៅកាន់​ជីវិត​រស់នៅ​ពី​មុន​របស់​អ្នក​វិញ នោះ​អ្នក​ត្រូវ​តែ​ស្គាល់​គម្រប​ការពារ Spenco’s Second Skin ដែល​ជា​អេ​ប៉ុង​ជួយ​ការពារ​ពងបែក​។
វេ​ជ្ជ​. Conrad និយាយថា “​វា​គឺជា​ផលិតផល​ល្អ​មួយ ប៉ុន្តែ​ចូរ​ដឹងថា កីឡាករ​មួយចំនួន​លាប​ប្រេង petroleum jelly ទៅលើ​ពងបែក​មុន​នឹង​បិត​អេ​ប៉ុ​ង Second Skin ពីលើ​”​។
ផ្តល់​ខ្យល់​ខ្លះ​ដល់​វា​៖ គ្រូពេទ្យ​ជាច្រើន​ណែនាំ​ឱ្យ​ដោះ​គម្រប​ចេញពី​ពងបែក​ជា​រៀងរាល់​យប់​ដើម្បី​ ឱ្យ​ពងបែក​អាច​ត្រូវ​ខ្យល់​ខ្លះ​។ វេ​ជ្ជ​. Cowin និយាយថា “​ខ្យល់ និង​ទឹក គឺជា​សារធាតុ​ដ៏​ល្អ​សម្រាប់​ការ​ជាសះស្បើយ ដូច្នេះ​ការ​ជ្រលក់​វា​ក្នុង​ទឹក​ហើយ​ទុក​វា​ឱ្យ​ត្រូវ​ខ្យល់​នៅពេល​យប់​គឺ​ មាន​ប្រយោជន៍​ក្នុង​ការ​ជាសះស្បើយ​”​។
ប្តូរ​គម្រប​ដែល​សើ​ម​៖ បើ​ទោះបីជា​គ្រូពេទ្យ​មួយចំនួន​និយាយ​ថា​អ្នក​អាច​ទុក​គម្រប​នោះ​ក្នុង​ រយៈពេល​ពីរ​ថ្ងៃ​ដោយ​គ្មាន​ការព្រួយបារម្ភ​ក៏ដោយ ប៉ុន្តែ​ពួកគាត់​សុទ្ធ​តែ​យល់​ស្រប​ថា ប្រសិនបើ​វា​សើម​មិន​ថា​ដោយ​មូលហេតុ​អ្វី​នោះ​ទេ អ្នក​ត្រូវ​តែ​ប្តូរ​ថ្មី​។ នោះ​មានន័យ​ថា អ្នក​ត្រូវ​តែ​ប្តូរ​វា​ញឹកញាប់ ប្រសិនបើ​ជើង​របស់​អ្នក​បែកញើស​ច្រើន ឬ​ប្រសិនបើ​អ្នកធ្វើ​សកម្មភាព​ណាមួយ​ដែល​បង្ករ​ឱ្យ​អ្នក​បែកញើស​ហើយ​សើម​ គម្រប​នោះ​។
វិធី​បង្ការ​ពងបែក
ការបង្ការ​តែងតែ​ជា​ជម្រើស​ល្អ​បំផុត ដូច្នេះ​ហើយ​នេះ​គឺជា​អ្វី​ដែល​អ្នកជំនាញ​ណែនាំ​ដើម្បី​ការពារ​មិន​ឱ្យ​ពងបែក​កើតមាន​៖
សាកល្បង​ប្រើ​ទ្រនាប់​កែងជើង​៖ ពងបែក​ដែល​កើតឡើង​នៅ​ផ្នែក​ខាងក្រោយ​នៃ​ជើង​ច្រើនតែ​ជា​លទ្ធផល​ពី​ផ្នែក​កែង ​ស្បែកជើង​ប៉ះ​ផ្នែក​ខាងក្រោយ​នៃ​កែង​ខុស​កន្លែង​។ វេ​ជ្ជ​. Cowin និយាយថា “​ដំណោះស្រាយ​គឺ ការដាក់​ទ្រនាប់​កែងជើង​នៅ​គែម​ខាងក្រោយ​នៃ​ស្បែកជើង​”​។
ពាក់​ស្រោមជើង​៖ ជាទូទៅ អ្នក​គួរ​ជៀសវាង​ម៉ូត​ណា​ដែល​មិន​ប្រើ​ស្រោម​ជើង​។ វេ​ជ្ជ​. Cowin និយាយថា “​អ្នក​ដែល​ប្រើ​ស្បែកជើង​ម៉ូត​នេះ ច្រើន​តែ​ឡើង​ពងបែក​នៅ​ជើង​ផ្នែក​ខាងក្រោយ​គ្រប់ពេល​”​។ គាត់​ណែនាំ​ថា អ្នក​ដែល​ចង់​ប្រើ​ស្បែកជើង​ប្រភេទ​នេះ​ហើយ​មិន​ចង់​ទទួល​ការឈឺចាប់​ដែល​ជា​ លទ្ធផល​នៃ​ការប្រើ​វា គួរតែ​ប្រើ​ស្រោមជើង​ប្រភេទ​ម្យ៉ាង​ដែល​គ្រប​តែ​ប្រអប់ជើង​តែប៉ុណ្ណោះ​។
ប្រើ​ម្សៅ​៖ វេ​ជ្ជ​. Conrad និយាយថា “​ម្សៅ​គួរតែ​ជា​មិត្ត​របស់​មនុស្ស​គ្រប់គ្នា​។ ចូរ​បង្កើត​ទម្លាប់​ប្រើ​ម្សៅ​លើ​ជើង​របស់​អ្នក​ជា​រៀងរាល់ថ្ងៃ​”​។
វេ​ជ្ជ​. Cowin និយាយថា “​នៅពេលដែល​មនុស្ស​យើង​ជួបប្រទះ​នឹង​ករណី​ដែល​ប្រើ​ស្បែកជើង​ដែល​ត្រូវ​ជើង​ ហើយ ប៉ុន្តែ​នៅតែ​មាន​ពងបែក ខ្ញុំ​នឹង​ផ្តល់​ការណែនាំ​ដ៏​សាមញ្ញ​ដល់​គេ​គឺ​ដោយ​ការប្រើ​ម្សៅ​កូនក្មេង​ យកទៅ​លាប​លើ​ជើង​របស់​ពួកគេ​មុន​នឹង​ពាក់​ស្រោម​ជើង​។ វា​នឹង​ជួយ​ឱ្យ​ស្រោមជើង​រំកិល​បានល្អ​ជាង​មុន និង​ការពារ​មិន​ឱ្យ​កើត​ពងបែក​”​។
ប្រើ petroleum jelly ដើម្បី​ការពារ​៖ ប្រសិនបើ ​អ្នក​គ្រោង​នឹង​ដើរ រត់ លេង​កីឡា ឬ​អ្វី​ក៏ដោយ​ក្នុង​រយៈពេល​យូរ វិធី​ម្យ៉ាង​ដើម្បី​ការពារ​ពងបែក​ជើង​នៅពេល​ប្រើ​ស្បែកជើង​ថ្មី​គឺ លាប​តំបន់​ដែល​ងាយ​នឹង​ឡើង​ពងបែក​ជាមួយនឹង petroleum jelly​។ វេ​ជ្ជ​. Conrad និយាយថា “​វា​នឹង​ជួយ​កាត់បន្ថយ​ការ​កកិត​”​។
វេជ្ជបណ្ឌិត Joseph Ellis និយាយថា ប្រេង A&D (​ជាទូទៅ​ប្រើ​សម្រាប់​ការពារ​ការ​រោល​កន្ទប​កូនក្មេង​) មាន​ជាតិ​រំអិល​ក្រាស់​ជាង petroleum jelly​។ គាត់​និយាយ​ថា “​ជាតិ​រំអិល​កាន់តែ​ក្រាស់​កាន់តែ​ល្អ​”​។
សាកល្បង​ស្រោមជើង​ថ្មី​សម្រាប់​ស្បែកជើង​ថ្មី​៖ វេ​ជ្ជ​. Ellis និយាយថា “​ប្រសិនបើ​អ្នក​ទិញ​ស្បែកជើង​ថ្មី ហើយ​វា​បង្ករ​ឱ្យមាន​ពងបែក អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដំបូង​បំផុត​គឺ​ប្តូរ​ស្រោមជើង​ថ្មី​។ ខ្ញុំ​ណែនាំ​ឱ្យ​ប្រើ​ស្រោមជើង​ផលិត​ពី acrylic (​មាន​លក់​នៅ​តាម​ហាង​សំភារៈ​កីឡា​) ព្រោះ​វា​ផលិតឡើង​ជា​ច្រើន​ស្រទាប់ ដែល​ច្នៃ​ឡើង​សម្រាប់​ការពារ​ការ​កកិត​”​។
យកចិត្តទុកដាក់​លើ​ជើង​និង​បាតជើង​៖ អ្នក ​ជំនាញ​របស់​យើង​យល់​ស្រប​ថា ផលិតផល​របស់​ម៉ាក Spenco ភាគច្រើន​សុទ្ធតែ​ល្អ​សម្រាប់​បង្ការ​ពងបែក​ជើង​។ មួយ​ក្នុងចំណោម​ផលិតផល​ល្អ​បំផុត​គឺ​ឧបករណ៍​ម្យ៉ាង​សម្រាប់​បាតជើង​ដែល​មានព ​ពុះ​ក្នុង​នី​ត្រូ​ហ្សែ​ន​។ វេ​ជ្ជ​. Cowin និយាយថា “​វា​បន្ថែម​ទ្រនាប់​ខ្លះ​ទៅ​ក្រោម​បាត​ជើង និង​ជួយ​ឱ្យ​មាន​ការ​រំកិល​បានល្អ​ជាង​មុន ជំនួស​នឹង​ការ​នៅជាប់​មួយកន្លែង​និង​បង្ករ​ឱ្យមាន​ពងបែក​”​។
ពេល​ដែល​ត្រូវ​រក​គ្រូពេទ្យ​៖ វេ​ជ្ជ​. Conrad និយាយថា “​ចូរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ភ្លាម​នៅ​ពេល​ដែល​អ្នកឃើញ​មាន​សញ្ញា​ដំបូង​នៃ​ការឆ្លង​មេរោគ​”​។
វេ​ជ្ជ​. Starrett និយាយ​បន្ថែម​ថា “​របួស​ភាគច្រើន​មិន​ថា​វា​ជារ​បួស​អ្វី​នោះទេ គួរតែ​ជា​សះស្បើយ​បន្តិច​ម្តងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ហើយ​ការ​កើត​ពងបែក​ក៏​ដូច្នោះ​ដែរ​។ ហើយ​សញ្ញា​នៃ​ការឆ្លង​មេរោគ​មានដូចជា ឡើង​ក្រហម ហើម ក្តៅ និង​ការកើនឡើង​នៃ​ការឈឺចាប់​”​។
“​ពងបែក​មួយ​ដែល​ប្រាកដ​ថា​មាន​ឆ្លង​មេរោគ​គឺ​បង្ហាញ​ឱ្យឃើញថា​សារធាតុ​រាវ​ ដែល​ហូរ​ចេញពី​ពងបែក​នោះ​មិន​ថ្លា​ដូច​ទឹក ឬ​វា​មាន​ក្លិន​មិនល្អ​។ វា​គឺជា​ពេល​ដែល​អ្នក​ត្រូវ​ឱ្យ​គ្រូពេទ្យ​ជួយ​ហើយ​”​។

គេហទំព័រសុខភាព


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។