សវនាការ​បឋម​លើ​សំណុំរឿង​០០២ រយៈពេល ៤ ថ្ងៃ បានបិ​ទបញ្ចប់ជាស្ថាពរ​ហើយ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ។ មុន​ពេល​បិទ​បញ្ចប់​សវនាការលើអតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម លោក ខៀវ សំផន បាន​ប្រកាស​ជា​លើក​ដំបូង​ថា លោក​នឹង​ចូលរួម សហការ​ជាមួយ​តុលាការ​ឲ្យអស់​ពី​ចិត្ត​ពី​ថ្លើម ដើម្បី​ស្វែងរក​ការពិត ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​​ហើយ លោក ខៀវ សំផន ក៏​បាន​ស្នើ​បន្ថែម​សាក្សី ការពារ​រូបលោក​ផង​ដែរ។

បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ៤ ថ្ងៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សវនាការ​បឋម​លើ​សំណុំរឿង​០០២ ដែល​មាន​ជន​ជាប់​ចោទ នួន​ជា -ខៀវ​សំផន -អៀង​សារី និង​អៀង​ធីរិទ្ធ បានចូលថ្ងៃ​ចុងក្រោយ​ តែ​បើក​ធ្វើ​ជា​អសាធារណៈ​មួយ​រយៈ។ លើសនេះទៀត អង្គ​សវនាការចុងក្រោយ ផ្តោតសំខាន់​​លើ​ឈ្មោះ​សាក្សី អ្នក​ជំនាញ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី ដែល​ត្រូវ​ទុក​ជា​អាថ៌កំបាំង ​នូវ​អត្តសញ្ញាណ​អ្នក​ទាំងនោះ។

ក្រោយ​ពី​ បិទ​បញ្ចប់​សវនាការភ្លាម ភាគី​សហ​ព្រះរាជអាជ្ញា និង​ភាគី​សហ​មេធាវី​ ការពារ​ជន​ត្រូវ​ចោទ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដោយ​ចាត់ទុកថា ​ដំណើរការ​សវនាការ​បឋម រយៈពេល ៤ ថ្ងៃ​នេះ ប្រកបដោយ ភាពជោគជ័យ និង​គ្មាន​ការ​រាំង​ស្ទះ​អ្វី​ឡើយ។


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។