ការ​គេង​គឺ​ជា​វិធី​សម្រាក​យក​កម្លាំង​ ដោយ​បញ្ចប់​សកម្ម​ភាព​រវល់​គិត​នៃ​ខួរ​ក្បាល​ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ប្រឈម​នឹង​ការ​គេង​មិន​លក់​ ឬ​មាន​ជំងឺ​គេង​យប់​មិន​បាន​។ បញ្ហា​គេង​មិន​លក់​ភាគ​ច្រើន​កើត​មាន​ឡើង​ចំពោះ​មនុស្ស​មាន​វ័យ​ពាក់​កណ្ដាល​នៃ​អាយុ​ឡើង​ទៅ ​ឬ​ពេល​ខ្លះ​ក៏​កើត​មាន​ចំពោះ​មនុស្ស​វ័យ​ក្មេង​ដែរ​ ប្រសិន​បើ​មនុស្ស​នោះ​មាន​ជំងឺ​ប្រចាំ​កាយ​។

​ចំពោះ​មនុស្ស​វ័យ​កណ្តាល​ ការ​គេង​មិន​លក់​គឺ​ច្រើន​តែ​បណ្ដាល​មក​ពី​ការ​គិត​ច្រើន​ ក្តី​ទុក្ខ​កង្វល់​ការ​ភ័យ​ខ្លាច​ ភាព​នឿយ​ហត់​ ឬ​គំនិត​រវើរ​វាយ​។ ​មិន​ថា​អ្នក​ស្ថិត​ក្នុង​វ័យ​ណា​ទេ ​ប្រសិន​បើ​អ្នក​ជួប​ប្រទះ​បញ្ហា​នេះ​ចូរ​សាក​ល្បង​អនុវត្ត​តាម​ដំបូន្មាន​ដែល​គេហ​ទំព័រ​ www.to-done.com ​បាន​ណែនាំ​ដូច​ខាង​ក្រោម​៖

១.​កុំ​មើល​ទូរទស្សន៍ ​ឬ​កុំព្យូទ័រ​មុន​គេងៈ ​អ្នក​មិន​គួរ​មើល​ទូរទស្សន៍​ ឬ​កុំព្យូទ័រ​មុន​ពេល​គេង​យ៉ាង​ហោច​ណាស់​៣០​នាទី ​ជាពិសេស​គឺ​រៀង​រាល់​ថ្ងៃ​មិន​គួរ​ទស្សនា​ទូរទស្សន៍​ ឬ​សំឡឹង​កុំព្យូទ័រ​ច្រើន​ពេក​ទេ។​ ពន្លឺ​ចេញ​ពី​កញ្ចក់​កុំព្យូទ័រ​ ឬ​ទូរទស្សន៍​ មាន​អាំងតង់ស៊ីតេ​ដូច​គ្នា​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ដែរ​ ដែល​នាំ​ឲ្យ​កែវ​ភ្នែក​ចាំង​ដិត​ជាប់​រំខាន​ខួរ​ក្បាល​។

២.​ពិសា​ទឹក​ដោះ​គោៈ ​ក្នុង​ទឹក​ដោះ​គោ​មាន​អាមីណូ​អាស៊ីត​ ដែល​ហៅថា​Tryptophan ​ដែល​ជួយ​បង្កើន​កម្រិត​នៃ​សេរ៉ូតូនីន ​/ និង​មេឡាតូនីន​ (ធ្វើ​ឲ្យ​រីករាយ​/ និង​ការពារ​ពន្លឺ)​ ក្នុង​ខួរ​ក្បាល​ដើម្បី​ពន្យឺត​សកម្មភាព​ខួរ​ក្បាល​។

៣.​ឆាប់​ចូល​គេង​នៅ​ពេល​នឿយ​ហត់ៈ ​អ្នក​គួរ​តែ​រួសរាន់​ចូល​គេង​នៅ​ពេល​នឿយ​ហត់​អស់​កម្លាំង​ ឬ​មាន​អារម្មណ៍​ងងុយ​គេង​ ឬ​បើ​មិន​ទាន់​អស់​កម្លាំង​ងងុយ​គេង​ទេ ​អ្នក​គួរ​ធ្វើ​អ្វី​មួយ​ឲ្យ​ឆាប់​ងងុយ ​ដូចជា​ អាន​សៀវភៅ​ជា​ដើម​។

៤.​រៀបចំ​គ្រែ​គេង​ឲ្យ​ល្អៈ​ អ្នក​គួរតែ​រៀបចំ​កន្លែង​គេង​ឲ្យ​មាន​របៀប​ល្អ​ ជៀសវាង​របស់​របរ​នៅ​រប៉ាត់​រប៉ាយ​ រញ៉េ​រញ៉ៃ ​ឬ​មាន​ក្លិន​ឆ្អេះ​ស្អុយ​មិន​ស្អាត​ ជាពិសេស​គឺ​បើ​ត្រូវ​មាន​សិច​ គួរ​លៃលក​ឲ្យ​ហើយ​ស្រេច​កុំ​ឲ្យ​រំខាន​ដល់​ដំណេក​។

៥.​ធ្វើ​សមាធិៈ ​អ្នក​គួរ​រៀន​ធ្វើ​សមាធិ​អប់រំ​ចិត្ត​ រម្ងាប់​អារម្មណ៍​រាយមាយ​គិត​ច្រើន​ ប៉ុន្តែ​មិន​ចាំបាច់​ពេន​ភ្នែន​ ឬ​សូត្រ​ធម៌​អី​នោះ​ទេ​ គឺ​គ្រាន់តែ​ប្រមូល​អារម្មណ៍​ឲ្យ​មូល ​និង​ដក​ដង្ហើម​វែងៗ​ នោះ​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ស្រួល​។

៦.​ហាត់​ប្រាណ​ពេល​ថ្ងៃៈ ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ព្រឹក​ល្ងាច​ នឹង​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​មាំមួន​ប្រាស​ចាក​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​។ ការ​ហាត់​ប្រាណ​នឹង​ជួយ​បញ្ចេញ​សារ​ធាតុ​ពុល​ទាំងឡាយ​ពី​ក្នុង​រាងកាយ​ ជាពិសេស​គឺ​ជួយ​ឲ្យ​សាច់​ដុំ​ធ្វើ​ចលនា​ហាប់ណែន​បាន​ល្អ​ និង​នឿយ​ហត់​ឆាប់​គេង​លក់​នៅ​ពេល​យប់​។

វិធី​ទាំង​៦​យ៉ាង​ខាង​លើ​នេះ ​ពិត​ជា​មាន​សារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​លោក​អ្នក​ ដែល​មាន​បញ្ហា​ទទួល​ទាន​ដំណេក​មិន​លក់​ស្កប់​ស្កល់​ក្នុង​ពេល​យប់​។ ប្រសិន​បើ​លោក​អ្នក​ស្រឡាញ់​សុខភាព​ខ្លួន​ឯង​ ហើយ​ចង់​ទទួល​ទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់​ ចូរ​សាក​ល្បង​អនុវត្ត​តាម​វិធី​ខាង​លើ​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​គាប់​ចិត្ត​ជាក់​ជា​មិន​ខាន​ឡើយ​៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។