យើង​ធ្លាប់​តែ​ដឹង​ត្រឹម​ថា ​ការ​ញញឹម​ គឺ​ជា​សោភ័ណ​នៃ​សម្រស់​លើក​កំពស់​លម្អ​របស់​យើង​គ្រប់​គ្នា​ ប៉ុន្តែ​យើង​មិន​បាន​ដឹង​ថា​វា​មាន​ប្រយោជន៍​ដូច​ម្តេច​ចំពោះ​សុខភាព​នោះ​ទេ។ ​ថ្មីៗ​នេះ​របប​គំហើញ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​វេជ្ជ​បណ្ឌិត​ និង​ចិត្ត​វិទូ​ជា​ច្រើន​ថា​ការ​ញញឹម​ គឺ​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដូច្នេះ៖​

១.​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយៈ ​ការ​ញញឹម​ដ៏​រីករាយ​នឹង​នាំ​មក​នូវ​អារម្មណ៍​ស្រស់​ថ្លា​ប្រសើរ។​ អ្នក​អាច​សាក​ល្បង​ញញឹម​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​១​នាទី​(ទោះ​ញញឹម​មិន​ពិត)​ អ្នក​នឹង​ដឹង​ថា​មាន​ភាព​ប្រសើរ​យ៉ាង​ណា​ក្នុង​ចិត្ត។​​

២.​កាត់​បន្ថយ​សម្ពាធ​ឈាមៈ ​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ​ការ​ញញឹម​ គឺ​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​បាន​នូវ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ យ៉ាង​ស័ក្តិ​សិទ្ធ​ដ៏​មិន​នឹក​ស្មាន​ដល់។​​

៣.​បង្កើន​ប្រព័ន្ធ​បន្ស៊ាំៈ ​ការ​ញញឹម​គឺ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​បាន​ជួយ​បង្កើន​ប្រព័ន្ធ​បន្ស៊ាំ​មិន​ឲ្យ​រាង​កាយ​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​ ដូចជា​ ផ្តាសាយ​ ហៀរ​សំបោរ​ និង​គ្រុន​ក្តៅ​រងា​ ជា​ដើម​ផង​ដែរ។​​

៤.​ជួយ​កាត់​បន្ថយ​ស្រ្តេសៈ ​ភាព​មួហ្មង​រសាប់​រសល់​ក្នុង​ចិត្ត​ទាំង​អម្បាលមាណ​អាច​នឹង​ត្រូវ​បាន​កម្ចាត់​ចេញ​យ៉ាង​ស័ក្តិ​សិទ្ធ​ដោយ​ឥទ្ធិ​ពល​នៃ​ស្នាម​ញញឹម​ ហើយ​វា​នឹង​ផ្តល់​ជំនួស​វិញ​នូវ​អារម្មណ៍​ស្រស់​ថ្លា​ និង​ថាមពល​ដ៏​រឹងមាំ។​​

៥.​បំភាយ​ចេញ​នូវ​គីមី​សប្បាយៈ ​ការ​ញញឹម​ទោះបី​ជា​រីករាយ​ ឬ​មិន​រីករាយ​ក្នុង​ចិត្ត​ក៏ដោយ​ ប៉ុន្តែ​វា​បាន​បញ្ចេញ​នូវ​សារធាតុ​គីមី​អង់ដូភីន​ ឬ​គីមី​ក្នុង​ខួរ​ក្បាល​(endorphins) ​សេរ៉ូតូនីន​ ឬ​គីមី​បញ្ជូន​ព័ត៌មាន​ពី​ខួរ​ក្បាល​(serotonin)​ និង​ជីវគីមី​ផ្សេងៗ​ទៀត​នៅ​ក្នុង​រាងកាយ​ ដែល​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល​បាត់​ការ​នឿយ​ហត់​ឈឺ​ចាប់​ និង​ទទួល​បាន​អារម្មណ៍​រីករាយ​ស្រស់​ស្រាយ។​​

ដោយ​ការ​ញញឹម​មាន​ប្រយោជន៍​ដ៏​ច្រើន​ដែល​គេ​មិន​នឹក​ស្មាន​ដល់​ដូច្នេះ​ហើយ​ យើង​គ្រប់​គ្នា​មិន​គួរ​ណា​មើល​រំលង​ឬ​កំណាញ់​អី​ក្នុង​ការ​ផ្តល់​ស្នាម​ញញឹម​ឲ្យ​ខ្លួន​ឯង​ និង​ចំពោះ​អ្នក​ដទៃ​ឡើយ។​ ចូរ​ហ្វឹកហាត់​ បង្រៀន​ចិត្ត​ខ្លួន​ឯង​ឲ្យ​រីករាយ​ សប្បាយ​ និង​រៀន​ញញឹម​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​សុខភាព​ផ្លូវកាយ​ និង​ចិត្ត​បាន​ល្អ​ប្រសើរ៕


បញ្ចេញមតិរបស់លោកអ្នកដើម្បីកែលម្អ និងចែករំលែកចំណេះដឹងដល់បណ្តាញសង្គមខ្មែរយើង ។